អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល វាយឆ្មក់សហគមន៍ Bedouin នៅតំបន់កាន់កាប់វ៉េសប៊ែង
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រនាថ្ងៃព្រហស្បតិ៍នេះ ឃើញអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ ចូលក្នុងរូងភ្នំ អំឡុងការវាយឆ្មក់លើសហគមន៍ប៉ាឡេស្ទីន Bedouin ជិតទីក្រុង Hebron ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ជាទីដែលស្រ្តីជាម្តាយម្នាក់ និងកូនគាត់ម្នាក់រស់នៅ មុនពេលរុញពួកគេឲ្យដួល ពេលដែលគាត់ដើរកាត់ ។ រូបភាពវីដេអូឃ្លីបថតកាលពីថ្ងៃពុធនេះដែរ ឃើញគាត់វាយប្រហារសុនខរបស់ពួកគេផងដែរ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់ទីតាំងរូងភ្នំនោះពីភ្នំ ទីវាល និងប្លង់ផ្លូវ ដែលត្រូវបានមើលឃើញនៅក្នុងវីដេអូ និងផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។ គួរឲ្យដឹងថា កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិ(UN) រាយការណ៍ថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងហោច ៤៩លើក ចន្លោះថ្ងៃទី ១២ និងថ្ងៃទី ១៨ ខែឧសភា បណ្តាលឲ្យកើតមានគ្រោះថ្នាក់ ឬការខូចខាតទ្រព្យសម្បត្តិរបស់ជនប៉ាឡេស្ទីន ។ ឧបទ្ទេវហេតុទាំងនេះ រួមមានទាំងការកើនឡើងការដុតបំផ្លាញដែលមានគោលដៅលើផ្ទះសម្បែងប្រជាពលរដ្ឋ ដីកសិដ្ឋាន រថយន្ត និងវិហារ ហើយតួលេខចុងក្រោយនេះ ធ្វើឲ្យការវាយប្រហាររបស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលក្នុងឆ្នាំនេះនៅតំបន់កាន់កាប់វ៉េសប៊ែង កើតឡើងជាង ៨៧០ឡើង លើសហគមន៍ ២២០កន្លែង ៕