ស្វែងរក

សន្និសីទហ្វ្រង់កូហ្វូន ពិភាក្សានិងផ្លាស់ប្តូរទស្សនាទានគន្លឹះនៃស្វ័យភាពរបស់ធនាគារកណ្តាល

05/29/2026 10:05 AM        198
សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) បានពិភាក្សា និងផ្លាស់ប្តូរទស្សនាទាន គន្លឹះ ទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ឱ្យស្ថិតនៅចំពោះមុខការរំពឹងទុកកាន់តែខ្ពស់ពីសំណាក់រដ្ឋ និង សាធារណជន។ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារកណ្តាលបារាំង បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារ កណ្តាល នៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ក្រោមមូលបទ “ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹង ទុករបស់រដ្ឋ និងសាធារណជន” ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី ឯកឧត្តម François Villeroy de Galhau ទេសាភិបាល ធនាគារកណ្តាលបារាំង (Banque de France) និងលោកជំទាវ Christine Lagarde ប្រធានធនាគារ កណ្តាលអឺរ៉ុប (European Central Bank) និងវត្តមានថ្នាក់ទេសាភិបាលធនាគារកណ្តាលសរុបចំនួន ២៦ នៃប្រទេសហ្រ្វង់កូហ្វូន នៅទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។ នេះជាលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលំដាប់ អន្តរជាតិនេះ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៩៦ និងលើកទី២ ក្នុងឆ្នាំ២០១១។ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រនេះ អង្គសន្និសីទបានពិភាក្សា និងផ្លាស់ប្តូរទស្សនាទានគន្លឹះ ទាក់ទងនឹងវិសាល ភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងដំណើរវិវត្តន៍ថ្មីនៃតថភាពសេដ្ឋកិច្ច និងសង្គម ដែលបាននិងកំពុងដាក់ធនាគារកណ្តាលឱ្យស្ថិតនៅចំពោះមុខ ការរំពឹងទុកកាន់តែខ្ពស់ពីសំណាក់រដ្ឋ និងសាធារណជន។ សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃប្រទេសនិយាយភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ តាមគំនិត ផ្តួចផ្តើមរបស់ធនាគារកណ្តាលបារាំង ដើម្បីផ្តល់វេទិកាប្រចាំឆ្នាំសម្រាប់ការសន្ទនា ការផ្លាស់ប្តូរបទពិសោធទាក់ទងនឹងប្រធានបទ សេដ្ឋកិច្ច រូបិយវត្ថុ និងហិរញ្ញវត្ថុ។ សន្និសីទនេះក៏បានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងធនាគារ កណ្តាល ជាពិសេសធនាគារកណ្តាលដែលប្រើភាសាបារាំង៕អត្ថបទ៖ សុន រ៉ាឌី,

កម្ពុជា​ បន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងកិច្ចប្រជុំនៅ UN

05/29/2026 10:05 AM        283
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមមិត្តនៃអភិបាលកិច្ចសកល ក្រោមប្រធានបទ៖ «ការកែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចសកល៖ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល» នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ ក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចសកល ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ការស្រុតចុះនៃសេដ្ឋកិច្ច និងបញ្ហាប្រឈមសកលថ្មីៗ។ ឯកឧត្តមបានថ្លែងថា កម្ពុជា បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជន ព្រមទាំងការបង្កើនតួនាទី និងសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមបានបន្តថា ដោយផ្អែកលើបទពិសោធន៍របស់ខ្លួនពីសង្គ្រាមឆ្ពោះទៅកាន់សន្តិភាព កម្ពុជាបានលើកឡើងថា ការសន្ទនា ការទូត និងសកម្មភាពរួម គឺជាមាគ៌ាចាំបាច់ដើម្បីឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អង្គការសហប្រជាជាតិ ដាក់អ៊ីស្រាអែលចូលក្នុងបញ្ជីខ្មៅ សម្រាប់អំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ

05/29/2026 09:05 AM        70
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិបាននិយាយថា អង្គការសហប្រជាជាតិ «បានដាក់បន្ថែមអ៊ីស្រាអែល ចូលទៅក្នុងបញ្ជីខ្មៅនៃអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ» ដែលជំរុញឱ្យអ៊ីស្រាអែលកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres។ លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បាននិយាយបន្ថែមនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ បណ្តាញ X កាលពីថ្ងៃព្រហស្បតិ៍ ដោយបានរិះគន់របាយការណ៍ពីការិយាល័យរបស់លោក Guterres ថា «យើងលែងចាប់អារម្មណ៍សម្តីរបស់លោកអគ្គលេខាធិការទៀតហើយ»។ របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ត្រូវបានបង្ហាញតាមទម្លាប់ទៅកាន់រដ្ឋដែលពាក់ព័ន្ធមុនពេលចេញផ្សាយ។ កាលពីខែសីហា ឆ្នាំមុន របាយការណ៍នេះបានព្រមានថា អ៊ីស្រាអែលអាចនឹងត្រូវបានដាក់បន្ថែមចូលទៅក្នុងបញ្ជីនៃភាគីដែលសង្ស័យ ឬទទួលខុសត្រូវចំពោះអំពើហិង្សាផ្លូវភេទក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ។ លោក Danon បាននិយាយថា «ការសម្រេចដាក់អ៊ីស្រាអែលចូលទៅក្នុងបញ្ជីខ្មៅ និងចោទប្រកាន់យើងថាប្រើប្រាស់អំពើហិង្សាផ្លូវភេទជាអាវុធសង្គ្រាម គឺជាការសម្រេចបង្ខូចឈ្មោះ»។ «លោកអគ្គលេខាធិការ និងក្រុមរបស់លោក បន្តផ្សព្វផ្សាយការនិយាយកុហកប្រឆាំងអ៊ីស្រាអែល។ ការដាក់យើង និងភេរវករក្រុមហាម៉ាស ទៅក្នុងបញ្ជីដូចគ្នា គឺមិនអាចទទួលយកបានឡើយ»។

ពលរដ្ឋខ្មែរម្នាក់ទៀតបានស្លាប់ដោយសារគ្រាប់បែកចង្កោមដែលជាសំណល់សង្រ្គាមពីទាហានសៀមឈ្លានពាន

05/29/2026 09:05 AM        426
ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតហើយ ដែលបានបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោម ដែល​ជា​សំណល់​សង្រ្គាម​របស់ទាហានសៀមឈ្លានពាន ខណៈជនរងគ្រោះបានទៅកាប់ឈឺធ្វើអុស កាល​ពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ ២០២៦ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បាន​សរសេរ​លើ​បណ្តាញ​សង្គមហ្វេសបុកថា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មាន​ករណី​ប្រជាពលរ​ដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើធ្វើអុសដុត ប៉ះ​គ្រាប់​បែក​ចង្កោម​ផ្ទុះ​ស្លាប់​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗតែម្តង។ ឯកឧត្តមបានបញ្ជាក់ថា គ្រាប់បែក​ចង្កោម​នេះ​ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម​M46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមសៀមឈ្លានពាន។ អគ្គនាយកស៊ីម៉ាករូបនេះបានបញ្ជាក់ឲ្យដឹងផងដែរថា តំបន់ភូមិនេះ បានរងផល​ប៉ះពាល់​ដោយ​សារ​គ្រាប់​បែក​ចង្កោម​សង្គ្រាមទាំងពីរលើក ដែល​បង្ក​ឡើង​ដោយ​ទាហាន​សៀម​កាល​ពី​ឆ្នាំ​២០២៥​កន្លង​ទៅ​។ យ៉ាងណាក៏ដោយ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា ពេលនេះកម្លាំង​ជំនាញ​អង្គភាព​CMAC​បាន​បោស​សម្អាត​ធានា​សុវត្ថិភាព​នៅ​តំបន់​តាម​លំនៅដ្ឋាន​របស់​ប្រជាព​លរដ្ឋ​ក្នុង​ភូមិ​នេះ​ទាំង​ស្រុង និង​បានហ៊ុមព័ទ្ធ​ ដាក់ស្លាកសញ្ញាតំបន់ព្រៃខាងក្រោយភូមិនេះ និង​តំបន់​កសិកម្ម​មួយ​ចំនួន​ជា​អាទិភាព​បន្ត​ផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏​បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដោយ​សារ​គ្រាប់​បែក​ចង្កោម​សៀម​ឈ្លាន​ពាន​ដែល​ជា​ទង្វើ​ប្រឆាំង​អនុ​សញ្ញា​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នេះ​ផង​ដែរ។ សូមបញ្ជាក់ថា កាលពីកន្លងទៅមានប្រជាពលរដ្ឋ និងកុមារកម្ពុជាបានរងគ្រោះថ្នាក់ដល់ជីវិត របួស ​និង​ពិការ​ជាបន្តបន្ទាប់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែល​សល់​ពី​សង្រ្គាម​ឈ្លាន​ពាន​របស់​សៀម ​ជាពិសេសគ្រាប់បែកចង្កោមតែម្តង ដោយទាហានសៀម​បាន​បាញ់​ស្រោច​យ៉ាង​កំរោល ​និង​មិនរើសគោលដៅចូលដែនអធិបតេយ្យកម្ពុជាជាង១៣ម៉ឺនគ្រាប់ ហើយ​បើ​គិត​ជា​កូន​គ្រាប់​វិញ​ ប្រហែល៦លានទៅ៧លានគ្រាប់ឯណោះ៕

មន្ត្រីអាមេរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នសម្រាប់ការបន្ថែមពេលបទឈប់បាញ់៦០ថ្ងៃ

05/29/2026 09:05 AM        73
យោងតាមមន្ត្រីបានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់អនុស្សរណៈនៃការយោគយល់បឋម(MOU) ដើម្បីបន្ថែមពេលបទឈប់បាញ់រវាងប្រទេសទាំងពីររយៈពេល៦០ថ្ងៃ និងចាប់ផ្តើមការចរចាសម្រាប់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ ប្រភពព័ត៌មានអាមេរិកបានប្រាប់ សារព័ត៌មាន Al Jazeera ថា ក្របខ័ណ្ឌនេះនៅតែត្រូវការការអនុម័តចុងក្រោយពីប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ប្រសិនបើត្រូវបានបញ្ចប់ចុងក្រោយ កិច្ចព្រមព្រៀងនេះនឹងក្លាយជាការទម្លាយភាពទាល់ច្រកដ៏សំខាន់មួយ បន្ទាប់ពីផ្នែកការទូតដែលបានជាប់គាំងរយៈពេលជាច្រើនសប្តាហ៍។ ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្ន នៅតែមិនច្បាស់លាស់ ហើយវាក៏មិនច្បាស់នោះដែរថាតើការបន្ថែមពេល៦០ថ្ងៃនេះ បង្ហាញពីថ្ងៃផុតកំណត់សម្រាប់ការចរចាដែរ ឬយ៉ាងណា។ អនុស្សរណៈនៃការយោគយល់ នឹងធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាម្តងម្កាលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឈូងសមុទ្រ ដែលបានគំរាមកំហែងដល់ការដួលរលំបទឈប់បាញ់។ កិច្ចព្រមព្រៀងចែងថា ការធ្វើចរាចរណ៍នាវា នឹង «ពុំមានការរឹតត្បិតទេ» នៅច្រកសមុទ្រ Hormuz ហើយសហរដ្ឋអាមេរិក នឹងដកចេញការបិទផ្លូវទឹករបស់កងទ័ពជើងទឹកនៅកំពង់ផែអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានអះអាងដែនអធិបតេយ្យភាពលើផ្លូវទឹកយុទ្ធសាស្ត្រនេះ ដោយនិយាយថា ច្រកសមុទ្រ Hormuz ត្រូវតែបានគ្រប់គ្រងរួមគ្នាដោយប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ព្រោះវាឆ្លងកាត់ដែនទឹករបស់ប្រទេសទាំងពីរ។ ប៉ុន្តែសហរដ្ឋអាមេរិក បានច្រានចោលការគ្រប់គ្រងណាមួយរបស់អ៊ីរ៉ង់ រួមទាំងប្រព័ន្ធឲ្យបង់ប្រាក់ នៅក្នុងច្រកសមុទ្រ Hormuz។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ក៏បានគំរាមប្រទេសអូម៉ង់ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោនដោយការដាក់ទណ្ឌកម្ម ប្រសិនបើប្រទេសនេះសម្រួលដល់ការឲ្យបង់ថ្លៃសេវាសម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រ។

សហភាពអឺរ៉ុប នឹងមិនធ្វើជា «អ្នកសម្របសម្រួលអព្យាក្រឹត» រវាងអ៊ុយក្រែន និងរុស្ស៊ីទេ

05/29/2026 09:05 AM        113
អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា បានច្រានចោលដែលថា អឺរ៉ុបដើរតួនាទីជា «អ្នកសម្របសម្រួលអព្យាក្រឹត» រវាងអ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង២៧របស់ប្លុកនេះ បានជជែកដេញដោលអំពីលក្ខខណ្ឌរបស់ពួកគេសម្រាប់ការចរចាដែលអាចធ្វើទៅបាន ជាមួយទីក្រុងមូស្គូ។ កិច្ចពិភាក្សាអំពីការចូលរួមជាថ្មីជាមួយទីក្រុងមូស្គូកំពុងឈានទៅមុខ ក្នុងពេលមានភាពជាប់គាំងនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ខណៈការយកចិត្តទុកដាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងជាប់រវល់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ អ៊ុយក្រែនបានជំរុញឱ្យសហភាពអឺរ៉ុបដែលត្រូវបានផាត់ចេញដោយទីក្រុងវ៉ាស៊ីនតោនរហូតមកដល់ពេលនេះ ឲ្យដើរតួនាទីកាន់តែធំ និងបានស្នើឱ្យតែងតាំងអ្នកតំណាងសម្រាប់ការចរចា។ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មាននៅប្រទេសស៊ីបថា «អឺរ៉ុប នឹងមិនធ្វើជាអ្នកសម្របសម្រួលអព្យាក្រឹត រវាងរុស្ស៊ី និងអ៊ុយក្រែនទេ ព្រោះយើងនៅខាងអ៊ុយក្រែន ហើយយើងកំពុងការពារផលប្រយោជន៍សន្តិសុខស្នូលរបស់យើង»។ «យើងមិនអាចស្ថិតនៅអព្យាក្រឹតដោយចាត់ទុកពួកគេស្មើគ្នាបានទេ»។ រដ្ឋមន្ត្រីមួយចំនួននៅក្នុងប្រទេសស៊ីប បានជំរុញឱ្យតែងតាំងអ្នកតំណាងម្នាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Beate Meinl-Reisinger ជាអ្នកដែលបានអះអាងថា «នេះជាអ្វីដែលអ៊ុយក្រែនរំពឹងទុក ថា សហភាពអឺរ៉ុបនឹងត្រៀមខ្លួនរួចរាល់នៅពេលនេះ។

ជនបរទេសចំនួន ២៤០នាក់ ពាក់​ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

05/29/2026 09:05 AM        261
ជន​ជាតិចិន និងជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ២៤០នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ តត្រូវបានចេញពីព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានសហកាជាមួយស្ថានទូតចិន និងស្ថានទូតមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើ​ការ​បណ្តេញ​ជន​ជាតិចិន និងជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ២៤០នាក់ ស្រី៣៨នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ១៦៥នាក់ ស្រី០៨នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ៧៥នាក់ ស្រី៣០នាក់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក ព្រមានថា ការផ្ទុះឡើងនៃជំងឺអេបូឡាអាចរាលដាលដល់ ១២ ប្រទេស

05/29/2026 09:05 AM        78
លោកវេជ្ជបណ្ឌិត Jean Kaseya អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (CDC) បានព្រមានថា ការផ្ទុះឡើងនៃជំងឺអេបូឡាបច្ចុប្បន្នដែលមានចំណុចកណ្តាលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាចរីករាលដាលដល់ ១២ ប្រទេស ខណៈក្រុមមន្ត្រីសុខាភិបាលកំពុងប្រឹងប្រែង ទប់ស្កាត់អ្វីដែលឥឡូវនេះត្រូវបានហៅថាជាការផ្ទុះឡើងនៃជំងឺអេបូឡាធំបំផុតទីពីរចាប់តាំងពីការរាតត្បាតនៅអាហ្វ្រិកខាងលិចកាលពីមួយទសវត្សរ៍មុន។ដោយនិយាយអំពីប្រភពដើមនៃការផ្ទុះរាលដាល លោកវេជ្ជបណ្ឌិត Kaseya បាននិយាយថា ការជូនដំណឹងលើកដំបូងបានធ្វើឡើងនៅថ្ងៃទី ៥ ខែឧសភា២០២៦ ក្នុងខេត្ត Ituri របស់ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ុន្តែការធ្វើតេស្តដំបូងបានបរាជ័យក្នុងការរកឃើញវីរុសនេះ ដោយសារតែក្រុមវេជ្ជសាស្ត្រក្នុងស្រុកបានពិនិត្យរកឃើញតែអំបូរវីរុសរួម Zaire នៃជំងឺអេបូឡា តែប៉ុណ្ណោះ។លោក Kaseya បាននិយាយថា នៅពេលពួកគេបានធ្វើតេស្ត វីរុស Zaire វាចេញមកអវិជ្ជមាន។ ពួកគេគិតថាវាមិនមែនជាជំងឺអេបូឡាទេ។ ក្រោយមក នៅពេលពួកលោកមានករណីឆ្លងផ្សេងទៀត ពួកគេបានផ្ញើសំណាកទៅកាន់ទីក្រុងគីនសាសា (Kinshasa) របស់ប្រទេសកុងហ្គោ ហើយនៅទីក្រុង គីនសាសា នៅថ្ងៃទី ១៤ ឧសភា ពួកគេបានរកឃើញថាវាជាវីរុសប្រភេទ Bundibugyo។លោកថាការបញ្ជាក់ថាប្រទេសជិតខាងអ៊ូហ្គង់ដាក៏បានកត់ត្រាករណីឆ្លងផងដែរ បានជំរុញឱ្យមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក និងរដ្ឋាភិបាលក្នុងតំបន់ប្រកាសជាផ្លូវការអំពីការផ្ទុះឡើងនៃជំងឺនេះ។ យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO មានករណីឆ្លងសង្ស័យថាជា វីរុស អេបូឡា ចំនួន១.០៧៧ ករណី ដោយក្នុងនោះ ចំនួន១២១ករណី ត្រូវបានបញ្ជាក់ ហើយក៏បានបង្ហាញផងដែរថាមានករណីស្លាប់សង្ស័យថាដោយសារជំងឺអេបូឡា ២៤៦នាក់ និងការស្លាប់១៧នាក់ត្រូវបានបញ្ជាក់។នៅពេលប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus បានទៅដល់ទីក្រុងទីក្រុង Kinshasa កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកបានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺអេបូឡានិងសង្គ្រាម នៅកុងហ្គោ។ថ្មីៗនេះលោកក៏បានព្រមានផងដែរថាការឆ្លងជំងឺអេបូឡាមានល្បឿនលឿនជាងពួកលោកគិតទៅទៀត៕

អាមេរិក និងអ៊ីរ៉ង់សម្រេចបាន «វឌ្ឍនភាពជាច្រើន» ឆ្ពោះទៅរកការពង្រីកបទឈប់បាញ់តែរង់ចាំលោក Trump អនុម័ត

05/29/2026 08:05 AM        71
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៨ ឧសភា ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់សម្រេចបានវឌ្ឍនភាពល្អឆ្ពោះទៅរកកិច្ចព្រមព្រៀងពង្រីកបទឈប់បាញ់ ប៉ុន្តែលោកប្រធានាធិបតី Donald Trump មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីអនុម័តនៅឡើយទេ។ លោកVance បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកលោកកំពុងពិភាក្សាគ្នាឡើងវិញលើចំណុចភាសាមួយចំនួន។ពួកលោកសម្រេចបានវឌ្ឍនភាពជាច្រើននៅទីនេះ ប៉ុន្មានម៉ោងបន្ទាប់ពីប្រភពព័ត៌មានអាមេរិកនិយាយថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ។ លោកបានបន្ថែមថា សង្ឃឹមថាពួកលោកនឹងបន្តសម្រេចបានវឌ្ឍនភាព ហើយប្រធានាធិបតីនឹងស្ថិតក្នុងជំហរមួយដែលលោកអាចគាំទ្រកិច្ចព្រមព្រៀងនេះ ប៉ុន្តែជាក់ស្តែងវានៅតែមិនទាន់កំណត់បាន។ ប្រភពព័ត៌មានបានប្រាប់សារព័ត៌មាន Reuters ថ្មីៗនេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍២៨ឧសភា សប្ដាហ៍នេះ ដើម្បីពង្រីកបទឈប់បាញ់របស់ខ្លួន និងដកការរឹតបន្តឹងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ទោះលោក Trump មិនទាន់បានអនុម័តវាក៏ដោយ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា កិច្ចព្រមព្រៀងព្រៀងនោះ មិនទាន់ត្រូវបានសម្រេចជាចុងក្រោយនៅឡើយទេ។ យោងតាមប្រភពចំនួនបួនដែលដឹងបញ្ហានេះ កិច្ចព្រមព្រៀងនេះនឹងបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃទៀត និងអនុញ្ញាតឱ្យចរាចរណ៍ឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈក្រុមអ្នកចរចាដោះស្រាយបញ្ហាលំបាកៗដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។ ប្រសិនបើត្រូវបានអនុម័តដោយថ្នាក់ដឹកនាំនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ វានឹងស្មើនឹងជំហានដ៏ធំបំផុតឆ្ពោះទៅរកសន្តិភាពចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីថ្ងៃ២៨ កុម្ភៈ២០២៦នេះ ។ ព័ត៌មានអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាននេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារសងសឹកគ្នារវាងប្រទេសទាំងពីរ ដែលជាឧបទ្ទវហេតុចុងក្រោយបំផុតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីដើមខែមេសា ឆ្នាំនេះ ៕

សមត្ថកិច្ចបង្ក្រាបទីតាំងសណ្ឋាគារ «៦៦៦៨»នៅផ្លូវណតប្រ៊ីត ឃាត់ខ្លួនជនជាតិចិន៦នាក់ សង្ស័យករណី Online scam

05/29/2026 08:05 AM        183
ភ្នំពេញ៖ ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងសណ្ឋាគារ «៦៦៦៨» ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញបទល្មើសជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ គ្រឿងញៀន និងសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់លោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីកម្លាំងចម្រុះ អាជ្ញាធរខណ្ឌសែនសុខ។ ក្នុងចំណោមជនជាតិចិនទាំង៦នាក់នោះ ២នាក់មានលិខិតឆ្លងដែនចំនួន (១នាក់ផុតទិដ្ឋាការស្នាក់នៅ) ២នាក់គ្មានលិខិតឆ្លងដែនចំនួន , និង២នាក់ទៀត ប្រើលិខិតឆ្លងដែនក្លែងក្លាយ ។ ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាង នៅជាន់ទី០៥ បន្ទប់ដាក់សម្ភារ: មានកុំព្យូទ័រយួរដៃ ចំនួន០៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៧៤រឿង អេក្រង់ (MONITOR) ចំនួន ០១គ្រឿង។ នៅជាន់ទី០៥ បន្ទប់លេខ៥០១ រកឃើញក្រាមពណ៌សសង្ស័យគ្រឿងញៀនចំនួន ០១កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្សរWY សង្ស័យជាគ្រឿងញៀនចំនួន ១៤គ្រាប់, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, គ្រាប់អាវុធខ្លីចំនួន ០៥គ្រាប់ , អត្តសញ្ញាណប័ណ្ណប៉ូលីសចិនលេខ២១១៣០២ ចំនួន ០១សន្លឹក ,លិខិតឆ្លងដែនជនជាតិចិនលេខEH3527172 ជារបស់ឈ្មោះXU HAO ចំនួន ០១ក្បាល និងឯកសណ្ឋានកងរាជអាវុធហត្ថចំនួន ០៤កំប្លេ។ យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ច ជំនាញ នៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណី រក្សាទុកឧបករណ៍សង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ ជនជាតិចិន ចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ (ផុតទិដ្ឋាការស្នាក់នៅ ០១នាក់ និងគ្មានលិខិតឆ្លងដែន០២នាក់) ប្រគល់ជូនទៅ ការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំពោះជនជាតិចិន ចំនួន ០៣នាក់ ជនជាតិចិន ០១នាក់ (អ្នកគ្រប់គ្រងសណ្ឋាគារ៦៦៦៨) និងជនជាតិចិន ចំនួន ០២នាក់ (កាន់លិខិតឆ្លងដែនក្លែងក្លាយ) ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនីតិវិធីបន្ត។ ចំណែកឯ សម្ភារៈវត្ថុតាងស្ថិតក្នុង បន្ទប់លេខ៥០១ ប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត ខណៈដែល សម្ភារៈនិងវត្ថុតាងស្ថិតក្នុង បន្ទប់ដាក់សម្ភារៈ ប្រគល់ជូន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបទល្មើសបន្ថែម។ ក្នុងករណីនេះ ឈ្មោះ CHEN GUILIN ភេទប្រុស ជនជាតិចិន ត្រូវជាអ្នកគ្រប់គ្រងសណ្ឋាគារ ៦៦៦៨ បានយល់ព្រមឲ្យសមត្ថកិច្ចធ្វើការផាកពិន័យចំពោះករណីដែលបានអនុញ្ញាតឲ្យជនជាតិចិន ចំនួន ០៣នាក់ (ប្រុស) ស្នាក់នៅទីតាំងខាងលើ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM