កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

កម្ពុជា ប្រកាសដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម ២០២៥ នៅថៃ

2025/12/10 05:35:05 pm        613
យោងតាមលិខិតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹកនេះ បានបញ្ជាក់ថាកម្ពុជា បាន​ដក​ខ្លួន​ពី​ការ​ប្រកួតកីឡាស៊ីហ្គេម ២០២៥ហើយ ដោយសារបារម្ភពីសុវត្ថិភាព។លិខិត​ផ្លូវការបន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជូន​ដំណឹង​ដល់​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ​និង​គណៈកម្មការរៀបចំស៊ីហ្គេមឆ្នាំ២០២៥ អំពីការសម្រេចដកខ្លួនភ្លាមៗ ដើម្បី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់ក្រុមប្រតិភូកីឡាកម្ពុជា ដោយសារក្រុមគ្រួសារប្រតិភូកីឡាកម្ពុជា សម្ដែង​នូវ​ការ​ព្រួយ​បារម្ភអំពីសុវត្ថិភាព។អូឡាំពិកកម្ពុជា ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម ២០២៥ ក៏​ដូច​ជា​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​ថៃ ចំពោះការទទួលបដិសណ្ឋារកិច្ច ឈរ​លើ​ស្មារ​តី​អ្នក​កីឡា​ដល់​អត្ត​ពលិក​កម្ពុជា​កំឡុង​ពេល​ស្នាក់​នៅនេះ​។សូមបញ្ជាក់ថាប្រតិភូកីឡាកម្ពុជាបានបំពេញកាតព្វកិច្ចផ្លូវការទូតកីឡា និងច្បាប់កីឡាអន្តរជាតិ និងតំបន់ចប់សព្វគ្រប់ហើយ៕

ពានរង្វាន់បាល់ទាត់ពិភពលោកមកដល់រដ្ឋធានី Washington D.C មុនការចាប់ផ្តើមព្រឹកស្អែក

2025/12/05 09:32:09 pm        258
ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បានមកដល់រដ្ឋធានី Washington D.C ហើយដោយធ្វើដំណើរទៅកាន់ទីតាំងល្បីៗមួយចំនួននៃរដ្ឋធានីរបស់សហរដ្ឋអាមេរិក នៅមុន​ការ​ចាប់​ឆ្នោត​បែងចែកពូលផ្លូវការនៅព្រឹកស្អែក។ពានរង្វាន់កំពូលរបស់បាល់ទាត់ ត្រូវបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌល John F. Kennedy អមជាមួយនឹងការសម្តែងសិល្បៈ ដែលជាកន្លែងដែលអតីតខ្សែការពារអង់គ្លេស Rio Ferdinand និងតំណាងរបស់ FIFA ស្វាគមន៍ប្រព័ន្ធផ្សព្វផ្សាយ។អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានចែករំលែកនូវមោទនភាព និងក្តីរំភើបរបស់ខ្លួន ហើយក៏ត្រៀមរៀបចំការចាប់ឆ្នោតជាប្រវត្តិសាស្ត្រដែលមានក្រុមចំនួន ៤៨។អ្នកជំនួយការអំឡុងការចាប់ឆ្នោតនឹងឃើញមានតារាកីឡាល្បីៗរបស់អាមមេរិកដូចជា - Tom Brady, Wayne Gretzky, Aaron Judge និង Shaquille O'Neal - នឹងចូលរួមដំណើរការនីតិវិធីចាប់ឆ្នោតកីឡាពិភពលោកដ៏អស្ចារ្យ៕អត្ថបទ៖នាង សុភាវុធ

FIFA គ្រោងបំពាក់បច្ចេកវិទ្យាថ្មីនៅលើអាជ្ញាកណ្តាល និងរឹតបន្តឹងការខ្ជះខ្ជាយពេលវេលាប្រកួត

2025/12/05 09:16:38 pm        220
FIFA កំពុងថ្លឹងថ្លែងលើការដាក់បញ្ចូលបច្ចេកវិទ្យាអាជ្ញាកណ្តាលថ្មី និងច្បាប់រឹត បន្តឹងការខ្ជះខ្ជាយ​ពេលវេលា​ដ៏តឹងរ៉ឹងនៅ World Cup ឆ្នាំ ២០២៦ ឆ្នាំក្រោយ នេះបើតាមមន្ត្រីជាន់ខ្ពស់ FIFA លើកឡើង​នៅមុនថ្ងៃនៃការចាប់ឆ្នោត World Cup។ លោក Johannes Holzmueller នាយកផ្នែកនវានុវត្តន៍របស់ FIFA បាននិយាយថា ស្ថាប័ន​គ្រប់​គ្រង​​ចង់ពង្រីកការប្រើប្រាស់ប្រព័ន្ធកាមេរ៉ានៅលើខ្លួនអាជ្ញាកណ្តាល និងកំណែទម្រង់​កម្រិតខ្ពស់​នៃប្រព័ន្ធ​ចាប់បាល់ជំហរក្រៅល្បែង (Off-Side)ពាក់កណ្តាលស្វ័យប្រវត្តិ ដែលទាំងពីរត្រូវ​បាន​សាកល្បងនៅ Club World Cup កន្លងមក។លោក Holzmueller បាននិយាយថា FIFA ក៏បានអភិវឌ្ឍបច្ចេកវិទ្យា (Off-Side)​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិរបស់ខ្លួនដោយស្ងាត់ស្ងៀមនៅក្នុង Club World Cup ដោយការផ្ញើការជូន​ដំណឹង​(Off-Side)​ដោយផ្ទាល់ទៅកាន់ជំនួយការអាជ្ញាកណ្តាល ជំនួសឱ្យការផ្តល់ជូនព័ត៌មានទៅកាន់ (VAR) ដើម្បីកាត់បន្ថយការប្រើប្រាស់ពេលវេលា។លោកបានច្រា​នចោល​គំនិតដែលថាបច្ចេកវិទ្យាកំពុងបង្កើតកំណែថ្មីនៃកីឡា ដោយលើក​ហេតុផល​ថា​វាជំនួសមកវិញនូវលំហូរប្រពៃណីរបស់ហ្គេម។លោក Pierluigi Collina ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA បាននិយាយថា ការ​ផ្លាស់ប្តូរទៅលើរយៈពេលដែលអ្នកចាំទីអាចកាន់បាល់បាន ដែលប្រកាសដោយ IFAB កាលពីខែ​មីនា​កន្លងទៅ គឺមានបំណងបង្កើនល្បឿននៃការលេង បន្ទាប់ពី FIFA បានរក​ឃើញ​អ្នកចាំ​ទីខ្លះ​ចំណាយពេលដល់ទៅ 25 វិនាទី។ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលនឹងធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងចាប់ឆ្នោតបែងចែកពូលផ្លូវការនៅព្រឹកថ្ងៃសុក្រស្អែកនេះនៅរដ្ឋធានី Washington D.C ​សហរដ្ឋអាមេរិក៕ អត្ថបទ៖នាង សុភាវុធ

ជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ កីឡាករបីរូបនឹងប្រជែងជើងឯក F1 ពិភពលោក​ទីលាន​ចុង​ក្រោយ​សប្តាហ៍​នេះនៅអារ៉ាប់រួម

2025/12/05 08:56:23 pm        202
កីឡាករអង់គ្លេស Lando Norris របស់ McLaren កីឡាករហូឡង់ Max Verstappen របស់ Red Bull និងកីឡាករអូស្រ្តាលី Oscar Piastri របស់ McLaren នឹងមានតែម្នាក់ប៉ុណ្ណោះជាជើងឯក F1 ពិភពលោកដែលនឹងរកឃើញនៅទីលានចុងក្រោយទីក្រុង Abu Dhabi អារ៉ាប់រួមចុងសប្តាហ៍នេះ។ ជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំដែលមានកីឡាករលើសពី ២ នាក់ប្រជែង​ជើង​ឯក​នៅ​ទីលាន​ចុង​ក្រោយ​បែបនេះ ពោលគឺចុងក្រោយបំផុតនៅឆ្នាំ ២០១០ ដែលមានកីឡាករ​បួនរូប​ប្រជែងគ្នា​នៅ​ទីលាន​ចុង​ក្រោយបែបនេះ។ Abu Dhabi ក៏នឹងរំលឹកពីអនុស្សាវរីយ៍ត្រចះត្រចង់របស់ Max Verstappen ដែលបាន​ប្រជែង​ឈ្នះ L​ewis Hamilton នៅទីលានចុងក្រោយដើម្បីឈ្នះជើងឯកពិភពលោកលើកដំបូង។ តាំងពី Formula One ពិភពលោកចាប់ផ្តើមពីឆ្នាំ ១៩៥០ អ្នកនាំមុខគេ​ក្នុង​តារាង​ជើង​ឯក​ពិភពលោក​តែង​តែឈ្នះជើងឯកនៅពេលប្រជែងនៅទីលានចុងក្រោយលើកលែងតែ ៩ លើក។ ឆ្នាំ ២០១០ Sebastian Vettel ជាកីឡាករចុងក្រោយបំផុតដែលតាមពីក្រោយ Fernando Alonso ១៥ ពិន្ទុ និងឈ្នះជើងឯកដំបូងរបស់ខ្លួនដោយឈ្នះទីលានចុងក្រោយ។មុនឈានដល់ទីលានចុងក្រោយនេះ Lando Norris កំពុងមាន ៤០៨ ពិន្ទុ Max Verstappen ៣៩៦ ពិន្ទុ និង Oscar Piastri ៣៩២ ពិន្ទុ។ លទ្ធភាពដែល Norris ឈ្នះជើងឯកត្រូវ៖-      បញ្ចប់នៅលើវេទិកាកិត្តិយស-      បានលេខ ៥ រឺលេខ ៦ ហើយ Verstappen មិនឈ្នះការប្រណាំង-      បានលេខ ៦ រឺ លេខ ៧ ហើយ Verstappen រឺ Piastri មិនឈ្នះការប្រណាំង-      បានលេខ ៨ ហើយ Verstappen មិនឈ្នះ រឺលេខពីរ ហើយ Piastri មិនឈ្នះ-      បានលេខ ៩ ហើយ Verstappen មិនស្ថិតលើវេទិកាកិត្តិយស ហើយ Piastri មិនឈ្នះលទ្ធភាពដែល Max Verstappen ឈ្នះជើងឯកត្រូវ៖-      ឈ្នះការប្រណាំង ហើយ Norris មិនស្ថិតលើវេទិកាកិត្តិយស-      បានលេខ ២ ហើយ Norris ខ្ពស់ជាងលេខ ៨ ខណៈ Piastri មិនឈ្នះ-      បានលេខ ៣ ហើយ Norris បានលេខ ៩ រឺខ្ពស់ជាងនេះ ខណៈ Piastri មិនឈ្នះលទ្ធភាពដែល Piastri ឈ្នះជើងឯកត្រូវ៖-      ឈ្នះការប្រណាំង ហើយ Norris មិនស្ថិតក្នុង Top5-      បានលេខ ២ ហើយ Norris បានលេខ ១០ យ៉ាងទាប ខណៈ Verstappen មិនឈ្នះអត្ថបទ៖នាង សុភាវុធ

២ក្រុមបន្ដភាពខ្លាំងក្នុងពាន Svay Rieng Cup U15 ខណៈយុវជនសាមគ្គី ស្គាល់ចាញ់​លើក​ដំបូង

2025/12/05 08:38:20 pm        221
ពានរង្វាន់យុវជន Svay Rieng Cup U15 ឆ្នាំ២០២៥ បានរកឃើញក្រុមឡើង​វគ្គបន្ដ​ជាបណ្ដើរ​ៗ​ហើយ ស្របពេលក្រុមយុវជនគោព្រៃភូមិស្វាយធំ និងក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បន្ដ​ភាព​ខ្លាំង ដោយមិនស្គាល់ចាញ់ ខណៈក្រុមយុវជនសាមគ្គី រងបរាជ័យលើកដំបូង គិត​ត្រឹម​សប្ដាហ៍​ទី៩ នៃវគ្គជម្រុះតាមពូល កាលពីថ្មីៗ។សម្រាប់ក្រុមគោព្រៃភូមិស្វាយធំ បានយកឈ្នះក្រុម CRS Sport ដោយលទ្ធផល ៣-២ ក្នុង​ជំនួប​បញ្ចប់​ពូលA ដើម្បីរក្សាតំណែងកំពូលតារាង ដោយរកបាន ១៤ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ ៤ និងស្មើ ២ ខណៈក្រុមយុវជន CRS Sport បានត្រឹមឈរលេខ២ ដោយរកបាន ១១ពិន្ទុ ជាមួយ​លទ្ធផល ៦ប្រកួតដូចគ្នា ឈ្នះ ៣ ស្មើ ២ និងចាញ់ ១។ចំណែកក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមយុវជន ស.ស.យ.ក ឃុំត្នោត ដោយលទ្ធផល ៨-៣ ដើម្បីរក្សាកំណត់ត្រាឈ្នះ ១០០% ពោលគឺ ៥ប្រកួតឈ្នះទាំង ៥ រកបាន ១៥ពិន្ទុ តាមពីក្រោយដោយក្រុមសាលាបឋមសិក្សាជ្រៃធំ ដែលរកបាន ១២ពិន្ទុ ខណៈ​ក្រុម​ទាំង​ពីរ ​នៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ក្នុងការប្រកួតពូលC។ដោយឡែក​ក្រុម​យុវជនសាមគ្គី បានស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុម Young Stars ដោយលទ្ធផល ២-១ ដែលជាជំនួបបញ្ចប់ពូលB ។ បែបនេះក្ដី យុវជនសាមគ្គី នៅតែ​រក្សា​តំណែង​កំពូលតារាង ដោយរកបាន ១៥ពិន្ទុ បន្ទាប់ពីឈ្នះ ៥ប្រកួត និងចាញ់ ១ តាម​ពី​ក្រោយ​ដោយ​ក្រុម​សាមគ្គីកីឡា ដែលរកបាន ១២ពិន្ទុ និងក្រុម Young Stars បានត្រឹមឈរលេខ៣ រក​បាន​ ៦ពិន្ទុ លើក្រុម ស.ស.យ.ក ស្រុកស្វាយទាប ដែលរកបាន ៣ពិន្ទុប៉ុណ្ណោះក្នុងចំណោម ៦​ប្រកួត​។ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបញ្ចប់ពូលD វិញ ក្រុមធូប្រាឌឺបាវិត បានត្រឹមចែកគ្នា ១ពិន្ទុ ជា​មួយក្រុមត្នោតអេហ្វស៊ី ក្រោយប្រកួតស្មើគ្នា ០-០ ។ លទ្ធផលស្មើគ្នានេះ នាំឲ្យ​ក្រុម​ត្នោត​អេហ្វស៊ី រក្សាតំណែងលេខ២ រកបាន ៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងដារ៉ូពិទូ Sport FC ​ដែល​រកបាន ១០ពិន្ទុ។គួរដឹងថា ពានរង្វាន់កម្រិតយុវជន ដែលផ្ដួចផ្ដើមរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្លិបព្រះខ័នរាជស្វាយរៀង ឆ្នាំនេះ មាន ១​៥​ក្រុម​ចូល​រួម និងបែងចែកជា ៤ពូល ក្នុងនោះពូលA-B និងពូលC មាន ៤ក្រុមស្មើគ្នា គ្រាដែល​ពូល​D ​មាន ៣ក្រុម ដែលនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ប្រចាំ​ពូល​នីមួយៗ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។ចំពោះ​ប្រាក់រង្វាន់លើកទឹកចិត្តក្រុមទទួលបានជ័យាលភីវិញ ក្រុមជើងឯក នឹងទទួលបានពាន មេ​ដាយ​មាស​ អមប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លាន​រៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបាន​ប្រាក់រង្វាន់ ១លានរៀលផងដែរ៕ អត្ថបទ លី ឈុនឡា

អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរចុងសប្ដាហ៍នេះ នឹងទទួលបានភេសជ្ជៈ​ឥតគិត​ថ្លៃ​ពី​ដៃ​គូ​សហការ

2025/12/05 07:58:24 pm        208
រំលេងតែ ១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យ សម្រាប់ខួប ៣០ឆ្នាំ នៃ​ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែ​ធ្នូ​ចុង​សប្ដាហ៍​នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ជាមួយការបំបែកកំណត់ត្រាអ្នកចូលរួមថ្មីរហូតដល់ ១៦,០០០នាក់។តាមរយៈតួរលេខអ្នកចូលរួមដ៏ច្រើននេះ បានធ្វើឲ្យគណៈកម្មការរៀបចំ ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា ក៏ដូចជាដៃគូសហការ និងប្រជាពលរដ្ឋ មានមោទនភាពជាខ្លាំង ចំពោះ​ភាព​រីក​ចម្រើន​នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ លើទឹកដីអច្ឆរិយអង្គរនេះ។ជាមួយ​គ្នា​តំណាងក្រុមហ៊ុនភេសជ្ជៈ វី-អាកទីវ ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍នេះ ក៏​បាន​សម្ដែង​នូវ​មោទនភាព និងរីករាយផងដែរ ដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មី ដោយ​មាន​អ្នកចូលរួមរហូតដល់ ១៦,០០០នាក់នេះ ហើយក្រុមហ៊ុនក៏បានត្រៀមខ្លួនរួចរាល់ ក្នុង​ការ​ផ្ដល់​នូវភេសជ្ជៈកីឡា ដោយឥតគិតថ្លៃ ដល់អ្នកចូលរួមរត់ទាំងអស់ ។ ហេតុនេះ សម្រាប់​អត្ត​ពលិក​ជាតិ-អន្ដរជាតិទាំងអស់ អាចស្វែងរកស្ដង់ វី-អាកទីវ ដើម្បីទទួលយកភេសជ្ជៈ ដែលអាច​បំពេញ​ជាតិ​ទឹក​ឲ្យបានគ្រប់គ្រាន់អំឡុងពេលរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ។ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ គឺ​ជា​ឆ្នាំដ៏​ពិសេស សម្រាប់ខួបលើកទី៣០ នៃការបង្កើត​ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​អន្តរ​ជាតិ​អង្គរ ហើយក៏ជាមោទនភាពដ៏អស្ចារ្យផងដែរ ដែលមានអ្នកចុះឈ្មោះយ៉ាងច្រើនសរុបចំនួន ១៦,០០០​នាក់ មកពី ៨៦ប្រទេសលើពិភពលោក ដែលបានបង្ហាញពីភាពរីកចម្រើន ការអភិវឌ្ឍ និង​សុខសន្ដិភាពពេញលេញនៅកម្ពុជា ។ព្រឹត្តិការណ៍នេះ មាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋ​មន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា៕ អត្ថបទ លី ឈុនឡា

អត្តពលិកពិការទទួលបានការលើកទឹកចិត្ត មុនចេញប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសអារ៉ាប់រួម

2025/12/05 07:21:08 pm        182
គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡារិនីពិការកម្ពុជាសរុបចំនួន៣៧នាក់លើ ៤ប្រភេទកីឡា​ទទួល​បាន​ការណែនាំ និងលើកទឹកចិត្តថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មុន​ចេញ​ទៅចូលរួមប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងដូបៃ ប្រទេសអារ៉ាប់រួម ដោយប្រព្រឹត្តទៅចាប់ ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥។ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្ម សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម មានប្រសាសន៍ថា នេះជាពិធីសំណេះសំណាល ដោយឯកឧត្តមបាននាំយកនូវពាក្យពេជន៍ផ្តាំផ្ញើ និងថវិកាលើកទឹកចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើយ៉ាងណាឱ្យប្រតិភូគ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីពិការកម្ពុជាត្រូវរក្សាឱ្យបាននូវវិន័យ ក្រមសីលធម៌ គោរពបទបញ្ជាការប្រកួតឱ្យបានល្អ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ។ ជាមួយគ្នានេះ ឯកឧត្តម យី វាសនា ក៏ជំរុញឱ្យកីឡាករ កីឡាការិនីមានពិការភាពកម្ពុជាទាំង៤ប្រភេទកីឡាត្រូវប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមលទ្ធផលល្អជូនជាតិមាតុភូមិ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា វិស័យកីឡាប៉ារ៉ាឡាំពិកកម្ពុជាកំពុងរីកចម្រើនជាលំដាប់ជាមួយនឹងក្តីរំពឹងថា កម្ពុជានឹងអាចដណ្តើមបានមេដាយជូនជាតិជាក់ជាមិនខាន។ បន្ថែមពីលើនេះ នាយកបេសកកកម្មតំណាងឱ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីមានពិការភាពកម្ពុជាទាំងអស់បានបង្ហាញការដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់អត្តពលិកពិការកម្ពុជា និងតែងតែបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការអន្តរជាតិ នានាជាបន្តបន្ទាប់។ ឯកឧត្តមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាការជាតិអូឡាំពិកកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ ក្នុងដំណើរបេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៥លើកនេះ នៅប្រទេសអារ៉ាប់រួម។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះប្រព្រឹត្តទៅចាប់ ពីថ្ងៃទី០៧-១៤ ខែធ្នូ ឆ្នាំ២០២៥ មាន៤៤ប្រទេសចូលរួម ក្នុងបណ្តាលទ្វីបអាស៊ី កម្ពុជានឹងបញ្ជូន គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡារិនីពិការកម្ពុជាសរុបចំនួន៣៧នាក់លើ៤ប្រភេទកីឡាទៅចូលរួម រួមមាន កីឡាអត្តពលកម្ម ហែលទឹក វាយសី និងកីឡាបាល់បោះជនពិការភ្នែក។សូមជម្រាបថា កម្ពុជានឹងទៅចូលរួមទទួលទុងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម បន្តវេន ពី ទីក្រុងដូបៃ ប្រទេសអារ៉ាប់រួម ដូច្នេះកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ក្នុងអំឡុងឆ្នាំ២០២៩នាពេលខាងមុខ៕ 

រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍មន្ត្រីថ្នាក់ក្រោម រៀបចំផែនការសកម្មភាព ពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត

2025/12/05 07:05:01 pm        258
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ជូននូវអនុសាសន៍មួយចំនួនដល់មន្ត្រីថ្នាក់ក្រោម ត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់ ព្រមទាំងសិក្សា តាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ាន ដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ ជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព ។ បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពល និងសកម្ម ហើយបំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី តាមរយៈការបញ្ចូលក្នុងការប្រកួតកីឡាជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងពិធីបិទ“សិក្ខាសាលាបូកសរុបលទ្ធផល វាយតម្លៃ និងរៀបចំរបាយការណ៍អនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅភោជនីយដ្ឋាន ទន្លេបាសាក់II ដែលមានរយៈពេល ២ ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៥ ។រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនជាងមុន គួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថាថ្មីៗនេះ មានប្រភេទកីឡាមួយចំនួនទទួលមេដាយលក្ខណៈអន្តរជាតិ និងកីឡាមួយចំនួនមានការចាប់អារម្មណ៍ ការចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិ ក៏មានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ជាមួយនេះដែរ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថា ផ្អែកតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកីឡា បានរៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃនេះក្នុងគោលបំណងបូកសរុបសមិទ្ធផល ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារក្នុងអនុវិស័យអប់រំកាយ និងកីឡាក្នុងឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦។ អង្គសិក្ខាសាលានេះគឺជាវេទិការពិភាក្សា និងវិភាគបញ្ហាគន្លឹះលើប្រធានបទធំៗ២ គឺ ការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡា ដើម្បីរួមចំណែកបង្កើនគុណភាពអប់រំ និងសុខភាពសាធារណៈ និងការលើកកម្ពស់ការហាត់ហ្វឹកហ្វឺនកីឡាករជម្រើសជាតិ និងថ្នាល ដើម្បីឧត្តមភាពគុណផលកីឡា ព្រមជាមួយការចែករំលែកបទពិសោធល្អៗអំពីការលើកកម្ពស់អប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដោយមានការចូលរួមពីអង្គភាពជំនាញ និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ១៦០ នាក់ ដែលនឹងចូលរួមមតិយោបល់ កែលម្អ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអនុវត្តការងារឆ្នាំនាឆ្នាំ២០២៦៕

គ្រូព្រះខ័នរាជ នៅតែមានមោទនភាពលើកូនក្រុម ទោះភ្លាត់ចុងម៉ោង ខណៈគ្រូ Johor បានត្រឹមសោកស្ដាយ

2025/12/05 04:24:53 pm        256
ការចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង ទល់ក្រុមខ្លាំង Johor Darul Ta'zim FC របស់ម៉ាឡេស៊ី បានបន្សល់នូវរឿងសោកស្ដាយសម្រាប់ក្រុមទាំងពីរ ក៏ដូចជាអ្នកគាំទ្រ តែ​យ៉ាងណាគ្រូបង្វឹកក្រុមតំណាងកម្ពុជា លោក Matthew Mcconkey នៅតែមាន​មោទនភាព​ភាព​លើ​កូន​ក្រុម ទោះបីភ្លាត់ស្មើចុងម៉ោង ២-២ ក្នុងជំនួបជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 ពូលB កាលពីរាត្រី​ថ្ងៃ​ព្រហស្បត្តិ​កន្ល​ង​ទៅ​។ជំនួបដ៏ជក់ចិត្ត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នេះ វគ្គទី២ ព្រះខ័នរាជស្វាយរៀង បានបើក​ការ​នាំ​មុខក្រុមភ្ញៀវ ២គ្រាប់មុន ដែលរកបានដោយកីឡាករ Cristian Dos Santos នៅនាទី៣០ និង ញាណ សុស៊ីដាន នៅនាទី៣៨ ។ បន្ទាប់មកក្រុមទាំងពីរ បានសម្រុកគ្នាកាន់តែខ្លាំង ពិសេសព្រះខ័នរាជស្វាយរៀង ដែលនៅតែបន្ដដាក់សម្ពាធ និងឱកាសជាច្រើន តែមិន​អាច​រក​គ្រាប់​បាល់​បន្ថែម រហូតដល់ចុងម៉ោង ក្រុម Johor Darul Ta’zim FC ដែលព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Lowry នៅនាទី៩០+២ និងកីឡាករ La'Vere Corbin-Ong នៅនាទី៩០+៦។លទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការសោកស្ដាយ ដ្បិតឱកាសទទួលបាន ៣ពិន្ទុ​សម្រាប់​ព្រះខ័នរាជស្វាយរៀង ត្រូវបានរបូតសល់ត្រឹម ១ពិន្ទុវិញ តែលោក Xisco Munoz គ្រូ​បង្វឹក​ក្រុម Johor Darul Ta'zim FC ក៏មិនពេញចិត្តលទ្ធផលស្មើគ្នានេះដែរ។លោក Matthew Mcconkey បានលើកឡើងថា លោកពិតជាមានមោទនភាពចំពោះកូនក្រុម ពិសេស​ការ​ធ្វើបានល្អរយៈពេល ៨០នាទីដំបូង ទោះបីការចាប់ផ្ដើមរាងភ័យបន្ដិចក្ដី។ ជារួមលោក​ពេញ​ចិត្ត​ការខំប្រឹងរបស់កីឡាករម្នាក់ៗ ហើយថ្ងៃអនាគតក្រុមដែលត្រូវជួបព្រះខ័នរាជស្វាយរៀង នឹង​គិតថា ត្រូវជួបក្រុមខ្លាំងផងដែរ។ចំណែកលោក Xisco Munoz វិញ បានស្ងើចសរសើរក្រុមព្រះខ័នរាជស្វាយរៀង គឺជា​ក្រុម​មួយ​ដ៏​ល្អ​ទាំង​ព្រម ទាំងគុណភាពកីឡាករ កម្លាំង បច្ចេកទេស និងទម្រង់លេង ។ ក្រោយការ​ប្រកួត​លោកមិន​ពេញចិត្តការលេងរបស់កូនក្រុមនោះទេ ពិសេសនៅវគ្គទី១ ទោះបីលោក​បាន​កែ​ប្រែយុទ្ធ​សាស្ដ្រ​ខ្លះ រហូតអាចស្រោចស្រង់ស្ថានការណ៍បានវាយបកស្មើក្រុមម្ចាស់ផ្ទះយ៉ាងណាក៏ដោយ។ យ៉ាងណាលោកថា ក្រុមខ្លួននៅតែមានភាគរយខ្ពស់ ក្នុងដំណើរទៅវគ្គបន្ដ។គួរដឹងថា Johor Darul Ta'zim FC ត្រូវបានចាត់ទុកជាក្លិបយក្សមួយក្នុងតំបន់អាស៊ាន ហើយ​ក៏​ជាក្រុ​ម​ខ្លាំង​មួយក្នុងតំបន់អាស៊ីផងដែរ ។ បច្ចុប្បន្នក្រុម​ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ីនេះ​កំពុង​លេង​ពាន​ជា​ច្រើន ​ពិសេសពានកម្រិតទី១ ទ្វីបអាស៊ី AFC Champions League Elite 2025/26 ។ តាមរយៈការនាំមុខ រហូតស្ទើរទទួលបានជ័យជម្នះនេះដែរ បានធ្វើ​ឲ្យ​អ្ន​ក​គាំទ្រ​ហាក់​មាន​សេចក្ដី​រីក​រាយ​ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដែលបានបង្ហាញ​នូវ​កម្រិត​លេង​ខ្ពស់​ទល់​ក្រុម​ខ្លាំង​ប្រជុំ​ដោយ​កីឡាករ​ល្អៗបែបនេះ។ក្រោយបញ្ចប់ការ​ប្រកួតនេះដែរ ក្លិប Johor Darul Ta'zim FCនៅតែបន្ដឈរកំពូលតារាង ដោយ​រក​បាន​ ៧ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ២ និងស្មើ ១ គ្រាដែលព្រះខ័នរាជស្វាយរៀង បាន​ធ្លាក់​ទៅ​ឈរ​លេខ៣ រកបាន ៤ពិន្ទុ ។ ចំណែកក្រុម Nam Dinh របស់វៀតណាម បានឡើងមក​ឈរ​លេខ​២ រកបាន ៦ពិន្ទុ ក្រោយរកបានជ័យជម្នះលើកទី២ លើក្រុមម្ចាស់ផ្ទះ Shan United ៣-០ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ លី ឈុនឡា

Arsenal ឈ្នះ Brentford បន្តនាំមុខដាច់ ៥ ពិន្ទុខណៈ Chelsea ចាញ់នៅផ្ទះ Leeds

2025/12/04 11:07:56 pm        396
Mikel Merino និង Bukayo Saka រកបានម្នាក់មួយគ្រាប់ក្នុងជ័យជំនះរបស់ Arsenal លើ Brentford ដើម្បីត្រលប់មកនាំមុខដាច់ ៥ ពិន្ទុវិញនៅក្របខណ្ឌ English Premier League។អ្នកចាត់ការ Mikel Arteta បានផ្លាស់ប្តូរជម្រើសដំបូងបីនាក់ពីក្រុមដែលស្មើ Chelsea កាលពីថ្ងៃអាទិត្យរួមមាន Ben White, Noni Madueke និង Martin Odegaard លេង ១១ នាក់ដំបូង។ Ben White និង Madueke មិនយូរប៉ុន្មានក៏សហការគ្នាបង្កើតគ្រាប់បាល់ដំបូងដែលតែតបញ្ចូលទីដោយ Mikel Merino នៅនាទីទី ១១ ខណៈមួយគ្រាប់ទៀតរបស់ Bukayo Saka សម្រេចបាននៅនាទីចុងក្រោយឱ្យ Arsenal យកឈ្នះ ២-០ លើ Brentford។ បីពិន្ទុនេះធ្វើឱ្យ Arsenal ត្រលប់មកនាំមុខដាច់ ៥ ពិន្ទុវិញពីក្រុមលេខពីរ Manchester City ដែលយកឈ្នះនៅផ្ទះ Fulham ៥-៤ មុនការប្រកួតរបស់ Arsenal មួយថ្ងៃ។ ងាកមកមួយគូទៀតតោខៀវ Chelsea បានរងបរាជ័យនៅទឹកផ្ទះ Leeds United ៣-១ គួរឱ្យភ្ញាក់ផ្អើល។ អ្នកចាត់ការ Leeds លោក Daniel Farke ដែលកំពុងស្ថិតក្រោមសម្ពាធបណ្តេញចេញនោះ រកបានជ័យជំនះដំបូងក្រោយចាញ់បួនប្រកួតជាប់គ្នា។ Jaka Bijol និង Ao Tanaka រកបានម្នាក់មួយគ្រាប់ មុនពេល Chelsea តបបានមួយគ្រាប់វិញដោយ Pedro Neto តែកំហុសរបស់ខ្សែការពារ Chelsea, Tosin ធ្វើឱ្យ Dominic Calvert-Lewin ស៊ុតគ្រាប់ចុងក្រោយងាយៗឱ្យ Leeds យកឈ្នះ ៣-១ លើ Chelsea។ បីពិន្ទុនេះធ្វើឱ្យ Leeds បន្តឈរលេខ ១៧ តែឃ្លាតពីតំបន់គ្រោះថ្នាក់បីពិន្ទុខណៈដែល West Ham ដែលឈរលេខ ១៨ នឹងត្រូវប្រកួតយប់នេះនៅទឹកដី Manchester United៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM