ក្រុមសង្គ្រោះបន្តតាមរកមនុស្ស២នាក់ទៀត ក្រោយរកឃើញ៥នាក់នៅមានជីវិត ពីការជាប់ខ្លួនក្នុងរូងភ្នំនៅឡាវ
ក្រុមអ្នកស្ម័គ្រចិត្តថៃបាននិយាយថា មនុស្សប្រាំនាក់ដែលជាប់នៅក្នុងរូងភ្នំមួយក្នុងប្រទេសឡាវអស់រយៈពេលប្រហែលមួយសប្តាហ៍ត្រូវបានរកឃើញនៅរស់រានមានជីវិតកាលពីថ្ងៃពុធ២៧ឧសភា ខណៈក្រុមជួយសង្គ្រោះឡាវ និងថៃរាប់សិបនាក់បានបន្តស្វែងរកមនុស្សពីរនាក់ផ្សេងទៀត ។ លោក Kengkard Bongkawong ប្រធានក្រុមជួយសង្គ្រោះថៃបាននិយាយថា គិតត្រឹមល្ងាចថ្ងៃពុធពួកគេបានរកឃើញមនុស្សប្រាំនាក់ ហើយបច្ចុប្បន្នពួកគេកំពុងបន្តស្វែងរកមនុស្សពីរនាក់ផ្សេងទៀត។ អ្នកជួយសង្គ្រោះស្ម័គ្រចិត្តថៃម្នាក់ទៀតគឺ Chakrakrit Taengtung បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមអំពីរូបលោក និងអ្នកទាំងប្រាំនាក់កំពុងអបអរសាទរ។វីដេអូនេះបានបង្ហាញពីពួកគេមានស្មារតីល្អ លើកដៃឡើងលើ និងញញឹម។ យោងតាមក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក និងសារព័ត៌មានរដ្ឋ Lao Phattha News បានឲ្យដឹងថា ជនជាតិឡាវទាំងប្រាំពីរនាក់បានចូលទៅក្នុងរូងភ្នំនៅខេត្ត Xaisomboun កាលពីសប្តាហ៍មុនដើម្បីរកមាស មុនពេលភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីបានបាក់បិទច្រកចេញរបស់ពួកគេ ។ អ្នកស្ម័គ្រចិត្តថៃមួយក្រុមបានចូលរួមប្រតិបត្តិការជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ។ ក្រុមនេះរួមមានអ្នកមុជទឹកម្នាក់ដែលបានចូលរួមក្នុងការជួយសង្គ្រោះក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេក្នុងឆ្នាំ ២០១៨ ពីរូងភ្នំលិចទឹកមួយនៅភាគខាងជើងប្រទេសថៃ ជាប្រតិបត្តិការមួយដែលទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោក និងមានការចូលរួមពីអ្នកមុជទឹកអង់គ្លេស និងបរទេសដទៃទៀត បុគ្គលិកយោធាសហរដ្ឋអាមេរិក និងការគាំទ្រពីអន្តរជាតិផ្សេងទៀត៕