កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងរៀបចំ ២ទីតាំងផ្សេងៗគ្នា អមមូលនិធិមនុស្សធម៌

2026/01/06 10:31:42 pm        489
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងនឹងរៀបចំនៅទីតាំងថ្មីចំនួន ២ ផ្សេង​គ្នា អមជាមួយការបង្កើតមូលនិធិមនុស្សធម៌ ដើម្បីកៀរគរជំនួយជួយដល់ជនភៀសសឹក និង​វីរកង​ទ័ព​នៅព្រំដែនផងដែរ។យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ កាលពីថ្មីៗ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួងអប់រំ យុវជន និងកីឡានេះ សហព័ន្ធ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹង​រៀប​ចំ​ការប្រកួត នាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ ចំពោះទីតាំងរៀបចំការប្រកួតប្លែកពីឆ្នាំមុនៗ ដោយលើកនេះ សហព័ន្ធនឹងរៀបចំការប្រកួតកង់ភ្នំ នៅ​ជើងភ្នំបាសិត គ្រាដែលកង់គួក នឹងត្រូវប្រកួតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ចំពោះ​វិញ្ញាសា ដែលសហព័ន្ធបានកំណត់ដាក់ឲ្យកីឡាករ-កីឡាការិនី មកពី​បណ្ដា​សមាគម​/ក្លិប​ទូទាំង​ប្រទេសចុះឈ្មោះចូលរួមឆ្នាំនេះ សម្រាប់ប្រភេទកង់ភ្នំ គឺមាន ៤វិញ្ញាសា រួមមានវិញ្ញាសា​កង់​ភ្នំ​បុរស​ថ្នាល, កង់ភ្នំបុរសឈុតធំ, កង់ភ្នំនារី និងកង់ភ្នំបុរស។ រីឯប្រភេទកង់គួកវិញ មាន ៣​វិញ្ញាសា​ប៉ុណ្ណោះ រួមមានវិញ្ញាសាកង់គួកបុរសថ្នាល, កងគួកបុរសឈុតធំ និងវិញ្ញាសាកង់គួកបុរស មិន​មាន​វិញ្ញាសាសម្រាប់កង់គួកនារីឡើយ។ភ្ជាប់ជាមួយការប្រកួតជើងឯកប្រចាំឆ្នាំនេះដែរ ថ្នាក់ដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏​បាន​ផ្ដួចផ្ដើមបង្កើតឲ្យមានមូលនិធិមួយ សម្រាប់គាំទ្រជួយដល់ជនភៀសសឹក និងវីរកង​ទ័ព​នៅ​ព្រំដែន ​តាមរយៈ QR Code របស់សហព័ន្ធ ដែលបានភ្ជាប់លើការផ្សព្វផ្សាយ ដោយ​គ្រួសារ​កីឡា​ជាតិ​ រួមទាំងសប្បុរសជនគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែអាចចូលរួមដោយការស្ម័គ្រចិត្ដតាមលទ្ធភាព ដើម្បី​ស្ដែងឲ្យឃើញពីវប្បធម៌ចែករំលែក និងមនោសញ្ចេត​នាអាណិត​ស្រលាញ់​ក្នុង​គ្រា​ដ៏​លំបាក​នេះ។ជាមួយគ្នា សម្រាប់ថវិកាទទួលបានពីការចុះឈ្មោះចូលរួមការប្រកួត ក្នុងម្នាក់ ២ម៉ឺនរៀល ក៏​នឹង​ត្រូវ​បញ្ចូលក្នុងមូលនិធិមនុស្សធម៌របស់សហព័ន្ធផងដែរ។ក្រោយពី​សហព័ន្ធបានប្រកាសរៀបចំជើងឯកថ្នាក់ជាតិ រួមជាមួយមូលនិធិជួយជនភៀសសឹក និង​វីរកងទ័ពនៅព្រំដែននេះដែរ គេឃើញមានមន្ដ្រីកីឡា កីឡាករ-កីឡាការិនី និង​សប្បុរស​ជន​ជា​ច្រើន​ បានចូលរួមបរិច្ចាគយ៉ាងផុសផុលផងដែរ។គួរដឹងថា ការចុះឈ្មោះចូលរួមការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៥ ត្រូវបានបិទបញ្ចប់ការទទួលពាក្យហើយ ហើយសហព័ន្ធនឹងរៀបចំកិច្ចប្រជុំបច្ចេកទេស និង​ចែក​សម្ភារៈសម្គាល់ខ្លួនកីឡាករ-កីឡាការិនី នាថ្ងៃទី៦ ខែកុម្ភៈ មុនចាប់​ផ្ដើម​ការ​ប្រកួត​វិញ្ញាសា​កង់​ភ្នំ នាថ្ងៃទី៧ ខែកុម្ភៈ នៅជើងភ្នំបាសិត និងចុងក្រោយ គឺការប្រកួតវិញ្ញាសាកង់គួត នាថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា

ចំបាប់ដាក់គោលដៅស្វែងរកមេដាយអូឡាំពិក បន្ទាប់ពីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

2026/01/06 10:09:32 pm        542
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បាន​បង្ហើប​គោល​ដៅ​ឆ្ពោះ​ទៅ​រក​មេដាយ​កម្រិតអូឡាំពិក នាឆ្នាំ២០៣៦ និងឆ្នាំ២០៤០ បន្ទាប់ពីការសម្រួចធនធានកីឡាករ-កីឡាការិនី​វ័យក្មេង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយ​ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅ​សាលា​ដំបូល​ទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។លោក ខេស៊ី បាណេត បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែល​មាន​កំណើន​ក្លិប និងកីឡាករ-កីឡាការិនីចូលរួមច្រើនជាងមុន ពិសេសថ្នាលយុវជនវ័យក្មេង ដែល​ស្រប​តាម​គោលដៅរបស់សហព័ន្ធ កំពុងផ្ដោតយកចិត្តទុកដាក់ សម្រាប់​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​យុវជន​អាស៊ី នាឆ្នាំ២០៣១ និងទិសដៅរយៈពេលវែង គឺដំណើរឆ្ពោះទៅរកមេដាយអូឡាំពិក នា​ឆ្នាំ​២០៣៦ និងឆ្នាំ២០៤០។បន្ថែមលើគោលដៅនេះ ក៏ជាបន្ដផ្សព្វផ្សាយ អភិវឌ្ឍន៍ និងថែរក្សានូវកីឡាចំបាប់ ដែល​ជា​ប្រភេទ​កីឡា​ប្រពៃណី​ជាតិខ្មែរនេះផងដែរ។សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើប​រៀបចំ​នា​ដើម​ឆ្នាំ​ថ្មី​នេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ១១១នាក់ មកពី ១៤ សមាគម/ក្លិប ។ ឆ្លង​កាត់​ការ​ប្រកួតលើ ១២វិញ្ញាសា ជាលទ្ធផលគឺក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើន​ជាង​គេ​សរុប ១៩គ្រឿង (មាស ៦ ប្រាក់ ៤ និងសំរឹទ្ធ ៩)។ កងយោធពលខេមរភូមិន្ទ ឈរលេខ២ ឈ្នះ​មេ​ដាយសរុប ៩គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៣), ខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះ​មេដាយ​សរុប​ ៤គ្រឿង(មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ ឈរលេខ៤ ឈ្នះ​មេ​ដាយមាស ១ និងប្រាក់ ១, ក្លិបគិរីបារមីដំរីមានរិទ្ធ ឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ គ្រាដែលក្លិបចំបាប់ខេត្តតាកែវ និងក្លិបចំបាប់បារមីមេទ័ពម៉ឺនឯក ឈ្នះមេដាយមាស ១​គ្រឿង​ដូចគ្នា​៕ អត្ថបទ លី ឈុនឡា

កីឡាករ កីឡាការិនីខ្មែរ-បរទេសជាង ៤០០នាក់នឹងចូលរួមប្រកួតអាគ័រត្លុងភ្នំពេញអន្តរជាតិ និង​អាគ័ត្លុង​ជើងឯកប្រចាំសាលា ឆ្នាំ២០២៦

2026/01/06 09:52:22 pm        499
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាភ្នំពេញអន្តរជាតិអាគ័ត្លុង និង​ការ​ប្រកួត​កីឡា​អាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃ​ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការចុះឈ្មោះ កីឡាករ កីឡាការិនីខ្មែរ-បរទេស គ្រប់​វ័យ​សរុបជាង ៤០០នាក់ហើយ៕លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា នេះ​ជា​ព្រឹត្តិ​ការណ៍ដ៏ធំមួយ ក្នុងចំណោមការប្រកួតមួយចំនួនទៀតរបស់សហព័ន្ធ ដើម្បីបន្ត​បំផុស​ឱ្យ​កីឡាករ​ កីឡាការិនីគ្រប់វ័យទាំងអស់ចាប់ពីវ័យកុមារអាយុ៦ឆ្នាំឡើង ដល់៤២ឆ្នាំឡើ​ង​បាន​ចូល​រួម​លេង​ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែផុសផុល ក៏ដូចជាស្វែងរកធនធានកីឡាករ កីឡា​ការិ​នី​ឆ្នើមៗប្រចាំឆ្នាំផងដែរ។លោក ងិន សុខបញ្ញា បានបន្ថែមថា សហព័ន្ធរៀបចំការប្រកួតនេះជារៀងរាល់ឆ្នាំ ដើម្បីជ្រើស​រើស​ថ្នាល​យុវជន​ឆ្នើមៗ បន្តបណ្តុះបណ្តាលបន្ថែម ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។ ជារួមការប្រកួតនេះ ក៏ជាលក្ខណៈបើកចំហរ ដោយ​អនុញ្ញាត​ឱ្យ​កីឡាករ កីឡាការិនីបរទេសរស់នៅកម្ពុជា និងកូនកាត់ខ្មែរ អាចចូលរួម​ប្រកួត​ជា​មួយ​គ្នា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក រួ​ម​ទាំង​គោល​ដៅបង្កើនគុណភាពបច្ចេកទេស។សូមបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមប្រកួត មានកីឡាករ កីឡាការិនីសរុបជាង ៤០០នាក់ ក្នុង​នោះមា​នបរទេសចូលរួមជាងពាក់កណ្តាល។ ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួត​ភ្នំពេញ​អន្តរ​ជាតិ​អាគ័ត្លុង និងការប្រកួតអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ បែងចែក​ជា​វិញ្ញាសា​ផ្សេង​ៗ​ពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមាន​វិញ្ញាសា​ស្តង់​ដា​លើ​វិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយ។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា មាន​វិញ្ញាសាហែលទឹក និងរត់ប្រណាំងដែលមានចម្ងាយខ្លីៗតាមកម្រិតអាយុផងដែរ៕

អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បង្ហាញមោទនភាពចំពោះការប្រឹងប្រែងយ៉ា​ងខ្លាំង​របស់​កីឡាករ កីឡាការិនី

2026/01/02 10:38:07 pm        659
ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្ហាញមោទនភាព ដែលកីឡាករ កីឡាការិនីមកពីសមាគម-ក្លឹបនានាប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ហើយអ្វីដែលពិសេសគឺការខិតខំលះបង់កម្លាំកាយចិត្ត ការជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តមប្រធាន កែវ រ៉េមី ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដែលធ្វើឱ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាកាន់តែរីកចម្រើន ដោយមិនត្រឹមតែកម្រិតថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅកម្រិតអន្តរជាតិ និងកម្រិតពិភពលោក ក៏កីឡាកម្ពុជាមួយនេះរីកចម្រើនផងដែរ តាមរយៈការឈ្នះមេដាយជាបន្តបន្ទាប់។នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្នុងឱកាសបិទការប្រកួតថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ឯកឧត្តមអនុប្រធានបានកត់សម្គាល់ថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ដោយសារតែពួកគាត់បានហ្វឹកហាត់បានល្អ ជាពិសេសទើបនឹងចូលរួមប្រកួត ក្នុងនាមជាធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ ៦ខែមុនកន្លងទៅនេះ។ ជាគោលដៅបន្ទាប់របស់សហព័ន្ធ ចំពោះប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជានឹងត្រៀមចូលរួមប្រកួតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី និងមុងហ្គោលី នាឆ្នាំ២០២៦ខាងមុខ រួមទាំងគោលដៅឆ្ពោះទៅឆ្នាំ២០២៨ខាងមុខ ប្រហែលអាចធ្វើនៅកម្ពុជាជាដើមនោះ ។អ្វីដែលសំខាន់ក្នុងឆ្នាំនេះ សហព័ន្ធក៏បានរៀបចំវិញ្ញាសាថ្នាលយុវជនជាច្រើន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដើម្បីផលិតធនធានយុវជនឱ្យបានកាន់តែច្រើន ពោលគ្រប់កម្រិតអាយុតែម្តងចាប់ពីកម្រិតវ័យ១២-១៣ឆ្នាំឡើងទៅ។លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន ១៥៨ នាក់ មកពីក្លិបចំនួន១៦។ សម្រាប់កីឡាករ-កីឡាការិនីចូលរួមប្រកួតបានតែ១ វិញ្ញាសារប៉ុណ្ណោះ ក្នុងគោលដៅវាស់ស្ទង់ សមត្ថភាពពិតប្រាកដមួយ ដើម្បីស្វែងរកធនធានកីឡាករវ័យក្មេង សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ ជម្រើសជាតិឆ្នាំ២០២៦ ។ជាលិទ្ធផលបចេ្ចកទេស ក្រសួងមហាផ្ទៃទទួលបានមេដាយច្រើនជាងគេ មាស ១៤ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តបន្ទាយមានជ័យមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ៕

សហព័ន្ធកីឡាកាយសម្ព័ន្ធផ្ដោតធនធានកីឡាករ-កីឡាការិនី ៣កម្រិត ដើម្បីត្រៀមព្រឹត្តិការណ៍អន្ដរជាតិនានា

2026/01/02 10:32:16 pm        524
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ដោតសម្រួចធនធាន ៣កម្រិតអាយុ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ចន្លោះពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៩ កាលពីថ្ងៃពុធកន្លងទៅ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ អគ្គលេខាធិការសហព័ន្ធដដែល បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជិត ១សប្ដាហ៍ ដែលជាវេទិកាវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់ ហើយពួកគេបានបង្ហាញនូវគុណផលរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដែលស្របតាមផែនការសហព័ន្ធកំពុងយកចិត្តទុកដាក់ទាំង ៣កម្រិត ទី១-ថ្នាលត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣, យុវជនត្រៀមការប្រកួតអន្ដរជាតិចន្លោះឆ្នាំ២០២៦-២០២៩ និងទី៣-កម្រិតពេញសម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសសស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី។ទន្ទឹមជាមួយគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍ និងភាពរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ហើយទទួលបានលទ្ធផលល្អ សម្រាប់ការត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិ និងហ្គេមនានា នៅចន្លោះឆ្នាំ២០២៦ រហូតដល់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១  ឯកឧត្ដម ណយ ផាណា ក៏បានពាំនាំនូវអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ចំនួន ៥ចំណុច ដែលសហព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ និងអនុវត្ត រួមមាន៖១. បណ្តុះបណ្តាលកីឡាករ-កីឡាការិនីផ្ទាលតាមកម្រិតអាយុ និងបញ្ជូនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់ (High Performance)។២. ពង្រឹងសមត្ថភាពចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ ឲ្យកាន់តែល្អប្រសើរទាំង បរិមាណ និងគុណភាព។៣. ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគម ដែលមានរួចមកហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត។៥. ជំរុញឲ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនជារៀងរាល់ឆ្នាំ។គួរដឹងថា ការប្រកួតឆ្នាំនេះ មានក្លិបចំនួន ៨ មកពី ២ក្រសួង និង ៣ខេត្តចូលរួម ដែលមានកីឡាករ-កីឡាការិនី ៦៤នាក់ និង មន្ត្រីបច្ចេកទេស៣៣នាក់ចូលរួម។ ជាលទ្ធផលគ្រប់ក្រសួង និងខេត្តចូលរួម សុទ្ធតែទទួលបានមេដាយ ក្នុងនោះក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១១គ្រឿង(មាស ៥ និងប្រាក់ ៦), ខេត្តកំពង់ឆ្នាំង ឈរលេខ២ ឈ្នះមេដាយសរុប ៨គ្រឿង (មាស៣ ប្រាក់២ និងសំរឹទ្ធ៣), ក្រសួងការពារជាតិ ឈរលេខ៣ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៦), ខេត្តក្រចេះ ឈរលេខ៤ ឈ្នះមេដាយសរុប ៩គ្រឿង(មាស២ ប្រាក់៤ និងសំរឹទ្ធ៣) និងខេត្តស្ទឹងត្រែង ដែលជាខេត្តចំណូលថ្មី ក៏ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងដែរ៕ អត្ថបទ លី ឈុនឡា 

សកម្មភាពកីឡាដើម្បីលើកកម្ពស់សុខភាពពលរដ្ឋ ជួយឲ្យ អេអាយអេ ឈ្នះពានរង្វាន់ ៧

2026/01/02 10:09:48 pm        505
តាមរយៈសកម្មភាពកីឡា ពិសេសកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋគ្រប់វ័យ ព្រមទាំងសិស្សានុសិស្ស បានជំរុញឲ្យ អេអាយអេ ខេមបូឌា ឈ្នះពានរង្វាន់ធំៗចំនួន ៧ នៅក្នុងវេទិកាក្នុងស្រុក និងអន្ដរជាតិ។ពានរង្វាន់ទាំង ៧ នេះ គឺជាការទទួលស្គាល់នូវគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន ក្នុងការទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមបាល់ទាត់ និងកីឡាផ្សេងទៀត ដើម្បីជំរុញប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងកាន់តែប្រសើរ តាមរយៈការចូលរួមសកម្មភាពកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។កំឡុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានបង្កើតនូវគំនិតផ្ដួចផ្ដើម និងការងារសង្គមជាច្រើន ដើម្បីគាំទ្រ និងផ្សារភ្ជាប់សហគមន៍តាមកីឡា ដោយរាប់ចាប់ពីវគ្គបណ្តុះបណ្តាលបាល់ទាត់ថ្នាក់មូលដ្ឋាន រហូតដល់យុទ្ធនាការទូទាំងប្រទេស ដែលលើកទឹកចិត្តដល់របៀបរស់នៅសកម្ម ហើយគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបានលើកកម្ពស់គោលបំណងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផលប្រែប្រួលវិជ្ជមានយូរអង្វែងនៅទូទាំងទៀតផង។តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យ អេអាយអេ ក្លាយជាផ្នែកមួយ ដែលបានរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ រហូតឈ្នះពានរង្វាន់ចំនួន ៧ ក្នុងមាន ៣ពានរង្វាន់ ទទួលបានពីស្ថាប័ន HR ASIA ក្នុងនាមជាក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី ក្នុងរយៈពេល ៦ឆ្នាំជាប់គ្នា(ឆ្នាំ២០២០-២០២៥) រួមជាមួយពាន Diversity, Equity និង Inclusive Awards 2025 និងពានរង្វាន់ចីរភាពកន្លែងការងារ ឆ្នាំ២០២៥។ មួយវិញទៀត គឺការឈ្នះពានរង្វាន់ពីស្ថាប័ន ACES Award រយៈពេល ២ឆ្នាំជាប់ៗក្នុងប្រភេទ Social and Community Impact និង ៣ពានរង្វាន់ពី AmCham Cambodia រួមមានពានរង្វាន់លើកកម្ពស់សុខភាពសហគមន៍ និងយុវជន, ពានរង្វាន់សុខភាព និងសុខុមាលភាពសិស្ស និងពានរង្វាន់លើកកម្ពស់ និងសុខភាពស្ត្រី។គួរដឹងថា សកម្មភាពកីឡា និងកម្មវិធីសង្គម ដែល អេអាយអេ បានផ្ដួចផ្ដើមរៀបចំ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអង្គការក្រៅរាជរដ្ឋាភិបាល កន្លងមក រួមមានកម្មវិធី AIA-ISF Youth League ដែលជាកម្មវិធីបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា, កម្មវិធី AIA-SPURS Healthier Kids Football ដែលជាវគ្គបណ្តុះបណ្តាលជំនាញបាល់ទាត់ និងការប្រកួត លើកកម្ពស់ការងារជាក្រុម និងកាយសម្បទាដល់កុមារនិងយុវជនកម្ពុជា។ កម្មវិធី AIA សាលាសុខភាពឆ្នើម ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធី  AIA Fit for Hope និងគម្រោងលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីកម្ពុជា ក្រោមភាពជាដៃគូជាមួយក្រសួងកិច្ចការនារីជាដើម។សម្រាប់ឆ្នាំ២០២៦ នេះដែរ ក្រុមហ៊ុននឹងណែនាំនូវយុទ្ធនាការថ្មី ដើម្បីបន្តការប្តេជ្ញាចិត្តក្នុងការពង្រីកគំនិតផ្តួចផ្តើមលើការលើកកម្ពស់សុខភាព និងសុខុមាលភាព ដើម្បីធានាថាប្រជាជនកម្ពុជាគ្រប់រូបមានសុខភាពល្អ ព្រោះសុខភាពជាគ្រឹះក្នុងការឈានទៅចាប់យកក្តីប្រាថ្នារបស់ខ្លួន ដូចទៅនឹងពាក្យមួយឃ្លាលើកឡើងថា “គ្មានសុខភាព គ្មានអ្វីៗទាំងអស់” ផងដែរ៕ អត្ថបទ លី ឈុនឡា 

យុវតីយ៉ាងច្រើនបានចាប់អារម្មណ៍ និងចូលរួមកម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡា នៅខេត្តព្រះសីហនុ

2026/01/02 09:57:54 pm        390
ដោយមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា បានជំរុញឲ្យយុវសិស្សជាស្ដ្រីជាច្រើន បានចាប់អារម្មណ៍ និងចូលរួមក្នុងសកម្មភាពកីឡា ជាក់ស្ដែងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ដ្រីក្នុងវិស័យកីឡា នៅខេត្តព្រះសីហនុ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅ បានទាក់ទាញយុវតីប្រមាណជិត ២០០នាក់ចូលរួម។ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាគ្រូឧទ្ទេសប្រចាំកម្មវិធីនេះ បានឲ្យដឹងថា តាមរយៈគម្រោងរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី កម្មវិធីនេះ ផ្ដោតលើយុវតី ដើម្បីលើកកម្ពស់សមភាពយ័នឌ័រក្នុងវិស័យកីឡា ស្របតាមគោលការណ៍របស់ចលនាអូឡាំពិកអន្ដរជាតិ ដែលបាននឹងជំរុញសកម្មភាពនេះនៅទូទាំងសកលលោក ទាំងបុរស និងនារី សុទ្ធតែមានលទ្ធភាពលេងកីឡាដូចៗគ្នា។ចំពោះកម្មវិធីដែលបានរៀបចំនៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះវិញ បានទទួលការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីយុវតី ដែលជាសិស្សនុសិស្ស នៃវិទ្យាល័យសម្ដេចឪ រហូតដល់ជិត ២០០នាក់ ហើយកម្មវិធីនេះដែរ បែងចែកជា ២វគ្គ ទី១ ផ្ដោតការចែករំលែកពីគុណតម្លៃអូឡាំពិក ចលនាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិក និងទី២ ការចូលរួមលេងកីឡាវាយសី ដែលជាកីឡាមួយត្រូវបានចាត់ទុកថា ស័ក្ដិសមសម្រាប់ស្ដ្រី។តាមរយៈសកម្មភាពទាំងអស់នេះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងកំណើនស្ដ្រីក្នុងសកម្មភាពកីឡា ដែលឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ចលនាអូឡាំពិកអន្ដរជាតិ ក៏ដូចជាចលនាអូឡាំពិកជាតិ ក្នុងការខិតខំអប់រំគុណតម្លៃអូឡាំពិក និងជំរុញស្ដ្រីចូលរួមលេងកីឡា ដែលស្ដ្រីមានសិទ្ធចូលរួមលេងកីឡាដូចបុរាដែរ ផ្ទុយពីអូឡាំពិកសម័យបុរាណ ដែលស្រ្ដីមិនអាចលេងកីឡាបានឡើយ។ទន្ទឹមជាមួយគ្នាដែរ លោក ហាង សុខឡា គ្រូអប់រំកាយ និងកីឡា នៅវីទ្យាល័យសម្ដេចឪ បានគូសបញ្ជាក់ថា សិស្សានុសិស្សទាំងអស់ សុទ្ធតែរីករាយក្នុងការចូលរួមត្រងត្រាប់ស្ដាប់ និងការចែករំលែកពីប្រវត្តិចលនាកីឡាអូឡាំពិក និងបានចូលរួមលេងកីឡា ដែលជំរុញឲ្យយុវតីទាំងអស់បានយល់ដឹងពីគុណតម្លៃនៃកីឡា និងសុខភាព។គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា នេះត្រូវបានអនុវត្តតាំងពីឆ្នាំ ២០២១ ដែលបានរួមចំណែកបំផុសសកម្មភាពកីឡា ដល់មហាជន និងយុវជន ជាពិសេស ស្ត្រី ដែលធ្វើឱ្យមានការយល់ដឹងកាន់តែខ្លាំងពីសារៈសំខាន់នៃការលេងកីឡាចំពោះសុខភាព ពិសេសក្រោយមហាជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង៕ អត្ថបទ លី ឈុនឡា 

ជំនួយចលនាអូឡាំពិកអន្ដរជាតិ ដែលភាគច្រើនជាសម្ភារកីឡា បានប្រគល់ជូនក្រសួងអប់រំ សម្រាប់ជួយជនភៀសសឹក

2026/01/02 09:50:14 pm        128
ជំនួយរបស់ចលនាអូឡាំពិកអន្ដរជាតិ ដែលមានភាគច្រើនជាសម្ភារសិក្សា ពិសេសសម្ភារកីឡា ត្រូវ​ប្រគល់ជូ​នក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជួយដល់ជនភៀសសឹក តាមរយៈ​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយ​ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មាន​ប្រសាសន៍​ថា ​នេះជាលើកទី២ ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​​នាំ​យក​ជំនួយ​ពី​ចលនាអូឡាំពិកអន្ដរជាតិ បរិច្ចាគជួយដល់ជនភៀសសឹក តែជំនួយលើកនេះ ផ្ដោត​ជា​ពិសេស​លើ​សម្ភារសិក្សា និងសម្ភារកីឡា សម្រាប់ជួយសម្រួលដល់គ្រូបង្រៀន ពិសេស​សិស្សា​នុ​សិស្ស ​ដែលបានភៀសសឹក ក្នុងការបន្ដឱកាសសិក្សាផង និងលេងកីឡាផង។គួរដឹងថា តាមរយៈមូលនិធិជនភៀសសឹកអូឡាំពិក ដែល​បង្កើត​ឡើង​ក្រោម​អនុស្សា​រណៈ​យោគ​យល់​គ្នា ​រវាងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងអង្គការសហប្រជាជាតិ(UN) កាល​ពី​ថ្មី​ៗ ​គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក៏ដូចជាក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានផ្ដល់នូវ​អំណោយ​សប្បុរស​ធម៌​ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ជួយដល់ជនភៀសសឹកកម្ពុជា ហើយជំនួយទាំងអស់ មួយ​ផ្នែក​ធំ ដែលរួមមានអង្ករ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ជាច្រើន ត្រូវបានក្រុ​ម​ការងារ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា នាំយកបរិច្ចាគជួយផ្ទាល់ដល់ជនភៀសសឹក តាមរយៈអាជ្ញាធរ​ខេត្ត​ឧត្ដរ​មាន​ជ័យ ហើយជំនួយមួយផ្នែកទៀត ដែលភាគច្រើនជាសម្ភារសិស្សា និងសម្ភារកីឡា អម​ថវិកា ៨លានរៀល បានបរិច្ចាគតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែល​ជា​ស្ថាប័ន​តំណាង​រាជ​រដ្ឋាភិបាល ក្នុងចលនាកីឡា៕ អត្ថបទ លី ឈុនឡា 

តើអាមេរិកអាចបញ្ចប់ជម្លោះនៅក្នុងពិភពលោក មុនខ្លួនធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក និងអូឡាំពិកបានទេ?

2025/12/15 06:28:18 pm        591
នៅសល់ជាងកន្លះឆ្នាំទៀត អាមេរិក កាណាដា និងម៉ិចស៊ិក ត្រូវធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក២០២៦ នឹងនៅសល់ជាងពីរឆ្នាំទៀត អាមេរិកតែឯងធ្វើម្ចាស់ផ្ទះអូឡាំពិករដូវក្ដៅ២០២៨ ខណៈជម្លោះឈ្លានពាន និងជម្លោះប្រដាប់អាវុធកំពុងបន្តកើតឡើងនៅតំបន់មួយចំនួនជុំវិញពិភពលោកក្នុងនោះក៏មានការឈ្លានពានរបស់ប្រទេសថៃមកលើព្រះរាជាណាចក្រកម្ពុជាផងដែរ។លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក តាំងពីលោកក្លាយជាអ្នកកាច់ចង្កូចនាវាអាមេរិកជាលើកទី២សកម្មភាពមួយក្នុងចំណោមសកម្មភាពនយោបាយការបរទេសជាច្រើនរបស់លោកគឺការស្វែងរកសន្តិភាពសម្រាប់តំបន់ និងប្រទេសដែលមានជម្លោះ។ស្របពេលជាមួយគ្នានេះ ក្នុងនាមម្ចាស់ផ្ទះរួម (កាណាដា ម៉ិចស៊ិក អាមេរិក)ការប្រកួតបាល់ទាត់ពិភពលោក២០២៦ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បានបង្ហាញការគាំទ្រពេញទំហឹង ហើយថ្មី ៗនេះ បានប្រគល់ពានរង្វាន់សន្តិភាពបាល់ទាត់ពិភពលោក (FIFA Peace Prize) ជូនប្រធានាធិបតីអាមេរិករូបនេះឆ្លើយតបនឹងកិច្ចខំប្រឹងប្រែងរបស់លោក។ ក្រៅពីនេះមេដឹកនាំប្រទេសមួយចំនួន និងប្រធានFIFA រួមទាំងកម្ពុជាផងក៏បានប្រកាសគាំទ្រលោកត្រាំឈ្នះពានរង្វាន់ណូបែលទៀតផង។*កីឡាជាទូតនៃសន្តិភាព បាល់ទាត់បង្រូបបង្រួមពិភពលោក នេះជាអ្វីដែលអ្នកអូឡាំពិកអន្តរជាតិ កីឡាករ កីឡាការិនី តារាបាល់ទាត់គ្រប់រូបតែងតែលើកឡើងគ្រប់ៗគ្នា ។មិនខុសគ្នាប៉ុន្មាននោះទេ លោកដូណាល់ត្រាំ គ្រប់វេទិកា តែងតែលើកឡើងពីការបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពជូនពិភពលោក។ នេះបង្ហាញថាអាមេរិកត្រូវការសន្តិភាព បដិសេដសង្គ្រាម។ ដូច្នោះហើយ វាមិនមែនជារឿងចៃដន្យនោះទេ ក៏ព្រោះតែអាមេរិកត្រូវធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំរបស់ភពផែនដី គឺការប្រកួតបាល់ទាត់ពិភពលោក២០២៦ និងកីឡាអូឡាំពិករដូវក្ដៅ២០២៨នៅឡូអេនជឺឡេស។ប្រាកដណាស់ក្នុងនាមមហាអំណាចពិភពលោក (បងធំពិភពលោក)និងជាម្ចាស់ផ្ទះព្រឹត្តិការណ៍បួនឆ្នាំនេះផង អា​មេរិកមិនត្រូវការសង្គ្រាមនោះទេ អាមេរិក ចង់ឱ្យពិភពលោកទាំងមូលរួបរួមគ្នា សប្បាយទាំងអស់គ្នា រីករាយទាំងអស់គ្នា អបអរសាទរទាំងអស់គ្នាជាមួយកីឡាដ៏ស្រស់ស្អាតនេះ។អាមេរិកទំនងជាមិនចង់ឃើញភាពលំបាកវេទនា ប្រជាជនត្រូវជម្លៀស កុមារមិនបានរៀនសូត្រ ឈាមត្រូវបង្ហូរ មនុស្សត្រូវស្លាប់ដោយសារសង្គ្រាមនៅចំពោះមុខ មុនខ្លួនធ្វើម្ចាស់ផ្ទះកីឡាដ៏ធំទាំងពីរនេះនោះទេ។ បើសិនអាមេរិកមិនអាចធ្វើបាន នោះអាមេរិកត្រូវបានគេមើលឃើញពីភាពកម្សោយ និងធ្វើឱ្យឥទ្ធិពលអាមេរិក សាប និងថយចុះជាក់ជាមិនខាន។យើងអាចមើលដឹងពីមោទនភាពរបស់លោកត្រាំចំពោះកិច្ចការរបស់លោកក្នុងការស្វែងរកសន្តិភាព ហើយលោកលោកតែពោលថាខ្លួនជាអ្នកបង្កើតសន្តិភាព និងជួយជីវិតមនុស្សរាប់លាននាក់លើពិភពលោកតាមរយៈការបញ្ចុះបញ្ចូល និងចរចារបញ្ចប់សង្គ្រាម ដូចជាជាក់ស្តែងជម្លោះរវាង រ៉វ៉ាន់ដា និងសាធារណរដ្ឋកុងហ្គោ (Rwanda and the Democratic Republic of the Congo) អ៊ីស្រាអែល និងក្រុមហាម៉ាស់ (Israel and Hamas) អ៊ីស្រាអែល និងអ៊ីរ៉ង់ (Israel and Iran) ឥណ្ឌា និងប៉ាគីស្ថាន (India and Pakistan) អាមេនី និងអាស៊ែបៃហ្សង់ (Armenia and Azerbaijan)​។ ក្រៅពីនេះលោក បានអនុម័តផែនការ២៨ចំណុចបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន (28-point plan for peace between Russia and Ukraine)។និយាយដោយឡែក សង្គ្រាមឈ្លានពានដោយប្រដាប់អាវុធរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ប្រធានធិបតីអាមេរិករូបនេះ ក៏បានដើរតួនាទីយ៉ាងសកម្មជាមួយភាគីប្រធានអាស៊ានម៉ាឡេស៊ី ក្នុងការបញ្ចប់សង្គ្រាម ដោយធ្វើឱ្យមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ប៉ុន្តែកិច្ចខិតខំប្រែងប្រែងប្រកបដោយអំនួត និងមោទនភាពរបស់លោកដូណាល់ត្រូវ ត្រូវបានសម្ព័ន្ធមិត្តរបស់ខ្លួនថៃជាន់ឈ្លី មើលស្រាល មើលថោក និងបង្ករសង្គ្រាមឈ្លានពានជាថ្មីមកលើទឹកដីកម្ពុជា (ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥)។បញ្ហានេះលោកប្រធានាធិបតីអាមេរិក ក៏មិនបានព្រងើយកន្ដើយនោះទេ លោកបានព្យាយាមអន្តរាគមន៍ និងឱ្យភាគីថៃ និងកម្ពុជាវិលទៅគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ តែផ្ទុយទៅវិញ សម្ដីអាមេរិកលែងមានតម្លៃសម្រាប់ប្រទេសថៃ ហើយបង្ករសង្គ្រាមឈ្លានពានកាន់តែខ្លាំងក្លាបន្ថែមទៀត។ ជារួមថៃមិនស្តាប់នរណាទាំងអស់ សូម្បីអាមេរិកក៏ដោយ ខណៈដែលកម្ពុជា គោរពយ៉ាងខ្ជាប់ខ្ជួន។ ជាក់ស្ដែងនាយករដ្ឋមន្ត្រីចាំផ្ទះថៃ អានុទីន បញ្ជាក់ប្រាប់សារព័ត៌មានថា អាមេរិក មិនមានឥទ្ធិពលលើថៃនោះទេ។*តើអាមេរិក (ដូណាល់ត្រាំ)​ពិតជាបណ្ដោយឱ្យថៃធ្វើតាមទំនើងចិត្តយ៉ាងនេះរឺ?ដើម្បីបង្ហាញថាខ្លួនជាប្រទេសមហាអំណាច និងបងធំពិភពលោក ហើយដោះស្រាយជម្លោះ និងបញ្ចប់ដោយជោគជ័យនៅដែនដីផ្សេងៗ ជឿជាក់ថាលោកត្រំា និងចាត់វិធានការបន្ទាន់ណាមួយដើម្បីបញ្ចប់សង្គ្រាមឈ្លានពានថៃមកលើកម្ពុជា ឱ្យសមនឹងអ្វីដែលលោកលើកឡើងចំពោះមុខប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ក៏ដូចជាមេដឹកនាំប្រទេសនានាថាលោកជួយសង្គ្រោះជិវិតមនុស្សរាប់សិបលាននាក់ តាមរយៈអន្តរាគមន៍ការទូត និងបឈ្ឈប់សង្គ្រាមដែលកើតឡើង និងមុនកើតឡើង (Trump stated he had saved "tens of millions of lives" through diplomatic interventions and had "stopped wars happening just before they started")។សង្គ្រាម បង្កើតឡើងដោយមនុស្ស និងប្រទេសឈ្លានពាន ហើយក៏នឹងត្រូវបញ្ចប់ដោយមនុស្ស តែអ្វីដែលសោកស្តាយពន់ពេក គឺប្រជាជនស្លូតត្រូវ កុមារ យោធា ត្រូវបាត់បង់ជីវិតដោយសារជនស្មោភសង្គ្រាម អំណាច និងនយោបាយក្នុងសង្គមថៃ យកបញ្ហាក្នុងប្រទេសរបស់ខ្លួនជាលេសដើម្បីឈ្លានពានប្រទេសកម្ពុជា។យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋកម្ពុជា (ទាំងក្នុង និងក្រៅប្រទេស) ត្រូវសាមគ្គីគ្នាជាឆ្លុងមួយជឿជាក់ ទុកចិត្តលើរាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើង ហើយឆ្លងកាត់ការលំបាកទាំងអស់គ្នា កុំជឿលើកព័ត៌មានមិនពិត និងការលើកឡើងរបស់អ្នកនយោបាយ និងជនមួយក្ដាប់តូចគ្មានមនសិកាជាតិដែលកំពុងរស់នៅក្រៅប្រទេស។ខ្មែររួមខ្មែរខ្លាំង!!!!!!ដោយ៖ គង់ ហួន

ថៃកំពុងរងភាពអាម៉ាសចំពោះកំហុសជាច្រើនដែលបង្កើតឡើង ក្នុងពិធីបើកកីឡាស៊ីហ្គេម លើកទី៣៣

2025/12/10 05:52:38 pm        741
ក្រោយពិធីបើកផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃ ធ្វើម្ចាស់ផ្ទះ កាល​ពី​រាត្រី​ថ្ងៃទី៩ ខែធ្នូ បានបន្សល់នូវរឿងរ៉ាវដ៏អាម៉ាសជាច្រើន ដែលកំពុងរងការរិះគន់​ពីស​ហគមន៍​អន្ដរជាតិ​ ពិសេសបណ្ដាប្រទេសក្នុងតំបន់ ចំពោះភាពកម្សោយរបស់ម្ចាស់ផ្ទះថៃ ដែល​បង្កើត​ឲ្យ​មាន​ឡើង​ ក្នុងពិធីបើកព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។ចំពោះ​កំហុសដែលបានកើតឡើងក្នុងពិធីបើកស៊ីហ្គេម លើកទី៣៣ នៅទីក្រុងបាងកក កាល​ពី​យប់​មិញមានដូចជា៖១. ពិធីបើកការប្រកួតនេះ មិនអាចដំណើរការតាមការគ្រោងទុក ដោយត្រូវ​ពន្យា​ពេល​រហូត​ដល់​ប្រមាណ ៣០នាទី ដើម្បីរងចាំការយាងមកដល់របស់ព្រះមហាក្សត្រថៃ ដែលផ្ដល់​នូវ​ការ​ខកចិត្ត​សម្រាប់​អ្នក​ចូលរួមទស្សនាផ្ទាល់។២. ពិធីដង្ហែក្បួនប្រតិភូកីឡារបស់ប្រទេសសមាជិកទាំង ១១ ដោយ​មាន​ការ​ប្រកាស​ឈ្មោះ​ប្រទេស​ឥណ្ឌូនេស៊ី ដែលធ្លាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម កាលពីឆ្នាំ ១៩៩៧ ប៉ុន្តែរូបទង់ជាតិ ដែល​បង្ហាញ​នៅ​លើផ្ទាំងអេក្រង់ ជាទង់ជាតិរបស់ប្រទេសសិង្ហបុរី ទៅវិញ។ នេះគឺជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ​មួយ​ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃជាតិសាសន៍របស់ឥណ្ឌូនេស៊ី និងសិង្ហបុរី។ ប៉ុន្ដែ​នេះ​ក៏​មិន​មែន​ជា​រឿង​ថ្មីដែ​រ ចំពោះកំហុសច្រឡំទង់ជាតិ និងឈ្មោះប្រទេសនេះ ដ្បិតរឿងនេះ ធ្លាប់បាន​កើត​មាន​យ៉ាង​ញឹក​ញាប់ ដូចជាចាប់ឆ្នោតវគ្គចែកពូលបាល់ទាត់ ASEAN U19 Futsal ដោយម្ចាស់ផ្ទះថៃ បាន​ប្រើប្រាស់និមិត្តសញ្ញាទង់ជាតិចិន ជំនួសទង់ជាតិប្រទេសវៀតណាម ហើយថ្មីៗនេះ ថៃ បន្ដ​សុំ​ទោស​វៀតណាម និងឡាវ ចំពោះបញ្ហាបច្ចេកទេសគ្មានភ្លេងគោរពទង់ជាតិប្រទេសទាំងពីរ ក្នុង​ជំនួប​បើក​ឆាកពូលB វិញ្ញាបាល់ទាត់បុរស នៃព្រឹត្ដិការណ៍ស៊ីហ្គេម ក៏ដូចជា​បញ្ហា​រឿង​ភ្លេង​ជាតិ​ដដែល ​ដែលកើតឡើងក្នុងជំនួបបាល់ទាត់នារី ក្នុងពូលA រវាងម្ចាស់ផ្ទះថៃ និងឥណ្ឌូនេស៊ី ដោយ​រូប​ភាព​ទង់ជាតិខុសបច្ចេកទេសលើការផ្សាយ ដែលរូបភាពបានរចនាឡើងមក ជារូបភាព​លាយ​លំ​ទង់​ជាតិ​រួមគ្នាតែមួយ ទាំងទង់ជាតិឥណ្ឌូនេស៊ី ឡាវ ថៃ និងវៀតណាមតែម្ដង។៣. ការបង្ហាញអក្សរខ្មែរ (ជម្រាបសួរ) ដែលលោតនៅលើផ្ទាំងអេក្រង់ សរសេរខុស ទៅជា «ជាំរាបសួរ» ។ នេះអាចជាកំហុសអចេតនា ឬជាភាសាលេងសើច ក្នុងន័យមើល​ស្រាល​អក្សរ​សាស្រ្ត​ខ្មែរ ​ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ សម្ដែងការមិនពេញចិត្ត និងរិះគន់ផងដែរ។៤. ការបង្ហាញផែនទីរបស់ប្រទេសវៀតណាម នៅលើអេក្រងធំ ក្នុងពិធីបើកស៊ីហ្គេមនេះ គឺ​បាត់​កោះ​ចំនួន​២ របស់វៀតណាម ហើយបញ្ហានេះ ភាគីវៀតណាម កំពុងផ្ទុះការវែងញែកជាខ្លាំង ព្រោះ​វា​ប៉ះពាល់ធ្ងន់ធ្ងរ ដល់ដែនអធិបតេត្យភាពរបស់វៀតណាម។៥. ប្រអប់ភ្លើង LED ទាំង១១ ដែលតំណាងឱ្យប្រទេសសមាជិកទាំង១១ នៅក្នុងតំបន់អាស៊ាន មាន​ភ្លើង​បាញ់ភ្លើងពណ៌ខៀវចំនួន ១០ប្រអប់ លើកលែងថា ប្រអប់ LED ទី២ ដែល​រាប់​ពី​ឆ្វេង​មក​ស្ដាំ ​ជាប្រអប់តំណាងឱ្យកម្ពុជា គ្មានភ្លើងបាញ់បំភ្លឺដូចគេ ។ នេះអាចទុក​ជា​កំហុស​ចេត​នា​ច្រើន​ជាង​ ព្រោះថៃកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជា ប៉ុន្តែទង្វើនេះ ជាការលក់​មុខ​ជាតិ​សាសន៍​ថៃ​ទៅ​វិញ ព្រោះថៃជាម្ចាស់ផ្ទះ មិនមែនកម្ពុជាឡើយ។៦. ពេលគោរពភ្លេងជាតិស៊ីហ្គេម លើកទី ៣៣ ឆ្នាំ២០២៥ គឺទង់ជាតិស៊ីហ្គេមរបស់ម្ចាស់ផ្ទះថៃ បាន​ធ្លាក់ បន្ទាប់ពីប៉ូលិស បានដើរចេញពីទីតាំង ព្រោះចងអត់ខ្សែជាប់។ នេះគឺ​ជា​ភាព​កម្សោយ ​និងគ្មានការយកចិត្តទុកដាក់របស់ម្ចាស់ផ្ទះថៃ។៧. ពិធីរត់ភ្លើងគប់ រឹតតែគ្មានភាពទាក់ទាញអ្វីសោះ ដោយពេលបំភ្លឺភ្លើង នៅគប់ធំ គឺ​ឃើញ​មាន​តែ​ផ្សែង​ហុយៗ តែគ្មានអណ្តាតភ្លើង។ នេះជាភាពកម្សោយខ្លាំងបំផុត ធ្វើឱ្យថៃបាក់មុខខ្លាំង រហូត​ពិធីករ​-ពិធីការិនី ព្យាយាមនាំគ្នានិយាយបង្វែរប្រធានបទ ដើម្បីកុំឱ្យអ្នកចូលរួមផ្ទាល់ និងអ្នក​មើល​តាម​ការ​ផ្សាយផ្ទាល់ ចាប់អារម្មណ៍ និងមើលដឹងពីភាពកម្សោយនេះ។៨. ពិធីបើកស៊ីហ្គេមទាំងមូល តែគ្មានការបាញ់កាំជ្រួចអបអរ ផ្ទុយពីព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ។ ធម្មតា​ក្រោយពិធីដុតភ្លើងគប់ធំឆេះ ពិធីបាញ់កាំជ្រួចនឹងកើតឡើង តែពិធីបើកស៊ីហ្គេម នៅ​ថៃ​ខុស​គេ អាចជាលេសថា ប្រទេសកំពុងមានសង្គ្រាមជុំទិស មិនអាចបន្លឺសំឡេងបាន។ ប៉ុន្ដែ​ក្រោយ​ប្រកាស​បិទ​កម្មវិធី សូម្បីការចាក់ភ្លេង ដើម្បីអបអរសាទរពិធីបើកក៏គ្មាន ដែលធ្វើឲ្យពិធី​បើក​ហាក់​គ្មាន​ន័យ​អ្វី​ទាំងអស់៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM