ស្វែងរក

មួយឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និង​រក្សាការពារសន្តិភាព

05/28/2026 12:05 PM        238
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ គឺជាខួបគម្រប់មួយឆ្នាំគត់នៃការចាប់ផ្តើមអធិករណ៍​នៃ​ការឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ។ ឯកឧត្តមបានថ្លែង​បញ្ជាក់ថា រយៈពេលពេញមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា ដោយមានវីរយុទ្ធជនដ៏អង់អាចក្លាហាន និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានខិតខំគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី​ផង និង​រក្សាការពារសន្តិភាពជូនប្រទេសជាតិផង​។ ឯកឧត្តម ប៉ែន បូណា បានបន្តថា បន្ទាប់ពីស្វះស្វែងរកបាននូវបទឈប់បាញ់ពីរលើក​ រាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មក្លៀវក្លាបំផុតនិងឥតឈប់ឈរឡើយ។ ពីអាស៊ានឈានទៅអាស៊ី អូសេអានី អឺរ៉ុប សហរដ្ឋអាម៉េរិក រហូត​​ដល់ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅញូវយ៉ក... សកម្មភាពគ្រប់យ៉ាងផ្សារភ្ជាប់ជានិច្ចជាមួយបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន​ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ឯកឧត្តម បានថ្លែងថា ជាក់ស្តែង ម៉ោងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រិបត្តិការអន្តរជាតិ កំពុងស្ថិតនៅឯទីក្រុងញូវយ៉ក ក្នុងដំណើរចូលរួមកិច្ចប្រជុំបើកចំហកម្រិត​​ខ្ពស់​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ចេញសំឡេងការពារសន្តិភាព និង​បូរណភាពទឹកដី។ ថ្លែងក្នុងកិច្ចប្រជុំ​កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ ប្រមុខការទូតកម្ពុជា​បានគូសបញ្ជាក់ថា បទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការថែរក្សាសន្តិភាព។ ជាក់ស្តែង នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា UNTAC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារប្រទេសកម្ពុជាឡើងវិញ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់សន្តិភាព ជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយ​​ជាដាច់ខាតតាមរយៈការសន្ទនាការទូត ការគោរពគ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិ​។ ក្នុងស្មារតីនេះ កម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់និងការដោះស្រាយជម្លោះដោយ​សន្តិវិធីរវាងកម្ពុជានិងថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ព្រំដែននិងអធិបតេយ្យភាព មិន​​ត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងឬតាមរយៈការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)នោះឡើយ។ ទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយ កម្ពុជានៅតែមានការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។ ហេតុដូច្នេះ បទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ ដោយមានប្រសិទ្ធភាពទាំងស្រុង និងជាបន្ទាន់។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​គូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​ បានកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុបោះ​បង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា​មិនទទួលស្គាល់ជាដាច់ខាត​នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងជំរុញឱ្យមានការវាស់វែងខណ្ឌសីមាព្រំដែន​ជាបន្ទាន់តាមកិច្ចព្រមព្រៀង៕  

ប្រជាជនហ្កាហ្សា ប្រមូលផ្តុំគ្នាសម្រាប់ការបួងសួងបុណ្យ Eid ក្នុងពេលមានជម្លោះ និងការលំបាកនៅបន្ត

05/28/2026 11:05 AM        48
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានធ្វើការបូងសួងក្នុងពិធីបុណ្យ Eid កាលពីថ្ងៃពុធ ទី២៧ ខែឧសភា នៅទីលាន Al-Saraya ក្នុងទីក្រុងហ្កាហ្សាភាគកណ្តាល។ ពិធីបុណ្យ Eid al-Adha នៅឆ្នាំនេះ ធ្វើឡើងខណៈស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សានៅតែធ្ងន់ធ្ងរ ដោយគ្រួសារជាច្រើនដែលភៀសខ្លួននៅតែបន្តជ្រកកោននៅក្នុងតង់ចង្អៀត សាលារៀន ឬអគារដែលរងការបំផ្លាញដោយសារតែខ្វះជម្រើសសុវត្ថិភាព។ សញ្ញានៃការប្រារព្ធពិធីបុណ្យ Eid ត្រូវបានរឹតត្បិតបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ក្នុងពេលការទម្លាក់គ្រាប់បែកនៅតែបន្ត កង្វះខាតស្បៀង តម្លៃសត្វសម្រាប់ទិញយកទៅបូជាបានកើនឡើងខ្ពស់ ហើយស្ថានភាពរស់នៅកាន់តែលំបាក។ អ្នកស្រី Alaa Ahmad ដែលបានចូលរួមក្នុងពិធីបួងសួង បាននិយាយថា អ្នកស្រុកសង្ឃឹមថាថ្ងៃឈប់សម្រាកនាពេលខាងមុខនឹងកាន់តែប្រសើរ ដែលការពិតបច្ចុប្បន្ន គឺជា «សោកនាដកម្ម» ទោះបីជាមានសញ្ញាជីវិតដែលអាចមើលឃើញនៅក្នុងទីក្រុងក៏ដោយ។ អ្នកស្រីនិយាយថា ការទម្លាក់គ្រាប់បែកនៅតែបន្តនៅទូទាំងតំបន់ហ្កាហ្សា ហើយតម្លៃសត្វដែលត្រូវទិញសម្រាប់ការបូជាគឺហួសពីលទ្ធភាពរបស់អ្នកស្រុកភាគច្រើន ខណៈទីផ្សារប្រឈមទៅនឹងការខ្វះសាច់ និងទំនិញជាមូលដ្ឋានយ៉ាងខ្លាំង។

រដ្ឋមន្ត្រីការបរទេស៖ អាមេរិក មិនអនុញ្ញាតឱ្យមានករណីជំងឺអេបូឡាណាមួយ ចូលក្នុងប្រទេសបានទេ

05/28/2026 11:05 AM        56
លោក Marco Rubio រដ្ឋមន្ត្រីការបរទេស បាននិយាយកាលពីថ្ងៃពុធ ទី២៧ ខែឧសភា ថា សហរដ្ឋអាមេរិក ត្រូវតែទប់ស្កាត់ករណីជំងឺអេបូឡាកុំឱ្យចូលទៅក្នុងប្រទេសពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលការផ្ទុះឡើងបណ្តាលឱ្យមានអ្នកស្លាប់ដែលសង្ស័យថាឆ្លងជំងឺនេះចំនួន២២០នាក់ និងមានករណីឆ្លងចំនួន៩០០ករណីរួចហើយ។ លោក Rubio បាននិយាយទៅកាន់លោកប្រធានាធិបតី Donald Trump នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «យើងមិនអាច និងមិនអនុញ្ញាតឱ្យមានករណីជំងឺអេបូឡាណាមួយ ចូលទៅក្នុងសហរដ្ឋអាមេរិកឡើយ»។ លោក Rubio និយាយថា «ក្រសួងការបរទេស និងទីភ្នាក់ងារផ្សេងៗទៀតដែលតំណាងនៅទីនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ ក្រសួងសុខាភិបាល និងស្ថាប័នដ៏ទៃទៀត កំពុងធ្វើការយ៉ាងប្រឹងប្រែងដើម្បីទប់ស្កាត់វិបត្តិចំពោះប្រទេសនានាដែលមានករណីជំងឺនេះនៅពេលបច្ចុប្បន្ន ជាពិសេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដូច្នេះយើងបានបង្កើនជំនួយដើម្បីធានាបានថា វាកំពុងត្រូវបានទប់ស្កាត់»។ កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC)របស់សហរដ្ឋអាមេរិក បានដាក់ការរឹតត្បិតការចូលរយៈពេល៣០ថ្ងៃលើអ្នកធ្វើដំណើរដែលបានស្នាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ូហ្គង់ដា និងប្រទេសស៊ូដង់ខាងត្បូង រួមទាំងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលត្រូវបានគេដឹងថាជាអ្នកកាន់ប័ណ្ណបៃតង។ មជ្ឈមណ្ឌលក៏កំពុងត្រួតពិនិត្យអ្នកទាំងឡាយដែលធ្វើដំណើរពីប្រទេសទាំងនោះ នៅអាកាសយានដ្ឋានចំនួនបីកន្លែងរបស់សហរដ្ឋអាមេរិក។

អ្នកវិភាគ៖ ភាពមិនប្រាកដប្រជានៃនយោបាយអាមេរិក និងសង្គ្រាមនៅអ៊ីរ៉ង់ នឹងគ្របដណ្ដប់លើកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី

05/28/2026 11:05 AM        43
យោងតាមអ្នកវិភាគម្នាក់បានសារព័ត៌មានប្រាប់រ៉យទ័រថា ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយរបស់សហរដ្ឋអាមេរិក សង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងភាពតានតឹងកើនឡើងលើបញ្ហាកោះតៃវ៉ាន់ ទំនងនឹងក្លាយជាបញ្ហាផ្តោតសំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La នៅសប្តាហ៍នេះ ។ លោក Chong Ja Ian អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ត្រូវបានគេរំពឹងថានឹងប្រឈមទៅនឹងសំណួរជាច្រើនអំពីសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងប្រទេសអ៊ីរ៉ង់ និងថាតើសង្គ្រាមនេះអាចធ្វើឱ្យប៉ះពាល់ដល់ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅទ្វីបអាស៊ី យ៉ាងណាខ្លះ។ លោកបាននិយាយបន្ថែមថា ភាពប្រែប្រួលកាន់តែខ្លាំងនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក អាចជំរុញឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជា ប្រទេសជប៉ុន អូស្ត្រាលី ហ្វីលីពីន និងកូរ៉េខាងត្បូង មានតួនាទីការពារជាតិកាន់តែសកម្ម ខណៈភាពតានតឹងជុំវិញកោះតៃវ៉ាន់នៅតែជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងអស្ថិរភាពដ៏ទូលំទូលាយនៅសមុទ្រចិនខាងត្បូង និងខាងកើត។ កិច្ចសន្ទនា Shangri-La ជាវេទិកាការពារជាតិដ៏សំខាន់របស់តំបន់ នឹងដំណើរការចាប់ពីថ្ងៃសុក្រ ទី២៩ ខែឧសភា ដល់ថ្ងៃអាទិត្យ ទី៣១ ខែឧសភា នៅប្រទេសសិង្ហបុរី។ វេទិកានេះ ទាក់ទាញការចូលរួមពីមន្ត្រីការពារជាតិកំពូលៗ មន្ត្រីយោធាជាន់ខ្ពស់ អ្នកការទូត ក្រុមហ៊ុនផលិតអាវុធ និងអ្នកវិភាគសន្តិសុខ។

ភាពតានតឹងថ្មីកើនឡើងនៅជុំវិញភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក

05/28/2026 11:05 AM        52
មានភាពតានតឹងថ្មីកំពុងកើនឡើងម្តងទៀត ដែលផ្តោតសំខាន់នៅជុំវិញភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ រាយការណ៍ថា ការស៊ើបអង្កេតកំពុងត្រូវបានអនុវត្តដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការផ្ទុះជាច្រើន។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ ដាក់ឈ្មោះប្រភពយោធា ដោយនិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានបាញ់ទៅលើទឹកដីជុំវិញទីក្រុង Bandar Abbas បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) បានជួបប្រទះជាមួយនាវាដឹកប្រេងរបស់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ក៏បានដកស្រង់ប្រភពពីយោធាដែលនិយាយថា គ្មានរបាយការណ៍អំពីអ្នកស្លាប់ រងរបួស ឬការខូចខាតនោះទេ ហើយយើងដឹងថា នេះជាឧប្បត្តិហេតុលើកទីពីរក្នុងរយៈពេលមិនដល់មួយសប្តាហ៍។ កាលពីថ្ងៃចន្ទ មុនពាក់កណ្តាលអធ្រាត្រ យើងបានទទួលសារសំឡេងពីក្រសួងការបរទេស និងពីកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) ស្តីពីរឿងនេះ ដែលបង្ហាញឲ្យដឹងក្នុងអំឡុងពេលកិច្ចចរចាដ៏រសើបជុំវិញអនាគត និងថាតើអ្នកណានឹងគ្រប់គ្រងច្រកសមុទ្រ Hormuz។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ រាយការណ៍ដោយដកស្រង់ពីប្រភពយោធាថា កងទ័ពជើងទឹករបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់ទៅលើនាវាដឹកប្រេងអាមេរិកមួយគ្រឿងដែល «ព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយបានបិទប្រព័ន្ធរ៉ាដារបស់ខ្លួន»។

ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់ឡើងវិញអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់

05/28/2026 11:05 AM        410
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។អំឡុងពេលកិច្ចពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភា ជាពិសេសចំពោះការអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី ផ្ទាល់។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសលើការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា–ថៃផងដែរ។

[UPDATE] ក្រុមអ្នកជួយសង្គ្រោះនៅឡាវ ត្រូវការអុកស៊ីសែនបន្ថែមទៀត ដើម្បីបញ្ចប់បេសកកម្មជួយអ្នកជាប់ក្នុងរូងភ្នំ

05/28/2026 11:05 AM        79
មេដឹកនាំក្រុមអ្នកស្ម័គ្រចិត្តថៃដែលកំពុងជួយទាញយកមនុស្ស ៧នាក់ជាប់ក្នុងរូងភ្នំមួយក្នុងប្រទេសឡាវ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ២៨ ឧសភានេះថា ខ្លួនត្រូវការធុងអុកស៊ីសែនបន្ថែមទៀតដើម្បីបញ្ចប់បេសកកម្មជួយសង្គ្រោះ។ យោងតាមក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក និងសារព័ត៌មានរដ្ឋ Lao Phattha News បានឲ្យដឹងថាជនជាតិឡាវទាំង ៧ នាក់បានចូលទៅក្នុងរូងភ្នំនៅខេត្ត Xaisomboun ភាគកណ្តាលប្រទេសឡាវកាលពីសប្តាហ៍មុនដើម្បីរកមាស ប៉ុន្តែបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានបាក់បិទច្រកចេញរបស់ពួកគេ ។ យ៉ាងហោចណាស់មានមនុស្ស ៥ នាក់ត្រូវបានរកឃើញនៅរស់រានមានជីវិតរហូតមកដល់ពេលនេះ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំនៅឡើយទេ។ លោក Kengkard Bongkawong ប្រធានក្រុមអ្នកស្ម័គ្រចិត្តថៃ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេត្រូវការធុងអុកស៊ីសែនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយចង់បង្កើតស្ថានីយ៍បំពេញអុកស៊ីសែននៅខាងមុខរូងភ្នំ។ ក្រុមអ្នកស្ម័គ្រចិត្តថៃបាននិយាយកាលពីថ្ងៃពុធថាមានមនុស្ស ៥ នាក់ត្រូវបានរកឃើញ ខណៈអង្គការ Laos Rescue Volunteer for People បាននិយាយថាអ្នកជាប់ខ្លួនក្នុងរូងភ្នំទាំង ៧ នាក់ត្រូវបានរកឃើញទីតាំងរួចហើយ និងមានសុវត្ថិភាពទាំងអស់គ្នា៕

បច្ចុប្បន្នភាពករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ

05/28/2026 10:05 AM        274
គិតត្រឹមម៉ោ​ង ៩ព្រឹក ​ថ្ងៃទី២៨​ ខែឧស​ភា ឆ្នាំ​២០២​៦​នេះ បងប្អូន​កម្មក​រ ៨៥​នាក់ បាន​សះស្បើយ និង​វិល​ត្រឡប់​ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និង​ស្រាលនៅសល់ ​២៥នាក់ដែលកំពុងសម្រាកព្យាបាលហើយ​មានសភាពល្អ​ប្រ​សើរ​ឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោក ស៊ុន​ មេសា បានថ្លែងថា សម្រាប់​ករណី​នៅ​ខេត្ត​កំពង់​ឆ្នាំង បងប្អូនកម្មករ​ដែលបាន​ត្រឡប់ទៅ​គេហដ្ឋាន​វិញ​ចំនួន ៥៧នាក់ ខណៈ​ដែល​អ្នក​របួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ៧នាក់ ដោយបន្ត​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យ។​ ដោយឡែក​ករណី​ខេត្ត​ស្វាយរៀង បង​​ប្អូន​កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ២៨​នាក់ ខណៈ​ដែលអ្នករងរបួសធ្ងន់ ១នាក់ដែលត្រូវ​បាន​គ្រួសា​រ​បញ្ជូន​ទៅ​ព្យាបាលនៅ​វៀត​ណាម ហើយ​អ្នករង​របួស​ស្រាល ៨នាក់​ ដោយប​ន្ត​សម្រាក​ព្យាបាល​នៅម​ន្ទីរ​ពេទ្យ។លោកថា៖ “ក្រសួងមានការសប្បាយចិត្តដោយការធូស្រាល និងសះស្បើយរបស់បងប្អូនកម្មករដែលធ្វើឱ្យបងប្អូនកម្មករអាចត្រឡប់ទៅគេហដ្ឋានជាបន្តបន្ទាប់ ខណៈដែលបងប្អូនកម្មករទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញក្រសួង ក៏ដូចជា ប.ស.ស.”។សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែល​បានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តា​ល​ឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នា​ក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។សូមបញ្ជាក់ថា តាំងពីមានគ្រោះថ្នាក់ចរារចណ៍ភ្លាម ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹក​នាំ​ក្រ​សួង និងមន្ត្រីជំនាញក្រោមឱវាទក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះចាត់ចែងសម្របសម្រួលពិធីបុណ្យសព និងផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតភ្លាមៗប្រកបដោយការយកចិត្តទុកដាក់៕

ចងចាំ! ថ្ងៃនេះឆ្នាំមុនវីរកងទ័ពកម្ពុជាត្រូវបានយោធាថៃបំពាន និងលួចបាញ់សម្លាប់ដែលជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើក

05/28/2026 10:05 AM        445
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ កាលពីឆ្នាំមុន គឺជាការចងចាំរបស់ខ្មែរទូទាំងប្រទេសដែលយោធាថៃបំពាន និងលួចបាញ់សម្លាប់ វីរយុទ្ធជនកម្ពុជា គឺលោកព្រឹន្ទបាលឯក សួន រោន នៅវេលាម៉ោងប្រហែល ៥:៤៥ នាទីព្រឹក នៅក្នុងតំបន់ត្រីកោណមរកត ភូមិន្ទតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលទង្វើនេះ គឺជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ ហើយបន្តឈ្លានពានកាន់កាប់លើទឹកដីកម្ពុជាជាច្រើនកន្លែងដោយដាក់ទូកុងតឺន័រ និងបន្លាលួសរារាំងមិនឱ្យពលរដ្ឋខ្មែរប្រមាណ ៣ម៉ឺននាក់ទៀតមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបានរហូតដល់បច្ចុប្បន្ននេះ។ រហូតមកដល់ពេលនេះ ទោះបីជាកម្ពុជា និងថៃ ទទួលបានបទឈប់បាញ់លើកទីពីរ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ពិតមែន តែមិនទាន់ទាំងស្រុង ឬច្បាស់ថា តើនឹងអាចកើតមានជាថ្មីឬយ៉ាងណានោះទេ។ ប៉ុន្ដែមកទល់ពេលនេះ គោលជំហរបស់រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្លាស់ប្ដូរឡើយ គឺបានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀត និងខិតខំឱ្យគ្រប់លទ្ធភាពបើទោះបីជានៅមានសង្ឃឹមត្រឹម ១% ក្តី ក៏ជ្រើសរើសដំណោះស្រាយសន្តិវិធី និងប្រើប្រាស់យន្តការច្បាប់ សន្ធិសញ្ញា អនុសញ្ញាដែលមានស្រាប់ដើម្បីបញ្ចប់សង្គ្រាម ការឈ្លានពាន និងនាំសន្តិភាពយូរអង្វែង ពិសេសបញ្ជៀសការបង្ហូរឈាម ជូនជាតិមាតុភូមិដែរ។ ថ្ងៃទី២៨ ខែឧសភានេះ ក៏អាចជាថ្ងៃមួយដែលកូនខ្មែរត្រូវចងចាំដាច់ខាតមិនត្រូវភ្លេច ហើយដាស់ស្មារតីខ្លួនឯងថា «យើងទាំងអស់គ្នាត្រូវរួបរួមគ្នា រួមចិត្ត រួមកម្លាំង រួមស្មារតី និងច្បាស់ក្នុងចិត្តថា មានតែយើងខ្លាំង យើងតែមួយ ទើបសត្រូវមិនងាយនឹងបំបែកយើង ហើយញញើតនឹងឈ្លានពានយើង»។ កម្ពុជាបានឆ្លងកាត់សង្គ្រាម និងការបែកបាក់ច្រើនដំណាក់កាលស្គាល់ទុក្ខវេទនារាប់មិនអស់ ប្រទេសរងការបំផ្លាញ ហេតុនេះយើងពិតជាមិនចង់ជួបទៀតទេ តែបើគេនៅចិញ្ចឹមចិត្តបំពាន និងឈ្លានពានយើង យើងក៏ត្រូវច្បាស់ថាយើងត្រូវដាច់ខាតប្រយ័ត្ន និងការពារពីគេគ្រប់វិនាទី។ ដូចប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ហើយក្នុងបទអន្តរាគមន៍របស់សម្ដេចក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងរបទដែលសណ្ដាប់ធ្នាប់ពិភពលោក និងការគោរពច្បាប់ អន្តរជាតិមានការធ្លាក់ចុះ ក្នុងនាមជាប្រទេសតូចដូចកម្ពុជា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាឱ្យមកជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។ សម្ដេចធិបតី មានប្រសាសន៍ថា៖«សន្ដិភាពយើងមិនអាចសុំអង្វរពីគេទេ បទពិសោធន៍ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះបានប្រាប់ហើយៗក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងបានគ្រប់ពេលបាននោះទេ ក្រៅពីយើងរឹងមាំខ្លួនឯង នេះគឺជាអ្វីដែលកម្ពុជាត្រូវធ្វើ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក៏ជាផ្នែកមួយសំខាន់ ខណៈសម័យនេះមានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា «សន្ដិភាពដោយកម្លាំង» នេះគឺជារបត់ថ្មីដែលកម្ពុជា ទោះបីយើងស្រឡាញ់ ឬមិនស្រឡាញ់ តែយើងត្រូវទទួលស្គាល់ ព្រោះវាជាការពិត ហើយយើងត្រូវតែរឹងមាំខ្លួនឯង។ បើតាមសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ស្ថិតនៅក្នុងកាលៈទេសៈដែលការគោរពច្បាប់អន្តរជាតិកាន់តែថយចុះ បានធ្វើឱ្យប្រទេសតូចដូចកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ កាន់តែត្រូវបង្កើនសមត្ថភាព និងភាពធន់របស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើសន្ដិភាព សុវត្ថិភាព អព្យាក្រឹតភាព និងបូរណភាពទឹកដី ជាក់ស្ដែងការគំរាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានាពេលនេះ គឺជាឧទាហរណ៍មួយស្រាប់សម្រាប់យើងក្នុងការពង្រឹងខ្លួនឯង។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មយោធាបានជោគជ័យ គឺអាស្រ័យលើកម្លាំងកងទ័ពកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាសមស្រប និងទាន់សម័យ ដែលមានន័យថា យើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេង ដែលមានថាមពល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលអាចជាធនធានសម្រាប់យោធិនអាជីពផង និងសម្រាប់បម្រើដល់វិស័យស៊ីវិលផងតាមរយៈយន្តការច្បាប់កាតព្វកិច្ចយោធាថ្មីនេះ៕

[BREAKING NEWS] អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក បន្ទាប់ពីការវាយប្រហារថ្មីនៅជិតទីក្រុង Bandar Abbas របស់អ៊ីរ៉ង់

05/28/2026 10:05 AM        286
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនៅម៉ោង ០៤:៥០នាទី ម៉ោងក្នុងស្រុក បន្ទាប់ពីអ្វីដែលពួកគេបានពិពណ៌នាថាជាការវាយប្រហារនៅព្រឹកព្រលឹមរបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋាន Bandar Abbas ក្នុងប្រទេសអ៊ីរ៉ង់។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថាខ្លួនបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិក ក្នុងប្រទេសកូវ៉ែត ដែលត្រូវបានប្រើដើម្បីបើកការវាយប្រហារដ៏ធំលើទីក្រុង Bandar Abbas របស់អ៊ីរ៉ង់។ពួកគេបានព្រមានថា ការធ្វើម្តងទៀតនូវអ្វីដែលពួកគេហៅថា ការឈ្លានពាន នឹងទាក់ទាញការឆ្លើយតប "កាន់តែម៉ឺងម៉ាត់" ហើយបាននិយាយថា ការទទួលខុសត្រូវចំពោះផលវិបាកស្ថិតនៅលើ អ្នកឈ្លានពាន៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM