ស្វែងរក

វិមានក្រឹមឡាំងនិយាយថា លោក Putin នៅតែបើកទូលាយសម្រាប់ការចរចាជាមួយអឺរ៉ុប

05/28/2026 03:05 PM        42
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅតែបើកទូលាយសម្រាប់ការចរចាជាមួយអឺរ៉ុប។លោក Peskov បាននិយាយថា វាមានភាពវិជ្ជមានដែលប្រទេសនានានៅអឺរ៉ុបកំពុងពិភាក្សាអំពីតម្រូវការក្នុងការកំណត់អត្តសញ្ញាណអ្នកតំណាងសម្រាប់ការចរចាដែលអាចធ្វើទៅបានជាមួយរុស្ស៊ី ទោះបីជាពុំទាន់មានចំណាត់ការជាក់ស្តែងណាមួយត្រូវបានអនុវត្តរហូតមកដល់ពេលនេះក៏ដោយ។លោកបាននិយាយបន្ថែមថា លទ្ធភាពនៃការសន្ទនាជាមួយអឺរ៉ុបនឹងអាស្រ័យលើការបន្តដំណើរការសន្តិភាពអ៊ុយក្រែន បន្ទាប់ពីការផ្អាកការចរចានាពេលបច្ចុប្បន្ន។កាលពីពេលមុន សារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងពិភាក្សានៅថ្ងៃព្រហស្បតិ៍នេះអំពីរបៀបខិតទៅជិតការចរចាណាមួយដែលអាចធ្វើទៅបាននាពេលអនាគត ជាមួយរុស្ស៊ី។

រដ្ឋមន្រ្តីស្តីទីក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតស្វ៊ីសប្រចាំកម្ពុជាជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់

05/28/2026 03:05 PM        146
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលអាហារថ្ងៃត្រង់ជាកិត្តិយសជូន ឯកឧត្តម Pedro Swahlen ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធស្វ៊ីសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។លោកជំទាវ អ៊ាត សោភា បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Pedro Swahlen សម្រាប់ការរួមចំណែកដ៏សកម្មរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វ៊ីស ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងបច្ចុប្បន្នភាពស្តីពីស្ថានការព្រំដែនកម្ពុជា-ថៃ។ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់៕

ដាស់ស្មារតី! យុវជនប្តេជ្ញាបង្វែរ​ការឈឺពីសត្រូវឈ្លានពានកសាងសមត្ថភាព​ ដើម្បី​ជា​ខែល​ការពារ​ជាតិ​

05/28/2026 03:05 PM        435
ភ្នំពេញ៖ ​ក្រុម​យុវជនខ្មែរនៅតែចង់ពីការលះបង់ជីវិតរបស់វីរកងទ័ព និងវីរនគរបាល ដែល​បាន​ពលីកម្ម​ក្នុង​សង្រ្គាមឈ្លានរបស់ថៃមកលើទឹកដីកម្ពុជា និងមិនអាចបំភ្លេចបាននូវ​ទុក្ខលំបាក​របស់​ជន​ភៀស​សឹក​រាប់ម៉ឺនគ្រួសារត្រូវបាន​ជម្លៀសចេញពី​ផ្ទះ​សម្បែង​ដោយ​សារ​សង្រ្គាម​ឈ្លាន​ពាន​របស់​ថៃ។​ ជាពិសេស ចង់ចាំនូវ​ព្រឹត្តិការណ៍កើតឡើង ​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៦ ដែល​វីរៈកងទ័ពមួយរូបដំបូងគេបាន​ពលីនៅសមរភូមិ។ ជាការដាស់ស្មារតី ក្រុមយុវជន បាន​ប្តេជ្ញា​ថា​នឹង​ប្រែក្លា​យការឈឺចាប់នេះឱ្យទៅជាការកសាងសមត្ថភាព តាមរយៈការប្រឹកប្រែងរៀនសូត្រ និង​បំពេញការងារឱ្យបានល្អ ដើម្បីក្លាយជាឆ្អឹងខ្នងនៃសង្គមជាតិ​ដ៏រឹងមាំ​។​ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​អំពើ​ឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ក្រុមយុវជនខ្មែរ​ នៅតែចង់ចាំ​ពលីកម្មរបស់វីរកងទ័ព ​វីរនគបាល និងទុក្ខលំបាករបស់ជនភៀសឹក ជាពិសេស ការលះបង់ជីវិតរបស់​ព្រិន្ទបាលឯក សួន រោន ដែលជាវីរកងទ័ពដំបូងគេ ត្រូវបានពលីនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២៥។​ ក្រុមយុវជន បាន​លើកឡើងថា ជាការដាស់ស្មារតី យុវជនគ្រប់រូបត្រូវបង្វែរការឈឺចាប់នេះឱ្យក្លាយជាកម្លាំង​ស្មារតី រួបរួមសាមគ្គីភាព និងការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជា​យុវជនខ្លាំង​ មានសមត្ថភាព មាន​ចំណេះ​ជំនាញ ​ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ និងដើម្បីក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​ យុវជនគ្រប់រូប ត្រូវ​ស្តាប់តា​ម​ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង​ដើរតាមបន្ទាត់​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​កិច្ចការដោះស្រាយជម្លោះព្រំដែន។  សូមបញ្ជាក់ថា នៅរសៀសថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៦ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(ស.ស.យ.ក) នឹងរៀបចំកម្មវិធីដាស់ស្មារតីជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា។ កម្មវិធី «ដាស់ស្មារតីជាតិ» រៀបចំឡើងក្នុងគោលបំណង ដើម្បី​ ជំរុញការចងចាំ ផ្សារភ្ជាប់​ជាមួយ​ការ​ឈឺ​ចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និង​សម្រាប់​អភិវឌ្ឍប្រទេសជាតិឱក្យកាន់តែរឹងមាំ និង បញ្ចៀសការបញ្ឆេះគំនុំគំកួន ការសងសឹក ទស្សនៈ​ជ្រុល​និយម ចង្អៀតចង្អល់ ព្រមទាំង​ បង្កើតជាវេទិកា ជំរុញជាចលនា ផ្សារភ្ជាប់ជាមួយ​ដៃគូរ ឱ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត និង​ពង្រឹងស្មារតី និង​ត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច និងកើតមានឡើងនាថ្ងៃអនាគត៕ អត្ថបទ៖ ធូ វិរៈ 

ជនជាតិចិន ១៧៣នាក់ និងជនជាតិវៀតណាម ១៣៧ នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា

05/28/2026 03:05 PM        102
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើការបណ្តេញជនជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៣១០នាក់ ស្រី៥២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ១៧៣នាក់ ស្រី០៦នាក់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិវៀតណាមចំនួន ១៣៧នាក់ ស្រី៤៦នាក់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នរគបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យមន្រ្តីរាជការហ៊ានលើកឡើងពីបញ្ហាប្រឈម ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តតាមដាន ហើយឆ្លើយតបសាធារណមតិជាប្រចាំ

05/28/2026 03:05 PM        273
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវ និងលើកទឹកចិត្តយ៉ាងទទូចដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យហ៊ានរាយការណ៍ពីកង្វល់ និងបញ្ហាប្រឈមនានាដែលខ្លួនបានជួបប្រទះ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសម្រាប់ខែបន្ទាប់។ យោងតាមរបាយការណ៍បូកសរុបវឌ្ឍនភាព ដែលអានដោយ ឯកឧត្តម សៀត វិចិត្រ អគ្គលេខាធិការនៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលពេញមួយខែឧសភានេះ ក្រសួងបានសម្រេចនូវកិច្ចការងារជាច្រើនគួរជាទីមោទនៈ ដែលគ្របដណ្តប់ទាំងលើការងារស្នូល និងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល។ ក្នុងនាមជាប្រធានអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ទាំងនៅថ្នាក់កណ្តាល និងតាមបណ្តាមន្ទីររាជធានី-ខេត្ត។ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “បើទោះបីជាក្រសួងមុខងារសាធារណៈបានសម្រេចនូវកិច្ចការរបស់ខ្លួនជាច្រើនក៏ដោយ ក៏យើងនៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការពិភាក្សា និងស្វែងរកធាតុចូលបន្ថែម។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់រូបនៃក្រសួងមុខងារសាធារណៈ ឱ្យចូលរួមរាយការណ៍ និងលើកឡើងពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានាដែលបានជួបប្រទះ ដើម្បីយើងរួមគ្នាពិភាក្សារកដំណោះស្រាយបានទាន់ពេលវេលា។” បន្ថែមពីលើការជំរុញឱ្យមានការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់ការលើកឡើង ឬបញ្ហានានាដែលកើតចេញពីមតិយោបល់របស់សាធារណជន ដើម្បីធានាបាននូវការបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព៕

អតីតមន្ត្រី CIA ត្រូវបានចោទប្រកាន់ពីបទលួចដុំមាសមានតម្លៃរាប់លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ

05/28/2026 02:05 PM        59
អតីតមន្ត្រីជាន់ខ្ពស់ CIA ម្នាក់ ដែលមានការអនុញ្ញាតកម្រិតសម្ងាត់បំផុត ត្រូវបានចោទប្រកាន់ពីបទលួច ដុំមាសរាប់រយដុំ ដែលមានតម្លៃជាង ៤០ លានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធ ហើយលាក់ទុកវា នៅក្នុងផ្ទះរបស់ខ្លួន។ លោក David Rush ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទលួចប្រាក់សាធារណៈកាលពីសប្តាហ៍មុន។ នេះបើយោងតាមឯកសាររបស់តុលាការសហព័ន្ធនៅរដ្ឋ Virginia ជាកន្លែងដែលលោករស់នៅ។ ចាប់ពីខែវិច្ឆិកាដល់ខែមីនា លោក Rush បានស្នើសុំ និងទទួលបាន «រូបិយប័ណ្ណបរទេសយ៉ាងច្រើន និង ដុំមាសដែលមានតម្លៃរាប់សិបលានដុល្លារសម្រាប់ការចំណាយទាក់ទងនឹងការងារ»។ នេះបើយោងតាមឯកសាររបស់ភ្នាក់ងារ FBI ដែលកំពុងស៊ើបអង្កេតករណីនេះ។ឯកសារនោះ បានបញ្ជាក់ថា ពុំច្បាស់ថាតើលោក Rush មានបំណងប្រើប្រាស់មូលនិធិនេះ ដើម្បីអ្វី ប៉ុន្តែផ្នែកមួយនៃមូលនិធិ ត្រូវបានរកឃើញ នៅកន្លែងរក្សាទុកមួយក្បែរការិយាល័យរបស់លោក៕

ប្រមុខចារកម្មតាមអ៊ីនធឺណិតអង់គ្លេសហៅ AI ថា ជា «កម្លាំងដែលមិនអាចបញ្ឈប់បាន» និងព្រមានអំពី រុស្ស៊ី

05/28/2026 02:05 PM        53
ប្រធានចារកម្មតាមអ៊ីនធឺណិតរបស់ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃពុធថា បញ្ញាសិប្បនិម្មិត (AI)គឺជា «កម្លាំងដែលមិនអាចបញ្ឈប់បាន» ដែលកំពុងត្រូវបានប្រើប្រាស់ជាអាវុធ តាមរបៀប ដែលមិនដូចសង្គ្រាមប្រពៃណី(ជម្លោះប្រដាប់អារុធរវាងរដ្ឋនិងរដ្ឋ)ទេ។ លោកស្រី Anne Keast-Butler នាយកទីភ្នាក់ងារចារកម្មទំនាក់ទំនង GCHQ បាននិយាយថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួន ស្ថិតនៅក្នុង «ចន្លោះរវាងសន្តិភាព និងសង្គ្រាម» ខណៈដែលរុស្ស៊ីបង្កើន «សកម្មភាពចម្រុះប្រចាំថ្ងៃ» របស់ខ្លួនប្រឆាំងនឹងលោកខាងលិច ទោះបីជាចំនួនស្លាប់របស់យុទ្ធជនរុស្ស៊ីនៅអ៊ុយក្រែន កើនឡើងជិត ៥០0.០០០នាក់ ហើយក៏ដោយ។លោកស្រីបានលើកឡើងថា លោកខាងលិចប្រឈមនឹងការចាញ់ជម្លោះ ក្នុងលំហអ៊ីនធឺណិតប្រឆាំងនឹង រុស្ស៊ី និងសត្រូវផ្សេងទៀត ប្រសិនបើពលរដ្ឋ ក្រុមហ៊ុន និងរដ្ឋាភិបាលមិនការពារសន្តិសុខតាមអ៊ីនធឺណិត ឲ្យបានទាន់នោះទេ។លោកស្រី Keast-Butler បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅមជ្ឈមណ្ឌលបំបែកកូដសង្គ្រាមលោកលើកទី ២ នៅជិតទីក្រុងឡុងដ៍ថា៖«ខ្ញុំបានចំណាយពេលបីទសវត្សរ៍ ធ្វើការក្នុងសន្តិសុខជាតិ ហើយហានិភ័យនៃការគណនាខុស គឺមានកម្រិតខ្ពស់ តាមដែលខ្ញុំធ្លាប់បានឃើញ»៕

កូវ៉ែតនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងស្ទាក់ចាប់មីស៊ីល និងការវាយប្រហារដោយ យានដ្រូន

05/28/2026 02:05 PM        116
កងទ័ពកូវ៉ែតបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងស្ទាក់ចាប់ការគំរាមកំហែងដោយមីស៊ីល និងយានដ្រូនរបស់សត្រូវ ប៉ុន្តែមិនបាននិយាយថា ពួកវាទាំងនោះមកពីណានោះទេ។កងទ័ពបាននិយាយថា សំឡេងផ្ទុះណាមួយដែលឮនៅក្នុងប្រទេសនេះ គឺជាលទ្ធផលនៃការដែលប្រព័ន្ធការពារដែនអាកាស ស្ទាក់ចាប់ការគំរាមកំហែង ហើយបានជំរុញឲ្យប្រជាជនអនុវត្តតាមការណែនាំសន្តិសុខ និងសុវត្ថិភាព ដែលចេញដោយអាជ្ញាធរ។សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទៅលើអ្វីដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ជាប្រតិបត្តិការយានដ្រូនរបស់អ៊ីរ៉ង់ដែលគំរាមកំហែងដល់កងកម្លាំងអាមេរិក និងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស។អ៊ីរ៉ង់បានបញ្ជាក់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិក នៅម៉ោង ៤:៥០ ព្រឹក (ម៉ោង ០១: ២០ ម៉ោងសកល) បន្ទាប់ពីអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារនៅព្រឹកព្រលឹមរបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋាន Bandar Abbas ដោយពុំបាននិយាយថា មូលដ្ឋាននោះ នៅឯណាទេ៕

UN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្លាប់ជនស៊ីវិលហ្កាហ្សាដោយអ៊ីស្រាអែល នៅជិតខ្សែបន្ទាត់បទឈប់បាញ់

05/28/2026 02:05 PM        46
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រហែលមួយភាគបីនៃជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ខែតុលា គឺស្ថិតនៅក្នុងតំបន់ជិតខ្សែបន្ទាត់បទឈប់បាញ់របស់យោធាជាមួយក្រុមហាម៉ាស ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងថា កងទ័ពអាចនឹងបាញ់ទៅលើជនស៊ីវិលគ្រាន់តែចូលទៅជិតតំបន់នោះ។ ការិយាល័យនេះបាននិយាយថា សកម្មភាពបែបនេះ នឹងជាការសម្លាប់មនុស្សដោយខុសច្បាប់ ហើយដូច្នេះ នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម។យោធាអ៊ីស្រាអែល ដែលនិយាយថា ការបាញ់ប្រហារដោយកងទ័ពរបស់ខ្លួននៅជិតខ្សែបន្ទាត់បទឈប់បាញ់ មានគោលបំណងទប់ស្កាត់ការគំរាមកំហែងរបស់ក្រុមសកម្មប្រយុទ្ធ មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗអំពីការចោទប្រកាន់ទាំងនោះទេ។អ៊ីស្រាអែលបានកំណត់ព្រំដែនបទឈប់បាញ់របស់ខ្លួនជាមួយក្រុមហាម៉ាស ចាប់តាំងពីបទឈប់បាញ់ជាមួយ «ខ្សែបន្ទាត់់ពណ៌លឿង» ដែលកំណត់នៅលើដីជាមួយនឹងប្លុកបេតុងដែលមានចន្លោះ។ កងទ័ព អ៊ីស្រាអែល នៅតែដាក់ពង្រាយនៅភាគខាងកើតរបស់ខ្លួន ដោយក្រុមហាម៉ាសគ្រប់គ្រងដីឆ្នេរសមុទ្រនេះ៕

ជនជាតិហ្គាណា ៣០០នាក់ វិលត្រឡប់មកពីអាហ្វ្រិកខាងត្បូងវិញ បន្ទាប់ពីមានភាពតានតឹងប្រឆាំងជនអន្តោប្រវេសន៍

05/28/2026 02:05 PM        28
ជើងហោះហើរដំបូងរបស់ជនជាតិហ្គាណាដែលត្រូវបានជម្លៀសចេញពីអាហ្វ្រិកខាងត្បូង ដោយសារភាពតានតឹងប្រឆាំងនឹងជនអន្តោប្រវេសន៍ បានចុះចតនៅអាកាសយានដ្ឋាន នៅក្នុងទីក្រុងអាក្រា (Accra) កាលពីថ្ងៃពុធ ហើយត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេស និងបទចម្រៀងស្នេហាជាតិ បានបន្លឺឡើងនៅលើឧបករណ៍បំពងសំឡេង នៅអាកាសយានដ្ឋាននោះ។ជនជាតិហ្គាណាសរុបប្រមាណ ៨០០នាក់ ត្រូវបានគេរំពឹងថា នឹងចាកចេញពីអាហ្វ្រិកខាងត្បូង បន្ទាប់ពីទីក្រុងអាក្រាបានរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ដើម្បីឆ្លើយតបទៅនឹងរលកនៃការតវ៉ា និងអំពើហិង្សាដែលកំណត់គោលដៅទៅលើជនបរទេសដែលមានឯកសារ និងគ្មានឯកសារ នៅក្នុងប្រទេសនេះ។លោក Victor Atsu Togbe ដែលស្ថិតក្នុងចំណោមអ្នកវិលត្រឡប់ប្រហែល ៣០០នាក់ បានចុះចត នៅរសៀលថ្ងៃពុធ បានប្រាប់សារព័ត៌មាន AFP នៅអាកាសយានដ្ឋានថា៖«ពុំមានភាពងាយស្រួលសម្រាប់យើងនៅអាហ្វ្រិកខាងត្បូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះទេ»។«យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្គាណា ដែលបាននាំយើងចេញពីស្ថានភាពគំរាមកំហែងដ៏គ្រោះថ្នាក់នេះ»។ អាហ្វ្រិកខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចឧស្សាហកម្មរីកចម្រើនបំផុតរបស់ទ្វីបនេះ ជាយូរមកហើយ គឺជាគោលដៅសម្រាប់ពលករអាហ្វ្រិកទាំងស្របច្បាប់ និងគ្មានឯកសារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM