ស្វែងរក

រុស្ស៊ីព្រមានអាមេនី ជុំវិញការ​ប៉ុន​ប៉ង​ចូល EU ខណៈ​លោក Trump គាំទ្រលោក​នាយករដ្ឋមន្ត្រី Pashinyan

05/28/2026 04:05 PM        35
កាលពីថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) ប្រទេស​រុស្ស៊ីបាន​ឲ្យដឹង​ថា ខ្លួនបាន​ព្រមាន​​អាមេនីថា ការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងពេជ្រមិន​ទាន់ច្នៃ​ដែលមានតម្លៃទាប នឹង​ត្រូវបាន​ផ្អាក ឬបញ្ចប់​​ ប្រសិនបើទីក្រុង Yerevan បន្តការប៉ុន​ប៉ង​របស់ខ្លួន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (EU)។ទីក្រុងមូស្គូបានចេញការព្រមាននេះ មុនការបោះឆ្នោតសភានៅថ្ងៃទី៧ ខែមិថុនា ដោយការស្ទង់មតិបានផ្ដល់​ឲ្យ​គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract Party) របស់លោក​នាយករដ្ឋមន្ត្រី Nikol Pashinyan នូវការនាំមុខយ៉ាង​ងាយ​ស្រួល លើគូប្រជែងដែលគាំទ្ររុស្ស៊ី។ លោក​ Pashinyan បានពង្រឹងទំនាក់ទំនងជាមួយលោកខាងលិច ដែលធ្វើឲ្យ​ទីក្រុងមូស្គូខឹងសម្បា។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា៖ «ស្ថានទូតរុស្ស៊ីបានបញ្ជូនលិខិតផ្លូវការមួយ​ច្បាប់​ ដោយបញ្ជាក់ថា ប្រសិនបើដំណើរការនៃការចូលរួមជាមួយសហភាពអឺរ៉ុប (EU) នៅតែបន្ត ភាគីរុស្ស៊ីនឹងផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិតផលប្រេងកាត និងពេជ្រមិន​ទាន់ច្នៃ​ជាឯកតោភាគី»។គួរបញ្ជាក់​ថា អាមេនី ជាប្រទេសដែលគ្មាន​ព្រំ​ដែន​សមុទ្រមានប្រជាជនប្រហែល ៣លាននាក់នេះ ជាប្រពៃណីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងជាសមាជិកនៃសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប​ ដឹកនាំដោយរុស្ស៊ី។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax បាន​ឲ្យ​ដឹង​ថា ប្រទេសនេះមានមូលដ្ឋានយោធារុស្ស៊ី ហើយពឹងផ្អែកយ៉ាងខ្លាំងលើទីក្រុងមូស្គូ សម្រាប់ថាមពល ដោយឧស្ម័ន ៨២ភាគរយរបស់ខ្លួន ត្រូវបាននាំចូលពីរុស្ស៊ីកាលពីឆ្នាំមុន។តាម​រយៈ​ការបង្ហោះលើ​បណ្ដាញ​សង្គម កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោក Pashinyan ទទួលបានការគាំទ្រ «ពេញលេញទាំង​ស្រុង​» ពី​រូប​លោក នៅក្នុងការបោះឆ្នោតថ្ងៃទី៧ ខែមិថុនា ដោយចាត់​ទុក​លោក​នាយក​រដ្ឋមន្ត្រីអាមេនី​ថា ជា «មិត្ត និងជាមេដឹកនាំដ៏អស្ចារ្យ»៕

បញ្ញាសិប្បនិម្មិត (AI) ជួយអ្នកស្រាវជ្រាវស្វែងយល់ពីទំនាក់ទំនងរវាងការកើនឡើងអាយុជីវសាស្រ្ត និងហានិភ័យសុខភាព

05/28/2026 04:05 PM        30
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba របស់អ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមមកពីអ៊ីស្រាអែល ចិន និងសហរដ្ឋអាមេរិក បានរកឃើញថា នៅពេលដែលអាយុជីវសាស្រ្តរបស់មនុស្សម្នាក់ខ្ពស់ជាងអាយុពិតប្រាកដរបស់ពួកគេ ហានិភ័យនៃការស្លាប់ និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កើនឡើងគួរឲ្យកត់សម្គាល់។ នៅក្នុងការសិក្សារបស់ពួកគេ ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Aging and Disease ក្រុមនេះបានប្រើប្រាស់ការធ្វើតេស្តឈាមជាប្រចាំ រួមផ្សំជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតវិធីសាមញ្ញមួយ ដើម្បីរកឃើញភាពចាស់លឿនជាងមុន និងកំណត់អត្តសញ្ញាណមនុស្សដែលមានហានិភ័យសុខភាពខ្ពស់ជាច្រើនឆ្នាំមុនពេលជំងឺធ្ងន់ធ្ងរកើតឡើង។ការសិក្សានោះបានរកឃើញថា រាល់ឆ្នាំជីវសាស្រ្តបន្ថែមលើសពីអាយុតាមលំដាប់លំដោយរបស់មនុស្សម្នាក់ បានបង្កើនហានិភ័យនៃការស្លាប់ ១៥ ភាគរយ និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៦ ភាគ រយ។ហានិភ័យសុខភាព គឺពិតជាជាគួរឲ្យកត់សម្គាល់ណាស់ជាពិសេស នៅពេលដែលអាយុជីវសាស្រ្តលើសពីអាយុពិតប្រាកដជាងបីឆ្នាំ។ ការសិក្សានេះ បានតាមដានមនុស្សពេញវ័យជិត ២.៦០០ នាក់ នៅអ៊ីស្រា អែលអស់រយៈពេលជាង ៩ឆ្នាំ ហើយបានវិភាគការវាយតម្លៃលើទិន្នន័យផ្នែកវេជ្ជសាស្ត្រជាង ៦.៧០០ករណី៕

សកម្មជនគណបក្សប្រឆាំងចំនួន ៥១នាក់នៅស្រុកស្អាង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

05/28/2026 04:05 PM        74
ភ្នំពេញ៖ ក្រោមបរិយាកាសនៃការរីកចម្រើន និងការរក្សាបាននូវសុខសន្តិភាពជាក់ស្តែង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅទទួលសកម្មជនមកពីគណបក្សភ្លើងទៀន ចំនួន ៥១នាក់ ដោយក្នុងនោះមកពីឃុំស្វាយប្រទាល ចំនួន២៤នាក់ និងឃុំតាលន់ ចំនួន២៧នាក់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលមកជ្រកក្រោមដំបូលគណបក្សប្រជាជនកម្ពុជារបស់សកម្មជនគណបក្សប្រឆាំងទាំង ៥១នាក់នេះ គឺធ្វើឡើងដោយមើលឃើញជាក់ស្តែងពីការដឹកនាំដ៏ច្បាស់លាស់ ត្រឹមត្រូវ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ។ បងប្អូនអតីតសកម្មជនបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើគំរូវីរភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងរក្សាបាននូវសុខសន្តិភាពយ៉ាងរឹងមាំជូនជាតិមាតុភូមិ។ នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំងអស់។ លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាពលរដ្ឋ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ និងបើកចំហទ្វារជានិច្ចក្នុងការទទួលស្វាគមន៍រាល់បងប្អូនដែលមានបំណងចង់រួមរស់ និងកសាងប្រទេសជាតិជាមួយគ្នា។ ភ្លាមៗបន្ទាប់ពីបញ្ចប់ពិធីទទួលសកម្មជនរួចរាល់ លោក រស់ ចំណាន បានបន្តដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនកុមារកំព្រាឪពុកម្តាយចំនួន ៥ នាក់ ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងបន្ទុកដ៏លំបាកជាមួយជីដូនជីតា។ សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដោយមានការសម្របសម្រួល និងយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដើម្បីជួយសម្រួលដល់ការរស់នៅ និងការសិក្សារបស់ក្មួយៗកុមារកំព្រា លោក រស់ ចំណាន បានប្រគល់ជូននូវសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ រួមមាន៖ កង់ចំនួន ២ គ្រឿង (សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរទៅសាលារៀន) កាតាប ចំនួន ៥ កាតាប សៀវភៅ ចំនួន ៣០ ក្បាល អង្ករ ចំនួន ២ បាវ ត្រីខ ចំនួន ២ យួរ ទឹកត្រី ចំនួន ២ យួរ ទឹកស៊ីអ៊ីវ ចំនួន ២ យួរ មី ចំនួន ២ កេស ភួយ ចំនួន ៥ ភួយ និងថវិកាមួយចំនួនទៀតផងដែរ។ ការចុះជួយដល់ខ្នងផ្ទះប្រជាពលរដ្ឋខ្វះខាត និងកុមារកំព្រានៅពេលនេះ បានធ្វើឱ្យជីដូនជីតា ក៏ដូចជាកុមារទាំង ៥ នាក់ រំភើបចិត្តឥតឧបមា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម គួច ចំរើន ក៏ដូចជាលោក រស់ ចំណាន និងក្រុមការងារទាំងអស់ ដែលមិនដែលបោះបង់ប្រជាពលរដ្ឋចោល និងតែងតែមកជួយសង្គ្រោះទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ ក្នុងស្មារតី «សាមគ្គីភាព និងការចែករំលែក» មិនទុកឱ្យប្រជាពលរដ្ឋរស់ដោយឯកកោ និងដោយអត់បាយនោះឡើយ៕

លោក Trump ព្រមាន​អូម៉ង់កុំ​ឲ្យ​ជ្រៀតជ្រែក ក្នុង​​ពេលមានការចរចាដ៏​ផុយស្រួយ រវាង​អាមេរិក និងអ៊ីរ៉ង់

05/28/2026 03:05 PM        32
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បានព្រមានប្រទេសអូម៉ង់កុំឲ្យ​ជ្រៀតជ្រែក ខណៈដែលការចរចាដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ នៅតែបន្តមាន​ ដោយអះអាងថា សហរដ្ឋអាមេរិកនឹង «ត្រួតពិនិត្យ និង​ការពារ» ច្រកសមុទ្រ Hormuz។អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមាន នៅពេលត្រូវបាន​សួរថា តើលោកនឹងទទួលយកកិច្ចព្រមព្រៀងរយៈពេលខ្លីដែលនឹងអនុញ្ញាតឲ្យ​អ៊ីរ៉ង់ និងអូម៉ង់គ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះដែរ ឬទេ លោក Trump បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «ទេ ច្រកសមុទ្រនេះនឹងបើកចំហសម្រាប់គ្រប់គ្នា»។លោកបាននិយាយថា៖ «វាគឺ​ជាដែនទឹកអន្តរជាតិ។ គ្មាននរណាម្នាក់នឹងគ្រប់គ្រងវាទេ។ យើងនឹងត្រួតពិនិត្យ​ និង​ការពារ​វា។ យើងនឹងមើលថែវា ប៉ុន្តែគ្មាននរណាម្នាក់នឹងបាន​គ្រប់គ្រងវាទេ។ នោះជាផ្នែកមួយនៃការចរចាដែលយើងមាន»។ហើយ​លោក Trump បានព្រមានថា៖ «អូម៉ង់នឹងមានឥរិយាបទដូចប្រទេស​ដទៃដែរ ឬបើមិន​ដូច្នោះ​ទេ យើងនឹងត្រូវមាន​វិធានការយោធា​»។គួរបញ្ជាក់​ថា ការកត់សម្គាល់របស់លោក Trump បែបនេះ​ បានកើតឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ខ្លួនបានទទួលសេចក្តីព្រាងក្រៅផ្លូវការនៃកិច្ចព្រមព្រៀង រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក ដែលនឹងស្តារការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ឲ្យ​ដល់កម្រិតមុនមាន​ជម្លោះ ក្នុងរង្វង់​រយៈពេល ១ខែ ដោយអ៊ីរ៉ង់ និងអូម៉ង់រួមគ្នាគ្រប់គ្រងចរាចរណ៍៕

អ្នកនយោបាយអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើតមនសិការស្នេហាជាតិនិងចងចាំថ្ងៃទី២៨ ខែឧសភា ថៃឈ្លានពានកម្ពុជា

05/28/2026 03:05 PM        258
ភ្នំពេញ ៖ បណ្តាអ្នកនយោបាយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បង្កើតមនសិការស្នេហាជាតិឲ្យបានខ្ពស់ទាំងអស់គ្នា នឹងត្រូវកំណត់ថ្ងៃទី២៨ ខែឧសភា ជាថ្ងៃចងចាំនៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ពីព្រោះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពាន និងភាពអយុត្តិធម៌មកលើកម្ពុជា។ឯកឧត្តម រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងថា នៅថ្ងៃទី២៨ ខែឧសភានេះ គឺជាខួបមួយឆ្នាំនៃការចងចាំដែលកងទ័ពថៃចូលមកឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា និងបានបាញ់សម្លាប់វីរកងទ័ពកម្ពុជា។ ហើយជាថ្ងៃសោកសៅនិងឈឺចាប់បំផុតចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយអំពាវនាវដល់ប្រជាជាតិខ្មែរចងចាំនៅការឈ្លានពានរបស់ថៃ និងអំពាវនាវឲ្យប្រជាជាតិខ្មែរទាំងអស់ឯកភាពគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមគ្នាការពារ ជាតិ ការពារទឹកដី និងបន្តធ្វើពហិកាឈប់ប្រើប្រាស់ផលិតផលថៃគ្រប់ប្រភេទ។ ឯកឧត្តមបានបញ្ជាក់ថា ៖ “មួយឆ្នាំខួបនៃការបាញ់សម្លាប់វីរកងទ័ពរបស់យើងលោក សួន រ៉ោន ដែលជាថ្ងៃដែលើយើងសោកសៅបំផុត ជនរួមជាតិរបស់យើងនៅតែមានការឈឺចាប់ជានិច្ចចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយសូមគោរពវិញ្ញាណក្ខន្ធលោក សួន រ៉ោន វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិរបស់យើង ហើយថ្ងៃនេះជាខួបមួយឆ្នាំសូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព ហើយថែរក្សាទឹកដីរបស់ផងដែរ”។ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា ចំពោះខួប១ឆ្នាំនៃការចូលមកឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺគួរតែបង្កើតមនសិការស្នេហាជាតិឲ្យបានខ្ពស់ទាំងអស់គ្នា ត្រូវកំណត់ថ្ងៃទី២៨ ខែឧសភា ជាថ្ងៃចងចាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងថ្ងៃទី២៨ ខែឧសភា បានកំណត់ត្រាទុកជាប្រវត្តិសាស្ត្រ និងជាថ្ងៃដែលឈឺចាប់បំផុត។ សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បញ្ឈប់ការប្រើប្រាស់ទំនិញនិងផលិតគ្រប់ប្រភេទរបស់ថៃ និងប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចំរើន។ ឯកឧត្តមបានបញ្ជាក់ថា ៖ “សម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងថ្ងៃទី២៨ ខែឧសភា គឺបានកំណត់ត្រាទុកជាប្រវត្តិសាស្ត្រ ហើយក៏មិនអាចលើកលែងអភ័យទោសបានដែរ ព្រោះការស្លាប់វីរកងទ័ពរបស់យើងដោយគ្មានកំហុសទាំងអស់នេះ ត្រូវតែចងចាំទុកជានិច្ច។ បច្ចុប្បន្នភាពរាល់ថ្ងៃនេះ ការឈ្លានពានរំលោភយកដីកម្ពុជាដោយកម្លាំងក៏ពុំមានប្រទេសណាមួយទទួលស្គាល់នៅឡើយទេ។ ប្រជាជនកម្ពុជាកំពុងតែគាំទ្រឲ្យរាជរដ្ឋាភិបាលមានចំណាត់ការទៅលើការដោះស្រាយដោយសន្តិវិធី។ ហើយប្រជាពលរដ្ឋទាំងអស់គួរតែចងចាថ្ងៃទី២៨ ឧសភា ជាថ្ងៃឈ្លានពានរបស់ថៃមកលើកម្ពុជាឲ្យបានគ្រប់ៗគ្នានិងសូមកុំគាំទ្រទំនិញណាមួយរបស់ថៃចូលមកកម្ពុជា និងសូមគាំទ្រផលិតផលខ្មែរ មានតែខ្លួនយើងទេដែលជួយខ្លួនយើងបាន”។ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា ថ្ងៃទី២៨ ខែឧសភា នេះ គឺជាខួប១ឆ្នាំនៃការទទួលមរណភាពលោក សួន រ៉ោន វីរកងទ័ពកម្ពុជាដែលកងទ័ពថៃបានបាញ់ប្រហារនៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពានមកលើកម្ពុជា។ ហើយថ្ងៃទី២៨ ខែឧសភា គឺជាប្រវត្តិសាស្ត្រនៃការចងចាំ និងប្តេជ្ញាចិត្តរួបរួមជាធ្លុងមួយជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺឯកភាពកម្លាំងឆន្ទៈប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ ឯកឧត្តមបានបញ្ជាក់ថា ៖ “ថ្ងៃទី២៨ ឧសភា ខួបមួយឆ្នាំ គឺជាប្រវត្តិសាស្ត្រចងចាំ និងសូមប្តេជ្ញាចិត្តរួបរួមសាមគ្គីជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ទាំងប្រជាជនកម្ពុជាយើង គឺឯកភាពកម្លាំងឆន្ទៈដាច់ខាតប្រយុទ្ធនឹងអំពើឈ្លានពាននេះឲ្យខានតែបានទោះក្នុងតម្លៃណាក៏ដោយ។ អ្វីជាព្រឹត្តិការណ៍បន្តបន្ទាប់យើងបានលឺបានឃើញបានដឹងហើយរដ្ឋាភិបាលដែលមានសម្តេចធិបតីជានាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់ថា កម្ពុជាមិនអាចទទួលយកការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដោយប្រើកម្លាំទេ។ អាវុធដែលមាននៅនឹងដៃរបស់ប្រជាជនយើង គឺអាវុធពហិកា យើងមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយយើងពង្រឹងស្មារតីកសាងសមត្ថភាពផលិតផលជាតិរបស់យើង និងគាំទ្រផលិតផលជាតិរបស់យើង នោះហើយជាអាវុធដែលយើងប្រឆាំងនឹងការឈ្លានពានរបស់ភាគីថៃ”។សូមជម្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំកម្មវិធីដាស់ស្មារតីជាតិ ក្នុងគោលបំណងដើម្បីជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាព របស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱក្យកាន់តែរឹងមាំ៕ អត្ថបទ៖ វង្ស សុភាព

ចិនប្តេជ្ញាគាំទ្រប្រទេសគុយបាប្រឆាំងនឹង «នយោបាយអំណាច និងការគំរាមកំហែង»

05/28/2026 03:05 PM        24
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាគាំទ្រទីក្រុងឡាហាវ៉ាន និងទប់ទល់«នយោបាយអំណាច និងការគំរាមកំហែង» ក្នុងអំឡុងពេលចរចាជាមួយសមភាគីគុយបារបស់លោក នៅទីក្រុងញូវយ៉ក ខណៈដែលកោះការ៉ាអ៊ីបនេះ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក។ប្រទេសគុយបាកំពុងរងទុក្ខវេទនា ក្រោមការបិទខ្ទប់ថាមពលរបស់សហរដ្ឋអាមេរិក ហើយលោក ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយជាចំហអំពីការគ្រប់គ្រងប្រទេសនេះ។ប្រទេសចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋកុម្មុយនិស្ត ហើយបានសន្យាថា នឹងបរិច្ចាគអង្ករចំនួន ៦០.០០០តោន ដើម្បីជួយប្រទេសគុយបាដោះស្រាយការខ្វះខាត ដែលអង្ករដំបូងបានទៅដល់ នៅថ្ងៃអាទិត្យ។យោងតាមសេចក្តីថ្លែងការណ៍របស់ចិនអំពីកិច្ចប្រជុំរបស់ពួកគេ លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla ថា៖«ប្រទេសចិននឹងបន្តរក្សាយុត្តិធម៌ និងនិយាយចេញក្នុងនាមប្រទេសគុយបា គាំទ្រដល់បុព្វហេតុយុត្តិធម៌របស់ប្រជាជនគុយបា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនរបស់ខ្លួន»៕

អ៊ីរ៉ង់ និងអាមេរិក វាយប្រហារគ្នា ​ ក្រោយ​លោក Trump បដិសេធព័ត៌មាន​ពី​​កិច្ចព្រមព្រៀងនៅ​ច្រក​សមុទ្រ Hormuz

05/28/2026 03:05 PM        40
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​ឲ្យ​ដឹង​ថា ខ្លួនបានកំណត់គោលដៅលើ​មូលដ្ឋានទ័ពអាកាសអាមេរិក​ បន្ទាប់ពីយោធាអាមេរិកបានអនុវត្តនូវ​អ្វីដែលមន្ត្រីទីក្រុងវ៉ាស៊ីនតោនមួយ​រូប​បានប្រាប់​ថា គឺជាការវាយប្រហារកំណត់គោលដៅលើ​ប្រតិបត្តិការយានដ្រូន​របស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz ដោយ​ការអះអាងពី​ភាគី​ទាំង២ នេះ បាន​កើត​ឡើង​​ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី លោក​ Donald Trump បានបដិសេធរបាយការណ៍មួយ ដែលថា លោកជិតឈានដល់កិច្ចព្រមព្រៀងសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់ហើយ​។ការកើនឡើងនូវ​អរិភាពនេះ បានបង្ហាញពីហានិភ័យ​ ចំពោះ​បទឈប់បាញ់ផុយស្រួយ​​ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចូលជាធរមានកាល​ពី​ដើមខែមេសា ពោលគឺ​បាន​បំផ្លាញ​ក្តីសង្ឃឹម ក្នុង​ការ​មាន​កិច្ចព្រមព្រៀងសន្តិភាព និងធ្វើឲ្យ​តម្លៃប្រេងហក់​ឡើងម្តងទៀត។ដោយ​បាននិយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ ពេល​រៀប​រាប់​ដោយ​ឥត​លាក់​លៀម​ អំពីប្រតិបត្តិការយោធា មន្ត្រីអាមេរិករូប​នេះ​បានប្រាប់សារព័ត៌មាន​ Reuters ថា យោធាបានបាញ់ទម្លាក់យាន​ដ្រូន​វាយប្រហាររបស់អ៊ីរ៉ង់ចំនួន ៤គ្រឿង និងបានវាយប្រហារស្ថានីយត្រួតពិនិត្យលើ​ដីមួយកន្លែង នៅទីក្រុងកំពង់ផែ Bandar Abbas មុន​ពេលមាន​ការ​បាញ់បង្ហោះ​យានដ្រូន​​ទី៥។ចំណែក​ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានឲ្យ​ដឹង​ថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកមួយកន្លែង​ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារនាពេលព្រឹករបស់អាមេរិក នៅជិតអាកាសយានដ្ឋានទីក្រុង​ Bandar Abbas។ IRGC បានបញ្ជាក់​ថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិក ដែលការវាយប្រហារលើស្ថានីយត្រួតពិនិត្យ នៅជិតទីក្រុង​ Bandar Abbas បានចាប់ផ្តើមឡើង​។រីឯ​គូវ៉ែត ដែលមាន​មូលដ្ឋានទ័ពអាមេរិកដ៏ធំមួយ បានបញ្ជាក់​ថា ខ្លួនកំពុងឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយាន​ដ្រូន​ តែមិន​បានបញ្ជាក់​ថា ​ការវាយប្រហារទាំងនោះចេញ​មកពីទី​ណាឡើយ​។នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃពុធ លោក Trump បានបដិសេធសេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលថា ខ្លួនទទួលបានសេចក្តីព្រាងក្រៅផ្លូវការនៃកិច្ចព្រមព្រៀង ដើម្បីស្តារការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រឲ្យ​ដល់កម្រិតមុនសង្គ្រាម ក្នុងរង្វង់​រយៈពេល ១ខែ ដោយអ៊ីរ៉ង់ និងអូម៉ង់រួមគ្នាគ្រប់គ្រងចរាចរណ៍៕

ប្រទេសអ៊ីតាលី ចេញការព្រមានអំពីរលកកម្តៅពណ៌ក្រហម សម្រាប់ទីក្រុងចំនួនបួន

05/28/2026 03:05 PM        33
កាលពីថ្ងៃពុធ ប្រទេសអ៊ីតាលី បានដាក់ទីក្រុងធំៗចំនួនបួនឱ្យស្ថិតនៅក្រោមការព្រមានពណ៌ក្រហម អំពីរលកកម្តៅ ខណៈរលកកម្តៅនៅដើមរដូវដ៏ខ្លាំងក្លាកំពុងវាយបក់នៅទូទាំងទ្វីបអឺរ៉ុបដែលបានជំរុញឱ្យសីតុណ្ហភាពកើនឡើងខ្ពស់នៅទូទាំងប្រទេស។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ទីក្រុង Rome ទីក្រុង Florence ទីក្រុង Bologna និងទីក្រុង Turin នឹងត្រូវបានដំឡើងទៅជាការព្រមានពណ៌ក្រហមកម្រិតខ្ពស់បំផុតនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពេលមានការព្យាករអំពីការកើនឡើងសីតុណ្ហភាពបន្ថែមទៀត។អាជ្ញាធរបានព្រមានថា សីតុណ្ហភាពដែលមើលឃើញនៅក្នុងទីក្រុងដែលរងផលប៉ះពាល់ អាចឡើងដល់ ៣៥អង្សាសេ ដែលបង្កហានិភ័យសុខភាពដល់ប្រជាជនទូទៅ ជាពិសេសក្រុមងាយរងគ្រោះដូចជាមនុស្សចាស់ កុមារ និងអ្នកដែលមានបញ្ហាសុខភាព។ក្រោមការព្រមានពណ៌ក្រហម ប្រជាជនត្រូវបានណែនាំឱ្យជៀសវាងនៅក្រោមកម្តៅព្រះអាទិត្យដោយផ្ទាល់រយៈពេលយូរក្នុងអំឡុងពេលម៉ោងក្តៅបំផុត ចន្លោះពីម៉ោង១១ព្រឹក ដល់ម៉ោង៤រសៀល នៅពេលដែលកម្តៅខ្លាំងអាចបង្កឱ្យមានជំងឺសុរិយរោគដោយសារតែកម្តៅ ការខ្សោះជាតិទឹក និងការរលាកកម្តៅ។

កងទ័ពអ៊ុយក្រែន បាញ់ផ្លោងលើលេណដ្ឋានរុស្ស៊ី ដោយកាំភ្លើងធំស្វ័យកម្មផលិតក្នុងស្រុក

05/28/2026 03:05 PM        47
 ក្រុមកាំភ្លើងធំរបស់ប្រទេសអ៊ុយក្រែន បានបាញ់កាំភ្លើងធំស្វ័យកម្ម Bohdana ១៥៥ មីលីម៉ែត្រ ដែលផលិតក្នុងស្រុក ក្នុងអំឡុងពេលប្រតិបត្តិការនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយកំណត់គោលដៅលើលេណដ្ឋានរបស់ស្ស៊ី កាលពីថ្ងៃពុធ ទី២៧ ខែឧសភា។វីដេអូរបស់សារព័ត៌មាន Reuters បង្ហាញពីក្រុមកាំភ្លើងធំកំពុងរៀបចំកាំភ្លើងធំ ផ្ទុកគ្រាប់ផ្លោង និងបាញ់ក្នុងអំឡុងពេលប្រតិបត្តិការនៅពេលយប់។ ទាហានកាំភ្លើងធំអ៊ុយក្រែនម្នាក់ បាននិយាយថា កងទ័ពរុស្ស៊ី កំពុងសាងសង់ប៉ុស្តិ៍ទីបញ្ជាការ និងសង្កេតការណ៍ នៅក្នុងលេណដ្ឋាន។ ពួកគេកំពុងជីករណ្តៅជ្រៅ ដូច្នេះយើងកំពុងប្រើប្រាស់គ្រាប់ផ្ទុះខ្លាំង ដើម្បីបំផ្លាញ និងរុះរើលេណដ្ឋាន។

អ្នកគ្មានលំនៅឋាននៅទីក្រុងប៉ារីស ទាមទារទីជម្រកនិងការការពារ ក្នុងពេលមានកម្តៅខ្លាំងបំផុត

05/28/2026 03:05 PM        20
អ្នកគ្មានលំនៅឋានរាប់សិបនាក់ បានទៅប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ដើម្បីទាមទារទីកន្លែងទំនេរបន្ថែមទៀតនៅក្នុងទីជម្រក និងការផ្តល់លំនៅឋានបន្ទាន់ក្នុងពេលមានរលកកម្តៅមិនធ្លាប់កើតមានពីមុនមក ដែលបានវាយលុកនៅអឺរ៉ុបខាងលិច។លោក Nathan Lequeux អ្នកសម្របសម្រួលនៅសមាគម Utopia 56 Paris ដែលបានដឹកនាំបាតុកម្មបាននិយាយថា «ដោយសារអាកាសធាតុល្អ វាជាការរីករាយក្នុងការរស់នៅខាងក្រៅ។ ប៉ុន្តែ ដោយសារកម្តៅ មនុស្សជាច្រើនស្លាប់នៅតាមដងផ្លូវក្នុងរដូវក្តៅដូចរដូវរងាដែរ»។ល្បីល្បាញដោយសារការតស៊ូមតិរបស់ខ្លួនសម្រាប់ជនអន្តោប្រវេសន៍ និងសិទ្ធិមនុស្សដែលងាយរងគ្រោះ សមាគម Utopia 56 បានរៀបចំការប្រមូលផ្តុំគ្នានេះ ដើម្បីបញ្ជាក់ពីភាពបន្ទាន់នៃស្ថានភាពទៅកាន់អាជ្ញាធររដ្ឋបាលតំបន់នៅទីក្រុងប៉ារីស ដែលទទួលបន្ទុកផ្តល់ទីជម្រកដល់ជនគ្មានលំនៅឋាន។«ក្នុងអំឡុងពេលបែបនេះ ជាមួយនឹងសីតុណ្ហភាពដែលមិនអាចទ្រាំទ្របាន បានបន្ថែមកត្តាបន្ទាន់មួយ។ នោះហើយជាមូលហេតុដែលយើងនៅទីនេះនៅថ្ងៃនេះ។ យើងបានស្ថិតនៅក្រោមរលកកម្តៅរយៈពេលពីរថ្ងៃមកហើយ ក្នុងសីតុណ្ហភាព៣៥អង្សាសេ។ ដូចដែលអ្នកអាចមើលឃើញនៅទីនេះ រដ្ឋាភិបាលនៅតែបន្តដោយមិនអើពើក្នុងការទុកអ្នកងាយរងគ្រោះខ្លាំង មានន័យថាស្ត្រី និងកុមារ និងស្ត្រីមានផ្ទៃពោះ និងទារកតូចៗជាច្រើន នៅតាមដងផ្លូវ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM