ស្វែងរក

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២ ទៅកាន់គណៈកម្មការជំនាញដើម្បីពិនិត្យសិក្សា

04/28/2026 06:04 PM        173
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ចំនួនពីរទៅកាន់គណៈកម្មការជំនាញដើម្បីសិក្សាស្រាវជ្រាវ៖ ១- សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ២- សេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម»ការជំរុញសេចក្តីព្រាងច្បាប់ទាំងនេះ គឺជាកិច្ចការអាទិភាពដើម្បីពង្រឹងវិស័យការពារជាតិ និងធានាស្ថិរភាពថាមពលអគ្គិសនីជូនប្រជាពលរដ្ឋ។

កសិករនៅភាគខាងត្បូងលីបង់ ព្យាយាមសង្រ្គោះដំណាំដែលរងការខូចខាតអំឡុងសង្រ្គាម

04/28/2026 06:04 PM        44
 ស្របពេលដែលពួកគេវិលត្រឡប់ទៅកាន់ដីកសិកម្មរបស់ពួកគេវិញនៅភូមិ Ras al-Ain ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ កសិករ Abu Hassan និងកសិករ Hamza Issa ព្យាយាមស្រោចស្រង់ដំណាំដែលនៅសេសសល់ពីសង្រ្គាមរបស់ពួកគេ ។ ដោយប្រជាពលរដ្ឋភាគច្រើនបានជម្លៀសខ្លួន ចាប់តាំងពីដើមខែមីនា ឆ្នាំ ២០២៦រហូតមក ក្រុមប្រជាកសិករ និយាយថា ពួកគេនឹកនាខ្លាំងណាស់ដល់ពេលវេលាប្រមូលផលដំណាំរបស់ពួកគេ ។ ពលរដ្ឋដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅលីបង់ បានចាប់ផ្តើមវិលត្រឡប់មកកាន់ទីក្រុង និងសង្កាត់ខ្ទេចខ្ទីរបស់ពួកគេវិញកាលពីពាក់កណ្តាលខែមេសា ក្នុងនោះពួកគេភាគច្រើន បានមើលឃើញផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញគ្មានសេសសល់ ឬមិនអាចរស់នៅកើត ហើយពួកគេស្ទាក់ស្ទើមិនហ៊ានស្នាក់នៅ ដោយសារក្តីបារម្ភពីបទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលថា អាចនឹងផុយស្រួយ ។ ដើរជុំវិញចម្ការជាមួយកសិករប៉ុន្មាននាក់ទៀត លោក Hamza Issa បាននិយាយរៀបរាប់ពីកសិដ្ឋានរបស់លោក ។ លោកនិយាយថា ពួកយើងពុំបានដំាដុះនោះទេ ពួកយើងមិនអាចដាំដុះបាននោះទេ គឺដោយសារតែសង្រ្គាម ការទម្លាក់គ្រាប់បែក ហើយមនុស្សបានជម្លៀសខ្លួនគ្មានសល់ ។ នេះគឺជាខ្សែជីវិតរបស់កសិករនៅតំបន់ភាគខាងត្បូងលីបង់ ។ សូមបញ្ជាក់ថា លីបង់ បានធ្លាក់ក្នុងសង្រ្គាមកាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមហេសបូឡា បើកការវាយប្រហារលើអ៊ីស្រាអែល ដើម្បីគាំទ្រអ៊ីរ៉ង់ បង្កឲ្យមានការឈ្លានពានរបស់អ៊ីស្រាអែលដែលក្រុមអាជ្ញាធរនិយាយថា បានសម្លាប់មនុស្សជាង ២.៥០០នាក់ និងមនុស្ស ១,២លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ៕

កងកម្លាំងអាហ្វ្រិកគ្រប់គ្រងដោយរុស្ស៊ី ដកចេញពីតំបន់ Kidal របស់ម៉ាលីក្រោយឃាតកម្មលើរដ្ឋមន្រ្តីក្រសួងការពារជាតិ

04/28/2026 06:04 PM        68
 រូបភាពវីដេអូឃ្លីបឃើញ រថយន្តមានការបិទបាំងយោធា បានបើកឆ្លងកាត់ដងផ្លូវនៅក្នុងទីក្រុង Kidal របស់ប្រទេសម៉ាលី ខណៈមនុស្សប្រុសនាំគ្នាស្រែកពាក្យ “ព្រះដ៏អស្ចារ្យ” ពេលដែលរថយន្តបើកឆ្លងកាត់ពួកគេ ក្រោយការវាយប្រហារសម្លាប់លោករដ្ឋមន្រ្តីការពារជាតិ Sadio Camara ។ ទោះបីជាយ៉ាងណាក៏ដោយ បុរសនៅលើរថយន្តទាំងនោះ ពុំត្រូវបានផ្តល់អត្តសញ្ញាណនោះទេ ។ កងកម្លាំងអាហ្វ្រិកដែលជាទាហានប៉ារ៉ាគ្រប់គ្រងដោយក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានដកចេញពីទីក្រុងភាគខាងជើង Kidal ក្រោយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅទីនោះ ។ ចំណែកឯក្រុមរណសិរ្សរំដោះ Azawad និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុង Kidal បានដួលរលំហើយៗអ្នកនាំពាក្យក្រុមមួយនេះ និយាយនៅលើបណ្តាញព័ត៌មានសង្គមថា កិច្ចព្រមព្រៀងបានឈានដល់ ដើម្បីអនុញ្ញាតឲ្យទាហានស៊ីឈ្នូលរុស្ស៊ីចាកចេញពីជំរំឡោមព័ទ្ធ ស្ថិតនៅក្រៅទីក្រុង ជាទីដែលកងកម្លាំងប្រដាប់អាវុធម៉ាលី បន្តជាប់គាំង ។ អគ្គនាយសេនាធិការកងទ័ពម៉ាលីលោកឧត្តមសេនីយ៍ Oumar Diarra និយាយប្រាប់ទូរទស្សន៍រដ្ឋថា យោធាបានផ្លាស់ប្តូរទីតាំងឈរជើងរបស់ខ្លួននៅទីក្រុង Kidal ហើយប្រតិបត្តិការរបស់ពួកគេនៅតំបន់នោះ កំពុងបន្ត ។ សូមបញ្ជាក់ថា ទីក្រុង Kidal គឺជាអតីតតំបន់កាន់កាប់របស់ក្រុមរណសិរ្សរំដោះ Azawad គឺជាក្រុមឧទ្ទាមធ្វើការជាមួយក្រុម JNIM ដែលបានបើកការវាយប្រហារកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ដើម្បីសម្លាប់លោករដ្ឋមន្រ្តីការពារជាតិ Camara ៕

ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅទីតាំង ២កន្លែង ក្នុងរដ្ឋធានីរបស់ក្រិក បណ្តាលឲ្យមនុស្សរងរបួសជាច្រើននាក់

04/28/2026 06:04 PM        43
អាជ្ញាធរក្រិកបានឲ្យដឹងថា ខ្មាន់កាំភ្លើងមួយរូប បានបើកការបាញ់ប្រហារនៅការិយាល័យសន្តិសុខសង្គម និងនៅតុលាការមួយកន្លែង នៅកណ្តាលទីក្រុងអាតែន នាថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។ ប្រតិបត្តិការរបស់នគរបាល កំពុងដំណើរការ ដើម្បីស្វែងរកជនល្មើស ដែលប្រព័ន្ធផ្សព្វផ្សាយក្រិក បានរាយការណ៍ថា ជាបុរសវ័យ ៨៩ឆ្នាំ។នគរបាលបានបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលប្រដាប់ដោយកាំភ្លើងខ្លី ដំបូងឡើយបានបើកការបាញ់ប្រហារ នៅការិយាល័យសន្តិសុខសង្គម នៅកណ្តាលរដ្ឋធានីរបស់ប្រទេសក្រិក បណ្តាលឲ្យបុគ្គលិកម្នាក់រងរបួស។ មន្ត្រីនគរបាលដែលបានមកដល់កន្លែងកើតហេតុ បានព្យាបាលបុរសនោះ ប៉ុន្តែខ្មាន់កាំភ្លើង បានរត់គេចខ្លួន។នគរបាលបានឲ្យដឹងទៀតថា បុរសដដែល ត្រូវបានសង្ស័យថា ក្រោយមក បានបើកការបាញ់ប្រហារនៅជាន់ផ្ទាល់ដីនៃអគារតុលាការមួយកន្លែង នៅទីក្រុងអាតែន ដោយមានមនុស្សជាច្រើននាក់រងរបួសនៅទីនោះ ដោយបន្ថែមថា អាជ្ញាធរបានរកឃើញកាំភ្លើងខ្លីនោះ។វីដេអូពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ERT News បានបង្ហាញបុគ្គលិករថយន្តសង្គ្រោះបន្ទាន់ កំពុងយកមនុស្សយ៉ាងហោចណាស់ ៣នាក់ ពីតុលាការ ទៅកាន់រថយន្តសង្គ្រោះបន្ទាន់។មូលហេតុនៃការបាញ់ប្រហារនេះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយ ERT បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា បានបោះស្រោមសំបុត្រដែលមានឯកសារទៅលើឥដ្ឋ ក្រោយការបាញ់ប្រហារនៅតុលាការ ដោយរៀបរាប់ថា ទាំងនោះជាមូលហេតុនៃការធ្វើសកម្មភាពរបស់គាត់៕

កូរ៉េខាងត្បូងអំពាវនាវឲ្យមានវិធានការសកលបន្ទាន់ ជុំវិញបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

04/28/2026 05:04 PM        69
ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឲ្យមានវិធានការជាអន្តរជាតិយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយចាត់ទុកថា នេះគឺជាការគំរាមកំហែងដ៏បន្ទាន់បំផុត ចំពោះប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក។អនុរដ្ឋមន្ត្រីការបរទេស លោក Jeong Yeon-doo បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលមានសន្និសីទ ស្តីពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា ទីក្រុងព្យុងយ៉ាង នៅតែជាបញ្ហាប្រឈមតែមួយគត់ បន្ទាប់ពីបានដកខ្លួនចេញពីសន្ធិសញ្ញា និងបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។លោក Jeong បាននិយាយថា៖ «កូរ៉េខាងជើង គឺជាករណីតែមួយគត់ដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធ NPT ប្រកាសដកខ្លួនចេញ និងបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយបើកចំហ ដោយហេតុនេះ នេះនៅតែជាបញ្ហាប្រឈមដ៏បន្ទាន់បំផុត ចំពោះប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»។ជាមួយគ្នានេះ លោកបានជំរុញឲ្យសហគមន៍អន្តរជាតិផ្តល់សាររួមមួយ ដែលថា អនាគតសន្តិសុខ និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ពឹងផ្អែកលើការវិលត្រឡប់ទៅរកក្របខ័ណ្ឌសន្ធិសញ្ញាវិញ៕

ដោយគ្មានកិច្ចប្រជុំផ្ទាល់ ក្រុមអ្នកសម្របសម្រួលព្យាយាមបំពេញចន្លោះប្រហោងរវាងអាមេរិក និងអ៊ីរ៉ង់

04/28/2026 05:04 PM        69
ដោយគ្មានកិច្ចប្រជុំការទូតទល់មុខគ្នាបែបនេះ ក្តីសង្ឃឹមនៃការស្រោចស្រង់កិច្ចខិតខំសន្តិភាពហាក់លែងមាន ប៉ុន្តែប្រភពពីប៉ាគីស្ថាបបានឲ្យដឹងថា ការងារពុំទាន់បានបញ្ឈប់នោះទេ ក្នុងការព្យាយាមបំពេញចន្លោះប្រហោងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ។ ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីការទូតពុំមានវត្តមានៅប្រទេសប៉ាគីស្ថាននោះទេ សម្រាប់កិច្ចប្រជុំស្វែងរកសន្តិភាពជាមួយសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី Donald Trump លុបចោលដំណើរទស្សនកិច្ចតាមការគ្រោងទុករបស់ប្រេសិតពិសេសរបស់លោកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Saint Petersburg កាលពីថ្ងៃចន្ទ ជាទីដែលលោកបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោកថា ប៉ាគីស្ថាន ដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ នៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ។ ប្រភពអ៊ីរ៉ង់បានបញ្ចេញនូវសំណើចុងក្រោយរបស់ពួកគេកាលពីថ្ងៃចន្ទ ដែលដកចេញការជជែកគ្នាពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ រហូតដល់សង្រ្គាមត្រូវបានបញ្ចប់ ហើយនិងជម្លោះជុំវិញការដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រ ត្រូវបានដោះស្រាយរួចរាល់ ។ សំណើចុងក្រោយនេះ ទំនងជាធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមិនពេញចិត្តនោះទេដែលពួកគេធ្លាប់និយាយរួចហើយថា បញ្ហានុយក្លេអ៊ែរ ត្រូវតែដោះស្រាយគ្នាតាំងពីដើមទីមកម្ល៉េះ ។ សូមបញ្ជាក់ថា អ៊ីរ៉ង់ បានបិទការដឹកជញ្ជូនភាគច្រើនចេញពីកំពង់ផែនៅតំបន់ឈូងសមុទ្រ ឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ៕

NGO៖ មនុស្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួនដោយកងកម្លាំងប្រដាប់អាវុធ RSF នៅស៊ូដង់

04/28/2026 05:04 PM        60
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយបាននិយាយថា មនុស្សរាប់ពាន់នាក់នៅតែត្រូវបានឃុំខ្លួនក្នុងស្ថានភាពមិនល្អដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅទីក្រុង el-Fasher ភាគខាងលិចប្រទេសស៊ូដង់ ។ បណ្តាញគ្រូពេទ្យស៊ូដង់ បាននិយាយកាលពីថ្ងៃចន្ទថា វេជ្ជបណ្ឌិតចំនួន២០នាក់ ជនស៊ីវិលជាង១.៤៧០នាក់ និងបុគ្គលិកយោធា៩០៧នាក់ កំពុងត្រូវបានឃុំខ្លួនក្នុងស្ថានភាព «ធ្ងន់ធ្ងរ» នៅក្នុងមណ្ឌលឃុំឃាំងជាច្រើនកន្លែងក្នុងទីក្រុង។ ក្រុមយោធាប៉ារ៉ា RSF ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាច្រើនករណីក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដែលបច្ចុប្បន្នបានឈានចូលដល់រយៈពេលបីឆ្នាំ។ រហូតដល់ធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងគាំទ្ររហ័ស(RSF) កាលពីចុងខែតុលា ទីក្រុងel-Fasher គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់កងទ័ពស៊ូដង់នៅក្នុងតំបន់Darfurភាគខាងលិចដ៏ធំទូលាយ។ អង្គការសហប្រជាជាតិបាននិយាយថា កងកម្លាំងគាំទ្ររហ័ស(RSF) និងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) បានប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ជម្លៀសខ្លួន ដែលបានបង្កើតជា «វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក»។ អង្គការមិនមែនរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងគាំទ្ររហ័ស(RSF) ត្រូវបានគេរាយការណ៍ថា កំពុងប្រព្រឹត្ត «ការរំលោភបំពានធ្ងន់ធ្ងរ» នៅក្នុងមណ្ឌលឃុំឃាំង ក្នុងទីក្រុង el-Fasher «រួមមានទាំងការសម្លាប់ក្នុងអំឡុងពេលធ្វើទារុណកម្ម និងការសួរចម្លើយ ព្រមទាំងការសម្លាប់ដែលជំរុញដោយក្រុមកុលសម្ព័ន្ធ»។

រដ្ឋមន្រ្តីការបរទេសជប៉ុន និងអូស្រ្តាលី ពិភាក្សាលើខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលនៅទីក្រុងតូក្យូ

04/28/2026 05:04 PM        56
 រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានជួបជាមួយសមភាគីអូស្រ្តាលីលោកស្រី Penny Wong នៅទីក្រុងតូក្យូនាថ្ងៃអង្គារនេះ ស្របពេលដែលកិច្ចប្រជុំសន្តិភាពជាប់គាំងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តធ្វើឲ្យអាក់ខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ លោកស្រី Wongនិយាយថា ទំនាក់ទំនងរវាងអូស្រ្តាលី និងជប៉ុន នឹងដើរតួនាទីសំខាន់ ស្របពេលដែលច្រកសមុទ្រ Hormuz នៅតែបន្តបិទចំពោះការធ្វើនាវាចរណ៍តាមសមុទ្រ ។លោកស្រីបន្តថា ខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកយើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ។ ការនាំចូលប្រេងពីប្រទេសដៃគូដូចជាជប៉ុន នឹងជំរុញឲ្យអូស្រ្តាលីបន្តក្លាយជាប្រទេសនាំចេញថាមពល និងចំណីអាហារដ៏គួរឲ្យទុកចិត្តទៅកាន់ពិភពលោក ។ ជំនួបរដ្ឋមន្រ្តីការបរទេសនេះដែរ បានកើតមានឡើង មុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ទៅកាន់ទីក្រុង Canberra នាសប្តាហ៍ក្រោយ ។ អូស្រ្តាលីដែលនាំចូលប្រេងភាគច្រើនរបស់ខ្លួននោះ បានជួបកង្វះខាតក្នុងស្រុក អំឡុងសង្រ្កាមតំបន់មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ ពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់ ៕

យោធាប្រទេសនីហ្សេរីយ៉ា គាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិក្នុងស្រុក

04/28/2026 05:04 PM        64
ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិរបស់ប្រទេសនីហ្សេរីយ៉ា Terra Industries បានធ្វើឲ្យមានការទាក់ទាញចំណាប់អារម្មណ៍កាលពីថ្ងៃចន្ទដោយការបង្ហាញប្រព័ន្ធការពារជាតិស្វ័យប្រវត្តិចុងក្រោយរបស់ខ្លួន។ ការចាប់ផ្តើមដំណើរការនេះ បង្ហាញពីការផ្លាស់ប្តូរការផ្តោតសំខាន់របស់ក្រុមហ៊ុនពីសន្តិសុខហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ទៅជាការអនុវត្តផ្នែកយោធាដោយផ្ទាល់ជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនីហ្សេរីយ៉ា។លោក Nathan Nwachuku សហស្ថាបនិកនៃក្រុមហ៊ុន Terra Industries បាននិយាយថា «ថ្ងៃនេះ យើងកំពុងបង្ហាញប្រព័ន្ធការពារជាតិថ្មីៗដូចជា យានដ្រូនស្ទាក់ចាប់ ឧបករណ៍បោសសម្អាតគ្រាប់មីន យានដែលអាចរកឃើញឧបករណ៍បំផ្ទុះកែច្នៃនៅលើដី និងកម្មវិធី software ស៊ើបការណ៍សម្ងាត់នៅសមរភូមិរបស់យើង ដែលនឹងអាចធ្វើស្វ័យប្រវត្តិកម្មដំណើរការរៀបចំផែនការ និងសម្របសម្រួលយោធា។ ប៉ុន្តែហួសពីនេះ យើងក៏បានបង្ហាញពីការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនៅសមរភូមិ និងការដាក់ពង្រាយជាក់ស្តែងនៅសមរភូមិ»។ក្រុមហ៊ុន Terra Industries បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយសាជីវកម្មឧស្សាហកម្មការពារជាតិ (DICON) គ្រប់គ្រងដោយរដ្ឋនីហ្សេរីយ៉ា កាលពីខែកុម្ភៈ។ លោក Babatunde Ayala អគ្គនាយកសាជីវកម្មនេះ បាននិយាយថា កិច្ចសហការគឺចាំបាច់។បច្ចុប្បន្នក្រុមហ៊ុន Terra Industries ការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមានតម្លៃប្រហែល ១១ ពាន់លានដុល្លារនៅទូទាំងទ្វីបអាហ្វ្រិក។

ប្រមុខអង្គការសមុទ្រអន្តរជាតិ អំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ការជម្លៀសនាវិកពីច្រកសមុទ្រ Hormuz

04/28/2026 05:04 PM        65
លោក Arsenio Dominguez អគ្គលេខាធិការអង្គការសមុទ្រអន្តរជាតិ (IMO) បានអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ការជម្លៀសនាវិកដែលជាប់ខ្លួននៅច្រកសមុទ្រ Hormuz។ នៅក្នុងសន្និសីទសារព័ត៌មានរបស់លោកទៅកាន់ក្រុមប្រឹក្សាសន្តិសុខស្តីពី «សុវត្ថិភាព និងការការពារផ្លូវទឹកនៅក្នុងដែនសមុទ្រ» លោក Dominguez បានស្នើសុំឱ្យរដ្ឋនានា គាំទ្រផែនការរបស់អង្គការសមុទ្រអន្តរជាតិ (IMO) ដើម្បីសម្រួលដល់ការជម្លៀសនាវិកដែលរងផលប៉ះពាល់។ជម្លោះភូមិសាស្ត្រនយោបាយជុំវិញច្រកសមុទ្រ Hormuz កំពុងមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើនាវិក និងការដឹកជញ្ជូនទំនិញព្រមទាំងទៅលើប្រជាជន និងសេដ្ឋកិច្ចពិភពលោក។ លោក Dominguez បាននិយាយថា នាវិកប្រហែល ២០.០០០នាក់ និងនាវាជិត ២.០០០គ្រឿងនៅតែជាប់គាំងនៅឈូងសមុទ្រពែក្ស។លោកបានស្នើសុំឱ្យរដ្ឋនានាផ្តល់ជំនួយបច្ចេកទេស និងប្រតិបត្តិការស៊ីវិលណាមួយ ដើម្បីដំណើរការក្របខ័ណ្ឌជម្លៀសរបស់អង្គការសមុទ្រអន្តរជាតិ (IMO)។ លោកក៏បានស្នើសុំឱ្យរដ្ឋនានា ជួយបោសសំអាតគ្រោះថ្នាក់ចំពោះនាវាពាណិជ្ជកម្មដែលកំពុងធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz រួមទាំងបោសសម្អាតគ្រាប់មីនផងដែរ។លោក Dominguez បានស្នើសុំបន្ថែមទៀតថា រដ្ឋនានាត្រូវផ្តល់ការធានាជាក់ស្តែងដល់វិស័យដឹកជញ្ជូន រួមទាំងការទទួលបានធានារ៉ាប់រងក្នុងតម្លៃសមរម្យ ដើម្បីឱ្យអាចបន្តប្រតិបត្តិការជាប្រក្រតីឡើងវិញ បានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
05/09/2026 03:05 PM
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
05/09/2026 03:05 PM
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
05/09/2026 02:05 PM
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
05/09/2026 02:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន
05/09/2026 01:05 PM
កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា
05/09/2026 01:05 PM
ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/09/2026 01:05 PM
នាយករដ្ឋមន្ត្រី៖ លីបង់លីបង់កំពុងស្វែងរកការពង្រីងនូវការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល មុនពេលការចរចាជុំបន្ទាប់
05/09/2026 01:05 PM
សហភាពអឺរ៉ុប អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិកដើម្បីកាត់បន្ថយបញ្ហាកង្វះប្រេង
05/09/2026 01:05 PM
លោកTrump៖ សហរដ្ឋអាមេរិក រំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក
05/09/2026 12:05 PM