ស្វែងរក

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់

05/28/2026 09:05 PM        34
មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥៨នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគខាងត្បូងលីបង់ ។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរសុខភាពលីបង់ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហាររបស់ពួកគេ និងចេញបញ្ជាការជម្លៀសខ្លួនមនុស្សទ្រង់ទ្រាយធំនៅទូទាំងតំបន់ ។ទីភ្នាក់ងារព័ត៌មានរដ្ឋជាតិគ្រប់គ្រងដោយរដ្ឋលីបង់រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជនរងគ្រោះ ៦នាក់ ស្ថិតក្នុងគ្រួសារតែមួយ ។ ពួកគេត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយានដ្រូនអ៊ីស្រាអែល ខណៈព្យាយាមជម្លៀសខ្លួនតាមផ្លូវហាយវ៉េ Adloun ដែលជាផ្លូវដ៏សំខាន់មួយតភ្ជាប់ទីក្រុង Sidon និងទីក្រុង Tyre ។ការវាយប្រហារនេះដែរ បានកើតមានឡើង ពេលដែលអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេនៅទូទាំងតំបន់ភាគខាងត្បូងលីបង់ ដោយមានគោលដៅលើតំបន់រស់នៅរបស់អ្នកស្រុក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។កងទ័ពលីបង់ និយាយថា ម្នាក់ក្នុងចំណោមទាហានរបស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ Nabatieh ។ ទាហានផ្សេងទៀតរបស់ពួកគេ ត្រូវបានសម្លាប់ដូចគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ភាគខាងត្បូងលីបង់ និងតំបន់ជ្រលងភ្នំភាគខាងលិច Beqaa ៕សូមបញ្ជាក់ថា បទឈប់បាញ់ជាផ្លូវការរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ប៉ុន្តែភាគីទាំងពីរនៅបន្តការវាយប្រហារគ្នា នៅក្នុងតំបន់តាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមី ណេតាន់យ៉ាហ៊ូ បានប្រកាសនៅថ្ងៃទី ២៥ ខែឧសភាថា លោកបានបញ្ជាឲ្យកងទ័ពបង្កើនការវាយប្រហារលើក្រុមហេសបូឡា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនលើអ៊ីស្រាអែល៕

រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន

05/28/2026 09:05 PM        37
នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសកាហ្សាក់ស្ថាន ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើកដំបូងក្នុងប្រទេសធំបំផុតនៅអាស៊ីកណ្តាលមួយនេះ ក្នុងតម្លៃប្រហែល ១៦,៥ពាន់លានដុល្លារ ជាមួយនឹងប្រាក់កម្ចីដោយអន្លើរពីទីក្រុងមូស្គូ ។កាហ្សាក់ស្ថានដែលជាប្រទេសផលិតសារធាតុអ៊ុយរ៉ានីញ៉ូមធំបំផុតរបស់ពិភពលោក និងជាប្រទេសរងគ្រោះដោយសារផលវិបាកនៃការសាកល្បងនុយក្លេអ៊ែររបស់សូវៀតនោះ បានពិភាក្សាពីលទ្ធភាពនៃការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ អស់រយៈពេល ២ទសវត្សរ៍មកហើយ ។ការធ្វើប្រជាមតិឆ្នាំ ២០២៤ ធ្វើឲ្យការបោះឆ្នោតងាកមករកការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ហើយនិងបានកំណត់យកភូមិ Ulken ជាទីតាំងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលស្ថិតនៅមាត់បឹង Balkhash នៅភាគអាគ្នេយ៍ប្រទេសកាហ្សាក់ស្ថាន ។ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev និយាយមុនពេលថ្លែងអំណរគុណប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃនេះ លើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Balkhash NPP មាននូវតួនាទីដ៏សំខាន់មួយ ។សូមបញ្ជាក់ថា លោក Putin មាននូវជំនួបកម្រិតខ្ពស់ជាមួយលោក Tokayev នាថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុង Astana នៅថ្ងៃទី ២នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនៅអាស៊ីកណ្តាលមួយនេះ ៕

រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS

05/28/2026 08:05 PM        35
ក្រសួងការបរទេសរុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបគួរតែបង្ហាញភ័ស្តុតាងមួយចំនួនពីការចោទប្រកាន់ថា ទីក្រុងមូស្គូ បានរំខានសញ្ញា GPS នៅអឺរ៉ុប ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយថា អ្នកដែលចោទប្រកាន់ពីការរំខានសញ្ញា GPS ពួកគេគួរតែផ្តល់ភ័ស្តុតាងមួយចំនួនជាមុនសិន ។ គួរឲ្យដឹងថា ប្រទេសឡាតវីនឹងបង្កើនប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនជាមួយរុស្ស៊ី ហើយនិងសម្ព័ន្ធមិត្តទីក្រុងមូស្គូ គឺប្រទេសបេឡារុស ជាការឆ្លើយតបនឹងយានដ្រូនដែលហោះចូលប្រទេសសមាជិកអង្គការណាតូមួយនេះ ។ យានដ្រូនអ៊ុយក្រែន បានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសរបស់បណ្តាប្រទេសតំបន់បាល់ទិករបស់អង្គការណាតូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាហេតុសាបព្រួសការភ័ណ្ឌភាំង និងបង្កើនភាពតានតឹងជាមួយរុស្ស៊ី ចំពេលដែលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខសមូហភាពអង្គការណាតូ ស្ថិតក្នុងភាពស្រពិចស្រពិល ។ អ៊ុយក្រែនដែលមានគោលដៅលើកំពង់ផែស្តុកប្រេងតំបន់បាល់ទិករបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីបានរំខាន់សញ្ញាយានដ្រូនរបស់ពួកគេ បណ្តាលឲ្យយានដ្រូនទាំងនោះ ហោះវង្វេងផ្លូវបែបនេះ ៕

មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»

05/28/2026 08:05 PM        31
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoygu បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា គំនិតផ្តួចផ្តើមសន្តិភាពរុស្ស៊ី-អាមេរិក ស្ដី​ពី​អ៊ុយក្រែន កំពុង «ជាប់គាំង»។នៅឯវេទិកាសន្តិសុខអន្តរជាតិ (International Security Forum) ក្នុងតំបន់មូស្គូ លោកបានលើក​ឡើង​ថា៖ «ឧបសគ្គចម្បង ចំពោះការអនុវត្ត គឺការ​មិន​មាន​ទាំងស្រុងនូវ​ឆន្ទៈនយោបាយ ដើម្បី​ឲ្យមាន​សន្តិភាពពីរបបក្រុង​គីវ និងការ​មាន​បំណងប្រាថ្នាឥតឈប់ឈររបស់ប្រទេស​នេះ​ ក្នុង​ការបង្កើន​ភាព​តាន​តឹង​»។លោក Shoygu បានប្រាប់​ថា ថ្នាក់ដឹកនាំអ៊ុយក្រែន ខ្លាចមិន​ហ៊ានឲ្យមាន​ដំណោះស្រាយនោះទេ​ ពីព្រោះវានឹងត្រូវទទួល​ខុសត្រូវ​ ចំពោះផលវិបាកនៃគោលនយោបាយរបស់ខ្លួន ក្នុង​នោះ​រួមទាំងអ្វីដែលលោកបានពិពណ៌នាថា ជាវិបត្តិប្រជាសាស្ត្រ នៅក្នុងប្រទេសនេះ​។លោកបានបន្ត​ថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ម្តងទៀតថា យើងឈរខាង​សន្តិភាព និង​លើក​ឡើងពីវា​។ យើងយល់ថា វាស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឆ្ពោះទៅរកការដោះស្រាយដោយសន្តិភាពរយៈពេលវែង។ ប៉ុន្តែសម្រាប់បញ្ហានេះ ការប្រឈមមុខដាក់គ្នា និងមនោគមវិជ្ជា​ណាហ្ស៊ី​ដែលស្អប់ខ្ពើម​រុស្ស៊ី​ ត្រូវតែលុប​បំបាត់​»។ជាមួយ​គ្នានេះ លោក Shoygu បានផ្ដល់​ហេតុផលថា ទីក្រុង​គីវមានផលប្រយោជន៍ខាង​សេដ្ឋកិច្ច ក្នុងការពន្យារពេល សម្រាប់​ជម្លោះនេះ​ ដោយសារតែការពឹងផ្អែកលើជំនួយហិរញ្ញវត្ថុរបស់លោកខាងលិច។ ហើយ​លោក​ក៏​បាន​អះអាងផង​​ដែរ​ថា ប្រទេស​អ៊ុយក្រែន​កំពុង​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ឡើងៗ​ ដែល​រួម​មាន​ទាំង​បំណុល​កើនឡើង និង​ការ​ពឹងផ្អែក​លើ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​លោកខាងលិច៕

ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU

05/28/2026 08:05 PM        32
ក្រុមនិយ័តករបច្ចេកវិទ្យាសហភាពអឺរ៉ុប(EU)និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនលក់តាមអនឡាញ Temu របស់ចិន រងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការពុំធ្វើបានគ្រប់គ្រាន់ ដើម្បីបញ្ចប់ការលក់ផលិតខុសច្បាប់ បន្ទាប់ពីការស៊ើបអង្កេតទ្រង់ទ្រាយធំ ។ ការផាកពិន័យបន្ថែមទៀត អាចនឹងកើតមាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលលទ្ធផលនៃការស៊ើបអង្កេតរយៈពេលជិត ២ឆ្នាំក្រោមច្បាប់សេវាកម្មឌីជីថល តម្រូវឲ្យក្រុមហ៊ុនអនឡាញ ចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយខ្លឹមសាររងផលប៉ះពាល់ និងខុសច្បាប់នៅលើបណ្តាញព័ត៌មានសង្គមរបស់ពួកគេ ។ ក្រុមនិយ័តករ EU បានស៊ើបអង្កេតក្រុមហ៊ុន Temu បន្ទាប់ពីបណ្តឹងរបស់អង្គការអ្នកប្រើប្រាស់អឺរ៉ុប( BEUC) និងសមាជិក ១៧ប្រទេសរបស់ខ្លួន ។ គណកម្មការអឺរ៉ុបដែលជាប្រតិបត្តិ EU និយាយថា ក្រុមហ៊ុនមួយនេះ ពុំបានកំណត់អត្តសញ្ញាណ វិភាគ និងវាយតម្លៃដោយយកចិត្តទុកដាក់នោះទេ ពីហានិភ័យជាប្រព័ន្ធលើផលិតផលខុសច្បាប់ដែលបានលក់នៅលើបណ្តាញសង្គមរបស់ពួកគេ ហើយជាលទ្ធផលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នៅ EU ៕

ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ

05/28/2026 08:05 PM        24
ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ(AEMET) បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា អេស្ប៉ាញ នឹងជួបសីតុណ្ហភាពខ្ពស់ខុសពីធម្មតានៅចុងនិទាឃរដូវនេះ ក្នុងនោះស្ថានភាពអាកាសធាតុកាន់តែត្រូពិកខ្លាំងនៅរដូវក្តៅ បង្កឲ្យមានហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃ ។លោក Ruben del Campo គឺជាអ្នកនាំពាក្យទីភ្នាក់ងារ AEMET និយាយថា បើទោះបីជាស្ថានភាពអាកាសធាតុបច្ចុប្បន្ន ពុំត្រូវបានចាត់ថ្នាក់ថា ជារលកកម្តៅយ៉ាងណាក្តី សីតុណ្ហភាពបានឈានដល់កម្រិតខ្ពស់រួចទៅហើយ ពិសេសអំឡុងខែកក្កដា និងខែសីហា ក្នុងនោះតំបន់មួយចំនួន ត្រូវបានគេមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៧អង្សាសេ ហើយនិងក្តៅខ្លាំងនៅពេលយប់ ។នៅកណ្តាលទីក្រុង Madrid ភ្ញៀវទេសចរ នាំគ្នាបាំងឆ័ត្រ រកកន្លែងម្លប់ក្រោមអគារ ឬកន្លែងទឹកបាញ់ ដើម្បីទប់ទល់នឹងស្ថានភាពក្តៅនេះ ។លោក Del Campo និយាយថា ស្ថានភាពក្តៅខ្លាំងនេះដែរ បានកើតមាននៅទូទាំងតំបន់អឺរ៉ុបខាងលិច ក្នុងនោះប្រទេសជាច្រើន រួមទាំងព័រទុយហ្គាល់ បារាំង និងអង់គ្លេស បានជួបអាកាសធាតុក្តៅខ្លាំងខុសពីប្រក្រតីរួចទៅហើយ ក្នុងខែឧសភានេះ ។សូមបញ្ជាក់ថា របាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ (UN) និងការិយាល័យឧតុនិយមចក្រភពអង់គ្លេស បង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា សីតុណ្ហភាពសកលជាមធ្យម ត្រូវបានព្យាករថា នឹងឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសីតុណ្ហភាពអាកទិក ត្រូវបានគេរំពឹងថា នឹងឡើងក្ដៅលឿនជាងតំបន់ដទៃទៀត ៕

កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង

05/28/2026 08:05 PM        36
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា ដើម្បីបង្ហាញសមត្ថភាពប្រយុទ្ធដ៏សខាន់របស់យោធាដល់សាធារណជន និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការការពារពឹងផ្អែកលើខ្លួនឯង ។ក្រសួងបន្តថា សមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាឆ្នាំ ២០២៦ ត្រូវបានធ្វើឡើងនៅទីក្រុង Pocheon ស្ថិតនៅភាគខាងជើងទីក្រុងសេអ៊ូល ហើយត្រូវបានត្រួតពិនិត្យដោយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Ahn Gyu-back ។សមយុទ្ធនេះដែរ មានគោលបំណងបញ្ជាក់ពីការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធ និងសមត្ថភាពចុះប្រតិបត្តិការរួមគ្នា ។ទាហានប្រហែល ១.៤០០នាក់មកពីកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីនចំនួន ២៧អង្គភាព បានចូលរួមសមយុទ្ធនេះ ដែលមានគ្រឿងយុទ្ធោករណ៍ចំនួន ៤៥៧ គ្រឿង ។ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា សមយុទ្ធនេះ រួមមានទាំងប្រព័ន្ធអាវុធផលិតនៅកូរ៉េខាងត្បូង ដូចជារថក្រោះ K2 រថក្រោះ K9 និងយន្តហោះចម្បាំង KF-21 ៕

លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen

05/28/2026 08:05 PM        25
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយពេលធ្វើដំណើរទៅដល់ប្រទេសស៊ុយអែតថា ប្រទេសរបស់លោក នឹងរៀបចំកញ្ចប់ការពារជាតិសំខាន់ជាមួយស៊ុយអែត និងរៀបចំជំហានដ៏រឹងមាំ សម្រាប់យន្តហោះចម្បាំង Gripen ។ការិយាល័យព័ត៌មានប្រធានាធិបតីអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបលោក Zelenskiy មើលតាមបង្អួចយន្តហោះ ពេលដែលយន្តហោះចម្បាំង Gripen ហោះក្បែរ ។លោក Zelenskiy និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា លោកនឹងជួបជាមួយនាយករដ្ឋមន្រ្តីស៊ុយអែតលោក Ulf Kristersson និងក្រុមតំណាងមកពីឧស្សាហកម្មការពារជាតិស៊ុយអែត ។គួរឲ្យដឹងថា លោក Zelenskiy និងលោក Kristersson បានចុះហត្ថលេខាលើលិខិតបញ្ជាក់ចេតនាកាលពីឆ្នាំមុន ដែលស៊ុយអែតអាចនឹងទិញយន្តហោះចម្បាំង Saab Gripen ម៉ូដែល E ចំនួន ១៥០គ្រឿង ឲ្យអ៊ុយក្រែន ប៉ុន្តែការចែកចាយយន្តហោះទាំងនេះ ត្រូវការពេលច្រើនឆ្នាំទៀត ។សូមបញ្ជាក់ថា ស៊ុយអែត ស្ថិតក្នុងចំណោមប្រទេសបរិច្ចាគដ៏ធំបំផុតដល់អ៊ុយក្រែន ហើយពួកគេបានផ្តល់ជំនួយផ្នែកយោធា និងស៊ីវិល ១៣,៧៥ពាន់លានដុល្លារដល់អ៊ុយក្រែន មកទល់នឹងពេលនេះ ៕

នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ

05/28/2026 08:05 PM        21
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi មាននូវជំនួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos នៅទីក្រុងតូក្យូ នាថ្ងៃព្រហស្បតិ៍នេះ ។លោក Marcos ស្ថិតនៅក្នុងប្រទេសជប៉ុនសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃសុក្រស្អែក ហើយវាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំហ្វីលីពីនទៅកាន់ប្រទេសជប៉ុន ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ។លោក Marcos និយាយកាលពីថ្ងៃពុធថា ហ្វីលីពីននឹងបោះជំហានឆ្ពោះទៅរកកម្រិតខ្ពស់បំផុតនៃភាពជាដៃគូជាមួយជប៉ុន ស្របពេលភាពតានតឹងភូមិសាស្រ្តនយោបាយ និងការបង្អាក់ខ្សែចង្វាក់ផ្គង់ផ្គង់ថាមពល ។លោកនិយាយថា ពួកយើងនឹងជួបគ្នាក្នុងពេលផ្លាស់ប្តូរដ៏ជ្រាលជ្រៅនៅក្នុងប្រព័ន្ធអន្តរជាតិ ។ នៅទូទាំងតំបន់ ពួកយើងមើលឃើញភាពតានតឹងកើនឡើងផ្នែកភូមិសាស្រ្តនយោបាយ ការអាក់ខានខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល និងសម្ពាធកើនឡើងលើសណ្តាប់ធ្លាប់អន្តរជាតិផ្អែកលើច្បាប់ ។ដោយឡែក បញ្ហាថាមពល និងការពារជាតិ ត្រូវបានគេរំពឹងថា នឹងស្ថិតនៅលើរបៀបវារៈនៃជំនួបរបស់មេដឹកនាំទាំង ២ ៕

កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា

05/28/2026 08:05 PM        26
កម្មករនៅទីក្រុង Bordeaux ប្រទេសបារាំង និយាយថា ពួកគេពិបាកធ្វើការខ្លាំងណាស់នៅក្រោមអាកាសធាតុក្តៅខ្លាំងនាថ្ងៃព្រហស្បតិ៍នេះ ពេលដែលសីតុណ្ហភាពកើនឡើងដល់កម្រិតខ្ពស់បំផុត អំឡុងរលកកម្តៅខុសពីប្រក្រតី ។កម្មករធ្វើផ្លូវនិយាយថា ពួកគេមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់ ពេលដែលពួកគេធ្វើការក្រោមកម្តៅព្រះអាទិត្យដោយផ្ទាល់បែបនេះ ទាំងខ្វះជាតិទឹកក្នុងខ្លួន និងខ្សោះក្នុងខ្លួនដោយសារអាកាសធាតុក្តៅ ។លោក Henri Visse គឺជាកម្មករធ្វើផ្លូវមួយរូបនិយាយថា វាពិតជាពិបាកធ្វើការខ្លាំងណាស់ ។ កម្តៅចេញពីម៉ាស៊ីនផង ចេញពីឧបករណ៍ផង ហើយថែមទាំងគ្មានខ្យល់អាកាសទៀតផង ។សីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៨អង្សាសេនៅទីក្រុង Bordeaux ដែលជាសីតុណ្ហភាពពីលើកម្រិតមធ្យមប្រចាំរដូវ ស្របពេលដែលកម្តៅជាតិ បានបំបែកកំណត់ត្រារួចទៅហើយសម្រាប់ខែឧសភា ។ដើម្បីទប់ទល់ជាមួយអាកាសធាតុក្តៅបែបនេះ ក្រុមហ៊ុនធ្វើផ្លូវ បានសម្រេចចិត្តសម្របតាមលក្ខខណ្ឌការងារ អំឡុងពេលក្តៅខ្លាំង រួមទាំងសម្រួលម៉ោងធ្វើការ និងផ្តល់ទឹកដល់កម្មករផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM