ស្វែងរក

មន្ត្រីការពារជាតិជាន់ខ្ពស់៖ ហ្វីលីពីនមិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកងាកចេញពីតំបន់នោះទេ

04/28/2026 07:04 PM        58
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសហ្វីលីពីន មិនមានក្ដីបារម្ភនោះឡើយ អំពីការថយចុះសមត្ថភាពទប់ស្កាត់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារតែសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ទោះបីជាលោកបានព្រមានថា ប្រទេសចិនអាចព្យាយាមចាប់យកឱកាសជាក់ស្ដែងណាមួយក៏ដោយ។ការអត្ថាធិប្បាយរបស់លោក Gilberto Teodoro បានកើតឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters ក្នុងអំឡុងពេលមានសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ជាមួយសហរដ្ឋអាមេរិក ដែលបានទាក់ទាញប្រទេសចូលរួមច្រើនបំផុតមិនធ្លាប់មាន ក្នុងនោះរួមទាំងកងទ័ពប្រយុទ្ធរបស់ជប៉ុនជាលើកដំបូងផងដែរ។លោក Teodoro បានបន្ថែមថា សកម្មភាពថ្មីៗរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់គឺ «មិនមែនអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ» ដោយនិយាយថា ទីក្រុងប៉េកាំងហាក់ដូចជាទាញយកអត្ថប្រយោជន៍នៅពេលដែលខ្លួនយល់ថា មហាអំណាចជាគូប្រជែង កំពុងជាប់ដៃនៅកន្លែងផ្សេង។លោក Teodoro បានបញ្ជាក់បន្ថែមថា លោកមានទំនុកចិត្តទាំងស្រុង លើសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ដែលជាកតិកាសញ្ញាសន្តិសុខយូរអង្វែង រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន ហើយមិនមានក្ដីបារម្ភឡើយ ជុំវិញអ្វី ដែលថា សង្គ្រាមអ៊ីរ៉ង់អាចធ្វើឲ្យចុះខ្សោយសមត្ថភាពជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី។ថ្មីៗនេះ ប្រទេសចិនបានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការធ្វើដំណើររបស់នាវាផ្ទុកយន្តហោះឆ្លងកាត់ច្រកសមុទ្រនេះផងដែរ។ ទីក្រុងម៉ានីល និងប៉េកាំង បានជាប់នៅក្នុងការប្រឈមមុខដាក់គ្នាតាមសមុទ្រជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពាក់ព័ន្ធនឹងការអះអាងសិទ្ធិរៀងខ្លួនៗ៕

មនុស្សជាច្រើននាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះការដ្ឋានសំណង់អគារកំពុងសាងសង់នៅទីក្រុងមូស្គូ

04/28/2026 07:04 PM        37
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា ចំនួនមនុស្សស្លាប់សរុបនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះការដ្ឋានសំណង់នៅតំបន់ភាគខាងជើងទីក្រុងមូស្គូ បានកើនឡើងដល់ ៥នាក់ ។ពួកគេរាយការណ៍ថា បច្ចុប្បន្ន ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានសង្រ្គោះមនុស្ស ៣១នាក់ ដោយប្រើប្រាស់ឧបករណ៍សង្រ្គោះ ដូចជាដងស្ទួច ។ មនុស្ស ៩នាក់ ទទួលបានការត្រួតពិនិត្យសុខភាពពីមន្រ្តីសុខាភិបាល ។ពួកគេបន្តថា ដងស្ទួចត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណអគារ ខណៈអង្គភាពពន្លត់ហ្គាស និងសេវាកម្មការពារផ្សែង បន្តការងាររបស់ពួកគេនៅក្នុងអគាររងការឆាប់ឆេះ ។ក្រសួងនិយាយទៀតថា ក្រុមមន្រ្តីជួយសង្រ្គោះជាង ១២០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ក៏ដូចជាដងស្ទួចជាង ៣០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងហេតុ ។ អគ្គិភ័យនេះ ស្ថិតក្នុងគ្រោះថ្នាក់កម្រិតទី ៥ ដែលជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត ។ពួកគេបានរាយការណ៍ពីដំបូងថា អគ្គិភ័យបានឆាបឆេះឡើងនៅអគារកម្ពស់ច្រើនជាន់ដែលកំពុងស្ថិតក្រោមការសាងសង់ ហើយមនុស្សជាង ២០០នាក់ បាននៅក្នុងអគារ ៕

អ៊ីរ៉ង់៖ អាមេរិកលែងមានឥទ្ធិពល «កំណត់» គោលនយោបាយដល់ប្រទេសដទៃទៀតហើយ

04/28/2026 07:04 PM        50
អ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានលើកឡើងថា សហរដ្ឋអាមេរិកលែងអាច «កំណត់» អ្វីដែលប្រទេសដទៃត្រូវធ្វើទៀតហើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានថ្លឹងថ្លែងលើសំណើថ្មីពីទីក្រុងតេអេរ៉ង់ ជុំវិញការបិទច្រកសមុទ្រ Hormuz។ចាប់តាំងពីដើមដំបូងនៃសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់បានបិទផ្លូវទឹកយុទ្ធសាស្ត្រនេះយ៉ាងមានប្រសិទ្ធភាព ដោយបានបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់ទីផ្សារថាមពលសកល និងធ្វើឲ្យច្រកសមុទ្រនេះកា្លយជាចំណុចកណ្តាលនៃការចរចា ដើម្បីបញ្ចប់ជម្លោះ។បើយោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ លោក Reza Talaei-Nik បាននិយាយថា «សហរដ្ឋអាមេរិកលែងមានឥទ្ធិពលកំណត់គោលនយោបាយរបស់ខ្លួនដល់ប្រទេសឯករាជ្យទៀតហើយ» ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹង «ត្រូវទទួលយកថា ខ្លួនត្រូវតែបោះបង់ចោលការទាមទារខុសច្បាប់ និងមិនសមហេតុផលរបស់ខ្លួន»។ទោះបីជាបទឈប់បាញ់បានបញ្ឈប់ការប្រយុទ្ធគ្នា រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ក៏ការចរចា ស្តីពីការឈានដល់ការបញ្ចប់ជាអចិន្ត្រៃយ៍ ចំពោះជម្លោះនេះ មិនទាន់ចេញជាលទ្ធផលច្បាស់លាស់នៅឡើយទេ។សំណើដែលកំពុងត្រូវបានពិចារណានៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា នឹងមានការបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដែលជាផ្លូវដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកល ខណៈដែលការចរចាទូលំទូលាយ ស្ដីអំពីសង្គ្រាម នៅតែបន្តមាន៕

ចិនជំរុញអាមេរិកឲ្យបញ្ឈប់បំពានទណ្ឌកម្ម ក្រោយវាយប្រហារក្រុមហ៊ុនចម្រាញ់ប្រេងរបស់ពួកគេ

04/28/2026 07:04 PM        50
 ក្រសួងការបរទេសចិន អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់អនុវត្តខុស ក្នុងការបំពានទណ្ឌកម្មរបស់ខ្លួន ក្រោយពួកគេវាយប្រហារក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យធំបំផុតរបស់ចិន ដោយសារចោទប្រកាន់ពួកគេថា បានទិញប្រេងអ៊ីរ៉ង់ ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា ចិនតែងតែជំទាស់ឥតឈប់ឈរចំពោះទណ្ឌកម្មខុសច្បាប់ឯកតោភាគីដែលខ្វះមូលដ្ឋានច្បាប់អន្តរជាតិ ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនចម្រាញ់ប្រេងនោះ ស្ថិតក្នុងចំណោមអតិថិជនធំបំផុតរបស់អ៊ីរ៉ង់សម្រាប់ប្រេងឆៅ និងផលិតផលប្រេងសាំង ។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានច្រានចោលរាល់ទំនាក់ទំនងណាមួយជាមួយអ៊ីរ៉ង់ ហើយនិងជំរុញឲ្យអាមេរិកដកចេញវិញទណ្ឌកម្មរបស់ពួកគេ ។ ក្រុមហ៊ុន Hengli Petrochemical ដែលប្រតិបត្តិការចម្រាញ់ប្រេង ៤០ម៉ឺនបារ៉ែលក្នុង ១ថ្ងៃនៅទីក្រុងតំបន់ឆ្នេរភាគឦសាន Dalian បាននិយាយកាលពីថ្ងៃអាទិត្យថា រោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈរបស់ពួកគេ នៅប្រតិបត្តិការធម្មតា ដោយពួកគេទទួលបានប្រេងឆៅដែលអាចដំណើរការបានរយៈពេលជាង ៣ខែទៀត ៕

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅខេត្តប៉ាពួរបស់ឥណ្ឌូនេស៊ី ខណៈមនុស្សរាប់រយនាក់តវ៉ាប្រឆាំងនឹងវត្តមានយោធា

04/28/2026 07:04 PM        55
 នគរបាលនិយាយថា ក្រុមនិស្សិត និងជនស៊ីវិល បានប៉ះទង្គិចគ្នាជាមួយក្រុមមន្រ្តីអនុវត្តច្បាប់នៅខេត្តប៉ាពួ ប្រទេសឥណ្ឌូនេស៊ី អំឡុងបាតុកម្មមានការចូលរួមដោយអ្នកស្រុករាប់រយនាក់ ទាមទារឲ្យដកចេញមន្រ្តីយោធាពីតំបន់របស់ពួកគេ ។ ប្រតិបត្តិការយោធា បានធ្វើឡើងនៅក្នុងតំបន់កាលពីដើមខែនេះ ដោយសារមនុស្ស ១៥នាក់ស្លាប់ រួមទាំងស្រ្តី និងកុមារផងដែរ ។ កាលពីសប្តាហ៍មុន ក្រុមឃ្លាំមើលសិទ្ធិមនុស្សឥណ្ឌូនេស៊ី បានបញ្ជាក់ពីការស្លាប់របស់មនុស្សទាំង ១៥នាក់នេះ ហើយពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលចុះប្រតិបត្តិការជាថ្មីនៅក្នុងតំបន់ ។ យោធានៅមិនទាន់ទទួលស្គាល់គ្រោះថ្នាក់នោះទេ ។ លោក Cahyo Sukarnito គឺជាអ្នកនាំពាក្យនគរបាលខេត្តប៉ាពួ និយាយថា កាលពីថ្ងៃចន្ទ បាតុករប្រហែល ៨០០នាក់ បានជួបជុំគ្នានៅតាមទីតាំង ៣កន្លែង នៅក្នុងរដ្ឋធានី Jayapura ខេត្តប៉ាពួ មុនពេលការជួបជុំគ្នានៅមជ្ឈមណ្ឌលទីក្រុង ។ លោកបន្តថា ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ត្រូវបានដាក់ពង្រាយ ដើម្បីបំបែកហ្វូងបាតុករ នៅទីតាំងមួយកន្លែង ក្រោយពួកគេចោលដុំថ្មលើនគរបាល ៕

ជនប៉ាឡេស្ទីនបោសសម្អាតកម្ទេចកម្ទីនៅតំបន់ហ្កាហ្សា ខណៈផែនការកសាងឡើងវិញរបស់អាមេរិកជាប់គាំង

04/28/2026 07:04 PM        61
 ជនប៉ាឡេស្ទីនកំពុងប្រើប្រាស់កម្ទេចកម្ទីសល់ពីសង្រ្គាម ដើម្បីត្រួសត្រាយធ្វើជាផ្លូវនៅតំបន់ហ្កាហ្សា ។ គម្រោងគ្រប់គ្រងដោយកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ(UNDP) បានកម្ទេចបេតុង និងចម្រឹងដែក ដើម្បីស្តាដែនដីមួយនេះឡើងវិញ ។លោក Alessandro Mrakic គឺជាអ្នកគ្រប់គ្រងការិយាល័យហ្កាហ្សារបស់កម្មវិធី UNDP និយាយថា នៅតំបន់ហ្កាហ្សា ពួកយើងកំពុងបោសសម្អាតកម្ទេចកម្ទីក្នុងទំហំដែលពុំធ្លាប់មានពីមុន ដែលជាកម្ទេចកម្ទីទម្ងន់ ៦១លានតោន ។លោកថា កម្មវិធីមួយនេះ បានប្រមូលកម្ទេចកម្ទីប្រហែល ២៨៧.០០០តោនរួចទៅហើយ ប៉ុន្តែការងារដែលបានធ្វើរួចមួយនេះ ស្មើនឹងប៉ុនចុងក្រចកប៉ុណ្ណោះ ។កិច្ចខិតខំបោសសម្អាតកម្ទេចកម្ទីនេះ បានកើតមាន ស្របពេលដែលវឌ្ឍនភាពនៃតំបន់ហ្កាហ្សា បានជាប់គាំង ក្នុងផែនការហ្កាហ្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។លោក Trumpបានរៀបចំឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែតុលាកន្លងទៅ ដែលជាកិច្ចព្រមព្រៀងមួយឈានទៅរកការរំសាយអាវុធក្រុមហាម៉ាស និងការសាងសង់តំបន់ហ្កាហ្សាឡើងវិញ ។ទោះបីជាយ៉ាងណាក៏ដោយ ការងារបោសសម្អាតកម្ទេចកម្ទី គឺជាជំហានដ៏ចាំបាច់មួយ ក្នុងការទទួលបានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាការកសាងតំបន់មួយនេះឡើងវិញ ៕

បំរាមជក់បារីអស់មួយជីវិតរបស់អង់គ្លេស គ្រោងនឹងក្លាយជាច្បាប់ក្នុងសប្តាហ៍នេះ

04/28/2026 06:04 PM        28
 ផែនការរបស់អង់គ្លេស ក្នុងការហាមឃាត់មនុស្សជំនាន់ក្រោយពីការទិញបារី នឹងក្លាយជាច្បាប់ក្នុងសប្តាហ៍នេះ ជាហេតុនាំមកនូវគោលនយោបាយដែលគ្របដណ្តប់ដោយសំនួរជាច្រើនថាតើវានឹងមានប្រសិទ្ធិភាពបែបណាក្នុងការបញ្ឈប់ការជក់បារីនោះ ។ កាលពីសប្តាហ៍មុន ក្រុមតំណាងរាស្រ្តបានអនុម័តសំណើច្បាប់ថ្នាំជក់ និងបារីអេឡិចត្រូនិក ដែលណែនាំឲ្យមានការរឹតត្បិតអាយុ រារាំងនរណាម្នាក់ដែលកើតក្នុង ឬក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ ពីការទិញបារីស្របច្បាប់ ។ ដោយសាររាជានុម័តពីព្រះមហាក្សត្រ ដំណាក់កាលចុងក្រោយនៃដំណើរការនីតិបញ្ញត្តិនក្នុងសប្តាហ៍នេះ ច្បាប់នឹងរឹតបន្តឹងផងដែរបារីអេឡិចត្រូនិក ហើយនិងផលិតផលនីកូទីនផ្សេងទៀត ។ នៅទីក្រុងឡុងដ្រ៍ ប្រជាពលរដ្ឋមានការបែងចែកចំពោះប្រសិទ្ធិភាពនៃច្បាប់បំរាមមួយនេះ ។ លោក Minola Slaveschi គឺជានិស្សិតវ័យ ២១ឆ្នាំមួយរូបនិយាយថា លោកគិតថា វាសំខាន់ខ្លាំងណាស់ ក្នុងការហាមឃាត់យុវជន និងក្មេងៗពីការជក់បារី ។ លោកបន្តថា មាននូវមនុស្សច្រើនណាស់សព្វថ្ងៃដែលជក់បារីអេឡិចត្រូនិក និងជក់បារីនៅតាមដងផ្លូវ ។ ចំណែកឯលោក Harry Jordan ដែលជាកីឡាករវាយកូនបាល់អាយុ ២៣ឆ្នាំនិយាយថា មនុស្សនឹងស្វែងរកមធ្យោបាយផ្សេង ដើម្បីទិញផលិតផលទាំងនេះ ហើយវានឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ។ សំណើរច្បាប់ខាងលើ បានលើកឡើងពីអាយុស្របច្បាប់សម្រាប់ការទិញថ្នាំជក់ ចាប់ពីមនុស្សកើតនៅក្នុងឆ្នាំ ២០០៩ និងក្រោយឆ្នាំ ២០០៩ ដែលនេះមានន័យថា នឹងធ្វើឲ្យមនុស្សជំនាន់ក្រោយប្រឈមនឹងបំរាមអស់មួយជីវិតតែម្តង ៕

លោក Zelenskyy ថ្កោលទោសអ៊ីស្រាអែល ដែលទិញគ្រាប់ធញ្ញជាតិត្រូវបានលួច ហើយថា កំពុងត្រៀមទណ្ឌកម្ម

04/28/2026 06:04 PM        79
លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្កោលទោសជាសាធារណៈ ចំពោះអ៊ីស្រាអែល ដែលលោកបានចោទប្រកាន់ថា បានទិញគ្រាប់ធញ្ញជាតិដែលត្រូវបានលួចដោយទីក្រុងមូស្គូពីតំបន់ ដែលកាន់កាប់ដោយរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។លោក Zelenskyy បាននិយាយថា៖ «ការទិញទំនិញដែលត្រូវបានលួចនៅក្នុងប្រទេសធម្មតាទាំងអស់ គឺជាទង្វើមួយដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្នែកច្បាប់។ អាជ្ញាធរអ៊ីស្រាអែលមិនអាចមិនដឹងនោះឡើយថា តើនាវាមកពីណា និងទំនិញប្រភេទអ្វីដែលបានទៅដល់កំពង់ផែរបស់ប្រទេស»។លោកប្រធានាធិបតីរូបនេះ បានបន្ថែមថា៖ «ប្រទេសអ៊ុយក្រែន ដោយផ្អែកលើព័ត៌មានពីចារកម្មរបស់យើង កំពុងរៀបចំកញ្ចប់ទណ្ឌកម្មសមស្របមួយ ដែលនឹងគ្របដណ្តប់ទាំងអ្នកដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិនេះដោយផ្ទាល់ ហើយនិងបុគ្គល និងស្ថាប័នទាំងនោះ ដែលព្យាយាមរកប្រាក់ចំណេញពីគម្រោងឧក្រិដ្ឋកម្មបែបនេះ»។លោកបានបន្ថែមថា៖ «យើងក៏នឹងសម្របសម្រួលជាមួយដៃគូអឺរ៉ុបផងដែរ ដើម្បីឲ្យបុគ្គលពាក់ព័ន្ធ ត្រូវបានរួមបញ្ចូលនៅក្នុងប្រព័ន្ធទណ្ឌកម្មរបស់អឺរ៉ុប"។គួរបញ្ជាក់ថា នាវាដឹកទំនិញ Panormitis មានទង់ជាតិប៉ាណាម៉ា ដែលត្រូវបានចោទប្រកាន់ថា កំពុងដឹកជញ្ជូនគ្រាប់ធញ្ញជាតិត្រូវបានលួចពីទឹកដីអ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី បានចូលទៅឆកសមុទ្រ Haifa Bay កាលពីសប្តាហ៍មុន។ ស្ថាប័នតាមដានចរាចរណ៍សមុទ្រ បង្ហាញថា នាវានេះ កំពុងចតនៅជិតឆ្នេរសមុទ្រអ៊ីស្រាអែល។ព័ត៌មាននេះកើតឡើងបន្ទាប់ពីនាវាមួយគ្រឿងផ្សេងទៀត គឺនាវាដឹកទំនិញខ្នាតធំ Abinsk របស់រុស៊ី បានចូលចតនៅទីក្រុង Haifa កាលពីដើមខែមេសា ដោយមានស្រូវសាលីអ៊ុយក្រែនដែលត្រូវបានលួចជិត ៤៤.០០០តោន៕

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២ ទៅកាន់គណៈកម្មការជំនាញដើម្បីពិនិត្យសិក្សា

04/28/2026 06:04 PM        173
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ចំនួនពីរទៅកាន់គណៈកម្មការជំនាញដើម្បីសិក្សាស្រាវជ្រាវ៖ ១- សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ២- សេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម»ការជំរុញសេចក្តីព្រាងច្បាប់ទាំងនេះ គឺជាកិច្ចការអាទិភាពដើម្បីពង្រឹងវិស័យការពារជាតិ និងធានាស្ថិរភាពថាមពលអគ្គិសនីជូនប្រជាពលរដ្ឋ។

កសិករនៅភាគខាងត្បូងលីបង់ ព្យាយាមសង្រ្គោះដំណាំដែលរងការខូចខាតអំឡុងសង្រ្គាម

04/28/2026 06:04 PM        44
 ស្របពេលដែលពួកគេវិលត្រឡប់ទៅកាន់ដីកសិកម្មរបស់ពួកគេវិញនៅភូមិ Ras al-Ain ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ កសិករ Abu Hassan និងកសិករ Hamza Issa ព្យាយាមស្រោចស្រង់ដំណាំដែលនៅសេសសល់ពីសង្រ្គាមរបស់ពួកគេ ។ ដោយប្រជាពលរដ្ឋភាគច្រើនបានជម្លៀសខ្លួន ចាប់តាំងពីដើមខែមីនា ឆ្នាំ ២០២៦រហូតមក ក្រុមប្រជាកសិករ និយាយថា ពួកគេនឹកនាខ្លាំងណាស់ដល់ពេលវេលាប្រមូលផលដំណាំរបស់ពួកគេ ។ ពលរដ្ឋដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅលីបង់ បានចាប់ផ្តើមវិលត្រឡប់មកកាន់ទីក្រុង និងសង្កាត់ខ្ទេចខ្ទីរបស់ពួកគេវិញកាលពីពាក់កណ្តាលខែមេសា ក្នុងនោះពួកគេភាគច្រើន បានមើលឃើញផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញគ្មានសេសសល់ ឬមិនអាចរស់នៅកើត ហើយពួកគេស្ទាក់ស្ទើមិនហ៊ានស្នាក់នៅ ដោយសារក្តីបារម្ភពីបទឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលថា អាចនឹងផុយស្រួយ ។ ដើរជុំវិញចម្ការជាមួយកសិករប៉ុន្មាននាក់ទៀត លោក Hamza Issa បាននិយាយរៀបរាប់ពីកសិដ្ឋានរបស់លោក ។ លោកនិយាយថា ពួកយើងពុំបានដំាដុះនោះទេ ពួកយើងមិនអាចដាំដុះបាននោះទេ គឺដោយសារតែសង្រ្គាម ការទម្លាក់គ្រាប់បែក ហើយមនុស្សបានជម្លៀសខ្លួនគ្មានសល់ ។ នេះគឺជាខ្សែជីវិតរបស់កសិករនៅតំបន់ភាគខាងត្បូងលីបង់ ។ សូមបញ្ជាក់ថា លីបង់ បានធ្លាក់ក្នុងសង្រ្គាមកាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមហេសបូឡា បើកការវាយប្រហារលើអ៊ីស្រាអែល ដើម្បីគាំទ្រអ៊ីរ៉ង់ បង្កឲ្យមានការឈ្លានពានរបស់អ៊ីស្រាអែលដែលក្រុមអាជ្ញាធរនិយាយថា បានសម្លាប់មនុស្សជាង ២.៥០០នាក់ និងមនុស្ស ១,២លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
05/09/2026 02:05 PM
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
05/09/2026 02:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន
05/09/2026 01:05 PM
កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា
05/09/2026 01:05 PM
ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/09/2026 01:05 PM
នាយករដ្ឋមន្ត្រី៖ លីបង់លីបង់កំពុងស្វែងរកការពង្រីងនូវការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល មុនពេលការចរចាជុំបន្ទាប់
05/09/2026 01:05 PM
សហភាពអឺរ៉ុប អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិកដើម្បីកាត់បន្ថយបញ្ហាកង្វះប្រេង
05/09/2026 01:05 PM
លោកTrump៖ សហរដ្ឋអាមេរិក រំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក
05/09/2026 12:05 PM
ប្រទេសគុយបា ធ្វើសមយុទ្ធយោធា ក្នុងពេលមានទំនាក់ទំនងតានតឹងជាមួយសហរដ្ឋអាមេរិក
05/09/2026 12:05 PM
រដ្ឋមន្ត្រីការបរទេសអាមេរិក សួរអំពីការគាំទ្ររបស់សម្ព័ន្ធមិត្តលើអ៊ីរ៉ង់ បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំអ៊ីតាលី
05/09/2026 12:05 PM