ត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
សៀមរាប៖ ខណ្ឌរដ្ឋបាលជលផលសៀមរាមរាប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ត្រីប្រមាណពីរតោនបានងាប់នៅកន្លែងអភិរក្សតាមោក ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង៤,៣០នាទី។ លោក លី តុងឃី ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង ដែលបានកំពុងយាមការពារនៅកន្លែងអភិរក្សជលផលតាមោក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យត្រីងាប់នេះ គឺនៅប៉ុន្មានថ្ងៃនេះ អាកាសធាតុមានសភាពក្តៅខ្លាំង ហើយទឹកនៅកន្លែងអភិរក្សក៏រីងរាក់ខ្លាំង នៅសល់កម្ពស់ប្រមាណ០,១ម៉ែត្រ ទៅ០,៤ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យទឹកក្តៅខ្លាំងរហូតដល់បាតដី មិនតែប៉ុណ្ណោះ ពុំមានខ្សល់បក់ទៀត ធ្វើឱ្យហប់ខ្សល់ខ្លាំង ធ្វើឱ្យមានកង្វះអ៊ុកស៊ីសែន ទើបធ្វើឱ្យត្រីងាប់។ នៅថ្ងៃទី២៨ ខែឧសភា នេះ ផ្នែករដ្ឋបាលជលផលដំដែក, សង្កាត់រដ្ឋបាលជលផលសូទ្រនិគម, រដ្ឋបាលឃុំកំពង់ឃ្លាំង និងកងកម្លាំងបង្រ្កាបបទល្មើនេសាទតំបន់ប្រតិបត្តិការសឹករងខេត្ត, កងពលតូច ង៧០ និងយោធភូមិភាគ៥ បានចុះទៅពិនិត្យមើលជាក់ស្តែងនៅកន្លែងកើតហេតុ អំពីត្រីងាប់នេះ។ ប្រភេទត្រីដែលងាប់ មានដូចជា ត្រីរៀល ត្រីក្រុស ត្រីឆ្ពិន ត្រីខ្មាន់ ត្រីឆ្លាំង និងត្រីក្រពាត់ ប្រហែលជា២០០០គីឡូក្រាម៕