កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូងនៅកម្ពុជា ទទួលបានគាំទ្រខ្លាំង

2026/02/02 05:35:52 pm        189
ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ នៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ជាមួយសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អាណាព្យាបាល ដែលបាននាំកូនៗតូចៗរបស់ខ្លួនចូលរួមយ៉ាងច្រើនកុះករ នៅផ្សារទំនើបអ៊ីអនមានជ័យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។កម្មវិធីកីឡាសម្រាប់កុមារអាយុចន្លោះអាយុ ១ឆ្នាំ ដល់អាយុ ៧ឆ្នាំនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ព្រមទាំងវត្តមានអាណាព្យាបាល និងកុមារា-កុមារីរាប់រយនាក់ ដែលបានបង្ហាញទឹកមុខសប្បាយរីករាយក្នុងការចូលរួមព្រឹត្តិការណ៍នេះ។យោងតាមគណៈកម្មការរៀបចំ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកដំបូងនេះ មានកុមារចូលរួមសរុប ៣៥០នាក់ ដែលជាតួរលេខលើសពីការរំពឹងទុក បន្ទាប់ពីមានអាណាព្យាបាលជាច្រើន បានសំណូមពរស្នើសុំចុះឈ្មោះបន្ថែម តែដោយសារកត្ដាទីតាំង និងដើម្បីធានាការរៀបចំបានល្អប្រសើរ គណៈកម្មការសម្រេចទទួលការចុះឈ្មោះត្រឹម ៣៥០នាក់ប៉ុណ្ណោះ។យ៉ាងណាមិញឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងការភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងការចូលរួមរបស់កុមារ ពិសេសការជំរុញរបស់អាណាព្យាបាល ដែលបង្ហាញឲ្យឃើញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា ។ ទោះបីការប្រកួតកីឡា តែងមានឈ្នះមានចាញ់ តែឯកឧត្តមសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍រៀបចំឡើង មិនផ្ដោតលើលទ្ធផលពេកនោះទេ សំខាន់គឺការចូលរួម និងបង្ហាញនូវភាពក្លាហានរបស់កុមារ តាមរយៈសកម្មភាពកីឡា។តាមរយៈការគាំទ្រយ៉ាងផុសផុលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមស្មារតី និងឧត្តមគិតអូឡាំពិក នឹងបន្ដរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំ ហើយពង្រីកការរៀបចំឲ្យបានកាន់តែធំទៀត នាឆ្នាំក្រោយៗ ជាក់ស្ដែងដោយមានសំណូមពរពីអាណាព្យាបាល នៅឆ្នាំក្រោយ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក នឹងត្រូវពង្រីកកម្រិតអាយុបន្ថែម ពីអាយុ ១ឆ្នាំ ដល់ ១០ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់កុមារកាន់តែច្រើនចូលរួមបន្ថែមទៀត។គួរដឹងថា សម្រាប់ឆ្នាំដំបូង នៃព្រឹត្តិការណ៍កុមារអូឡាំពិក ឆ្នាំ២០២៦ មានកីឡា ១០ប្រភេទ ដូចជាកីឡាវារ កីឡាប្រើបញ្ញាអូឡាំពិក និងកីឡារត់ សម្រាប់កុមារចន្លោះអាយុ ១ ទៅ ២ឆ្នាំ, កីឡាប្រណាំងកង់ដោល, លើកទម្ងន់ និងបាល់បោះ សម្រាប់កុមារចន្លោះអាយុ ៣ ទៅ ៤ឆ្នាំ រួមជាមួយកីឡាបាល់ទាត់ យុទ្ធគុនចម្រុះ វាយកូនគោល និងវាយសី សម្រាប់កុមារចន្លោះអាយុ ៥ ទៅ ៧ឆ្នាំ។ ក្រោយបញ្ចប់ការប្រកួត សម្រាប់កុមារទទួលបានជ័យលាភីលេខ១ ដល់លេខ៣ ក៏ទទួលបានរង្វាន់អនុស្សាវរីយ៍ពីគណៈកម្មការរៀបចំផងដែរ៕ អត្ថបទ លី ឈុនឡា 

លីគកំពូលកម្ពុជា៖ បឹងកេត បន្តឈរនៅចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះគិរីវង់សុខសែនជ័យ ២ទល់០

2026/02/02 04:54:33 pm        133
ក្លឹបបាល់ទាត់បឹងកេត បានយកឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២ទល់នឹង០ ថ្ងៃទី៣១ ខែមករា នៅ​ក្រុងដូនកែវ ខេត្តតាកែវ ការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា សប្ដាហទី១៩។ការ​ប្រកួតនេះ ទំរាំមានគ្រាប់បាល់បឹងកេត ចាំរហូតដល់ចុងវគ្គទី១ ពេលដែលកីឡាករ តាំង ប៊ុនឆៃ ទាត់បញ្ចូលទីគ្រាប់នាំមុខ នៅនាទីទី៤៥ បន្ទាប់ពី Iago Bento លើកបាល់ចេញពីជ្រុង។ក្នុង​វគ្គ​ទី២ បឹងកេតនៅតែធ្វើបានល្អ ហើយនាទីទី៦៣ កីឡាករខ្សែការពារ សឿត ណាវ៉ា តែត​បញ្ចូល​ទីគ្រាប់ទីពីរឱ្យក្រុម ពេលដែលកីឡារតាំង ប៊ុនឆៃ បញ្ជួនបាល់ឱ្យ។ក្រោយលេងបាន​១៨​ប្រកួតបឹងកេត មាន៣១ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខក្នុងតារាងជើងឯក។ ឯ​គិរីវង់សុខសែនជ័យលេខ៩ ១៧ប្រកួតមាន១១ពិន្ទុ។ ថ្ងៃសៅរ៍សប្ដាហ៍នេះ គិរីវង់​ត្រូវ​ធ្វើ​ដំណើរ​មក​ស្តាត​ចាស់ជួបកងយោធពលខេមរភូមិន្ទ ចំណែកបឹងកេត ទទួលវិសាខាថ្ងៃអាទិត្យនេះ៕ 

សម្ព័ន្ធក្លឹបចំនួន៦០ ចូលរួមប្រកួតប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

2026/01/29 07:55:48 pm        306
ការប្រកួតកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បាន​ចាប់​ផ្តើម​ប្រកួត​ហើយ​កាល​ពី​ម្សិលមិញ នាពហុកីឡដ្ឋានអូឡាំពិច ដោយមានការចូលរួមពីសម្ព័ន្ធ ក្លឹប ចំនួន៦០ មកពី ១១​រាជ​ធានី​ខេត្ត និង៣ស្ថាប័ន។ ការចូលរួមឆ្នាំនេះមានសន្ទុះកើនឡើង សហព័ន្ធបានរៀបចំ វិញ្ញាសា​ប្រកួត​ក្រិតក្រំ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីមានទេពកោសល្យ និងមានសមត្ថភាព មកបំពេញបន្ថែម ជម្រើស​ជាតិ ដើម្បីធ្វើការប្រមូលផ្តុំ សម្រាប់ឆ្នាំ២០២៦ និងត្រៀមលក្ខណៈ ចូលរួមការប្រកួត កម្រិត​អន្តរ​ជាតិ​នានារួមមមាន៖ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ាន ជើងឯកពិភពលោក ជើងឯកអាស៊ី ។ ថ្លែងក្នុងពិធីបើកកាប្រកួត ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណង លើកស្ទួយវិស័យកីឡាមួយនេះ ឲ្យរឹតតែមានការគាំទ្រ ពីមហាជន និងជាការបង្កើនទំនាក់ទំនង រវាងសម្ព័ន្ធ ក្លឹប។ លើសពីនេះក៏ជាការផ្ដល់ឱកាស ដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសដែលបានហ្វឹកហាត់នៅក្នុងមូលដ្ឋាន បានប្រកួតប្រជែងនិងជាវេទិកាសម្រាប់សហព័ន្ធសម្លឹងមើលកីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៉េតង់ចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ នាឆ្នាំបន្តបន្ទាប់ទៀត។ ឯកឧត្តម សុខ សូកាន បានបន្តថា សក្តានុពលរបស់កម្ពុជា លើវិស័យកីឡា ប៊ូល និងប៉េតង់ ត្រូវបានការទទួលស្គាល់ ទាំងកម្រិត តំបន់ និងពិភពលោក ព្រមទាំងត្រូវបាន សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ(FIPJP)កន្លងមក បានប្រសិទ្ធនាមកម្ពុជាថា ជាប្រទេស មហាអំណាច លើវិស័យកីឡាប៉េតង់ ដែលនេះគឺជា មោទកភាព សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់បន្ថែមថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នេះ សហព័ន្ធនឹងជ្រើសរើសវិញ្ញាសា ៣ទល់៣ ក្រុមចម្រុះបុរសខ្លាំងៗ ចំនួន ១០ ក្រុម ដើម្បីត្រៀមសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងដំណើរការប្រកួតជម្រុះក្នុងក្របខណ្ឌ ក១។ចាប់ពីឆ្នាំ២០២៦ តទៅ សហព័ន្ធនឹងរៀបចំការប្រកួតលីគ ដោយបែងចែកជាពីរក្របខណ្ឌ គឺ ក្របខណ្ឌ ក១ និងក្របខណ្ឌ ក២ ដោយក្រុមក្របខណ្ឌ ក១ ដែលបានចំណាត់ថ្នាក់លេខ ៩ និងលេខ ១០ នឹងត្រូវធ្លាក់ចេញ ហើយជំនួសមកវិញដោយក្រុមលេខ ១ និងលេខ ២ ពីក្របខណ្ឌ ក២។ យុទ្ធសាស្រ្តនេះ គឺដើម្បីបង្កើនភាពទាក់ទាញ សមភាព និងការប្រកួតប្រជែងយ៉ាងតឹងរឹងរវាងសម្ព័ន្ធក្លិបរាជធានី–ខេត្ត។សូមបញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅទីលាន របស់សហព័ន្ធ ក្នុងពហុកីឡាដ្ឋានជាតិ ដោយមាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមចំនួន ៤១៦នាក់ មកពី ១១រាជធានីខេត្ត និង៣ស្ថាប័ន ស្មើនឹង ៦០សម្ព័ន្ធ-ក្លិប ដោយប្រកួតលើ ៨វិញ្ញាសា៕

កីឡាប្រដាល់សកល នឹងមានការប្រកួតអាជីពប្រចាំខែ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនី

2026/01/29 07:46:39 pm        157
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមរៀបចំការប្រកួតកម្រិតអាជីពប្រចាំខែ ដោយគ្រោងនឹងចាប់ផ្ដើមពីខែកុម្ភៈខាងមុខតទៅ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីបានចូលរួមប្រកួត ក៏ដូចជាអភិវឌ្ឍសមត្ថភាពបានកាន់តែល្អ សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បន្ទាប់ពីលោកបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ។កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ១-ពិនិត្យមើលរបាយការណ៍សកម្មភាពការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦, ២-ការបែងចែកតួនាទីភារៈកិច្ចគណៈកម្មាធិការប្រតិបត្តិ, ៣-ពិនិត្យបច្ចុប្បន្នភាពសមាជិកក្លិប-សមាគម និង ៤-ពិនិត្យយន្តការវាយតម្លៃអភិបាលកិច្ចសហព័ន្ធ។ទន្ទឹមជាមួយការពង្រឹងបច្ចុប្បន្នភាពសមាគម/ក្លិបសមាជិកនោះដែរ លោកក៏បានជូនដំណឹងអំពីការប្រកួតប្រដាល់សកលអាជីព ដែលជាសកម្មភាពថ្មីមួយ ក្នុងឆ្នាំ២០២៦ ក្រោយទទួលបានការគាំទ្រពីវិស័យឯកជន ដែលសហព័ន្ធនឹងរៀបចំការប្រកួតរៀងរាល់ខែ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ បានប្រកួតជាប់ជាប្រចាំ ក្នុងន័យដុសខាតសមត្ថភាព បច្ចេកទេស បានកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា។បន្ថែមលើសកម្មភាពបច្ចេកទេសនេះ ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ក៏បានជំរុញដល់ការពង្រឹងអភិបាលកិច្ចល្អក្នុងសហព័ន្ធ ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួង ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាប្រដាល់សកលអន្ដរជាតិ និងវិស័យឯកជន សម្រាប់បន្ដនិរន្ដរភាពនៃការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

កម្ពុជាកំណត់គោលការណ៍ក្លិបចំនួន៤ មានកៅអីក្នុងការប្រកួតពានបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧

2026/01/29 07:20:37 pm        199
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងស្ដីពីគោលការណ៍កំណត់យកក្លិបបាល់ទាត់តំណាងជាតិ ចូល​រួមការប្រកួតបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧ ដោយមានបេក្ខភាព ៤ក្លិប ដែលនឹង​ទទួល​បាន​កៅ​អី​ចូល​រួម​ព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ កាលពីថ្ងៃពុធកន្លងទៅ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានសម្រេចក្នុងការកំណត់គោលការណ៍ ចំពោះក្លិបបាល់ទាត់តំណាងជាតិ ចូលរួម​ការ​ប្រកួត​ដែល​រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) សម្រាប់ឆ្នាំ២០២៦/២៧ ដោ​យ​ផ្អែក​សំខាន់​លើ​ចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និង​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបាន​បំពេញ​អាជ្ញា​បណ្ណ​ក្លិប​អន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយ រួមមាន៖១-ក្លិប​ដែលទទួលបានជើងឯកការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។២-ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។៣-ក្លិបដែលទទួលបានជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦។៤-ក្លិបដែលទទួលបានចំណាត់លេខ៣ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។ទន្ទឹម​ជាមួយគ្នាដែរ ប្រសិនបើក្លិបបាល់ទាត់ចូលរួមប្រកួតតំណាងជាតិទទួលបានជើងឯក AFC Challenge League នោះក្លិបបាល់ទាត់កម្ពុជា នឹងទទួលកូតាក្លិបបន្ថែមចំនួន ១ក្លិបទៀត ។ ដូច្នេះ​គោល​ការណ៍​កំណត់ក្លិបបាល់ទាត់ ដែលត្រូវចូលរួមប្រកួត នឹងអនុវត្តទៅតាមចំណាត់ថ្នាក់ដូចបានបញ្ជាក់ និ​ង​ស្រប​ទៅតា​មបទបញ្ជាចូលរួមប្រកួត AFC Club Competition Entry Regulations។គួរដឹងថា សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ ក្នុងចំណោមពានធំៗរៀបចំដោយ AFC កម្ពុជា បាន​ទទួល ១កៅអីកន្លះ ឬស្មើនឹង ២ក្រុម សម្រាប់ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ឆ្នាំ​២០២៦​/២៧ (AFC Champions League Two ឆ្នាំ២០២៦/២៧ ពោលគឺក្រុមជើងឯកលីគ ត្រូវលេង​វគ្គ​ចែកពូល និងជើងឯករងលីគ ត្រូវលេងវគ្គជម្រុះ បន្ទាប់ពីចំណាត់ថ្នាក់លីគកំពូលកម្ពុជា បាន​ឡើង​ទៅ​ឈ​រ​លេខ​រៀងទី២៣ ក្នុងតារាងចំណាត់ថ្នាក់ AFC Club Competitions Ranking 2024//25 ក្រោយ​ពី​ក្លិប​ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25។ក្រឡេក​មក​ចាប់អារម្មណ៍ការប្រកួត AFC Challenge League រដូវកាលឆ្នាំ២០២៥/២៦ នេះវិញ កម្ពុជា​មាន​បេក្ខភាព ២ក្រុមចូលរួមការប្រកួតក្របខណ្ឌពានរង្វាន់ទី៣ ទ្វីបអាស៊ីនេះផងដែរ រួមមានព្រះខ័ន​រាជ​ស្វាយ​រៀង ​និងភ្នំពេញក្រោន ដែលគ្រោងនឹងត្រូវជួបគ្នា ក្នុងវគ្គ ៨ក្រុមចុងក្រោយ នាខែមីនាខាងមុខ៕ អត្ថបទ លី ឈុនឡា

គិរីរង់ អាយអេសអាយ និងឡាយហ្វ បង្កព្យុះភ្លៀងក្នុងពានសម្ដេចតេជោ ខណៈ​កង​យោធ​ពល​ខេមរ​ភូមិន្ទយកឈ្នះជើងឯកថ្នាក់ខេត្ត ៤-០

2026/01/29 05:51:09 pm        191
ក្រុមគិរីវង់សុខសែនជ័យ, អាយអេសអាយ ដង្កោសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ បាន​បង្ក​ព្យុះ​ភ្លៀងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ​២០២៥/២៦ បន្ទាប់ពីបានយកឈ្នះក្រុមសមាជិកលីគកំពូលកម្ពុជាដូចគ្នា ក្នុងជើងទី១ នៃវគ្គ ១៦​ក្រុមចុងក្រោយ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ បានយក​ឈ្នះ​ក្រុម​ជើង​ឯកពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ៤-០ កាល​ពី​ល្ងាច​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។សម្រាប់ក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមខ្លាំងអង្គរថាយហ្គឺរ ២-០ លើទឹកដីរបស់ខ្លួន។ ជំនួប​ដ៏ជក់ចិត្តនេះ នៅកីឡដ្ឋានគិរីវង់នេះ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខអង្គរថាយហ្គឺរ ២គ្រាប់ នៅ​វគ្គទី១ រកបានដោយកីឡាករ Louis Willy នៅនាទី១៧ និងនាទី៣៧ ។ បន្ទាប់​មក​ក្រុម​ទាំង​ពីរ​បានបន្ដវាយសម្រុកគ្នា រហូតដល់ចុងម៉ោង Louis Willy ក៏មានឱកាសទាត់បាល់ពិន័យ ១១​ម៉ែត្រ​រក​គ្រាប់បាល់ទី៣ ឲ្យគិរីវង់ជាថ្មី តែការស៊ុតនេះ ត្រូវបានរារាំងដោយអ្នកចាំទី ហើយ​ក៏​រក្សា​លទ្ធផល ​២-០ ដល់ចប់ការប្រកួតពេញម៉ោង។នេះជា​លទ្ធផលមួយគួរឲ្យភ្ញាក់ផ្អើល ដ្បិតកាលពីជួបគ្នាក្នុងលីគ គិរីវង់ បានចាញ់អង្គរថាយហ្គឺរ ៤-០ ក្នុងដី កាលពីជើងទី១ មុនស្មើគ្នា ០-០ ក្រៅដី នៅជើងទី២។ចំណែក​ក្រុម អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ដោយ​លទ្ធ​ផល ៣-២ នៅកីឡដ្ឋានវិសាខា។ ការប្រកួតដ៏តានតឹងនេះ ម៉ន ប៊ុនថាប់ បានស៊ុត​បាល់​ពី​ចម្ងាយ​ឲ្យអាយអេសអាយ ដង្កោសែនជ័យ បើកការនាំមុខ ១គ្រាប់មុន ត្រឹមរយៈពេល ៧នាទី មុន​កីឡាករ Lucas រកបានគ្រាប់តាមស្មើវិញ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី២២ ។ ប៉ុន្ដែចុងវគ្គទី២ ក្រុម​រ​ហស្ស​នាមដំរីជ័យ ក៏បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ Bruno នៅនាទី៣៦ និង Dakite នៅនាទី៣៩។ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង ពិសេសក្រុម អឹមអូអាយ កំពង់​ដេវ៉ា ​ខណៈក្រោយបន្ដការប្រកួតបានប្រមាណ ២៥នាទី ក៏មានការ​បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​រប​ស់​អ្នកចាំទី អាយអេសអាយ ដង្កោសែនជ័យ នាង ផាន់និត ដែលផ្ដល់ឱកាសឲ្យ ម៉ុន វ៉ាន់ដា ស៊ុតបាល់ពិន័យ ១១ម៉ែត្ររកបានគ្រាប់ទី២ ឲ្យមិត្ដរួមក្រុម ។ តែមុន​កាត់​ទាត់​បាល់​ពិន័យ​សម្រេច​ទី អ្នកចាំទី នាង ផាន់និត ក៏បានរងពិន័យកាតលឿង ២ដងជាប់គ្នា ស្មើនឹងកាតក្រហម ក្រោយ​រុញ​អាជ្ញាកណ្ដាល និងវាយដៃអាជ្ញាកណ្ដាល ហើយបន្ដការ​ប៉ះ​ទង្គិច​កាយ​វិការ​ជាមួយ​មិត្ត​រួម​ក្រុម Bruno មុនដើរចេញពីទីលានទៀតផង។ យ៉ាងណាលទ្ធផលនេះ ក៏បានរក្សាដល់​ចប់​ការ​ប្រកួត​ពេញ​ម៉ោង ដោយ អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ៣-២។ដោយឡែកក្រុមឡាយហ្វខេត្ដព្រះសីហនុ ដែលជាក្រុមប្រដេញបាតតារាងជាមួយ អាយ​អេស​អាយ ​ដង្កោសែនជ័យ ក្នុងលីគកំពូលកម្ពុជា ក៏បានបង្កការភ្ញាក់ផ្អើលដូចគ្នា បន្ទាប់ពី​ការ​យក​ឈ្នះ​ក្រុម​ណាហ្គាវើលដ៏ ១-០ លើទឹកដីរបស់ខ្លួន ដែលធ្វើសម្រេចដោយកីឡាករ វី ច័ន្ទដារ៉ា នៅនាទី​៩០+៧។ក្រឡេក​ទៅចាប់អារម្មណ៍ជ័យជម្នះរបស់ក្រុមកងយោធពលខេមរភូមិន្ទ លើក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាមវិញ ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះ ៤គ្រាប់ គឺរកបាន​ដោយ​កីឡាករ ស្រេង សុខគា ១គ្រាប់ នៅនាទី២១, Valentine ២គ្រាប់នៅនាទី៤០ និងនាទី៤៥ និង លាង​ ពិសី ១គ្រាប់ នៅនាទី៦៥។យ៉ាង​ណាមិញជ័យជម្នះក្នុងជើងទី១ នេះ គ្រាន់តែជាដើមទុនមួយ តែក៏មិនទាន់​អស់​សង្ឃឹម​សម្រាប់​ក្រុមបរាជ័យដែរ ដ្បិតក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតជើងទី២ ដែលគ្រោងប្រព្រឹត្តទៅ នា​ថ្ងៃ​ទី១១ ខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីក្រុមទទួលបានជ័យជម្នះពិតប្រាកដ ដែល​ត្រូវ​ឡើង​ទៅ​វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៥/២៦៕ អត្ថបទ៖ លី ឈុនឡា

អត្តពលិកជាតិអន្ដរជាតិ ៥២ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រ នៅខេត្ដសៀមរាប

2026/01/24 06:17:26 pm        585
ជួបជុំនៅទីលានព្រះជល់ដំរី តាំងពីវេលាម៉ោង ៣ទៀបភ្លឺ រួមទាំងមួយទីតាំងផ្សេងៗ លើទឹកដីអង្គរ ខេត្តសៀមរាប អត្តពលិកជាតិ-អន្ដរជាតិ ប្រមាណ ១,៧០០នាក់ មកពី ៥២ប្រទេស បានបង្ហាញទឹកមុខសប្បាយរីករាយ ក្នុងការចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែមករានេះ។ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីរាជរដ្ឋាភិបាលនេះ បានប្រព្រឹត្តក្រោមបរិយាកាសដ៏រីករាយ ជាមួយវិញ្ញាសារត់ចម្ងាយជាច្រើន ចាប់ពី ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានអត្តពលិកជាតិ និងអន្ដរជាតិជាច្រើនចូលរួម។យោងតាមគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះ បានឲ្យដឹងថា ក្នុងខួបលើកទី៩ នេះ មានអត្តពលិកចូលរួមសរុប ១,៧៤០នាក់ មកពី ៥២ប្រទេស ក្នុងនោះមានអត្តពលិកខ្មែរជាង ៧០០នាក់ និងបរទេសជាង ១០០០នាក់ ហើយអត្តពលិកបរទេសច្រើនជាងគេ គឺបារាំងជាង ៥០០នាក់។ តួរលេខនេះ មានការកើនឡើយគួរឲ្យចាប់អារម្មណ៍ បើធៀបកាលពីឆ្នាំមុន ដើម្បីបង្ហាញពីកត្ដាសុវត្ថិភាពរបស់ប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភពលោក។សូមបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន Phonenix Voyages ។ ក្រោយចំណាយពេលជាច្រើនម៉ោង ពិសេសសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ក៏ដូចជាវិញ្ញាសាផ្សេងៗ បន្ទាប់ពីរត់ដល់ទីដោយជោគជ័យ ក្រៅពីការទទួលបានមេដាយអនុស្សាវរីយ៍ សម្រាប់អត្តពលិកទទួលបានជ័យលាភីពីលេខ១ ដល់លេខ៣ ក៏នឹងមានពិធីប្រគល់ពានរង្វាន់ជ័យាលាភី និងរង្វាន់លើកទឹកចិត្ត តាមវិញ្ញាសានីមួយៗ ពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះផងដែរ៕ អត្ថបទ លី ឈុនឡា

Angkor Ultra Trail លើកទី៩ នឹងមកដល់ចុងសប្ដាហ៍នេះ ជាមួយសញ្ញាណវិជ្ជមាន

2026/01/23 06:36:53 pm        422
ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី២៤ ខែមករាស្អែកនេះ នៅបរិវេណរមណីយដ្ឋានអង្គរ លើវិញ្ញាសាចំនួន ៦ រួម​មាន​រត់​ចម្ងាយ ​៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងឆ្ងាយ​ជាង​គេ​ចម្ងាយ ១០០គីឡូម៉ែត្រ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា មក​ទល់​ពេល​នេះ​ អ្វីៗបានប្រព្រឹត្តយ៉ាងរលូន ក្រោយមានកិច្ចសហការ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ អ្វី​ដែលពិសេស គឺសន្ទុះនៃការចូលរួមរបស់អត្តពលិកមកពីជុំវិញពិភពលោក នៅ​តែ​មាន​សញ្ញាណ​ល្អ មិនចាញ់ឆ្នាំមុនឡើយ ដោយមានអ្នករត់ជិត ១,៧០០នាក់ ។ នេះគឺជាសញ្ញាណវិជ្ជមាន សម្រាប់​ព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះ ដែលនៅតែមានការគាំទ្រ និងសន្ទុះចូលរួមល្អ សម្រាប់​ជួយសង្គមជាតិ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ និងវិស័យទេសចរណ៍នៅខេត្តសៀមរាប។គួរដឹងថា Angkor Ultra Trail គឺជាការព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឆ្លងឧបសគ្គ ដោយ​ឆ្លង​កាត់​វាល​ស្រែ ​ភូមិឋានប្រជាពលរដ្ឋ ភ្នំ និងប្រាសាទនានា នៅតំបន់ឧទ្យានអង្គរ ហើយ​លើស​ពី​ការ​រត់​ដើម្បី​សុខភាព និងការបំបែកកំណត់ត្រាផ្ទាល់ខ្លួន អ្នករត់ ដែលជាភ្ញៀវជាតិ និងអន្ដរជាតិ នឹង​ទទួល​បាន​បទពិសោធន៍ជាច្រើន ដូចជាការផ្សងព្រេងនៅក្នុងព្រៃនៃតំបន់អង្គរ ការបាន​ឃើញ​ពី​ជីវភាព​រស់​នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតំបន់អង្គរ និងការរត់កាត់ប្រាសាទបុរាណពីមួយ ទៅមួយ ដែល​នឹងក្លាយជាអនុស្សាវរីយ៍ចងចាំមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម។សម្រាប់​គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីលើក​កម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ​ជាពិសេសនៅតំបន់អង្គរ និងជួយដល់សកម្មភាពមនុស្សធម៌ ជាក់​ស្ដែង​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ក្រុមហ៊ុន Phoenix Voyages បានត្រៀមជួយដល់ការជួសជុលសាលារៀន សាង​សង់​អណ្ដូង និងសម្ភារៈសិក្សាជាច្រើនទៀត ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅ​ស្រុកពួក ខេត្តសៀមរាប ផងដែរ៕ អត្ថបទ លី ឈុនឡា

មេឃ ជារក្សា ប្ដេជ្ញាបន្ដខំប្រឹងកាន់តែខ្លាំងក្រោយបានបង្ហាញខ្លួនលើកដំបូងឲ្យ​ក្រុមធំព្រះខ័នរាជស្វាយរៀង

2026/01/23 06:07:34 pm        376
កីឡាករវ័យក្មេង មេឃ ជារក្សា បានសម្ដែងការសប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ក្រោយមានឱកាសបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំព្រះខ័នរាជស្វាយរៀង និងបានចាត់ទុកជាកម្លាំងដ៏សំខាន់ ដែលជំរុញរូបគេឲ្យកាន់តែខំប្រឹង ដើម្បីអនាគតលើវិថីបាល់ទាត់របស់ខ្លួន។ការបង្ហាញខ្លួនលើកដំបូងជាមួយក្លិបជើងឯកលីគកំពូលកម្ពុជានេះ ស្របពេលព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមយុទ្ធនាការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ វគ្គ ១៦ក្រុមចុងក្រោយ-ជើងទី១ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះបាត់ដំបងយូណាយធីត ៥-២ កាលពីថ្ងៃពុធកន្លងទៅ។កីឡាករវ័យជាង ១៧ឆ្នាំ ដែលមានដើមកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង រូបនេះ បានប្រាប់ក្រុមការងារ BTV ថា ខ្លួនពិតជារីករាយ ដែលគ្រូបង្វឹកបានផ្ដល់ឱកាសឲ្យបង្ហាញខ្លួនលើកដំបូងឲ្យក្រុមធំ បន្ទាប់ពីដំឡើងមកពីក្រុមយុវជន U18 កាលពីថ្មីៗ។ យ៉ាងណាក្ដី មេឃ ជារក្សា ថាសមត្ថភាពខ្លួននៅមានកម្រិត ដែលទាមទារឲ្យខ្លួនត្រូវខំប្រឹងកាន់តែខ្លាំង ដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ឆ្ពោះទៅជួយក្លិបជាបន្ដបន្ទាប់ទៀត។គួរដឹងថា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ រដូវកាលនេះ គេឃើញបណ្ដាក្លិបសមាជិកលីគកំពូលកម្ពុជា បានដំឡើងកីឡាករយុវជនថ្នាលមួយចំនួនចូលរួម ហើយក៏បានផ្ដល់ឱកាសលេងជាច្រើនផងដែរ ពិសេសកំឡុងការប្រកួតទល់នឹងក្រុមឡើងមកពីថ្នាក់ខេត្ត ជាក់ស្ដែងព្រះខ័នរាជស្វាយរៀង បានផ្ដល់ដំឡើងយុវជនអាយុក្រោម ១៨ឆ្នាំរបស់ខ្លួន ៤រូបចូលរួមក្នុងការប្រកួតនេះ រួមមាន មេឃ ជារក្សា, ប៉ូយ វិសាល, ម៉ន សារិ និងវ៉ា ដេវីត។សម្រាប់យុវជន មេឃ ជារក្សា ដោយមានការតស៊ូ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ក្រោមការជំរុញទឹកចិត្តពីឪពុកម្ដាយ ក្រៅពីបានហ្វឹកហាត់នៅថ្នាលយុវជនព្រះខ័នរាជស្វាយរៀង រហូតបានឡើងឲ្យក្រុមធំ រូបគេក៏ធ្លាប់ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជសម្រាក ខណៈបេក្ខភាព Top-6 ភាគច្រើនត្រូវជួបគ្នាក្នុងលីគ ចុងសប្ដាហ៍នេះ

2026/01/23 05:41:40 pm        347
ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នឹងមិនមានកម្មវិធីប្រកួតនោះទេ នាចុងសប្ដាហ៍នេះ តែ​បេក្ខភាព ១០ក្រុមផ្សេងទៀត នឹងត្រូវធ្វើការប្រកួតធម្មតា ពិសេសក្រុមកំពូលតារាងទាំង ៦(Top-6) ដែលភាគច្រើនត្រូវជួបគ្នា ក្នុងសប្ដាហ៍ទី១៨ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។សម្រាប់ក​ម្មវិធីជុំទី២ នាថ្ងៃទី២៤ ខែមករាស្អែកនេះ គឺមាន ២គូ ដោយក្រុម​កង​យោធ​ពល​ខេមរ​ភូមិន្ទ ត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា និង​ក្រុម ​ISI ដង្កោសែនជ័៧ ត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមឡាយហ្វខេត្តព្រះសីហនុ នាទឹក​ដី​កំពង់​សោម។ក្នុងចំណោម ២ប្រកួតនេះដែរ អ្នកគាំទ្របានផ្ដោតការចាប់អារម្មណ៍ជាពិសេស ចំពោះជំនួបរវាងកងយោធពលខេមរភូមិន្ទ និង អឹមអូអាយ កំពង់ដេវ៉ា ដ្បិតកាលពីជើងទី១ ក្រុមទាំងពីរ បានស្មើគ្នា ០-០។ ប៉ុន្ដែជំនួបជើងទី២ ក្រុមទាំងពីរ កំពុងស្រេកឃ្លាននូវជ័យជម្នះ ពិសេស អឹមអូអាយ កំពង់ដេវ៉ា ដែលត្រូវការ ៣ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6។ដោយឡែកនៅថ្ងៃទី២៥ ខែមករាវិញ សុទ្ធសឹងជាគូជក់ចិត្ត ក្នុងនោះបេក្ខភាព Top-6 ៤ក្រុមត្រូវជួបគ្នា ដោយបឹងកេត ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមអង្គរថាយហ្គឺរវិញម្ដង ក្រោយចាញ់ក្រៅដី ៣-០ កាលពីជើងទី១ ស្របពេលក្រុមណាហ្គាវើលដ៏ ត្រូវជួបម្ចាស់ផ្ទះវិសាខា បន្ទាប់ពីប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ នៅទឹកដីខេត្តកំពង់ស្ពឺ។ រីឯ ១គូទៀត គឺភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៦ល្ងាចដំណាលគ្នា។បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ២ មាន ៣៤ពិន្ទុ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ៥ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃ គ្រាដែលណាហ្គាវើលដ៏ ឈរលេខ៣ មាន ២៨ពិន្ទុស្មើបឹងកេត ដែលឈរលេខ៤ គ្រាដែលអង្គរថាយហ្គឺរ មាន ២៤ពិន្ទុ ឈរលេខ៥ ស្មើវិសាខា ដែលឈរលេខ៦។ ផ្អែកលើលទ្ធផលបណ្ដោះអាសន្ននេះ ក្រុមនីមួយៗ សុទ្ធតែត្រូវការពិន្ទុ ដើម្បីរក្សាកៅអី Top-6 ក៏ដូចជាបង្កើនឱកាសប្រជែងពាន ពិសេសអង្គរថាយហ្គឺរ និងវិសាខា ដែលកំពុងស្ថិតក្នុងតំណែង Top-6 ទាំងប្រផិតប្រផើយនៅឡើយ។តាមរយនេះ អ្នកគាំទ្ររំពឹងថា ការប្រកួតលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នឹងសមរភូមិប្រយុទ្ធលើវាលស្មៅដ៏ជក់ចិត្ត ពិសេសជំនួបរវាងបេក្ខភាពក្រុម Top-6 តែម្ដង៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM