កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

ព័ត៌មានកីឡា

កំណត់ត្រាថ្មី នៃអ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួប ៣០ឆ្នាំ បង្ហាញពីការអភិវឌ្ឍ និងសន្ដិភាពនៅកម្ពុជា

2025/12/03 09:52:09 pm        172
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ ឆ្នាំ២០២៥ គ្រោង​នឹង​ប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយ​ទទួល​បាន​អ្ន​ក​ចុះ​ឈ្មោះ​ពី​កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុបចំនួន ១៦,០០០នាក់ មកពី ៨៦ប្រទេស ដែល​ជាការបំបែកកំណត់ត្រាអ្នកចូលរួមរត់ច្រើនបំផុត ក្នុងរយៈពេល ៣០ឆ្នាំ នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ដ៏ធំនេះ តាំងពីឆ្នាំ១៩៩៦ មក។ជាមួយ​កំណត់ត្រាថ្មី នៃអ្នករត់ដ៏ច្រើននេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បាន​បង្ហាញ​មោទន​ភាពជាខ្លាំង ចំពោះភាពរីកចម្រើននៃព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិនេះ ដែល​បញ្ជាក់​ពី​ភាព​រីក​ចម្រើន និងការអភិវឌ្ឍរបស់សង្គមជាតិ ក៏ដូចជាបង្ហាញ​ឲ្យ​ឃើញ​ពី​កត្ដាសុខសន្ដិភាព​របស់​ព្រះរាជាណា​ចក្រកកម្ពុជា ដែលជួយដល់វិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗផងដែរ។គួរដឹងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ បានរៀបចំដំបូងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ច​សហការ​រវាងមូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុង​គោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយ​សង្គ្រាម​ស៊ីវិល។ គំនិតផ្ដួចផ្ដើមដំបូងនៃព្រឹត្តិការណ៍នេះ គាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងគាំ​ទ្រ​បច្ចេក​ទេសកម្រិតស្ដង់ដាររត់ប្រណាំងអន្ដរជាតិដោយគណៈកម្មាធិការជាតិម៉ារ៉ាតុងពិភពលោក ព្រម​ទាំង​ក្រុមការងារបច្ចេកទេសជប៉ុន ដែលភាគច្រើនមកពីអង្គការបេះដូងមាសជប៉ុន។រហូតដល់ឆ្នាំ២០១៣ ដោយមើលឃើញថាកម្ពុជាអាចម្ចាស់ការលើបច្ចេកទេសបាន អង្គការបេះដូងមាស ក៏បានប្រគល់ការរៀបចំបច្ចេកទេសដល់ភាគីកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ុន្ដែនៅរក្សាកិច្ចសហការគ្រប់គ្រង និងនៅតែជាសហនាយកប្រតិបត្តិ ដើម្បីចូលរួមត្រួតពិនិត្យ និងវាយតម្លៃដដែល។ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ លើកទី១ នៃការរៀបចំកាលពីឆ្នាំ១៩៩៦ មានអ្នកចូលរួមត្រឹម ៦៥៤នាក់ប៉ុណ្ណោះ ហើយពីមួយឆ្នាំទៅមួយឆ្នាំ អ្នកចុះឈ្មោះ និងចំនួនប្រទេសចូលរួម ក៏ចេះតែកើនឡើង ពិសេសក្រោយប្រទេសកម្ពុជា មានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រឹត្តិការណ៍នេះ បានក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាក់ស្ដែងកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះ  មានអត្តពលិកជាតិ-អន្ដរជាតិចូលរួមរត់រហូតដល់ ១៤,៣៧០នាក់ ខណៈខួប ៣០ឆ្នាំ ដែលនឹងមកដល់នាថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ គឺជាកំណត់ត្រាដ៏អស្ចារ្យថ្មីមួយទៀត ដែលមានអ្នកចុះឈ្មោះចូលរួមរហូតដល់ជាង ១៦,០០០​នាក់ ខណៈការចុះឈ្មោះបានបិទជាផ្លូវការ តាំងពីមុនព្រឹត្តិការណ៍មកដល់ជាង ១ខែ​មក​ម្ល៉េះ​៕ អត្ថបទ៖ លី ឈុនឡា 

Isack Hadjar ឡើងមកបើកបរក្រុមធំ Red Bull រដូវកាលក្រោយធ្វើឱ្យ Yuki Tsunoda បាត់បង់កៅអ F1

2025/12/03 09:41:01 pm        121
កីឡាករប្រណាំងរថយន្តបារាំង Isack Hajdar នឹងឡើងមកបើកបរក្រុមធំ Red Bull នៅរដូវកាលក្រោយធ្វើឱ្យកីឡាករជប៉ុន Yuki Tsunoda បាត់បង់កៅអី F1 ក្រោយចំណាយពេលប្រាំឆ្នាំ។កីឡាករវ័យ ២១ ឆ្នាំ Isack Hadjar នឹងឡើងមកធ្វើជាដៃគូនៅក្រុម Red Bull ជាមួយកីឡាករហូឡង់ Max Verstappen បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះមានរដូវកាលល្អរបស់ខ្លួនតាមរយៈការឈរលើវេទិកាកិត្តិយសនៅព្រឹត្តិការណ៍ប្រណាំង F1 GP នៅហូឡង់។ Isack Hadjar បច្ចុប្បន្នបើកបរឱ្យក្រុមទីពីរ Red Bull ហៅថា Racing Bull ហើយកំពុងឈរលេខ ១០ ក្នុងតារាងជើងឯកមាន ៥១ ពិន្ទុខណៈនៅសល់មួយទីលានទៀតបញ្ចប់រដូវកាល ២០២៥ នេះ។ កៅអីដែលនៅទំនេររបស់ Isack Hadjar ក្រោយចាកចេញពី Racing Bull នោះ មិនបានទៅ Yuki Tsunoda ឡើយ ដោយ Red Bull សម្រេចនាំយកកីឡាករវ័យ ១៨ ឆ្នាំ Arvind Lindblad មកជំនួស ដែលមានន័យថា Tsunoda មិនមានកៅអី F1 ឡើយនៅរដូវកាល ២០២៦ ខាងមុខ។ Lindblad នឹងចាប់ដៃគូជាមួយកីឡាករនូវែសេឡង់ Liam Lawson នៅក្រុម Racing Bull៕ អត្ថបទ៖ នាង សុភាវុធ

កីឡាករ កីឡាការិនី ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាព គរថ្លង់ សតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ ចូលរួមកីឡាបាល់ទាត់សមត្ថភាពចម្រុះ

2025/12/03 09:34:24 pm        136
ដោយឃើញថាមានការលំបាក នៃផ្នែកអារម្មណ៍ និងស្មារតី អង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំ ការ​ប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកទី១៦ ប្រចាំឆ្នាំ ២០២៥ នៅ​ទីលាន​បាល់​ទាត់​អង្គការ​ផ្កាយ​សមុទ្រ រាជធានីភ្នំពេញ កាលពីថ្មីៗនេះ បានផ្តល់ឳកាសដល់ កីឡាករ កីឡាការិនី ចំនួន​ ៣៤៨នាក់ មកពីសហគមន៍អ្នកមានពិការភាព គរថ្លង់ សតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ ចូល​រួមលេងកីឡាបាល់ទាត់។ ក្នុងគោលបំណងសំខាន់គឺចូលរួមអបអរសាទរ និង​លើក​កម្ពស់​សមត្ថភាព ក្នុងការចូលរួមរបស់កីឡាករកីឡាការនីមានពិការភាពនៅកម្ពុជា។ប្រធានអង្គការផ្កាយសមុទ្រ លោកស្រី ជួប វិច្ជិកា បានបញ្ជាក់ថា ចំពោះ កីឡាករ​កីឡាការនី​ចូល​រួម​ក្នុង​ការប្រកួតបាល់ទាត់នេះបានធ្វើដំណើរមកពីខេត្តចំនួន ៣ មានដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត តាមរយៈអង្គការ ជាដៃគូរបស់អង្គការផ្កាយសមុទ្រ ក្នុងកម្ម​វិធី​អភិវឌ្ឍន៍​ ធនធានមនុស្សគរថ្លង់ និងអង្គការ Epic Arts ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ​នេះ​អង្គ​ការ​ក៏បើកវគ្គបណ្តុះបណ្តាលបាល់ទាត់ជូនដល់ កីឡាករ កីឡាការិនី គរថ្លង់ ជិះរទេះ ពិការ​សតិ​បញ្ញា និងកីឡាករមានផ្ទុកមេរោគអេដស៍បានចូលរួមផងដែរ ។ លោកស្រីបន្ថែមថា នៅកម្ពុជា ឱកាសសម្រាប់​អ្នក​មាន​ពិការភាព​ក្នុង​ការ​ចូលរួម​ប្រកួ​ត​ប្រជែង​ក្នុង​វិស័យ​កីឡា​គឺ​កម្រ​ណាស់ ​ហើយអង្គការផ្កាយសមុទ្រក៏កំពុងតែខិតខំធ្វើការផ្លាស់ប្តូរទស្សនៈនេះ ក្លាយជាផល​ល្អស​ម្រាប់​ពួ​កគេនាពេលអនាគត ។សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់សមត្ថភាពចម្រុះឆ្នាំនេះ មានការចូលរួម កីឡាករកីឡាការនីសរុប ចំនួន ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាពសតិបញ្ញា អ្នកមានផ្ទុកមេរោគអេដស៍ និងអ្នកគរថ្លង់ ទាំងនេះបានសបញ្ជាក់ថាបាល់ទាត់គឺសំខាន់ចំពោះគ្រប់គ្នា ។ការប្រកួតនេះ កីឡាករកីឡាការនីចូលរួមប្រកួតទាំងអស់ក៏បានទទួលពានរង្វាន់ ជាមេដាយ និងរង្វាន់លើកទឹកចិត្តផងដែរ៕

ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកជាតិឆ្នាំ២០២៥ ជាការបំផុសឱ្យពលរដ្ឋ​ក្នុងខេត្តព្រះសីហនុ ចូលរួមលេងកីឡា

2025/12/03 08:21:22 pm        142
ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅខេត្តព្រះសីហនុ ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំយុវជននិងកីឡា បានដំណើរការប្រកួតផ្លូវការហើយ នាថ្ងៃទី០២ ខែ ធ្នូ  ដោយមានកីឡាករកីឡាការិនី មកពី១៤ សមាគមក្លឹបទូទាំងប្រទេស សរុបចំនួន២៤៨នាក់។ឯកឧត្តម យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ខេត្តព្រះសីហនុ បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិខាងលើនេះ ជាការបំផុសឱ្យពលរដ្ឋក្នុងខេត្ត បានចូលរួមលេងកីឡាដើម្បីមកសុខភាព ហើយក្លាយជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ក៏ដូចជាយុវជននៅ ក្នុងខេត្តព្រះចូលរួមលេងកីឡាដែលនាំមកនូវសុខភាពល្អជៀសផុតពីការទំនេរទៅធ្វើសកម្មភាពផ្តេសផ្តាស់អត់ប្រយោជន៍ក្នុងសង្គម ប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ ប្រែក្លាយខ្លួនជាធនធានដ៏ចាំបាច់បំផុតសម្រាប់ ការអភិវឌ្ឍប្រទេសជាតិក៏ដូចជាខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើននាអនាគតស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលដែលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស និងជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ទាក់ទាញ ភ្ញៀចទេសចរមកកាន់តំបន់នេះ។ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ មិនត្រឹមជាការប្រកួតចម្រាញជ្រើសរើសបានកីឡាករកីឡាការិនីល្អប្រចាំឆ្នាំនោះទេ គឺដើម្បីសហព័ន្ធជ្រើសរើសចូលរួមជាជម្រើសជាតិហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិនានាផងដែរ។ការប្រកួតក៏មានភាពទាក់ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិ និងផ្ដល់ ឱកាស ឱ្យកីឡាករ កីឡាការិនី ទទួលបានបទពិសោធន៍ ជាពិសេសជួយលើកទឹកចិត្តយុវជនឱ្យចូលចិត្តហាត់ប្រាណលេងកីឡា និងបង្កើតកម្លាំង ខ្លាំងក្លាទទួលបានសុខភាពល្អ។   សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាសហការជាមួយរដ្ឋខេត្តព្រោះសីហនុរៀបចំរយៈពេល៣ថ្ងៃនេះ ក្រៅពីចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីឆ្នើមៗប្រចាំឆ្នាំ ក៏ជាការប្រកួតអបអរសាទរខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥)ផងដែរ ៕

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត នឹងប្រកួតកាត់សេចក្ដីរកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ

2025/12/02 09:31:54 pm        185
បន្ទាប់ពីប្រកួតស្មើគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ នឹងធ្វើការប្រកួត​កាត់​សេចក្ដី​ជើង​ទី២​ នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ។ជំនួបកាត់សេចក្ដីនេះ រួមមានក្រុមការពារតំណែងជើងឯកសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នឹង​ត្រូវបើកទ្វារផ្ទះទទួលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលជា​ជើង​ឯក​រង​ឆ្នាំ​ចាស់ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួប​ក្រុម​ឡាយ​អ៊ិនឃីងខេត្តសៀមរាប នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ នាវេលាម៉ោង ៣៖១៥នាទី​រសៀល​ដូចគ្នា។នេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមនីមួយៗ ត្រូវក្ដោបឱកាសទៅប្រជែងពានសម្ដេចតេជោ-ថ្នាក់ខេត្ត។ កាលពីជើងទី១ បេក្ខភាពទាំងបួន សុទ្ធតែធ្វើបានយ៉ាងល្អ ដោយបញ្ចប់​ជាមួយ​លទ្ធផល​ស្មើ​គ្នាទាំង ២ប្រកួត ក្នុងនោះសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានស្មើក្រុមម្ចាស់​ផ្ទះ​មន្ទីរ​អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១-១ ខណៈភ្នំពេញហ្គាឡាក់ស៊ី បានស្មើម្ចាស់​ផ្ទះ​ឡាយ​អ៊ិនឃីង​ខេត្តសៀមរាប ០-០។ក្រោយបញ្ចប់ការប្រកួតនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅ​ជួបគ្នានៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។ ដូច្នេះចាំមើលរវាងក្រុមការពារតំណែងជើងឯក និង​បេក្ខភាព ៣ក្រុមផ្សេងទៀត តើក្រុមណាខ្លះ នឹងបានឡើងទៅវគ្គដ៏សំខាន់នេះ? អត្ថបទ លី ឈុនឡា

មន្ដ្រីកីឡាខេត្តកែប ចាត់ទុកវេទិកាកីឡាសម្រាប់ទាំងអស់គ្នា ជាដំណើរ​ចាប់​ផ្ដើម​ទៅ​រក​កីឡា​ជំនាញ​របស់​សិស្ស

2025/12/02 09:24:39 pm        114
សិស្សានុសិស្សប្រមាណជាង ៥០០នាក់ បានចូលរួមលេងកីឡាកម្សាន្ដ ជាមួយកម្មវិធី​កីឡា​សម្រាប់​ទាំង​អស់គ្នា នៅខេត្តកែប កាលពីចុងសប្ដាហ៍កន្លងទៅ ។ តាមរយៈការចូលរួមដ៏ច្រើននេះ លោក ឆើម ណារ៉ុង ប្រធានការិយាល័យយុវជន និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានចាត់ទុកវេទិកានេះ ជាដំណើរចាប់​ផ្ដើម​សម្រាប់​សិស្សានុសិស្ស​ឆ្ពោះ​ទៅ​ចាប់​ជំនាញកីឡា​ដែល​ស្រលាញ់ និងចូលចិត្តផងដែរ។ក្នុងនាមអាជ្ញាធរកីឡាខេត្ត លោកបានសម្ដែងក្ដីរីករាយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជ្រើសរើសខេត្តកែប រៀបចំកម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា ជាលើកទី២ ហើយពីមួយលើកទៅមួយលើក មានសិស្សានុសិស្សចាប់អារម្មណ៍ និងចូលរួមកាន់តែច្រើន ។ លោកថា កម្មវិធីនេះ ពិតជាល្អសម្រាប់សិស្សានុសិស្ស ក្នុងសិក្សាស្វែងយល់ពីគុណតម្លៃ និងប្រវត្ដិចលនាអូឡាំពិក ហើយយកពេលវេលាទំនេរពីការសិក្សា មកលេងកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។ក្រៅពីការលេងដើម្បីទទួលបានសុខភាពល្អ បញ្ញាស្មារតីស្រស់ថ្លៃ លោក ឆើម ណារ៉ុង ក៏បានចាត់ទុកវេទិកានេះ ជាការផ្ដល់ឱកាសឲ្យសិស្សនុសិស្សចាប់ផ្ដើមចេះស្រលាញ់ និងចូលចិត្តលេងកីឡា ពិសេសកីឡាដែលត្រូវនឹងទេពកោសល្យរបស់ខ្លួន ហើយចាប់យកកីឡាជំនាញ ដើម្បីមានឱកាសក្លាយជាកីឡាករអាជីព សម្រាប់ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានាទៀតផង។ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ឆ្លងកាត់ការសិក្សា ទាំងទ្រឹស្ដី និងអនុវត្តផ្ទាល់រយៈពេល ២ថ្ងៃ លោកសង្កេត់ឃើញសិស្សានុសិស្ស ពិតជាសប្បាយរីករាយ និងចូលរួមជាមួយសកម្មភាពកីឡា ពិសេសការយល់ដឹងពីគុណតម្លៃអូឡាំពិក ហើយបានធ្វើលំហាត់ប្រាណ និងលេងកីឡា ដែលជាសញ្ញាណដ៏ល្អ សម្រាប់ធនធានមនុស្សកម្ពុជា ដែលមិនត្រឹមជាការលើកកម្ពស់សុខភាពសាធារណៈនោះទេ តែក៏ជាការចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ៕ អត្ថបទ៖ លី ឈុនឡា

វាយកូនឃ្លីលើតុកម្ពុជាទទួលបានសម្ភារៈហ្វឹកហាត់ពីសហព័ន្ធអន្តរជាតិ

2025/12/02 09:06:10 pm        166
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ទទួលបានសម្ភារៈហ្វឹកហាត់ពីសហព័ន្ធវាយកូនឃ្លីលើតុអន្តរជាតិ ដើម្បីប្រគល់បន្ត ដល់សមាគម ក្លិប ចំនួន៤ រួមមាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា គណៈកម្មាធិការជាតិស៉្បេស្បាលអូឡាំពិកកម្ពុជា និងវិទ្យាល័យបាក់ទូក។ ក្រោមការឧបត្ថម្ភរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិដើម្បីជំរុញ និងការអភិឌ្ឍនប្រភេទមួយនេះឲ្យមានការរីកចម្រើនក្នុងដំណើរឆ្ពោះព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។លោក ហេង សុខជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា សម្ភារកីឡាវាយកូនឃ្លីលើតុនេះ ជាការចូលរួមចំណែកការអភិវន្ឍ ឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត និងជាឱកាសដើម្បី បង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ ម្យ៉ាងវិញទៀតដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេសក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ របស់យើងឲ្យកាន់តែមានការរីកចម្រើន បង្កើនការផលលិទ្ធធនធានបន្តវេនឲ្យបានច្រើន នាពេលអនាគត។សូមជម្រាបថា ការប្រគល់ជូនសម្ភារៈកីឡានេះ មានការចូលរួមប្រគល់ពី លោក លោក ស៊ុន សុទ្ធារិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកបច្ចេកទេសរបស់សហព័ន្ធ ជូនទៅដល់អ្នកតំណាងអង្គភាពកីឡាទំាង ៤ នៅសាលហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ក្រោមការឧបត្ថម្ភពីសហព័ន្ធវាយកូនឃ្លីលើតុអន្តជាតិ សហព័ន្ធបានឧបត្តម្ភសម្ភារកីឡាវាយកូនឃ្លីលើតុចំនួន ៤ អង្គភាព ក្នុងមួយអង្គភាព ទទួលបានតុកីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ចំនួន ២ សំណាញ់ ចំនួន ២ រ៉ាកែតវាយកូនឃ្លីលើតុ (រ៉ាកែតប៉េងប៉ុង) ចំនួន ១០ -និងគ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន ២៤០ គ្រាប់ផងដែរ៕

កូនប្រុស Thiago Silva ទទួលបានកិច្ចសន្យាអាជីពលើកដំបូងជាមួយតោខៀវ Chelsea

2025/12/02 08:59:21 pm        136
Isago Silva កូនប្រុសរបស់អតីតខ្សែការពារប្រេស៊ីល Thiago Silva ទទួលបានកិច្ចសន្យាអាជីពលើកដំបូងជាមួយក្លិបបាល់ទាត់តោខៀវ Chelsea ដែលជាអតីតក្លិប ឪពុករបស់ខ្លួនធ្លាប់ប្រកបអាជីព។លេងក្នុងតំណែងខ្សែការពារដូចឪពុកដែរ កីឡាករវ័យ ១៧ ឆ្នាំរូបនេះ រួមជាមួយប្អូនប្រុសម្នាក់ទៀត Iago Silva បានចូលរួមជាមួយថ្នាលយុវជនរបស់ Chelsea តាំងពីឆ្នាំ ២០២០ នៅពេលដែលឪពុករបស់ពួកគេផ្លាស់មកកាន់ Chelsea ពី Paris Saint Germain។Thiago Silva បច្ចុប្បន្នវ័យ ៤១ ឆ្នាំ បានចាកចេញពីក្លិប Premier League មួយនេះនៅឆ្នាំ ២០២៤ ចូលរួមជាមួយ Fluminense ក្រោយឈ្នះជើងឯក Champions League, UEFA Super Cup និង Club World Cup នៅឆ្នាំ ២០២១ តែ Isago Silva នៅតែនៅបន្តជាមួយថ្នាលយុវជនរបស់ Chelsea។ Isago Silva បានចូលរួមជាមួយ Chelsea ក្នុងកម្រិតអាយុក្រោម ១៣ ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Chelsea អាយុក្រោម ១៨ ឆ្នាំក្នុងរដូវកាល ២០២៤-២៥ ។Chelsea បានឱ្យដឹងថា Isago Silva "បានអភិវឌ្ឍទៅជាខ្សែការពារដែលមានសមត្ថភាព និងអាចទុកចិត្តបាន ដែលមានភាពងាយស្រួលក្នុងប្រតិបត្តិការទាំងខ្សែការពារឆ្វេង និងខ្សែការពារកណ្តាល"។រដូវកាលនេះ Isago បានបង្ហាញខ្លួនក្នុងយុទ្ធនាការប្រកួត Premier League Cup ជាមួយ Chelsea ក្នុងកម្រិតជើងឯកអាយុក្រោម ១៧ និង ១៨ ឆ្នាំ៕ អត្ថបទ៖ នាង សុភាវុធ

កីឡាករ Mondo Duplatis និងកីឡាការិនី Sydney McLaughlin ឈ្នះជ័យលាភីអត្តពលិកឆ្នើមប្រចាំឆ្នាំ

2025/12/02 08:39:26 pm        135
កីឡាករលោតកំពស់ប្រើថ្នោលស៊ុយអែត Mondo Duplantis និងកីឡាការិនីអាមេរិក Sydney McLaughlin-Levrone ត្រូវបានបោះឆ្នោតជ្រើសរើសជាអត្តពលិកឆ្នើមប្រចាំឆ្នាំ តាមរយៈសមិទ្ធផលអស្ចារ្យរបស់ពួកគេ។Mondo Duplantis បានការពារមេដាយមាសរបស់ខ្លួនក្នុងការប្រកួតជើងឯកពិភពលោកនៅទីក្រុងតូក្យូប្រទេស ជប៉ុនកាលពីខែកញ្ញា មុនពេលដែលបានបំបែកកំណត់ត្រាខ្លួនឯងបួនលើក និងមិនចាញ់សោះ ១៦ ប្រកួតជាប់គ្នា។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ថែមទាំងឈ្នះការប្រកួតកីឡាលោតកំពស់ប្រើថ្នោលនេះលើកទីប្រាំផងដែរនៅព្រឹត្តិការណ៍ Diamond League។ងាកមកផ្នែកនារីវិញ កីឡាការិនីអាមេរិក Sydney McLaughlin-Levrone មិនខុសពី Duplantis ឡើយ ពោលគឺនាងមិនចាញ់ការប្រកួតរយៈពេលពីរឆ្នាំមកហើយ ទាំងនៅវិញ្ញាសារត់ ៤០០ ម៉ែត្រ និងរត់ផ្លោះរបង ៤០០ ម៉ែត្រ។ ជ័យជំនះរបស់នាងនៅទីក្រុងតូក្យូស្ថិតក្នុងថេរវេលា ៤៧ វិនាទី ៧៨ គឺជាថេរវេលាលឿនបំផុតទីពីរក្នុងប្រវត្តិសាស្រ្តកីឡារត់ប្រណាំង ៤០០ ម៉ែត្រនារីនេះ ខណៈកីឡាការិនីវ័យ ២៦ ឆ្នាំរូបនេះ ក៏បានក្លាយជាកីឡាការិនីដំបូងផងដែរដែលឈ្នះជើងឯកពិភពលោកទាំងពីរវិញ្ញាសារត់ ៤០០ ម៉ែត្រ និងរត់ផ្លោះរបង ៤០០ ម៉ែត្រនេះ។ ក្រៅពីនេះ McLaughlin ក៏ជាសមាជិកនៃក្រុមដែលឈ្នះជើងឯកពិភពលោកវិញ្ញាសារត់បណ្តាក់ ៤x៤០០ ម៉ែត្រផងដែរ៕ អត្ថបទ៖នាង សុភាវុធ

គោលការណ៍សំខាន់ៗផ្តល់ជូនដល់ជម្រើសជាតិកម្ពុជាមុនចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៥

2025/12/02 08:23:04 pm        159
គោលការណ៍សំខាន់ៗចំនួន៣ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ជូន​ដល់​ប្រតិភូ​កីឡា គ្រូបង្វឹក អត្តពលិកជម្រើសជាតិកម្ពុជា មុនពេលចូលរួមប្រកួតកីឡាស៊ីហ្គេម លើក​ទី​៣៣ ចាប់ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។គោលការណ៍សំខាន់ៗទាំងនេះត្រូវបានលើកឡើងដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ រយៈពេលពីរថ្ងៃ ថ្ងៃទី០១-០២ ខែ​ធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ចំណុចសំខាន់ៗ ដែលណែនាំជូនដល់សិក្ខាកាម ជាគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ រួមមាន៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយឱ្យការចូលរួមនេះវិលត្រឡប់មកវិញដោយសុវត្ថិភាព។ ចំពោះផ្នែកជំនាញ គឺការជំរុញឱ្យមានការខិតខំប្រឹងប្រែង ប្រើប្រាស់បច្ចេកទេស និងបញ្ចេញសមត្ថភាពក្នុងការប្រកួតឱ្យកើនឡើងនូវសិទ្ធផលខ្ពស់ ដើម្បីស្វែងរកលទ្ធផលជ័យលាភីមេដាយជូនជាតិ។សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះត្រូវបានធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា វគ្គនេះមានគ្រូឧទ្ទេស៤នាក់ ដោយ១២ ប្រភេទកីឡាចូលរួមប្រកួតរួមមានកីឡា ហែលទឹក កីឡា អត្តពលកម្ម កីឡាអេឡិចត្រូនិក កីឡា គុនដាវ កាយសម្ព័ន្ធ ជីជីតស៊ូ ឃីតបុកស៊ីង តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ មានសិក្ខាកាមចំនួន ៧៥នាក់ គឺផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមកីឡាជម្រើសជាតិត្រៀម ចូលរួមប្រកួត។ លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់បន្ថែមថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូកីឡា ជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើររបស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មុនពេលចេញ ដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទីនៅថៃ ក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហូបចុក ស្នាក់នៅ និងការថែទាំសុខភាព អំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន។ ក្នុងន័យនេះ លោកប្រធានសង្ឈឹមថា លោកគ្រូអ្នកគ្រូ កីឡាករ កីឡាការិនីនឹងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ កីឡាការិនីប្រកបដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រេងធ្លាក់ចុះ ៥% បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្អាកការប្រយុទ្ធគ្នាកាលពីចុងសប្តាហ៍មុន
07/27/2026 09:07 AM
កម្ពុជាកំពុងជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត រួមចំណែកក្នុងខ្សែច្រវាក់តម្លៃសកល
07/27/2026 09:07 AM
ប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
07/27/2026 08:07 AM
ថ្ងៃអាទិត្យ ទី២៦ ខែកក្កដាម្សិលមិញនេះផ្លូវថ្មើរជើងចតុមុខមានប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១០ម៉ឺននាក់
07/27/2026 08:07 AM
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើចំនួន៥០ សន្លឹក ដែលជនសង្ស័យគ្រោងដឹកចេញ
07/27/2026 08:07 AM
អ៊ីរ៉ង់និយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហារដរាបណាការផ្អាកការទម្លាក់គ្រាប់បែករបស់អាមេរិកនៅតែបន្ត
07/27/2026 08:07 AM
លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM