វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង
កីឡាករម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ ត្រៀមផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី

ព័ត៌មានកីឡា

កីឡាការិនី យ៉ុន យ៉ឿន ផ្ទេរទៅលេងឱ្យក្លឹបសិង្ហបុរី Still Aerion FC ក្នុងកិច្ចសន្យាខ្ចីជើង

2025/07/22 06:34:51 pm        305
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានជូនដំណឹងថា ប្រធានក្រុមបាល់ទាត់នារីរបស់ក្លឹប កីឡាការិនី យ៉ុន យ៉ឿន នឹងចូលរួមជាមួយក្លិប Still Aerion FC នៅលីគកំពូលនារីសិង្ហបុរី (Singapore Women’s League) ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលខ្លី រហូតដល់ដើមខែតុលា ឆ្នាំ២០២៥។ក្លិប Still Aerion FC ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងលីគ បានស្នើសុំជាផ្លូវការណ៍ក្នុងការនាំយកកីឡាការិនី យ៉ុន យ៉ឿន ដើម្បីពង្រឹងក្រុមរបស់ខ្លួនសម្រាប់ការប្រកួតជើងទី២ ដែលជាដំណាក់កាលដ៏សំខាន់។ បន្ទាប់ពីពិចារណាយ៉ាងល្អិតល្អន់ ក្លិបណាហ្គាវើលដ៍ បានយល់ព្រមលើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តរបស់យើងក្នុងការគាំទ្រដល់ការរីកចម្រើន និងការទទួលបានបទពិសោធន៍អន្តរជាតិរបស់កីឡាការិនីបាល់ទាត់កម្ពុជា។កាលពីឆ្នាំមុន កីឡាការិនីរូបនេះបានបង្កើតភាពល្បីល្បាញតាមរយៈការស៊ុតបញ្ចូលទីក្នុងវគ្គជម្រុះបាល់ទាត់នារីជើងឯកលីគកំពូលអាស៊ី( AFC Women’s Champions League) ពេលលេងឲ្យក្លិប Young Elephants FCរបស់ប្រទេសឡាវ ក្នុងលក្ខខណ្ឌខ្ចីជើង។ នៅដើមឆ្នាំនេះ គេក៏បានបង្ហាញសមត្ថភាពដ៏គួរអោយចាប់អារម្មណ៍ម្តងទៀត ដោយបានស៊ុតបញ្ចូលទីជាច្រើនគ្រាប់អំឡុងពេលខ្ចីជើងទៅកាន់ក្លិប Bangkok FC ក្នុងលីគកំពូលនារីថៃ។ក្លឹបបន្តថា បទពិសោធន៍នៅក្រៅប្រទេសទាំងនេះ មិនត្រឹមតែជួយពង្រឹងការអភិវឌ្ឍរបស់នាងក្នុងនាមជាកីឡាការិនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់កិត្តិនាមបាល់ទាត់នារីកម្ពុជាក្នុងតំបន់ផងដែរ។ទោះបីជាការប្រកួតលីគកំពូលនារីកម្ពុជាកំពុងដំណើរការ ហើយកីឡាការិនី យ៉ុន យ៉ឿន នឹងខកខានការប្រកួតចំនួនបួនលើកក៏ដោយ ក្លិបណាហ្គាវើលដ៍ជឿជាក់យ៉ាងមុតមាំថា ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងនេះនឹងនាំមកនូវអត្ថប្រយោជន៍រយៈពេលវែងដូចជា៖ * ការអភិវឌ្ឍ និងបទពិសោធន៍៖ ការប្រកួតប្រជែងក្នុងលីគផ្សេងៗគ្នាជួយឲ្យ យ៉ុន យ៉ឿន អភិវឌ្ឍភាពចាស់ទុំផ្នែកយុទ្ធសាស្ត្រ ភាពបត់បែន និងភាពជាអ្នកដឹកនាំ ដែលគុណសម្បត្តិទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមរនៅពេលត្រឡប់មកវិញ។ * ភាពជាឯកអគ្គរដ្ឋទូតសម្រាប់កម្ពុជា៖ យ៉ុន យ៉ឿន បន្តតំណាងឲ្យប្រទេសកម្ពុជាក្នុងនាមជាកីឡាការិនីឈានមុខគេក្នុងវិស័យបាល់ទាត់នារីក្នុងតំបន់ ដោយបន្តជម្រុញទឹកចិត្តដល់កីឡាករ-កីឡាការិនីវ័យក្មេងទូទាំងប្រទេស។ និង ពង្រឹងក្រុមជម្រើសជាតិ៖ បទពិសោធន៍ទាំងនេះជួយលើកកម្ពស់កម្រិតនៃការលេងរបស់គេនៅពេលដែលត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិវិញ ដែលជាការរួមចំណែកដល់ការរីកចម្រើនជារួមនៃវិស័យបាល់ទាត់នារីនៅកម្ពុជា។កីឡាការិនី យ៉ុន យ៉ឿន ត្រូវរំពឹងថានឹងវិលត្រឡប់មកកាន់ក្លិបណាហ្គាវើលដ៍ វិញនៅដើមខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមឲ្យទាន់ពេលសម្រាប់ការប្រកួតដំណាក់កាលចុងក្រោយនៃលីគក្នុងស្រុក៕

ព្រះខ័នរាជ ប្រកួតកម្ដៅសាច់ដុំស្មើ Terengganu ២-២ ខណៈ ១គ្រាប់រកបានដោយខ្សែប្រយុទ្ធចំណូលថ្មី

2025/07/16 06:00:03 pm        161
ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើក្រុម Terengganu FC ដោយលទ្ធផល ២-២ សម្រាប់ជំនួបប្រកួតលក្ខណៈមិត្តភាពដកស្រង់បច្ចេកទេសលើកដំបូង នៃនៃដំណើរ Pre-Season ត្រៀមរដូវកាលថ្មីរបស់ខ្លួន នៅលើទឹកដីម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។ការប្រកួតលក្ខណៈហ្វឹកហាត់ក្រោយធ្វើដំណើរដល់គូឡាឡាំពួរ ១ថ្ងៃនេះ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដែល ១គ្រាប់ធ្វើសម្រេចដោយខ្សែប្រយុទ្ធចំណូលថ្មី Kwame Peprah ខណៈ ១គ្រាប់ទៀត ជាគ្រាប់បាល់ភ្លាត់បញ្ចូលទីខ្លួនឯង(Own Goal) ។ បន្ទាប់មកទើប Terengganu FC វាយបកបាន ២គ្រាប់វិញ នៅវគ្គទី២ ដើម្បីបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ តែម្ដង។តាមគម្រោងក្រុមជើងឯកលីគកំពូលកម្ពុជាដដែល នឹងមានការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ១ប្រកួតទៀត នាថ្ងៃទី១៨ ខែកក្កដាខាងមុខ ដោយត្រូវជួបក្រុម Negeri Sembilan FC ដែលជាអតីតក្លិបធ្លាប់បានខ្ចីជើងកីឡាករ ប្រាក់ មុន្នីឧត្តម ពីព្រះខ័នរាជស្វាយរៀង ទៅប្រកបអាជីព កាលពីឆ្នាំ២០១៨ ។ ក្រោយការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រឡប់មកមាតុភូមិវិញ នៅថ្ងៃបន្ទាប់ ដើម្បីបន្ដរៀបចំក្រុមត្រៀមការប្រកួតផ្លូវការនានា។គួរដឹងថា ក្រោយបញ្ចប់ដំណើរ Pre-Season នេះ ព្រះខ័នរាជស្វាយរៀង មានពេលវេលាប្រមាណ ២សប្ដាហ៍ ដើម្បីចាប់ផ្ដើមការប្រកួតផ្លូវការ រួមមានការត្រៀមជួបក្រុមភ្នំពេញក្រោន ក្នុងពានរង្វាន់ Cambodian Super Cup 2025 នាថ្ងៃទី៣ ខែសីហា មុនចាប់ផ្ដើមយុទ្ធនាការប្រកួតសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ជាផ្លូវការ ដោយត្រូវជួបក្រុមណាហ្គាវើលដ៏ មុនគេ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។លើសពីនេះ ព្រះខ័នរាជស្វាយរៀង ក៏ត្រូវត្រៀមការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ នាខែសីហាផងដែរ ដោយក្រុមជើងឯកលីគកំពូលកម្ពុជានេះ ស្ថិតក្នុងពូលB ជាមួយក្រុម Bangkok United FC របស់ថៃ, ក្រុម Johor Darul Ta’zim FC របស់ម៉ាឡេស៊ី, ក្រុម Nam Dinh FC របស់វៀតណាម, ក្រុម Lion City Sailors FC របស់សិង្ហបុរី និងក្រុមឈ្នះក្នុងវគ្គ Play-Off រវាងក្រុម Shan Unite របស់មីយ៉ាន់ម៉ា និងក្រុម Ezra របស់ឡាវ ។ សម្រាប់ប្រកួតដំបូង នៃពានរង្វាន់ប្រចាំតំបន់នេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមឈ្នះវគ្គ Play-Off មុនគេ នៅក្រៅដី នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

គោព្រៃជំទង់កម្ពុជា ចេញទៅប្រកួតជើងឯក U23 អាស៊ាន នៅឥណ្ឌូនេស៊ី ខណៈត្រូវជួបឡាវស្អែក

2025/07/15 10:30:59 pm        600
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមប្រកួតជើងឯកបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN U23 Mandiri Cup™ 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ។បន្ទាប់ពីចាកចេញពីមាតុភូមិ ទៅដល់ទីក្រុងហ្សាកាតា កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតដំបូង ដោយត្រូវជួបក្រុមជម្រើសជាតិ U23 ឡាវ នាល្ងាចថ្ងៃទី១៦ ខែកក្កដា មុនជំនួបបញ្ចប់ពូលB ទល់នឹងក្រុមខ្លាំងវៀតណាម នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។គួរដឹងថា ការប្រកួតជើងឯកយុវជនប្រចាំតំបន់ ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះនេះ មានបេក្ខភាព ១០ក្រុមចូលរួម និងបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្នុងពូលB ជាមួយវៀតណាម និងឡាវ គ្រាដែលពូលA មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ និងពូលC មាន ៣ក្រុម គឺមីយ៉ាន់ម៉ា ទីម័រខាងកើត និងថៃ។បេសកកម្មនេះដែរ ក្រុមជម្រើសជាតិ U23 កម្ពុជា គឺដឹកនាំដោយគ្រូបង្វឹកលោក Koji Gyotoku ព្រមទាំងកីឡាករវ័យក្មេង ២៣នាក់ ដែលបានចម្រាញ់ចេញពីការធ្វើតេស្ដ និងប្រមូលផ្ដុំហ្វឹកហាត់ជាច្រើនសប្ដាហ៍កន្លងមក។ យ៉ាងណាអ្នកគាំទ្រ ក៏មានការសោកស្ដាយ ចំពោះកីឡាករមានសក្ដានុពលមួយចំនួន ដែលខកខានចូលរួមការប្រកួតនេះ ដោយសារជាប់ភារកិច្ចជួយក្លិបរៀងៗខ្លួន ក្នុងការត្រៀមរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាព មុំ ច័ន្ទសុធារិទ្ធ៕

ប្រធានស្ដីទី KIF ចាត់ទុកជើងឯកគុនខ្មែរថ្នាក់ជាតិនៅអ៊ីរ៉ង់ ជាការផ្សព្វផ្សាយ និងអភិវឌ្ឍន៍នៅតំបន់មជ្ឈិមបូព៌ា

2025/07/14 11:41:03 pm        395
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានចាត់ទុកការប្រកួតកីឡាគុនខ្មែរជើងឯកថ្នាក់ជាតិប្រចាំប្រទេសអ៊ីរ៉ង់ ជាការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាគំរូសម្រាប់បណ្ដាប្រទេសសមាជិកទាំងអស់អនុវត្តតាមផងដែរ។ការស្ងើចសរសើរនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំអ៊ីរ៉ង់ បានរៀបចំរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេស និងតំបន់មជ្ឈិមបូព៌ា ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានកីឡាករ-កីឡាការិនីថ្នាល និងកីឡាករ-កីឡាការិនីពេញវ័យជាង ៣០០នាក់ចូលរួម។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្នុងនាមសមាជិក លោក Seyed Reza Mousavi ប្រធានសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ និងប្រចាំមជ្ឈិមបូព៌ា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ ស្របតាមគោលការណ៍របស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក។ក្នុងនាមប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ ឯកឧត្តមបានថ្លែងអំណរគុណលោក Mousavi និងសហការី ដែលបានខិតខំរៀបចំជើងឯកថ្នាក់ជាតិនេះជារៀងរាល់ឆ្នាំ ដែលបានជួយរួមចំណែកក្នុងការជំរុញការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ លើឆាកអន្ដរជាតិ ហើយក៏ជាសកម្មភាពមួយដ៏សំខាន់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា។តាមរយៈព្រឹត្តិការណ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន បានគាំទ្រសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងការសកម្មភាពនេះឲ្យកាន់តែរឹងមាំ ហើយសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏លើកទឹកចិត្តដល់បណ្ដាប្រទេសសមាជិកទាំង ៦៨ប្រទេស ធ្វើសកម្មភាពនេះឲ្យបានផុសផុលដូចៗគ្នា ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីប្រចាំប្រទេសនីមួយៗ ត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក ពិសេសការប្រកួតជើងឯកពិភពលោក លើកទី៦ ដែលកម្ពុជានឹងបន្ដធ្វើម្ចាស់ផ្ទះ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ២៩គ្រឿង ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍

2025/07/14 11:33:07 pm        503
ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់បេសកកម្មចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ SEA Ju-Jitsu Championship លើកទី២ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដោយជោគជ័យ ជាមួយការដណ្ដើមបានមេដាយសរុប ២៩គ្រឿងជូនជាតិ រួមមានមេដាយមាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២គ្រឿង។ការប្រកួតនេះ មានអត្តពលិកជាង ៤០០នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១២-១៣ ខែកក្កដាកន្លងទៅ នៅប្រទេសហ្វីលីពីន។ ជាលទ្ធផលក្រុមកីឡាករ-កីឡាការិនីកម្ពុជា ធ្វើបានយ៉ាងល្អ ដែលដណ្ដើមបានមេដាយសរុប ២៩គ្រឿង បំបែកកំណត់ត្រាឆ្នាំចាស់ ដែលកម្ពុជាដណ្ដើមបានមេដាយត្រឹម ២១គ្រឿង កាលពីឆ្នាំ២០២៤ កន្លងទៅ។ឯកឧត្តម ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធ បានបេសកកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព ក៏ដូចជាវាស់ស្ទង់ជាមួយអត្តពលិកបណ្ដាប្រទេសក្នុងតំបន់ មុនសហព័ន្ធសម្រេចក្នុងការចុះឈ្មោះពួកគេ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ប្រធានស្ដីទី KIF ចាត់ទុកជើងឯកគុនខ្មែរថ្នាក់ជាតិនៅអ៊ីរ៉ង់ ជាការផ្សព្វផ្សាយ និងអភិវឌ្ឍន៍នៅតំបន់មជ្ឈិមបូព៌ា

2025/07/14 08:00:15 pm        329
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) បានចាត់ទុកការប្រកួតកីឡាគុនខ្មែរជើងឯកថ្នាក់ជាតិប្រចាំប្រទេសអ៊ីរ៉ង់ ជាការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាគំរូសម្រាប់បណ្ដាប្រទេសសមាជិកទាំងអស់អនុវត្តតាមផងដែរ។ការស្ងើចសរសើរនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំអ៊ីរ៉ង់ បានរៀបចំរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេស និងតំបន់មជ្ឈិមបូព៌ា ដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានកីឡាករ-កីឡាការិនីថ្នាល និងកីឡាករ-កីឡាការិនីពេញវ័យជាង ៣០០នាក់ចូលរួម។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្នុងនាមសមាជិក លោក Seyed Reza Mousavi ប្រធានសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ និងប្រចាំមជ្ឈិមបូព៌ា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំ ស្របតាមគោលការណ៍របស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក។ក្នុងនាមប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្ដរជាតិ ឯកឧត្តមបានថ្លែងអំណរគុណលោក Mousavi និងសហការី ដែលបានខិតខំរៀបចំជើងឯកថ្នាក់ជាតិនេះជារៀងរាល់ឆ្នាំ ដែលបានជួយរួមចំណែកក្នុងការជំរុញការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ លើឆាកអន្ដរជាតិ ហើយក៏ជាសកម្មភាពមួយដ៏សំខាន់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា។តាមរយៈព្រឹត្តិការណ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន បានគាំទ្រសហព័ន្ធកីឡាគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងការសកម្មភាពនេះឲ្យកាន់តែរឹងមាំ ហើយសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏លើកទឹកចិត្តដល់បណ្ដាប្រទេសសមាជិកទាំង ៦៨ប្រទេស ធ្វើសកម្មភាពនេះឲ្យបានផុសផុលដូចៗគ្នា ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីប្រចាំប្រទេសនីមួយៗ ត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក ពិសេសការប្រកួតជើងឯកពិភពលោក លើកទី៦ ដែលកម្ពុជានឹងបន្ដធ្វើម្ចាស់ផ្ទះ ដែលគ្រោងនឹងរៀបចំនាចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ក្រុមបាល់ទះកម្ពុជា រកបាន ១ពិន្ទុ ក្នុងជើងទី១ នៃជើងឯក SEA V.League 2025

2025/07/14 05:32:05 pm        208
ការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League 2025 របស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ហាក់ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ ក្រោយបញ្ចប់ការប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន កាលពីសប្ដាហ៍កន្លងទៅ ដោយរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ។ ការប្រកួតជើងទី១ បានធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយមានបេក្ខភាព ៥ក្រុមចូលរួម និងធ្វើការប្រកួតវិលជុំ ។ ជាលទ្ធផលក្នុងចំណោម ៤ប្រកួត នៃជើងទី១ នេះ កម្ពុជាសុទ្ធតែរងបរាជ័យ ពោលគឺចាញ់វៀតណាម ៣-០សិត, ចាញ់ឥណ្ឌូនេស៊ី ៣-០សិត, ចាញ់ហ្វីលីពីន ៣-០សិត និងចាញ់ថៃ ៣-០សិត។ ការណ៍នេះ ក្រុមបាល់ទះកម្ពុជា រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីន ៣-២សិត។ យ៉ាងណាក្ដីការប្រកួតនៅសល់ ១ជើងទៀត ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដាខាងមុខ ។ ការប្រកួតនេះ ពិតជាសំខាន់ សម្រាប់ក្រុមបាល់ទះកម្ពុជា ដែលត្រូវការលទ្ធផលល្អជាងជើងទី១ ជាចាំបាច់ ដើម្បីអាចគេចផុតពីតំបន់បាតតារាង៕ អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

​​សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធី«តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុងនេះ

2025/07/12 07:25:52 pm        113
កម្មវិធីនេះត្រូវរៀបចំឡើងដើម្បី បង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយ ដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាស្ថិតនៅជាអមតៈ ។ជាមួយគ្នានេះ នឹងរៀបចំឱ្យមានការច្រៀងចម្រៀងដែលបង្ហាញពីស្មារតីជាតិនិយម ដែលមាន ដូចជា បទពង្សាវតាខ្មែរ, បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ក្នុងពេលប្រកួតកីឡាបាល់ទាត់នេះ ។ បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ដើម្បីប្រមូលមូលនិធិផងដែរ ដោយអាវយឺត១ តម្លៃ២ម៉ឺនរៀល៕

កម្ពុជា បន្ដជួបឥណ្ឌូនេស៊ី ក្រោយចាញ់វៀតណាម ៣-០ បើកឆាកព្រឹត្តិការណ៍ SEA V.League នៅហ្វីលីពីន

2025/07/11 11:35:46 pm        395
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៥ ជាមួយលទ្ធផលមិនគាប់ប្រសើរឡើយ ក្រោយចាញ់ក្រុមជម្រើសជាតិវៀតណាម ៣-០ សិត សម្រាប់ការប្រកួតជុំទី១ ដែលកំពុងប្រព្រឹត្តទៅ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។សម្រាប់លទ្ធផលការប្រកួតដំបូង រវាងកម្ពុជា និងវៀតណាម នេះ សិតទី១ កម្ពុជាបានចាញ់ក្នុងពិន្ទុ ២៣-២៥, សិតទី២ ពិន្ទុ ២០-២៥ និងសិតទី៣ ពិន្ទុ ២១-២៥។បន្ទាប់ពីភ្លាត់បរាជ័យក្នុងការប្រកួតបើកឆាក ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបន្ដធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមម្ចាស់មេដាយមាសស៊ីហ្គេម ឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ ដ្បិតឥណ្ឌូនេស៊ី កំពុងត្រូវការជ័យជម្នះដូចគ្នា បន្ទាប់ពីពួកគេបានរងបរាជ័យក្នុងការប្រកួតដំបូង ទល់ក្រុមថៃ ក្នុងលទ្ធផល ៣-១ សិត។គួរដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជា បានចូលរួមព្រឹត្តិការណ៍បាល់ទះដ៏ធំប្រចាំតំបន់អាស៊ាន ក្រោយតស៊ូមតិ ក៏ដូចជាការបំពេញលក្ខខណ្ឌ និងជម្នះនូវឧបសគ្គជាច្រើន ដែលថ្នាក់ដឹកនាំសហព័ន្ធបានខំប្រឹង ដើម្បីមានឱកាសចូលរួម ក្នុងគោលបំណងជ្រោងទង់ជាតិខ្មែរលើឆាកអន្ដរជាតិ ក៏ដូចជាមានឱកាសទទួលបានចំណាត់ថ្នាក់ល្អប្រសើរ នៅក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធ ទទួលស្គាល់ថា បេក្ខភាពប្រកួតប្រជែងទាំង ៥ សុទ្ធតែជាក្រុមខ្លាំង និងមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍នេះ ។ យ៉ាងណាមិញក្រុមបាល់ទះកម្ពុជា បានប្ដេជ្ញារួមគ្នាធ្វើឲ្យបានល្អបំផុតក្នុងការបង្ហាញខ្លួនលើកដំបូង យ៉ាងហោចក៏បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ដើម្បីចៀសវាងនូវប្រការណាមួយ ដែលនាំឲ្យកម្ពុជា ខកខានឱកាសបន្ដចូលរួមព្រឹត្តិការណ៍នេះ។ព្រឹត្តិការណ៍ SEA V.League 2025 នេះដែរ មាន ៥ក្រុមចូលរួម គឺមានឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន និងកម្ពុជា ដែលត្រូវធ្វើការប្រកួតចំនួន ២ជុំ ដោយជុំទី១ ត្រូវប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា មុនបន្ដការប្រកួតជុំទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

កីឡារាំកម្ពុជា ឈ្នះមេដាយ ៥គ្រឿងបណ្ដោះអាសន្ន នៃជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅវៀតណាម

2025/07/11 11:13:15 pm        440
ក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានឈ្នះមេដាយចំនួន ៥គ្រឿងបណ្ដោះអាសន្ន ក្នុងបេសកកម្មចូលរួមការប្រកួតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025) នៅក្រុងហូជីមិញ ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដាចុសងប្ដាហ៍នេះ។ គិតត្រឹមល្ងាចថ្ងៃទី១០ ខែកក្កដាកន្លងទៅ ពោលគឺក្រោយចាប់ផ្ដើមការប្រកួតផ្លូវការបាន ២ថ្ងៃ ក្រុមកីឡារាំកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងជូនជាតិ ក្នុងនោះមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៤ ។ សម្រាប់មេដាយប្រាក់ ដណ្ដើមបានដោយកីឡាការិនី ឱ រចនី លើវិញ្ញាសារាំចង្វាក់ Jive ហើយកញ្ញា ក៏ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសារាំចង្វាក់ Paso Doble ផងដែរ។ រីឯមេដាយសំរឹទ្ធ ៣គ្រឿងទៀត ទទួលបានដោយកីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា លើវិញ្ញាសារាំចង្វាក់ Samba ១គ្រឿង និងវិញ្ញាសារាំចង្វាក់ Cha Cha Cha ១គ្រឿង ព្រមទាំងកីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ទទួលបានលើវិញ្ញាសារាំចង្វាក់ Paso Doble។ គួរដឹងថា ព្រឹត្តិការណ៍ WDSF Asian-South East Asian Championship 2025 នេះ មានអត្តពលិកចូលរួមសរុបជាង ៣ពាន់នាក់ មកពី ៣៧ប្រទេសក្នុងទ្វីបអាស៊ី ក្នុងនោះសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនអត្ដពលិករបស់ខ្លួន ១៨នាក់ចូលរួមការប្រកួតប្រចាំឆ្នាំនេះផងដែរ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បី​ស្វែង​យល់​ពី​សក្តានុ​ពលខ្លួ​នឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
07/27/2026 02:07 PM
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
07/27/2026 02:07 PM
រដ្ឋាភិបាលបាន​ចាប់ឆ្នោតផ្តល់លេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព
07/27/2026 02:07 PM
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
07/27/2026 02:07 PM
សម្ដេចធិបតី៖ កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ
07/27/2026 01:07 PM
ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%
07/27/2026 12:07 PM
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោង​បោស​សម្អាតមីន​នៅខេត្តពោធិ៍សាត់
07/27/2026 12:07 PM
មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
07/27/2026 12:07 PM
សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
07/27/2026 12:07 PM
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
07/27/2026 12:07 PM