ស្វែងរក

នាយករដ្ឋមន្ត្រី៖ ការវាយប្រហារភេរវកម្ម មានគោលបំណងដណ្តើមអំណាច និងធ្វើឱ្យអន្តរកាលនៅម៉ាលីរង្គោះរង្គើ

04/28/2026 05:04 PM        72
នាយករដ្ឋមន្ត្រីប្រទេសម៉ាលី លោក Abdoulaye Maiga បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារភេរវកម្មដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស មិនត្រឹមតែជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែមានគោលបំណង «ដណ្តើមអំណាច រុះរើស្ថាប័នសាធារណៈរបស់ប្រទេស និងបញ្ចប់ដំណើរការអន្តរកាល»។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Maiga បាននិយាយថា ប្រទេសម៉ាលី បានកាន់ទុក្ខដោយការវាយប្រហារក្នុងពេលដំណាលគ្នានៅក្នុងតំបន់ជាច្រើន ដែលបានសម្លាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sadio Camara រួមជាមួយជនរងគ្រោះស៊ីវិល និងយោធា និងបានបណ្តាលមនុស្សជាច្រើនទៀតរងរបួស។លោកបាននិយាយថា ក្រុមអ្នកវាយប្រហារបានព្យាយាមផ្សព្វផ្សាយការបំភិតបំភ័យ និងមន្ទិលសង្ស័យ ធ្វើឱ្យខូចដល់សាមគ្គីភាពជាតិ និងធ្វើឱ្យការតាំងចិត្តរបស់ប្រទេសម៉ាលីចុះខ្សោយ ដោយបញ្ជាក់ថា គោលបំណងទាំងនេះ បានបរាជ័យ។ លោក Maiga និយាយថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីអន្តរកាល និងជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ យោធារបស់ប្រទេសម៉ាលី បាន «ឆ្លើយតបយ៉ាងខ្លាំងក្លា» ដោយកម្ទេចក្រុមភេរវកររាប់រយនាក់នៅទូទាំងប្រទេស។

ប្រទេសន័រវេស និងអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងផលិតយានដ្រូនអ៊ុយក្រែន នៅន័រវេស

04/28/2026 05:04 PM        49
រដ្ឋាភិបាលប្រទេសន័រវេស បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសន័រវេស និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមការផលិតយានដ្រូនអ៊ុយក្រែនរួមគ្នានៅប្រទេសន័រវេស។សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិន័រវេសបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងគីវដោយឯកអគ្គរដ្ឋទូតន័រវេសប្រចាំប្រទេសអ៊ុយក្រែន និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន។ក្រុមហ៊ុនផលិតរបស់អ៊ុយក្រែន បានប្រាប់ក្រសួងការពារជាតិន័រវេសថា ខ្លួនរំពឹងថាប្រព័ន្ធផលិតដោយប្រទេសន័រវេសដំបូងនឹងត្រូវបានដឹកជញ្ជូនទៅឱ្យអ៊ុយក្រែននៅមុនរដូវក្តៅនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍។រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស បាននិយាយថា កិច្ចសហប្រតិបត្តិការនេះគឺជា «ជំហានដ៏សំខាន់ និងជាក់ស្តែង» ឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការការពារជាតិន័រវេស-អ៊ុយក្រែន កាន់តែស៊ីជម្រៅ។កិច្ចព្រមព្រៀងនេះ ក៏នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគី រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា។

លោក Rubio ៖ អ៊ីរ៉ង់កំពុងប្រើប្រាស់ច្រកសមុទ្រ Hormuz ជាអាវុធនុយក្លេអ៊ែរសេដ្ឋកិច្ច

04/28/2026 05:04 PM        58
 រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយនៅក្នុងបទសម្ភាសន៍ថា អ៊ីរ៉ង់កំពុងប្រើប្រាស់ការគំរាមកំហែងរបស់ខ្លួន ដើម្បីបង្អាក់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ជាអាវុធនុយក្លេអ៊ែរសេដ្ឋកិច្ច ហើយលោកថា ទីក្រុងតេអេរ៉ង់ កំពុងព្យាយាមដាក់សម្ពាធពិភពលោក ខណៈពន្យាពេលកិច្ចប្រជុំលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News Channel លោក Rubioនិយាយថា បញ្ហានុយក្លេអ៊ែរ នៅតែជាកិច្ចខិតខំស្នូលនៃគោលជំហររបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ហើយសម្ពាធលើរបបមួយនេះ បានតានតឹងរួចទៅហើយ ។ លោកថា សំនួរនុយក្លេអ៊ែរ គឺជាហេតុផលដែលពួកយើងស្ថិតនៅលើទីតាំងដំបូងគេបែបនេះ ។ គួរឲ្យដឹងថា ជម្លោះនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានក្លាយជាបញ្ហាជាយូរមកហើយ ក្នុងនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដកប្រទេសរបស់លោកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ហើយនិងគំរាមវាយប្រហារដោយយោធាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ។ មន្រ្តីសហរដ្ឋអាមេរិកមួយរូបនិយយថា លោក Trumpពុំសប្បាយចិត្តនោះទេចំពោះសំណើចុងក្រោយរបស់អ៊ីរ៉ង់ ក្នុងការដោះស្រាយសង្រ្គាមរយៈពេល ២ខែរបស់ពួកគេ ធ្វើឲ្យក្តីសង្ឃឹមកាន់តែបាត់ស្រមោលសម្រាប់ដំណោះស្រាយជម្លោះ ដែលបានធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់ថាមពល អតិផរណាហក់ឡើងខ្ពស់ និងសម្លាប់មនុស្សរាប់ពាន់នាក់ ។ សំណើចុងក្រោយរបស់អ៊ីរ៉ង់ដកចេញការជជែកគ្នាពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ រហូតដល់សង្រ្គាមត្រូវបានបញ្ចប់ ហើយនិងជម្លោះជុំវិញការដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រ ត្រូវបានដោះស្រាយរួចរាល់ ៕

ណាតូពិចារណាបញ្ចប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលអាចដោយសារបញ្ហារកាំរកូសជាមួយលោក Trump

04/28/2026 05:04 PM        47
ប្រភពចំនួន ៦ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អង្គការណាតូ (NATO) កំពុងពិចារណាបញ្ចប់ការអនុវត្តថ្មីៗរបស់ខ្លួន ក្នុងការរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ជាចំណាត់ការមួយដែលអាចបញ្ចៀសការប្រឈមមុខតានតឹងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឆ្នាំចុងក្រោយនៃការកាន់តំណែងរបស់លោក។រដ្ឋបាលរបស់លោក Trump បានរិះគន់ខ្លាំងៗម្តងហើយម្តងទៀត ចំពោះសមាជិកចំនួន ៣១ប្រទេសផ្សេងទៀតរបស់សម្ព័ន្ធមិត្តការពារជាតិដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ដោយថ្មីៗនេះ បានស្តីបន្ទោសរដ្ឋខ្លះ ដែលមិនផ្តល់ជំនួយបន្ថែមដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ភាពញឹកញាប់នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ មានភាពខុសប្លែកគ្នាក្នុងប្រវត្តិសាស្ត្រ ៧៧ឆ្នាំរបស់សម្ព័ន្ធមិត្ត ប៉ុន្តែថ្នាក់ដឹកនាំរបស់សម្ព័ន្ធនេះ បានជួបគ្នារៀងរាល់រដូវក្តៅ ចាប់តាំងពីឆ្នាំ២០២១ មក ហើយនឹងជួបជុំគ្នា នៅឆ្នាំ២០២៦ នៅរដ្ឋធានី Ankara ប្រទេសទួរគី នាថ្ងៃទី៧ និងទី៨ ខែកក្កដា។ប៉ុន្តែសមាជិកមួយចំនួន កំពុងជំរុញឲ្យបន្ថយការរៀបចំនេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់អឺរ៉ុបម្នាក់ និងអ្នកការទូតចំនួន ៥នាក់ ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដោយអ្នកទាំងអស់នេះមកពីប្រទេសសមាជិកអង្គការណាតូ ។អ្នកការទូតម្នាក់ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាល់បានី ទំនងជានឹងធ្វើឡើងនៅរដូវស្លឹកឈើជ្រុះឆ្នាំនោះ ហើយអង្គការណាតូកំពុងពិចារណាមិនរៀបចំកិច្ចប្រជុំកំពូលណាមួយឡើយ នៅឆ្នាំ២០២៨ ពោលគឺជាឆ្នាំមានការបោះឆ្នោតប្រធានាធិបតីអាមេរិក និងជាឆ្នាំចុងក្រោយរបស់លោក Trump ក្នុងការកាន់តំណែង៕

រដ្ឋមន្ត្រីរតនាគារអាមេរិក៖ អាជីវកម្មមានទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ប្រឈមនឹងទណ្ឌកម្ម

04/28/2026 05:04 PM        60
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយកាលពីថ្ងៃចន្ទ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះថា អាជីវកម្មដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ប្រឈមនឹងការរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកការព្រមាននេះថា ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ក្នុងអំឡុងពេលមានសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងមកថា អ៊ីរ៉ង់បានចាប់ផ្ដើមជើងហោះហើរពាណិជ្ជកម្មឡើងវិញជាលើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងតេអេរ៉ង់ គិតចាប់តាំងពីមានសង្គ្រាម។ សារព័ត៌មាននេះក៏បានរាយការណ៍ដែរថា ជើងហោះហើរត្រូវបានគ្រោងចេញដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគី រដ្ឋធានីមូស្កាតរបស់អូម៉ង់ ទីក្រុងមេឌីណារបស់អារ៉ាប៊ីសាអ៊ូឌីត ហើយទៅកាន់ប្រទេសអ៊ីរ៉ាក់ និងកាតា។ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ «ការគ្រប់គ្រងហិរញ្ញវត្ថុ» លើរដ្ឋាភិបាលអ៊ីរ៉ង់។ លោក Bessent បានលើកឡើងនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា៖ «ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលត្រូវបានដាក់ទណ្ឌកម្ម ប្រឈមនឹងការរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។លោកបានសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលបរទេស គួរតែចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាថា ក្រុមហ៊ុននៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ មិនបានផ្តល់សេវាកម្មដល់យន្តហោះទាំងនោះឡើយ ក្នុងនោះរួមមានទាំងការផ្តល់ប្រេងឥន្ធនៈយន្តហោះ ការផ្តល់ម្ហូបអាហារ ថ្លៃចុះចត ឬការថែទាំផងដែរ»។លោក Bessent បានបន្ថែមថា ក្រសួងរតនាគារ «នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការ ចំពោះភាគីទី៣ ណាមួយដែលសម្របសម្រួល ឬធ្វើអាជីវកម្មជាមួយអង្គភាពអ៊ីរ៉ង់»៕

ការបង្អាក់ពីសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ដល់កុមារខ្វះអាហារូបត្ថម្ភនៅប្រទេសសូម៉ាលី

04/28/2026 05:04 PM        42
 ការបង្អាក់ពីសង្រ្គាមអ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងការផ្គត់ផ្គង់ដល់កុមារខ្វះអាហារូបត្ថម្ភនៅទីក្រុងភាគនិរតី Baidoa របស់ប្រទេសសូម៉ាលី ។ អ្នកស្រី Muumino Adan Aamin គឺជាពលរដ្ឋសូម៉ាលីមួយរូបអាយុ ៣៨ឆ្នាំ រស់នៅក្នុងទីក្រុង Baidoa បាននាំកូន Ruweido អាយុ ១១ខែរបស់គាត់ ទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីខែមីនាកន្លងទៅ ពេលដែលកូនរបស់គាត់ជួបកង្វះខាតអាហារូបត្ថម្ភ ។ បច្ចុប្បន្ន អ្នកស្រី Muumino រស់នៅក្នុងជំរំជនភៀសខ្លួន ក្រោយបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះរបស់គាត់កាលពីដើមឆ្នាំមុន ។ អ្នកស្រីនិយាយថា អ្នកស្រី បានជម្លៀសខ្លួន ដោយសារតែគ្រោះរាំងស្ងួតបណ្តាលឲ្យមានភាពអត់ឃ្លាន និងខ្វះខាតទឹកប្រើប្រាស់ ក៏ដូចជាទឹកជំនន់ ។ នោះហើយជាជាហេតុផលដែលគាត់សម្រេចចិត្តមករស់នៅក្នុងជំរំ Dan Yar ។ កាលពីឆ្នាំ ២០១៧ អ្នកស្រី Muumino ធ្លាប់បានជម្លៀសខ្លួនម្តងរួចមកហើយ ដោយសារគ្រោះរាំងស្ងួតដដែល ហើយស្ទើតែបាត់បង់កូនស្រីរបស់គាត់ម្នាក់ដែលបច្ចុប្បន្ននាងមានអាយុ ១២ឆ្នាំហើយ ដែលបានរស់រាន ក្រោយទទួលបានការព្យាបាលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។ សូមបញ្ជាក់ថា សង្រ្គាមនៅអ៊ីរ៉ង់ បង្កឲ្យមានការអាក់ខានការដឹកជញ្ជូនសកល ហើយមន្ទីរពេទ្យព្យាយបាលកុមារជួបកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរនៅប្រទេសសូម៉ាលី កំពុងជួបស្ថានភាពលំបាកដោយសារគ្មានគ្រឿងផ្គត់ផ្គង់ ៕

ឥណ្ឌាជំរុញឲ្យមានការសន្ទនានៅជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិអង្គការ SCO ស្របពេលសង្រ្គាមអ៊ីរ៉ង់

04/28/2026 05:04 PM        58
 អំឡុងជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិរបស់អង្គការសហប្រតិបត្តិការសៀងហៃ(SCO)ក្នុងទីក្រុង Bishkek នាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Rajnath Singh បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការសន្ទនា និងវិស័យការទូត ស្របពេលភាពពុំច្បាស់លាស់សកល ។ អង្គការ SCO គឺជាក្រុមប្រទេសនយោបាយ និងសន្តិសុខអឺរ៉ាស៊ីមានសមាជិកចំនួន ១០ប្រទេស ដែលសមាជិករបស់ពួកគេ រួមមានទាំងចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់ ។ លោក Singh និយាយនៅក្នុងជំនួបនេះថា រដ្ឋជាសមាជិក មាននូវទំនួលខុសត្រូវរួម ដើម្បីធានាសន្តិភាព និងស្ថិរភាពសកល ។ លោកនិយាយទៀតថា ពួកយើងគួរតែដើរតាមមាគ៌ានៃការសន្ទនា និងវិស័យការទូត ហើយមិនមែនជាកម្លាំងមិនស្ថិតស្ថេរបែបហ្នឹងនោះទេ ។ ពួកយើងមិនគួរឲ្យវាក្លាយជាយុគសម័យអំពើហិង្សា និងសង្រ្គាមនោះទេ ប៉ុន្តែជាយុគសម័យសន្តិភាព និងវិបុលភាព ។ ទីក្រុងញូវដែលី និយាយថា លោក Singh បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិចិនលោក Dong Jun ផងដែរ នៅក្រៅជំនួបមួយនេះ ជាទីដែលពួកគេទាំង ២ បានពិភាក្សាលើសន្តិសុខក្នុងតំបន់ និងការចូលរួមវិស័យការពារជាតិ ៕

អូស្ត្រាលីចង់យកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រសិនបើពួកគេមិនបង់ប្រាក់ឲ្យស្ថាប័នព័ត៌មាន

04/28/2026 04:04 PM        72
ប្រទេសអូស្ត្រាលីបានបង្ហាញសេចក្តីព្រាងច្បាប់ នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ ដែលនឹងដាក់បន្ទុកពន្ធ លើក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស ដូចជា Meta, Google និង TikTok ជាដើម ប្រសិនបើក្រុមហ៊ុនទាំងនោះមិនធ្វើកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត ដើម្បីបង់ប្រាក់ឲ្យស្ថាប័នព័ត៌មានក្នុងស្រុក សម្រាប់ព័ត៌មាន។ក្រុមហ៊ុនសារព័ត៌មានប្រពៃណីទូទាំងពិភពលោក កំពុងជួបការលំបាកក្នុងការតស៊ូ ដើម្បីបន្តរស់ ខណៈដែលអ្នកអាន កំពុងប្រើប្រាស់ព័ត៌មានរបស់ពួកគេកាន់តែច្រើនឡើងៗ តាមរយៈបណ្ដាញសង្គម។ ប្រទេសអូស្ត្រាលីចង់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ផ្តល់សំណងដល់ក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក សម្រាប់ការចែករំលែកអត្ថបទព័ត៌មានដែលចរាចរនៅលើវេទិការបស់ពួកគេ។លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស Meta, Google និង TikTok នឹងត្រូវបានផ្តល់ឱកាសឲ្យធ្វើកិច្ចព្រមព្រៀងមាតិកាជាមួយស្ថាប័នសារព័ត៌មានក្នុងស្រុក។ លោកបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនទាំងនោះបដិសេធ ពួកគេប្រឈមជាមួយបន្ទុកពន្ធជាកាតព្វកិច្ចដែលមានចំនួន ២,២៥ភាគរយនៃប្រាក់ចំណូលអូស្ត្រាលីរបស់ពួកគេ។លោក Albanese បានប្រាប់អ្នកសារព័ត៌មានថា៖ «វេទិកាឌីជីថលធំៗ មិនអាចគេចពីកាតព្វកិច្ចរបស់ពួកគេបានឡើយ ក្រោមច្បាប់ចរចាបង់ប្រាក់ឲ្យស្ថាប័នសារព័ត៌មាន។ នៅពេលនេះ មានក្រុមហ៊ុន ៣ គឺ Meta, Google និង TikTok»។សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើង ដើម្បីបញ្ឈប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកុំឲ្យដកព័ត៌មានចេញពីវេទិការបស់ពួកគេ ជាអ្វីដែលក្រុមហ៊ុន Meta និង Google ធ្លាប់បានធ្វើនៅបរទេស កាលពីអតីតកាល៕

ការចំណាយលើវិស័យយោធារបស់សហភាពអឺរ៉ុបកើនឡើង១៤% ខណៈរងសម្ពាធពីអាមេរិក

04/28/2026 04:04 PM        52
យោងតាមរបាយការណ៍ថ្មីមួយចេញដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកខុម(SIPRI) បានឲ្យដឹងកាលពីថ្ងៃចន្ទ២៨មេសាសប្ដាហ៍នេះថា ការចំណាយលើវិស័យយោធាជាសកលបានកើនឡើង ២,៨៩ សែនកោដិដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង២,៩% ពី ឆ្នាំ២០២៤។ជាការកត់សម្គាល់ការចំណាយលើវិស័យយោធារបស់សហភាពអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ដោយហក់ឡើង១៤% ដល់៨៦៤ពាន់លានដុល្លារអាមេរិក។ នេះគឺជាឆ្នាំទី ១១ ជាប់ៗគ្នានៃកំណើនចំណាយយោធាសកល ដែលជំរុញឱ្យការចំណាយយោធាជាចំណែកនៃផលិតផលក្នុងស្រុកសរុបសកល GDP កើនឡើងដល់ ២,៥% ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩។ក្នុងចំណោមសមជិកណាតូរបស់ប្លុកអឺរ៉ុប ២៩ប្រទេស បានរាយការណ៍ពីកញ្ចប់ថវិកាយោធារួមបញ្ចូលគ្នា ចំនួន ៥៥៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ក្នុងចំណោមនោះ មាន២២ប្រទេស កំពុងបង្កើនយ៉ាងហោចណាស់២% នៃផលិតផលក្នុងស្រុកសរុប GDPរបស់ពួកគេលើវិស័យយោធា។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិក នៅតែជាអ្នកចំណាយផ្នែកវិស័យយោធាច្រើនជាងគេបំផុតរបស់ពិភពលោក ដោយមានទំហំទឹកប្រាក់ចំនួន ៩៥៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥៕

កម្ពុជានាំចេញកៅស៊ូ និងផលិតផលពីកៅស៊ូ ក្នុងរយៈពេល ៣ខែឆ្នាំនេះ មានទឹកប្រាក់ជាង ៦៤៨ លានដុល្លារ

04/28/2026 04:04 PM        141
កម្ពុជានាំចេញកៅស៊ូមិនទាន់កែច្នៃ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ សរុបជាង ៦៤៨ លានដុល្លារអាមេរិក កើនឡើង ៤២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ នៃការនាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦នេះ មានទឹកប្រាក់សរុប ៦៤៨ លាន ដុល្លារអាមេរិក ក្នុងនោះការរនាំចេញកៅស៊ូកៅស៊ូធម្មជាតិ ផលិតជាបន្ទះ និងសន្លឹកជាដើម មានទឹកប្រាក់ជាង ១២៧ លានដុល្លារ អាមេរិក កើនឡើងជាង ១៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥, កម្ពុជាបាននាំចេញទៅប្រទេសវៀតណាម មានទឹកប្រាក់ជាង ១០៤ លានដុល្លារ កើន ៤ ភាគរយ, ប្រទេសចិន ជាង ១៣ លានដុល្លារ កើន ៤៨៤ ភាគរយ, ម៉ាឡេស៊ី ជាង ៣ លានដុល្លារ កើន ជាង ៦៦ ភាគរយ, សឹង្ហបុរី ជាង ១ លានដុល្លារ កើន ១៣៣ ភាគរយ និងនៅមានទីផ្សារជាច្រើនទៀត ដែលបានជួយជ្រោមជ្រែង ដល់ការនាំចេញកៅស៊ូកម្ពុជា។ចំណែកផលិតផលធ្វើពីកៅស៊ូដែលកែច្នៃរួច ដូចជាសំបកង់ឡានជាដើម នៅក្នុងរយៈពេលនេះដែរ, កម្ពុជាបាននាំចេញ មាន ទឹកប្រាក់សរុបជាង ៤៧២ លានដុល្លារអាមេរិក កើនឡើង ជាង ៤២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ក្នុងនោះទីផ្សារ ដែលជួយគាំទ្រដល់ការនាំចេញរួមមាន៖ សហរដ្ឋអាមេរិក ប្រេស៊ីល, កាណាដា, បារាំង និងការនាំចេញទៅកាន់ប្រទេសផ្សេងៗ ជាច្រើនទៀត។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ការធ្វើពាណិជ្ជកម្មនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជិត ១៧ ពាន់លានដុល្លារ កើនឡើងជាង ១៧ ភាគយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ កើន ជិត ១៨ ភាគរយ ខណៈការនាំចូលពី បរទេស មានចំនួនជាង ៨,៨ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
05/09/2026 03:05 PM
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
05/09/2026 03:05 PM
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
05/09/2026 02:05 PM
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
05/09/2026 02:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន
05/09/2026 01:05 PM
កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា
05/09/2026 01:05 PM
ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/09/2026 01:05 PM
នាយករដ្ឋមន្ត្រី៖ លីបង់លីបង់កំពុងស្វែងរកការពង្រីងនូវការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល មុនពេលការចរចាជុំបន្ទាប់
05/09/2026 01:05 PM
សហភាពអឺរ៉ុប អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិកដើម្បីកាត់បន្ថយបញ្ហាកង្វះប្រេង
05/09/2026 01:05 PM
លោកTrump៖ សហរដ្ឋអាមេរិក រំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក
05/09/2026 12:05 PM