កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ព្រះខ័នរាជ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ក្រោយចាយពេល ១១១នាទី ក្នុងជើងទី២

2026/01/19 11:46:12 pm        422
ក្រុមព្រះខ័នរាជស្វាយរៀង បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយវាយបកយកឈ្នះ ដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។ជំនួបដ៏ក្ដៅគគុកនេះ បានចំណាយពេលប្រមាណ ១១១នាទី ដោយបូកបូលម៉ោងធម្មតា ជាមួយនាទីបន្ថែម តាមវគ្គនីមួយៗ ទើបដឹងលទ្ធផលឈ្នះចាញ់ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានបើកការវាយសម្រុកគ្នាពេញម៉ោង ចំពោះមុខអ្នកទស្សនាផ្ទាល់សរុបចំនួន ៥,០៤០នាក់ ។ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានបើកការនាំមុខ ២គ្រាប់មុន ត្រឹមរយៈពេលប្រមាណ ២០នាទី ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កិឡការ Dyer Moses នៅនាទី១៩ និងគ្រាប់ទី២ ដោយកីឡាករ Andres Nieto នៅនាទី២១។បែបនេះក្ដី ភ្នំពេញក្រោន នៅតែបន្ដវាយសម្រុក ខណៈព្រះខ័នរាជស្វាយរៀង បានបង្កើនការវាយបកកាន់តែខ្លាំង រហូតរកបាន ២គ្រាប់តាមស្មើនៅចុងវគ្គទី១ ដោយកីឡាករ Peprah Kwame នៅនាទី៤០ និងនាទី៤៥+៤ មុនខ្សែប្រយុទ្ធសញ្ជាតិហ្គាណាដដែល រកបានគ្រាប់ទី៣ បើកការនាំមុខក្រុមម្ចាស់ផ្ទះវិញ នៅនាទី៥៩។នាទីសេសសល់ នៃវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង រហូតមានការប៉ះទង្គិចគ្នា និងទទួលបានការពិន័យកាតលឿងជាច្រើនពីអាជ្ញាកណ្ដាល រួមទាំងកាតក្រហមផងដែរ ជាក់ស្ដែងកីឡាករ មិន រតនៈ ដែលទទួលកាតពិន័យកាតលឿនទី២ ស្មើនឹងកាតក្រហម នៅនាទី៩០+៩ ក៏ដូចជាការពិន័យកាតក្រហមលើក្រុមការងារគ្រូជំនួយភ្នំពេញក្រោនមួយរូប ក្រោយមានការប៉ះទង្គិចគ្នាចុងម៉ោង មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ៣-២ ក្នុងជើងទី២ បន្ទាប់ពីរងបរាជ័យក្នុងដី ២-៣ កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។នេះគឺជាការបរាជ័យលើកដំបូងរបស់ក្រុមភ្នំពេញក្រោន ក្នុងរដូវកាលនេះ ក្រោយឆ្លងកាត់ ១៥ប្រកួតឈ្នះ ១០ ស្មើ ៤ និងចាញ់ ១ ដែលធ្វើឲ្យពួកគេ បន្ដឈរលេខ២ និងរក្សា ៣៤ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង ៥ពិន្ទុ តែចំណេញ ១ប្រកួតក្នុងដៃ បើធៀបនឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលបន្ដគ្រងកំពូលបណ្ដោះអាសន្ន រកបាន ៣៩ពិន្ទុ ជាមួយលទ្ធផល ១៦ប្រកួតឈ្នះ ១៣ និងស្មើ ៣៕ អត្ថបទ លី ឈុនឡា 

បាល់ទះសប្បុរសធម៌ ដើម្បជួយជនភៀសសឹក បង្ហាញពីស្មារតីរួបរួមខ្មែរតែមួយ ក្រោយកៀរគរជំនួយជាង ១២៧លានរៀល

2026/01/19 11:36:57 pm        360
ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក បានបញ្ចប់ដោយជោគជ័យ និងបានបង្ហាញពីការរួបរួមជាធ្លុងមួយ ក្រោមស្មារតីខ្មែរតែមួយរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាជួយជាតិ ក្នុងគ្រាដ៏លំបាក ក្រោយកៀរគរបានថវិកាសរុបជាង ១២៧លានរៀល។ការប្រកួតនេះ មានបេក្ខភាព ៤ក្រុមចូលរួម និងបានធ្វើការប្រកួត ១ថ្ងៃពេញ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមបាល់ទះក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមវិសាខា។ គ្រប់ការប្រកួត សុទ្ធតែទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយក្រៅពីការទិញសំបុត្រចូលទស្សនា ក៏មានការនាំទៅជាមួយនូវក្រមារ និងតុក្កតោជាដើម ពិសេសថែមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់គាំទ្រមូលនិធិជួយដល់ជនភៀសសឹក ។ក្រោយបញ្ចប់ការប្រកួតសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសថា ថវិកាដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះ រួមជាមួយការបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ អ្នកគាំទ្រ គឺមានចំនួនសរុប ១២៧,៨៧៥,០០០រៀល។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធថា ថវិកាទាំអស់នេះ បង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីជួយជាតិក្នុងគ្រាលំបាក ដោយសហព័ន្ធ នឹងប្រគល់ថវិកាទាំងអស់ ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រាប់រៀបចំចាត់ចែងជួយសម្រួសដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅភូមិឋានវិញ តាមរយៈការសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗជាដើម។លោកបន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍សប្បុរសធម៌នេះ ក្រៅពីបង្ហាញពីការរួបរួមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ជាសញ្ញាណដ៏ល្អ សម្រាប់ការងាកមកចាប់អារម្មណ៍ និងគាំទ្រវិស័យកីឡាបាល់ទះកាន់តែខ្លាំងឡើង ដើម្បីជំរុញវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតផ្លូវការនានា នៅពេលខាងមុខ ពិសេសការប្រកួពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ នាដើមខែកម្ភៈខាងមុខ នឹងទទួលបានការគាំទ្រកាន់តែច្រើនផងដែរ។សម្រាប់លទ្ធផលបច្ចេកទេស នៃការប្រកួតបាល់ទះសប្បុរសធម៌ ដើម្បីកៀរគរមូលនិធិជួយជនភៀសសឹកនេះដែរ គឺក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប់លេខ២ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រួមមានឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-០សិត នៅវគ្គជម្រុះ និងឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមវិសាខា បានជាប់លេខ៣ ក្រោយប្រកួតជម្រុះចាញ់ក្រុមក្រសួងមហាផ្ទៃ ៣-១សិត មុនយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-១ ក្នុងវគ្គដណ្ដើមលេខ៣៕ អត្ថបទ លី ឈុនឡា

សហព័ន្ធគុនខ្មែរអន្ដរជាតិ ប្រកាសកាលបរិច្ឆេទថ្មី នៃការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥

2026/01/14 10:29:57 pm        599
សហព័ន្ធគុនខ្មែរអន្ដរជាតិ បានប្រកាសកាលបរិច្ឆេទថ្មី ដែលត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​ប្រដាល់​​គុនខ្មែរជើង​ឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។ការប្រកាសកាលបរិច្ឆេទថ្មីនេះ បន្ទាប់ពីកន្លងមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួម​ជាមួយ​សហព័ន្ធគុនខ្មែរអន្តរជាតិ បានសម្រេចលើកពេលរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដែល​គ្រោង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយសារចំពេលមាន​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ប៉ុន្ដែដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន មានភាពប្រសើរជាងមុន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិ ក៏សម្រេចរៀបចំឡើងវិញ នៃការប្រកួត​កីឡា​គុនខ្មែរ​ជើងឯកពិភពលោក លើកទី៦ នាថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយ​រក្សា​ការរៀបចំនៅទីតាំងដដែល នាបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។គួរដឹងថា មុនសម្រេចលើកពេលការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើក​ទី៦ នេះ មានប្រតិភូ និងអត្តពលិកប្រមាណជិត ៣០ប្រទេសបានចុះឈ្មោះចូលរួម ។ យ៉ាងណាការសម្រេចលើកពេលភ្លាមៗ បណ្ដាប្រទេសសមាជិក​សហព័ន្ធ​គុនខ្មែរ​អន្ដរជាតិ​ទាំង​អស់ សុទ្ធតែគាំទ្រ ហើយនៅតែត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមជាថ្មី ក្រោយស្ថានការណ៍​ល្អប្រសើរ​៕ អត្ថបទ លី ឈុនឡា

គុនខ្មែរសម្រេចផ្អាកប្រើឧបករណ៍ការពារក្បាល តែត្រូវមានវិធានាការខ្ពស់ ក្នុង​កម្មវិធី​ប្រកួត​កម្រិត​ថ្នាល

2026/01/14 10:12:11 pm        582
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចផ្អាកការប្រើប្រាស់ឧបករណ៍ការពារក្បាល ក្នុង​ការ​ប្រកួត​ថ្នាល​គុនខ្មែរ តែត្រូវមានវិធានការពារខ្ពស់ ដើម្បីធានាការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។នេះ​បើ​តាម​ការប្រកាសរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយ​មាន​ការ​យកចិត្តទុកដាក់ពីសាធារណជន រួមជាមួយមតិយោបល់ផ្ទាល់ពីប្រធានក្លិប គ្រូបង្វឹក និង​អ្នក​រៀប​ចំកម្មវិធី ក្រោមស្មារតីស្រលាញ់ និងការព្រួយបារម្ភចំពោះអនាគតកីឡាគុនខ្មែរ ជាពិសេស​ការ​អភិវឌ្ឍ​យុវជនយុវនារីថ្នាលតែម្ដង។ឯកឧត្តមបាន​គូសបញ្ជាក់ថា ដោយយកចិត្តទុកដាក់លើសំណើរ និងមតិយោបល់​ពី​អ្នក​រៀប​ចំ​កម្ម​វិធី​ ប្រធានក្លឹប គ្រូបង្វឹក និងមហាជនអ្នកគាំទ្រមួយចំនួន សហព័ន្ធសម្រេចផ្អាកជាបណ្តោះអាសន្ន កា​រ​អនុវត្តន៍ការប្រើប្រាស់ ឧបករណ៍ការពារក្បាល ក្នុងកម្មវិធីប្រកួតថ្នាលគុនខ្មែរ ខណៈដែល​បន្ត​រក្សា​ការ​ប្រើប្រាស់ឧបករណ៍ការពារកែងនៅដដែល។ការសម្រេចផ្អាកប្រើប្រាស់ឧបករណ៍ការពារក្បាលសម្រាប់ថ្នាលគុនខ្មែរនេះ មានសុពល​ភាព​ជា​បណ្តោះ​អាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ហើយសហព័ន្ធនឹងបន្តតាមដាន និង​វាយ​តម្លៃ​ការ​វិវត្តន៍ នៃការរៀបចំកម្មវិធីថ្នាលនេះ ដើម្បីធានាការអភិវឌ្ឍគុនខ្មែរ ប្រកបដោយសុវត្ថិភាព និងចីរភាព។យ៉ាងណាមិញក្នុងនាមសហព័ន្ធ ឯកឧត្តមបានជំរុញឲ្យបណ្តាក្លបគុនខ្មែរ បន្តការ​ហ្វឹក​ហាត់​ដោយ​ពាក់​ឧបករណ៍ការពារសម្រាប់យុវជនក្រោអាយុ ១៦ឆ្នាំ បើទោះផ្អាកការអនុវត្តពេលប្រកួត តែ​ត្រូវ​ប្រើ​ពេល​ហ្វឹកហាត់ដើម្បីបន្សាំការពាក់ឧបករណ៍ការពារ និងកាត់បន្ថយការ​ប៉ះ​ទង្គិច​ក្បាល​ច្រើន​ពេល​ហ្វឹក​ហាត់។មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានធ្វើការណែនាំដល់អាជ្ញាកណ្តាល ដែលដឹកនាំការ​ប្រកួត​កម្រិត​ថ្នាល ​ត្រូវមានវិធានការការពារខ្ពស់សម្រាប់ក្មេងៗ ដូចជាត្រូវប្រុងប្រយ័ត្នការដួលបោកក្បាល ឬ​កា​ច់​ផ្អួល បោកផ្តួល ដែលអាចប៉:ទង្គិចខ្លាំងផ្នែកក្បាល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ពេលប្រកួត ដោយអាចបញ្ឈប់ភ្លាមៗ ពេលឃើញសញ្ញានៃការកើតមាន។ជា​មួយការទទួលមតិមហាជន និងការអនុវត្ដភ្លាមៗនេះ ត្រូវបានមន្ដ្រី និងអ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ សម្ដែងការគាំទ្រ ក្រោមស្មារតីកីឡាជាតិតែមួយ ក្នុងន័យរួមគ្នាអភិវឌ្ឍគុនខ្មែរ ឲ្យ​រីក​ចម្រើន​ប្រកបដោយសុវត្ថិភាព ចីរភាព និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ៕ អត្ថបទ លី ឈុនឡា

Al-Nassr ចាញ់ Al Qadsiah ជាបរាជ័យពីរប្រកួតជាប់គ្នានៅក្របខណ្ឌ Saudi Pro League

2026/01/09 08:37:18 pm        399
ក្រុមលេខពីរ Al-Nassr បានរងបរាជ័យពីរប្រកួតជាប់គ្នា ក្រោយចាញ់ Al-Qadsiah ក្នុងទឹកដីខ្លួនឯង ២-១ នៅក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។កីឡាករព័រទុយហ្កាល់ទាំងពីរ Cristiano Ronaldo និង Joao Felix សុទ្ធតែមានឱកាសដូចគ្នានៅវគ្គទីមួយ តែមិនអាចរកគ្រាប់បាល់បាន​ ខណៈវគ្គទីមួយបញ្ចប់ទៅដោយ ០-០។ ការប្រែប្រួលកើតឡើងនៅវគ្គទីពីរនៅនាទីទី ៥១ នៅពេលអ្នកចាំទី Al-Nassr, Nawaf Al-Aqidi ធ្វើឱ្យមានកំហុស និងឆក់ឱកាសដោយ Julian Quinones មុនពេលដែល Nahitan Nandez បន្ថែមគ្រាប់នាំមុខ ២-០ ឱ្យ Al-Qadsiah នៅនាទីទី ៦៦។ ឈានដល់នាទីទី ៨១ Cristiano Ronaldo ស៊ុតបាល់ពិន័យ ១១ ម៉ែត្របានមួយគ្រាប់តាមពីក្រោយ តែមិនមានអ្វីលើសពីនេះឡើយ ខណៈការប្រកួតបញ្ចប់ដោយ Al-Qadsiah យកឈ្នះនៅផ្ទះ Al-Nassr ២-១។ នេះជាបរាជ័យពីរប្រកួតជាប់គ្នាសម្រាប់ Al-Nassr រដូវកាលនេះ គិតត្រឹមសប្តាហ៍ទី ១៣ ខណៈពួកគេកំពុងឈរលេខពីរតាមពីក្រោយក្រុមកំពូលតារាង Al-Hilal ៤ ពិន្ទុ។ Al-Hilal បានយកឈ្នះ Al-Hazm ៣-០ បន្តឈរលេខមួយ ខណៈលេខបី Al-Taawoun មាន ២៨ ពិន្ទុ ឯលេខបួនគឺ Al-Qadsiah ដែលស្ថិតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Liverpool លោក Brendan Rodgers៕អត្ថបទ៖នាង សុភាវុធ

លោក គីម កុក មោទនភាពចំពោះកំណើនពលរដ្ឋខ្មែររត់ ១០០គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Angkor Ultra trail

2026/01/09 07:49:49 pm        499
លោក គីម សារឿន ហៅ គីម កុក អ្នកជំនាញរត់ចម្ងាយឆ្ងាយ និងជាគំរូសម្រាប់យុវជនកម្ពុជា បាន​បង្ហាញ​ក្ដីរំភើប ដោយសេចក្ដីមោនទន ចំពោះកំណើនពលរដ្ឋខ្មែរ ចូលរួមទិវារត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅតំបន់អង្គរ (Angkor Ultra Trail) លើកទី៩ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាង​មុខ ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមានពលរដ្ឋខ្មែរចុះឈ្មោះរហូតដល់ ៦៨នាក់។ក្រោយចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ កាលពីថ្មីៗ បុរសវ័យ ៥៧ឆ្នាំរូបនេះ បានសម្ដែងក្ដីរីករាយ ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំតាមការគ្រោងទុក ទោះបីស្ថិតក្នុងកាលៈទេសៈលំបាក នៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្ដែនេះគឺជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ពិសេសតំបន់អង្គរ ខេត្តសៀមរាបតែម្ដង។បន្ថែមលើនេះ លោកក៏មានមោទនភាព ដែលមានពលរដ្ឋខ្មែរលើសពី ៥០០នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Angkor Ultra trail ឆ្នាំនេះ តាមវិញ្ញាសានីមួយៗ ក្នុងនោះកំណើនអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ បានកើនដល់ ៦៨នាក់ ដែលជាតួរលេខធ្វើឲ្យលោកភ្ញាក់ផ្អើល និងរំភើបរីករាយ ដ្បិតជាបំណងប្រាថ្នារបស់លោកចង់ឃើញពលរដ្ឋខ្មែរច្រើនចូលរួមរត់ចម្ងាយឆ្ងាយ ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ នឹងមានការកើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅមានអ្នកចួលរួមយ៉ាងហោច ៥ពាន់នាក់ ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអច្ឆរិយអង្គរនេះ។គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឬ Angkor Ultra Trail លើកទី៩ ដែលគ្រោងរៀបចំនាថ្ងៃទី២៤ ខែមករាខាងមុខ បច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ១,២០០នាក់ មកពីជាង ៤០ប្រទេស ហើយភាគច្រើនជាអត្តពលិកអន្ដរជាតិ មកពីក្រៅប្រទេស ពិសេសមានជនជាតិបារាំងច្រើនជាងគេរហូតដល់ជាង ៤០០នាក់ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា ដែលមានអ្នកចុះឈ្មោះជាង ៥០០នាក់ ។ យ៉ាងណាការចុះឈ្មោះនៅតែបន្ដ ហើយគណៈកម្មការរៀបចំរំពឹងថា ការចូលរួមអាចកើនឡើងចន្លោះពី ១,៥០០នាក់ ទៅ ១,៧០០នាក់ ប្រហាក់ប្រែលនឹងឆ្នាំមុនដែរ។សម្រាប់លោក គីម កុក តាំងពីព្រឹត្តិការណ៍កកើត លោកមិនដែលខកខានការចូលរួមម្ដងឡើយ ពិសេសលើកដំបូង នៃព្រឹត្តិការណ៍ ដែលមានវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ លោកក៏បានចូលរួមរត់វិញ្ញាសាឆ្ងាយជាងគេនេះផងដែរ។ រីឯឆ្នាំ២០២៥ កន្លងទៅ លោកបានទទួលជយលាភីលេខ១ ក្នុងចំណោមអត្តពលិកកម្ពុជា លើវិញ្ញាសារត់ចម្ងាយ១០០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ក្រោយចាប់ផ្តើមចេញដំណើរពីទីលានជល់ដំរី ឆ្លងកាត់គ្រប់ស្ថានភាពផ្លូវ តាមព្រៃព្រឹក្សា ប្រាង្គប្រាសាទ ភ្នំបូក វាលស្រែ និងផ្ទះពលរដ្ឋ ហើយបន្តវិលទៅកាន់ទីតាំងដើមវិញ ដោយប្រើថិរវេលា ១៣ម៉ោង ១២នាទី និង ៥៧វិនាទី៕ អត្ថបទ លី ឈុនឡា

ម្ចាស់មេដាយ ៣រូប និងអត្ដពលិកថ្មី ២រូប ត្រៀមប្រកួតជើងឯក AMMA Championship នៅចិន ចុងសប្ដាហ៍នេះ

2026/01/09 06:56:18 pm        341
ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជាសរុប ៨រូប បាន​នឹង​កំពុង​ស្ថិត​នៅ​ទី​ក្រុង​ Luzhou ប្រទេសចិន ដើម្បីចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ (Asian Mixed Martial Arts ឬ AMMA Championship) ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ ចាប់​ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករាចុងសប្ដាហ៍នេះ។ក្នុងចំណោមប្រតិភូកីឡាយុទ្ធគុនចម្រុះកម្ពុជាទាំង ៨រូប ដែលដឹកនាំដោយលោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានេះ គឺមានកីឡាករ-កីឡាការិនី ៥រូប ក្នុងនោះមាន ៣រូប ធ្លាប់ឈ្នះមេដាយ កាលពីឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AMMA Championship លើកទី២ គឺមានម្ចាស់មេដាយមាសកីឡាការិនី ខៀវ ចិន្តារ័ត្ន, ម្ចាស់មេដាយប្រាក់កីឡាការិនី គន្ធ វណ្ណនីតា និងម្ចាស់មេដាយសំរឹទ្ធ ផេង សុបញ្ញា ។ចំណែក ២រូបទៀត គឺជាអត្តពលិកចំណូលថ្មី ដែលទើបចូលរួមការប្រកួតលើកដំបូង ក្នុងការប្រកួត AMMA Championship 2026 នៅប្រទេសចិន នាចុងសប្ដាហ៍នេះ រួមមានកីឡាការិនី ចេង ដាលីន និងកីឡាការិនី ម៉ាប់ សុខហួយ ។ យ៉ាងណាមិញ កីឡាករ-កីឡាការិនីទាំងអស់ សុទ្ធតែបានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ ដើម្បីស្វែងរកមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។លោក ជឹម ធារ៉ា បានឲ្យដឹងថា បេសកកម្មលើកនេះ ក្រៅពីការប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី៣ ក៏ជាការប្រកួតជម្រុះ ដើម្បីដណ្ដើមសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងឆ្នាំ២០២៦ ដែលជាឆ្នាំដំបូង សម្រាប់កីឡាយុទ្ធគុនចម្រុះត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ រួមទាំងការដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៧ នៅអារ៉ាប៊ីសាអូឌីត។គួរដឹងថា ការប្រកួតជើងឯកយុទ្ធគុនចម្រុះអាស៊ី ឆ្នាំ២០២៦ នេះ មានអត្តពលិកចូលរួមសរុប ១៩ប្រទេស ហើយក្រៅពីការបញ្ជូនកីឡាករ-កីឡាការិនីចូលរួមការប្រកួត កម្ពុជាក៏ត្រូវបានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី អញ្ជើញមន្ដ្រីបច្ចេកទេស ២រូបចូលរួមបំពេញការងារក្នុងការប្រកួតដ៏សំខាន់នេះផងដែរ រួមមានលោក ជឹម ធារ៉ា ជាអនុប្រធានអាជ្ញាកណ្តាល និងកកញ្ញា ខៃ ប៊ុណ្ណារី ជាមន្ត្រីបច្ចេកទេសអន្តរជាតិ៕ អត្ថបទ លី ឈុនឡា

ណាហ្គា ជួបអង្គរថាយហ្គឺរ ខណៈព្រះខ័នរាជ ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបដៃគូផ្សេងគ្នា ក្នុងលីគចុងសប្ដាហ៍នេះ

2026/01/09 06:46:23 pm        452
ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតសន្សំពិន្ទុ ជុំទី២ សប្ដាហ៍ទី១៦ នា​ចុង​សប្ដាហ៍នេះ ដោយមាន ៥ប្រកួតពេញ ក្នុងនោះក្រុមណាហ្គាវើលដ៏ នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលក្រុមព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹង​កេត និងវិសាខា ត្រូវជួបគូប្រជែងផ្សេងគ្នា។សម្រាប់​ការប្រកួតនៅថ្ងៃទី១០ ខែមករាស្អែកនេះ មាន ២គូ ក្នុងនោះ​ក្រុម​ការងារ​ពារ​តំណែង​ជើង​ឯក​ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ បន្ទាប់ពីយកឈ្នះ ៦-១ ក្នុងដី កាលពីជើងទី១ ស្របពេលក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេរ៉ា ក្រោយយកឈ្នះទាំងប្រផិតប្រផើយ ១-០ កាលពីជើងទី១។រីឯនៅថ្ងៃអាទិត្យ ទី១១ ខែមករាវិញ មាន ៣គូ ពិសេសជំនួបរវាងក្រុមលេខ៤ អង្គរថាយហ្គឺរ ទល់នឹងក្រុមឈរលេខ៥ ណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ជំនួបរវាងក្រុមទាំងពីរ ត្រូវបានចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ពីសំណាក់អ្នកគាំទ្រ ។ កាលពីជើងទី១ ណាហ្គាវើលដ៏ បានយកឈ្នះក្រុមខ្លាទឹកក្រូច ដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ដោយលទ្ធផល ១-០។ចំណែក ២គូទៀត ក៏សុទ្ធតែជាជំនួបជក់ចិត្តផងដែរ ក្នុងនោះក្រុមបឹងកេត ត្រូវស្វាគមន៍ក្រុមភ្ញៀវ ISI ដង្កោសែនជ័យ វិញម្ដង នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោយយកឈ្នះ ១-០ នៅតំបន់វេងស្រេង កាលពីជើងទី១ និងក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមគិរីវង់សុខសែនជ័យ បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ នៅកីឡដ្ឋានគិរីវង់ នាទឹកដីខេត្តតាកែវ កាលពីជើងទី១។គួរដឹងថា គិតត្រឹមសប្ដាហ៍ទី១៥ កន្លងទៅ ភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយរកបាន ៣៣ពិន្ទុ ស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀង ដែលឈរលេខរៀងទី២ តែភ្នំពេញក្រោន សល់ ១ប្រកួតក្នុងដៃ តែក្រុមទាំងពីរ បានវ៉ាដាច់ពិន្ទុច្រើនពីគូប្រជែងផ្សេងទៀត ក្នុងនោះបឹងកេត ឈរលេខ៣ ទើបរកបាន ២៥ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ រកបាន ២៤ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ២២ពិន្ទុ និងវិសាខា ឈរលេខ៦ រកបាន ១៨ពិន្ទុ ប្រទាញប្រទង់ជាមួយក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលតាមពីក្រោយរកបាន ១៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា

អង្គរថាយហ្គឺរបន្ថែមកម្លាំងថ្មី ២រូប ខណៈព្រះខ័នរាជស្វាយរៀង បន្ដបញ្ចេញកីឡាករទី៦

2026/01/08 09:48:55 pm        361
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននឹងបន្ថែមកម្លាំង ២រូបទៀត ដើម្បីពង្រឹងក្រុមឡើងវិញ ក្នុង​ការ​ប្រកួត​ជុំ​ទី២ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង បាន​ប្រកាស​ការ​ចាកចេញរបស់កីឡាករទី៦ គឺកីឡាករ គួច ដានី ដែលបានផ្ទេរទៅ​កាន់​ក្លិប​គិរីវង់​សុខសែន​ជ័យ។ការប្រកាសនាំចូល និងបញ្ចេញកីឡាកររបស់ក្លិបទាំងពីរ ធ្វើឡើងមុនទីផ្សា​រ​ដោះ​ដូរ​កីឡាករ​លើក​ទី​២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ត្រូវបិទនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ខណៈ​រយៈពេល ៣សប្ដាហ៍កន្លងមក គេឃើញក្លិបមួយចំនួន បានរុះរើសកីឡាករថ្មីជាច្រើន ពិសេ​ស​ក្លិប​ព្រះខ័នរាជស្វាយរៀងតែម្ដង។សម្រាប់​សមាជិកថ្មីរបស់ក្លិបអង្គរថាយហ្គឺរ ដែលប្រកាសនៅព្រឹកថ្ងៃទី៨ ខែមករានេះ គឺខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន Facundo Aranda ។ មុនផ្លាស់មក​ប្រកប​អាជីព​លើក​ដំបូង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កីឡាករវ័យ ២៥រូបនេះ ធ្លាប់បានប្រកបអាជីពលីគ ៤ប្រកួតមកហើយ រួ​ម​មាន​ក្លិប San Telmo II និងក្លិប Penarol នៃលីគអាហ្សង់ទីន, ក្លិប FK Jezero ​នៃ​លីគ​ម៉ុង​តេណេ​ហ្គ្រោ,​ ក្លិប Persis នៃលីគឥណ្ឌូនេស៊ី និងក្លិបឆាយនីសតៃប៉ិ Tainan City។ក្រៅពីកីឡាករអាហ្សង់ទីនរូបនេះ អង្គរថាយហ្គឺរ ក៏ត្រៀមបង្ហាញកីឡាករថ្មីម្នាក់ទៀត ដែលក្លិប​បាន​បង្ហើប គឺកីឡាករសញ្ជាតិជប៉ុន តែមិនទាន់បញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណផ្លូវការនោះទេ ។ ការ​នាំចូលកីឡាករបរទេសនេះ ស្របពេលអង្គរថាយហ្គឺរ ធ្វើមិន​សូវ​បា​ន​ល្អ​ក្នុង​មួយ​រយៈ​ពេល​ធំ​ចុង​ក្រោយ ។ ដូច្នេះការបន្ថែមកម្លាំងថ្មីនេះ គេសង្ឃឹមថា ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ នឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ការប្រកួតសេសសល់។ក្រឡេកទៅ​ចាប់​អារម្មណ៍ក្លិបព្រះខ័នរាជស្វាយរៀងវិញ ឈានចូលការបើកទីផ្សារ​ដោះ​ដូរកីឡាករ​លើក​ទី​២ ក្លិបបាននាំចូលកីឡាករថ្មីមួយចំនួន ពិសេសកីឡាករបរទេស ។ ជាមួយគ្នា ក្រោមការដឹ​កនាំ​របស់លោក MATTHEW McCONKEY ​ក្លិបក៏បានរុះរើ​កីឡាករ​ចេញ​ច្រើ​ន​គួរ​ឲ្យ​កត់​សម្គាល់ផ​ង​ដែរ ជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញ ក្លិបទើបបានប្រកាសចែកផ្លូវជាមួយខ្សែបម្រើខ្មែរ-បារាំង គួច ដានី ដែលជាកីឡាករទី៦ បានចាកចេញ បន្ទាប់ពី ធារី ចន្ថាប៊ីន និង កាន់ ពិសាល ខ្ចីជើង​ទៅ​ឡាយ​ហ្វខេត្តព្រះសីហនុ, លូកាស អាតធ័រ ខ្ចីជើងទៅ អឹមអូអាយ កំពង់ដេវ៉ា, សេត រ៉ស៊ីប ខ្ចីជើង​ទៅ​បឹងកេត និងកីឡាករឡាវ Bounkong Bounphachan ផងដែរ។គួរដឹង​ថា ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង គួច ដានី ត្រូវបានប្រកាស​ស្វាគមន៍​ភ្លាម​ៗ​ទៅ​ក្លិប​គិរីវង់​សុខសែនជ័យ ក្នុងនាមក្លិបទី៧ នៃលីគកំពូលកម្ពុជា ដែលខ្សែបម្រើកូនកាត់ខ្មែរ-បារាំង​រូប​នេះ បានប្រកបអាជីពជាមួយ៕ អត្ថបទ លី ឈុនឡា

ការប្រកួតជើងឯកថ្នាក់ជាតិកីឡាយូដូឆ្នាំនេះ នឹងផ្តោតសំខាន់លើថ្នាលយុវជន

2026/01/08 09:37:40 pm        319
ខេមរសហព័ន្ធកីឡាយូដូប្រកាសរៀបចំការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥ ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៦ នៅសាលពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ​មន្ត្រីជំនាញអះអាងថា ការប្រកួតក​ម្រិត​ខ្ពស់​បំផុត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ផ្តោត​សំខាន់​លើ​ថ្នាល​យុវជន​ច្រើន​ជាង។លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកសហព័ន្ធបានគូសបញ្ជាក់ថា ការប្រកួត​ជ្រើស​រើស​ជើងឯកឆ្នាំនេះ សហព័ន្ធផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​បុរស និងនារីមានអាយុក្រោម ១១ឆ្នាំដល់ ១៤ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤គីឡូក្រាម ក្រោម ៣៨​គីឡូ​ក្រាម ៤៦ គីឡូក្រាម និង ៤៦គីឡូក្រាមឡើងទៅ។ ចំណែក​វិញ្ញា​សា​ប្រយុទ្ធ​ឯកត្តជ​ន​នា​រី​វិញ​រួម​មាន ប្រភេទទម្ងន់ក្រោម ៣២គីឡូក្រាម ក្រោម ៣៦ គីឡូក្រាម និង ៣៦គីឡូក្រាមឡើងទៅ។ រី​ឯ​វិញ្ញាសា​ប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុ ១៥ឆ្នាំឡើងទៅ រួមមាន វិញ្ញាសា​ប្រយុទ្ធ​ឯកត្ត​ជន​បុរស គឺប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទ​ទម្ងន់​ក្រោម ​៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម និង​ប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម។ដោយ​ឡែកវិញ្ញាសាប្រយុទ្ធឯកត្តជននារី គឺប្រភេទទម្ងន់ក្រោម ៤៥គីឡូក្រាម ក្រោម ៤៨ គីឡូ​ក្រាម ក្រោម ៥២ គីឡូក្រាម ក្រោម ៥៧ គីឡូក្រាម និងទម្ងន់ ៥៧ គីឡូក្រាមឡើងទៅ។គួរ​បញ្ជាក់ថា ការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូ ដោយ​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​គាំ​ទ្រ​ប្រចាំ​ឆ្នាំ​របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនផែនការ​អភិវឌ្ឍ​ជំនាញ​កី​ឡា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM