ស្វែងរក

ប្រមុខ​គោល​នយោបាយ​ EU៖ ច្រកសមុទ្រ Hormuz ស្ថិតក្នុង «ស្ថានភាពចម្លែក» រវាងសង្គ្រាម និងសន្តិភាព

05/28/2026 06:05 PM        42
ប្រមុខ​គោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ច្រកសមុទ្រ Hormuz នៅតែស្ថិតក្នុង «ស្ថានភាពចម្លែក» រវាងសង្គ្រាម និងសន្តិភាព ដោយសារមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវការណាមួយត្រូវបានឈានដល់រវាងភាគីពាក់ព័ន្ធ​ នៅឡើយទេ ដោយសង្កត់ធ្ងន់ថា សេរីភាពនៃការធ្វើនាវាចរណ៍ គឺជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នា។អំឡុង​ពេល​និយាយ​នៅមាត់ទ្វារមុន​ចូល​ទៅកាន់​កិច្ចប្រជុំក្រៅផ្លូវការមួយរបស់​រដ្ឋមន្ត្រីការបរទេស EU នៅទីក្រុង Limassol ជា​ក្រុង​រដ្ឋបាលរបស់​កោះស៊ីបក្រិក (Greek Cypriot Administration)​ លោកស្រី Kaja Kallas បាននិយាយ​ថា ស្ថានភាព នៅតំបន់​មជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តមាន​ គឺជារបៀបវារៈដ៏​ជាងគេ​នៃការពិភាក្សា​នេះ​។លោកស្រី​ Kallas បានលើកឡើងពីការរំពឹងទុក ដែល​ថា ភាគីពាក់​ព័ន្ធ​ អាចឈានដល់កិច្ចព្រមព្រៀង ស្ដីពី​ច្រកសមុទ្រនេះ ដោយបន្ថែមថា វាមិនទាន់បានកើតឡើងនៅឡើយទេ។ ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បានកត់សម្គាល់ទៀត​ថា៖ «ខ្ញុំចង់មានន័យថា ច្រកសមុទ្រ Hormuz ស្ថិតក្នុងស្ថានភាពចម្លែក រវាងសង្គ្រាម និងសន្តិភាព»។ជាមួយ​គ្នានេះ លោកស្រី Kallas បានឲ្យ​ដឹង​ទៀត​ថា រដ្ឋមន្ត្រីទាំង​អស់​ក៏នឹងពិភាក្សាផង​ដែរ​ អំពីទិដ្ឋភាពផ្សេងទៀតនៃស្ថានភាព នៅ​តំបន់​មជ្ឈិមបូព៌ា ផល​ប៉ះពាល់​របស់​វា និងរបៀបដែលប្រទេស​ទាំង​អស់​អាចសហការគ្នា​ ជុំវិញ​បញ្ហាទាំងនេះ។ លោកស្រីបានបន្ថែមថា ពួកគេក៏នឹងពិភាក្សាផង​ដែរ​ អំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត ក៏ដូចជាការចរចាដែលអាចធ្វើទៅបាន៕

កងទ័ពអ៊ីស្រាអែលបានវាយប្រហារគោលដៅចំនួន ៥៥០កន្លែង នៅក្នុងប្រទេសលីបង់ ចាប់តាំងពីដើមសប្តាហ៍មក

05/28/2026 05:05 PM        45
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើប្រទេសលីបង់ ជាទីដែលគោលដៅជាង ៥៥០កន្លែង ត្រូវបានវាយប្រហារ ចាប់តាំងពីដើមសប្តាហ៍មក។សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖«ចាប់តាំងពីដើមសប្តាហ៍មក កងកម្លាំងការពារអ៊ីស្រាអែល ( IDF) បានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាប្រហែល ៥៥០កន្លែង នៅក្នុងប្រទេសលីបង់»។យោងតាមកងទ័ព នៅថ្ងៃពុធ IDF បានវាយប្រហាររចនាសម្ព័ន្ធយោធា មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងបាញ់រ៉ូកែតដែលប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងជ្រលងភ្នំ Beqaa និងនៅទូទាំងភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារក៏បានកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការ នៅក្នុងតំបន់ទីក្រុង Tyre ផងដែរ។បទឈប់បាញ់ជាផ្លូវការរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ប៉ុន្តែភាគីទាំងពីរនៅបន្តការវាយប្រហារគ្នា នៅក្នុងតំបន់តាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមី ណេតាន់យ៉ាហ៊ូ បានប្រកាសនៅថ្ងៃទី ២៥ ខែឧសភាថា លោកបានបញ្ជាឲ្យកងទ័ពបង្កើនការវាយប្រហារលើក្រុមហេសបូឡា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនលើអ៊ីស្រាអែល៕

មន្ត្រីសន្តិសុខជាន់ខ្ពស់៖ លោកខាងលិចគួរតែដោះលែងទ្រព្យសកម្មដែលបង្កករបស់ប្រទេសអាហ្វហ្គានីស្ថាន

05/28/2026 05:05 PM        48
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយថា បណ្តាប្រទេសនៅលោកខាងលិច គួរតែដោះលែងទ្រព្យសកម្មរបស់អាហ្វហ្គានីស្ថានដែលបង្កក ហើយទទួលបន្ទុកនៃការស្តារប្រទេសនេះឡើងវិញក្រោយជម្លោះ ។ លោក Shoigu បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Mohammad Yaqoob ក្នុងអំឡុងពេលវេទិកាសន្តិសុខអន្តរជាតិថា៖«យើងមានទំនុកចិត្តថា ប្រទេសនៅលោកខាងលិចត្រូវតែដោះលែងទ្រព្យសកម្មរបស់អាហ្វហ្គានីស្ថានដែលបង្កក ហើយទទួលស្គាល់ការទទួលខុសត្រូវពេញលេញចំពោះវត្តមានរបស់ពួកគេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលម្ភៃឆ្នាំ និងទទួលបន្ទុកទាំងមូលនៃការស្តារប្រទេសនេះឡើងវិញក្រោយជម្លោះ»។លោកបានបន្ថែមថា៖«យើងបន្តពីភាពមិនអាចទទួលយកបានសម្រាប់យើង និងមិត្តភ័ក្តិអាហ្វហ្គានីស្ថានរបស់យើង ចំពោះការផ្តល់ទីតាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធយោធា និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ឬប្រទេសជិតខាងរបស់ខ្លួន ក្រោមលេសណាមួយ»៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប

05/28/2026 05:05 PM        50
ស្ពានបេតុងចំនួន១កន្លែង នៅស្រុកជីក្រែង ខេត្តសៀមរាប ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាយ៉ាងល្អប្រសើរសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូន និងការធ្វើអាជីវកម្មនានា ដែលនេះជាការលើកកម្រិតជីវភាពរស់នៅ ប្រជាពលរដ្ឋនៅមូលដ្ឋាន។លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យវាយតម្លៃ លើការងារសាងសង់ស្ពានបេតុង ចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងការស្ថាបនាសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិចេក ឆ្លងទៅភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍន៍នេះក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការស្ថាបនា ការស្តារ និងការថែទាំ ក្នុងនោះការតភ្ជាប់មិនថាស្ពាន និងបណ្តាញផ្លូវផ្សេងៗនៅតាមជនបទឡើយ ពិតជាមានសារៈសំខាន់ណាស់ ក្រៅពីការធ្វើដំណើរ ផ្លូវនិងស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចបម្រើដល់ការដឹកជញ្ជូនដូចជា៖ ការដឹកកសិផលទៅកាន់ទីផ្សារ ទៅកាន់ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។លោកជំទាវ បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តជំរុញអភិវឌ្ឍន៍លើវិស័យបម្រើដល់សង្គម និងសេដ្ឋកិច្ច ក្នុងនោះការអភិវឌ្ឍជនបទ គឺកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់សេវាសង្គមនានាជូនប្រជាពលរដ្ឋនៅតំបន់ជនបទដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, ការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាអនាម័យជនបទ ជាពិសេសការស្ថាបនាផ្លូវ និងស្ពាននេះជាដើម ដើម្បីលើកកម្ពស់កម្រិតជីវភាពនៅជនបទឱ្យកាន់តែប្រសើរ។ជុំវិញគម្រោងស្ពានខាងលើនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អ្នកទទួលការដែលបានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេស ដោយស្ពានមួយនេះនិងបានកំពុងសម្រួលដល់ ការធ្វើដំណើររបស់របស់ប្រជាពលរដ្ឋ។ លោកជំទាវបន្ថែមថា ទាក់ទងការអភិវឌ្ឍនៅតាមជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បំផុត ទាំងការងារស្ថាបនា ការស្តារ និងការថែទាំ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ដើម្បីរួមចំណែក ក៏ដូចជាការកែប្រែនូវលក្ខខណ្ឌ រស់នៅរបស់សហគមន៍ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម និងការប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាពរីកចម្រើនប្រកបដោយចីរភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី

អ៊ីរ៉ងថ្កោលទោសការវាយប្រហារ នៅភាគខាងត្បូងប្រទេស​ និងព្រមានពី​ការរំលោភលើបទឈប់បាញ់

05/28/2026 04:05 PM        43
នាថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ អ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក នៅជិតទីក្រុង Bandar Abbas នៅភាគខាងត្បូងប្រទេស ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត និងគំរាមកំហែងដល់ប្រទេសក្នុងតំបន់។ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅជិតទីក្រុង Bandar Abbas ដែលបានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ គឺជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។ លោក Baghaei បានបន្ត​ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មានកាតព្វកិច្ចបំពេញការទទួលខុសត្រូវផ្នែកច្បាប់របស់ខ្លួន ដោយតម្រូវ​ឲ្យ​សហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការឈ្លានពាន​លើបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ង់។លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនផង​ដែរ​ថា បានរំលោភជាបន្តបន្ទាប់លើបទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដោយលើកឡើងពីការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងដែនទឹកអន្តរជាតិ ក៏ដូចជាការវាយប្រហារតាមអាកាសថ្មីៗនេះ លើភាគខាងត្បូងនៃ​ប្រទេសអ៊ីរ៉ង់។គួរ​បញ្ជាក់​ថា នៅ​ព្រឹកថ្ងៃព្រហស្បតិ៍នេះ​ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន​ Anadolu ថា កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ចំនួន ៤គ្រឿង នៅជិតច្រកសមុទ្រ Hormuz និងបានវាយប្រហារស្ថានីយត្រួតពិនិត្យលើ​ដីមួយកន្លែងរបស់អ៊ីរ៉ង់ នៅទីក្រុង​ Bandar Abbas ដែលត្រូវបានចោទប្រកាន់ថា កំពុងរៀបចំបាញ់បង្ហោះយានដ្រូន​មួយគ្រឿង​ផ្សេងទៀត។ មន្ត្រីរូបនេះបានពិពណ៌នាអំពីសកម្ម​ភាព​​របស់សហរដ្ឋអាមេរិកថា ជា «វិធានការមាន​កំណត់​» និង «គ្រាន់តែ​ជា​ការ​ការពារខ្លួន» ដោយបញ្ជាក់​ថា ពួកគេមានបំណងរក្សាបទឈប់បាញ់។ជាការ​ឆ្លើយតបទៅនឹងការវាយប្រហារដោយអាមេរិក កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់​ថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិកមួយកន្លែង នៅគូវ៉ែត ដើម្បីសងសឹក ចំពោះអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារតាមអាកាសរបស់អាមេរិក នៅជិតអាកាសយានដ្ឋាន Bandar Abbas៕

កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ

05/28/2026 04:05 PM        107
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបន្តវេនក្នុងអាណត្តិទី៧នេះ តែងតែ ឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជា បានឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ ហើយកម្ពុជាបានខិតខំស្វះស្វែងរកបាននូវសន្ដិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ធ្វើឱ្យកម្ពុជាទទួលបានសន្ដិភាពចាប់ពីចុងឆ្នាំ ១៩៩៨រហូតមក ដែលជាពេលវេលាមួយដែលកម្ពុជាមានឱកាសកសាង អភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបានបន្តថា ផ្ដោតលើទស្សនវិស័យស្រឡាញ់សន្ដិភាព ការពារសន្ដិភាពរបស់កម្ពុជាតាំងពីដើមមក ដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនាំប្រទេសជាតិឈរលើគោលគំនិតសន្ដិភាពនិយម និងខិតខំបញ្ចប់សង្គ្រាមជាមួយថៃ ដើម្បីឱ្យមានសសន្ដិភាពឡើងវិញ។ ជាក់ស្ដែងចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កម្ពុជាគោរពបានយ៉ាងល្អនូវបទឈប់បាញ់។ ឯកឧត្តមបានបញ្ជាក់ថា មកដល់ពេលនេះ យើងអាចនិយាយបានថា នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ អត់មានសង្គ្រាមទៀតទេ បើទោះបីជាបងប្អូនប្រជាពលរដ្ឋឭព័ត៌មានផ្សេងៗ ក៏ប៉ុន្ដែអត់មានផ្ទុះសង្គ្រាមទៀតទេ ភាគីទាំងពីរបានសម្របសម្រួលគ្នា ដើម្បីបញ្ចៀសសង្គ្រាមហើយឈានទៅស្វែងរកដំណោះស្រាយមួយ សន្ដិវិធី ច្បាប់អន្តរជាតិ និងការទូត។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

ទីភ្នាក់ងារដឹកជញ្ជូន៖ នាវាដឹកប្រេងចំនួនបីគ្រឿង ត្រូវរងការវាយប្រហារដោយយានដ្រូន នៅក្នុងសមុទ្រខ្មៅ

05/28/2026 04:05 PM        49
ទីភ្នាក់ងារដឹកជញ្ជូន Tribeca បាននិយាយថា ការវាយប្រហារដោយយានដ្រូន បានកំណត់គោលដៅលើ នាវាដឹកប្រេងចំនួនបីគ្រឿង នៅសមុទ្រខ្មៅ ក្បែរឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសទួរគី នាថ្ងៃព្រហស្បតិ៍នេះ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា នាវាដឹកប្រេង James II ដែលធ្វើដំណើរក្រោមទង់ជាតិប៉ាឡាវ (Palau) និងមានសណ្តូង ស្ថិតនៅចម្ងាយប្រហែល ៥០ ម៉ាយ (៨០ គីឡូម៉ែត្រ) ភាគខាងជើងនៃតំបន់ Turkeli ក្នុងសមុទ្រខ្មៅ នៅពេលដែលឧប្បត្តិហេតុនេះ បានកើតឡើង។ទីភ្នាក់ងារនេះក៏បាននិយាយផងដែរថា នាវាដឹកប្រេង Altura និង Velora ដែលធ្វើដំណើរក្រោមទង់ជាតិ សៀរ៉ាមឡេអូន និងប៉ាឡាស ត្រូវរងការវាយប្រហារនៅក្នុងតំបន់ក្បែរនោះ ខណៈពេលកំពុងធ្វើប្រតិបត្តិការផ្ទេរប្រេងរវាងនាវាទាំងពីរគ្រឿងនេះ។ ទីភ្នាក់ងារនេះបានបន្ថែមថា ទូកសុវត្ថិភាពឆ្នេរសមុទ្រត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីជួយហើយសមាជិកនាវិកទាំងអស់នៅក្នុងនាវាដឹកប្រេងទាំងនោះ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពល្អទេ៕

យោធាចិន បញ្ជាក់​ថា បានបង្ខំ​ឲ្យ​នាវាចម្បាំងហូឡង់ចាក​ចេញ នៅសមុទ្រចិនខាងត្បូង

05/28/2026 04:05 PM        48
យោធាចិនបានប្រាប់​ឲ្យ​ដឹង​កាលពីថ្ងៃពុធ (ទី ២៧ ខែឧសភា ឆ្នាំ២០២៦) ថា ខ្លួនបានបង្ខំ​នាវាចម្បាំង​ ១គ្រឿងរបស់​ហូឡង់​ឲ្យ​ចាក​ចេញ ដោយបាន​ចោទប្រកាន់ថា បាន​ «លុក​ចូល​ដោយខុសច្បាប់» ទៅក្នុងតំបន់ ជុំវិញប្រជុំ​កោះ Paracel នៅ​ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ទីក្រុងប៉េកាំងអះអាង​សិទ្ធិ​អធិបតេយ្យ​ស្ទើរតែទាំងស្រុង លើ​តំបន់​នៅ​សមុទ្រចិនខាងត្បូង ទោះបីជាសេចក្តីសម្រេចអន្តរជាតិឆ្នាំ២០១៦ បដិសេធការទាម​ទារ​នេះ​ក៏ដោយ ដែលជំរុញឲ្យ​មានភាពតានតឹងជាមួយប្រទេសជិតខាងក្នុងតំបន់។បញ្ជាការភូមិភាគខាងត្បូងរបស់​យោធាចិន បានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំង De Ruyter របស់កងទ័ពជើងទឹកហូឡង់ «បានហោះហើរ​ឧទ្ធម្ភាគចក្រពី​លើ​នាវា​​ម្តងហើយម្តងទៀត» ដោយ «រំលោភលើដែនអាកាសរបស់ចិន»។សេចក្ដី​ថ្លែង​ការណ៍​ បាន​បញ្ជាក់ថា កងកម្លាំងចិនបានចាត់វិធានការនានា ដូចជាការព្រមានដោយពាក្យសំដី និង «ការរំខានអេឡិចត្រូនិច» ដើម្បីបង្ខំនាវានោះចាក​ចេញ។សេចក្តីថ្លែងការណ៍នេះបានបន្ថែម​ថា៖ «សកម្មភាពរបស់ភាគីហូឡង់ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដី និងសន្តិសុខដែន​សមុទ្រ និងដែន​អាកាសរបស់ចិន រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ»។សេចក្ដី​ថ្លែងការណ៍ បាន​សង្កត់ធ្ងន់​ថា ប្រទេសចិន «ប្រឆាំងយ៉ាងដាច់អហង្ការ» ចំពោះទង្វើទាំងនេះ ហើយបានព្រមានភាគីហូឡង់ឲ្យ​បញ្ឈប់ជាបន្ទាន់​នូវសកម្មភាព «បង្ក​ហេតុ​» របស់ខ្លួន៕

អនាគតនៃការចរចារវាងអ៊ីស្រាអែលនិងលីបង់សម្របសម្រួលដោយអាមេរិក នៅមិនច្បាស់លាស់ ខណៈអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលីបង់

05/28/2026 04:05 PM        41
ការចរចារវាងអ៊ីស្រាអែល និងលីបង់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ត្រូវបានគ្រោងនឹងចាប់ផ្តើមជាថ្មីម្តងទៀតចាប់ពីថ្ងៃស្អែក ដោយចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំបច្ចេកទេសរវាងមន្ត្រីយោធា។ ការចរចាផ្នែកការទូត នឹងធ្វើឡើងក្នុងអំឡុងសប្តាហ៍ដំបូងនៃខែមិថុនា។ទោះជាយ៉ាងណា អ៊ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួនយ៉ាងខ្លាំង ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ។ អ៊ីស្រាអែល កំពុងព្យាយាមឆ្លងកាត់ទន្លេ Litani ហួសពីវិសាលភាពនៃប្រតិបត្តិការដែលប្រជាជនរំពឹងទុកនៅភាគខាងត្បូង។ អ៊ីស្រាអែលបានបង្កើត «តំបន់សន្តិសុខ» ពណ៌លឿងមួយកន្លែងនៅភាគខាងត្បូងប្រទេសចូលជ្រៅ១០គីឡូម៉ែត្រ ទៅក្នុងទឹកដីប្រទេសលីបង់។អ៊ីស្រាអែល ទំនងជាកំពុងព្យាយាមច្រានចោលដាច់ខាតចំពោះការផ្លាស់ប្តូរផែនការមុនពេលការចរចា។ ប្រទេសនេះ ចង់ឱ្យរដ្ឋាភិបាលលីបង់ធ្វើការជាមួយខ្លួនដើម្បីដកហូតអាវុធពីក្រុមហេសបូឡានៅភាគខាងត្បូង។ អ៊ីស្រាអែលក៏បាននិយាយផងដែរថា រដ្ឋាភិបាលលីបង់ មិនបានធ្វើអ្វីគ្រប់គ្រាន់ចាប់តាំងពីឆ្នាំ២០២៤ នៅពេលដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដើម្បីបង្កើតយន្តការរួមគ្នាមួយ។

ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់

05/28/2026 04:05 PM        110
ពោធិ៍សាត់៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បានបន្តផ្សព្វផ្សាយនៅបរិវេណសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៨០០នាក់។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ណែនាំ និងបានជម្រាបជូនអង្គពិធីទាំងមូលអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋាន។ ក្នុងនោះ សម្រាប់វេទិកាខេត្តពោធិ៍សាត់នេះផ្ទាល់ បាននាំមកនូវឱកាសការងារភ្លាមៗចំនួន ១០ ៧៣២ កន្លែង ពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ និងតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានថ្លែងអំពាវនាវដល់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋទាំងអស់ឱ្យពិចារណាចាប់យកការងារធ្វើក្នុងស្រុក ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់ផ្ទាល់ ដែលកំពុងមានការរីកដុះដាលនូវបណ្តារោងចក្រ និងសហគ្រាសធំៗជាច្រើន។ ឯកឧត្តមបានគូសបញ្ជាក់ថា បន្ទាប់ពីចុះឈ្មោះធ្វើការងារស្របច្បាប់នៅទីនេះ បងប្អូនអតីតពលករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗចំនួន ៣ ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមានរបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ឬប្រាក់រ៉ឺត្រែត ដូចមន្ត្រីរាជការដែរ ដែលយន្តការនេះជួយកាត់បន្ថយទាំងពេលវេលា និងថវិកាពលរដ្ឋក្នុងការដើររកការងារធ្វើ។ជាមួយគ្នានេះដែរ ឯកឧត្តម ឡេង សែ ក៏បានពន្យល់យ៉ាងក្បោះក្បាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីហានិភ័យនៃការចំណាកស្រុកខុសច្បាប់ ដែលប្រឈមនឹងការកេងប្រវ័ញ្ច និងខ្វះការគាំពារផ្នែកច្បាប់។ ការធ្វើការងារនៅក្នុងស្រុក មិនត្រឹមតែផ្តល់ប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យបងប្អូនបានជួបជុំ និងថែទាំឪពុកម្តាយចាស់ជរា ក៏ដូចជាកូនតូចៗក្នុងបន្ទុកផងដែរ ខណៈបច្ចុប្បន្នប្រទេសយើងមានការងារធ្វើច្រើនកន្លែង ប៉ុន្តែជួបប្រទះការខ្វះខាតកម្លាំងពលកម្ម។ ប្រសិនបើយើងងាកមកប្រើប្រាស់កម្លាំងពលកម្មសកម្មទាំងនេះ ក្នុងការធ្វើការងារស្របច្បាប់ក្នុងស្រុកវិញ នោះនឹងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ក្នុងករណីដែលមានបំណងចង់ទៅបំពេញការងារនៅក្រៅប្រទេស ដូចជាប្រទេសកូរ៉េ ជប៉ុន អូស្ត្រាលី ជាដើម ឯកឧត្តមបានក្រើនរំលឹកដល់ពលរដ្ឋ ឱ្យជ្រើសរើសតែក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីត្រឹមត្រូវប៉ុណ្ណោះ ចៀសវាងការចាញ់បោកក្រុមហ៊ុនខុសច្បាប់ ឬក្រុមហ៊ុនខ្សឹប ដោយបងប្អូនអាចធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមលេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។ក្រៅពីឱកាសការងារ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់យុវជន ឱ្យចាប់យកឱកាសមាសក្នុងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬកម្មវិធី TVET ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដ៏ធំស្កឹមស្កៃ ក្នុងគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ នេះជាកម្មវិធីអាទិភាពជាតិរបស់រាជរដ្ឋាភិបាល ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែលើជំនាញទីផ្សារជាច្រើន ដូចជាការជួសជុលម៉ាស៊ីនបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី សំណង់ ឆុងកាហ្វេ ដុតនំ សាឡន ផាត់មុខ អ៊ុតសក់ ធ្វើក្រចក និងផ្នែកសេវាកម្មជាដើម ដើម្បីធានាបាននូវការងារធ្វើ និងប្រាក់ឈ្នួលសមរម្យនាពេលអនាគត។សូមបញ្ជាក់ថា វេទិកាការងារដ៏មានសារៈសំខាន់នេះ ទទួលបានការសហការចូលរួមយ៉ាងពេញទំហឹងពីសំណាក់បណ្តារោងចក្រ សហគ្រាស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគម និងតំបន់សេដ្ឋកិច្ចពិសេសធំៗ រួមទាំង រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ, រោងចក្រ ញូ វ៉ាយ អឹភែរឹល, រោងចក្រ អខេធី, រោងចក្រ ស៊ិនគី អឹភឹរឹល, សិប្បកម្ម សាន ពៅ, រោងចក្រ មីនេបៀ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, សមាគម TAFTAC, តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ, តំបន់សេដ្ឋកិច្ចពិសេស ចេជាង គម្រោង២ ព្រមទាំងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលជាក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មស្របច្បាប់ទៅបម្រើការងារនៅប្រទេសជប៉ុនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM