ស្វែងរក

ជនជាតិចិន ១៧៣នាក់ទៀតពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា

05/27/2026 05:05 PM        188
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧៣នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អគ្គលេខាធិការ UN «មានក្ដី​បារម្ភយ៉ាងខ្លាំង» ចំពោះផែនការវាយប្រហារទីក្រុងគៀវដោយ​រុស្ស៊ី

05/27/2026 05:05 PM        60
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) ថា លោកមានក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះការប្រកាសរបស់រុស្ស៊ី ដែល​ថា ខ្លួនមានគម្រោងវាយប្រហារលើ​សហគ្រាសការពារជាតិអ៊ុយក្រែន និងមជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត នៅទីក្រុងគីវ។លោក Guterres បានធ្វើការកត់សម្គាល់នេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីទីក្រុងមូស្គូបានឲ្យដឹង​កាលពីថ្ងៃចន្ទថា ខ្លួនមានបំណងវាយប្រហារបែបនេះ ពោល​គឺ ១ថ្ងៃបន្ទាប់ពីមាន​ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយរបស់ខ្លួន លើទីក្រុងនេះ ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្តើម។លោក Guterres បាននិយាយថា ការប្រកាសរបស់រុស្ស៊ី បានកើតឡើងបន្ទាប់ពីមាន​របាយការណ៍ អំពីការវាយប្រហារដោយយានដ្រូន​ដោយ​អ៊ុយក្រែន លើអគារមហាវិទ្យាល័យ និងអន្តេវាសិកដ្ឋានមួយ នៅក្នុងទីក្រុង Starobilsk របស់​ប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នគ្រប់គ្រងដោយរុស្ស៊ី។លោកបានមានប្រសាសន៍ថា៖ «យើងបានថ្កោលទោសការវាយប្រហារលើសាលារៀន ពោល​គឺ​ដូចដែលយើងថ្កោលទោសការវាយប្រហារទាំងអស់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល មិនថា វាកើតឡើងនៅទីណាក៏ដោយ»។លោក Guterres បានបន្ថែមថា៖ «ឥឡូវនេះ ច្រើនជាងពេលណាៗទាំងអស់ វាគឺ​ជាការចាំបាច់ ក្នុងការបញ្ចៀស​កុំ​ឲ្យ​កើនឡើងជម្លោះដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលរួចហើយ ហើយវាប្រឈម​ធ្វើឲ្យ​ការស្វែងរកសន្តិភាពកាន់តែពិបាកខ្លាំង​ឡើងៗ ដែលនាំឲ្យ​ទុក្ខ​វេទនា​របស់ប្រជាជនកាន់តែអូសបន្លាយ»៕

អ្នកជំនាញ៖ តម្លៃមាសនឹងហក់ឡើង ខណៈធនាគារកណ្តាលអាមរិកគ្រោងចាក់លុយចូល សម្រួលដល់សេដ្ឋកិច្ច

05/27/2026 04:05 PM        155
អ្នកជំនាញប្រឹក្សាយោបល់ហិរញ្ញវត្ថុ ថ្លែងថា តម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិ នឹងអាចហក់ឡើងវិញ ខណៈធនាគារកណ្តាល សហរដ្ឋអាមេរិកគ្រោងនឹងចាក់លុយចូល ដើម្បីសម្រួលដល់សេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៦.៥ ប៊ីលានដុល្លារ បញ្ហានេះនឹងធ្វើឱ្យប្រាក់ដុល្លារ ធ្លាក់ថ្លៃ តម្លៃមាសនឹងហក់ឡើង។​លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសសកល និងការជួញដូរនៅលើទីផ្សារក្នុងស្រុក នេះថា ជុំវិញហាងឆេងមាស នៅដើមឆ្នាំ២០២៦ តម្លៃមាសលើទីផ្សារបានហក់ ឡើងយ៉ាងខ្លំាង ក្នុងតម្លៃប្រមាណ ៤.៨៩០ ដុល្លារអាមេរិក ក្នុងមួយអោន ដែលការហក់ឡើងថ្លៃនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ង់ បានចរចារត្រូវរ៉ូវគ្នា និងឈានទៅបើកច្រក​សមុទ្រហ័រមូសឡើងវិញ។លោក បន្តថា នៅក្នុងរយៈពេលចុងក្រោយនេះ ហាងឆេងមាសបានចុះថ្លៃគួរសម ជាក់ស្តែងនៅក្នុងរយៈប៉ុន្មាន​ថ្ងៃមក​នេះ​ តម្លៃមាសមាន​ការ​ប្រែប្រួល​ក្នុង​ចន្លោះ ៤.៤៨៥ ទៅ ៤.៥៨០ ដុល្លារអាមេរិក ក្នុង​មួយ​អោនប៉ុណ្ណោះ ដែលធ្វើឱ្យតម្លៃហាងឆេងមាស បាននិងកំពុងរងសម្ពោធឡើងមិនរួច ដោយសារបញ្ហាប្រេងឥន្ធនៈ (ការអូសបន្លាយនៃការបិទខ្ទប់​ច្រក​សមុទ្រហ័រមូស) និងការហក់ ឡើងថ្លៃបន្តិចម្តងៗនៃប្រាក់ដុល្លារអាមេរិកផងដែរ។ជុំវិញហាងឆេងមាសនេះ លោក បញ្ជាក់ថា ថ្មីៗនេះធនាគារកណ្តាលសហរដ្ឋអាមេរិក បានចេញរបាយការរណ៍ គម្រោងចាក់ លុយចូលក្នុងសេដ្ឋកិច្ច នៅក្នុងរង្វង់ប្រមាណ ៦.៥ ប៊ីលានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស និងអន្តរ ជាតិ និងទប់នៃការកើនឡើងប័ណ្ណបំណុលជាដើម។ ដែលបញ្ហានេះនឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃ ចំណែកតម្លៃមាសនឹងហក់ឡើង ដែលនេះជាឱកាសសម្រាប់អ្នកធ្វើអាជីវកម្ម ដែលទិញមាសទុកក្នុងតម្លៃទាប អាចបញ្ចេញវិញនៅពេលតម្លៃមាសហក់ឡើង។សូមបញ្ជាក់ថា តម្លៃហាងឆេងមាសអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ម្សិលមិញនេះ មាសមួយជីមានតម្លៃ ៥៤៨ ដុល្លារអាមេរិក, មួយ អោន ៤.៥៥១ ដុល្លារ, មួយតម្លឹង ៥.៤៨២ ដុល្លារ និងមួយគីឡូក្រាម មានតម្លៃប្រមាណ ១៤៦.១៧៧ ដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែលសម្លាប់​មនុស្ស​ ៣១នាក់នៅ​លីបង់ ខណៈអ៊ីរ៉ង់ចោទអាមេរិករំលោភបទឈប់បាញ់

05/27/2026 04:05 PM        58
យ៉ាងហោចណាស់មនុស្ស ៣១នាក់ ត្រូវបានសម្លាប់ ហើយ​ ៤០នាក់ផ្សេងទៀតរងរបួស កាល​ពី​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហារនៅទូទាំងភាគខាងត្បូងនៃ​ប្រទេសលីបង់ ដោយកំណត់គោលដៅលើទីប្រជុំជន និងភូមិនានា ស្រប​ពេលមានការពង្រីកប្រតិបត្តិការថ្មើរជើង នៅជិតព្រំដែន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ Al Jazeera។ការវាយប្រហារថ្មីជាបន្តបន្ទាប់​នេះ បានកើតឡើងរួមជាមួយនឹងបទបញ្ជាបង្ខំឲ្យ​ជម្លៀស​រាប់សិប ដែលចេញដោយយោធាអ៊ីស្រាអែល សម្រាប់តំបន់ជាច្រើន​ នៅភាគខាងត្បូង និងភាគ​ខាងកើតរបស់​លីបង់ ដែលបង្កឲ្យ​មានការភ័យតក់​ប្រមា និងការចាក​ចេញ​ក្នុង​ចំនួន​ដ៏​​ច្រើន​របស់ជន​​ស៊ីវិលពីតំបន់ដែលមានជម្លោះ​។អ្នកស្រុក​នៅភាគខាងត្បូងលីបង់ បានរាយការណ៍ពីទិដ្ឋ​ភាពវឹកវរ ខណៈដែលកងទ័ពដីអ៊ីស្រាអែលបានរុល​ចូលទៅក្នុងទឹកដីលីបង់កាន់តែជ្រៅ ដោយគ្រួសារជាច្រើន​នាំ​គ្នា​រត់គេចពីការទម្លាក់គ្រាប់បែក និងស្វែងរកជម្រកនៅក្នុងតំបន់ដែលមានសុវត្ថិភាពជាង។ ការកើនឡើងនេះបានធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់​តែខ្លាំងអំពី​ការរីក​រាល​​ដាល​ជម្លោះ​កាន់តែទូលំទូលាយ ខណៈដែលភាពតានតឹងឆ្លងកាត់ព្រំដែន នៅតែបន្តកើនឡើង​ឥត​ថម​ថយ​។ទន្ទឹមនឹងនេះ មន្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លាំង ចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជា «ការរំលោភបំពានយ៉ាងច្បាស់ក្រឡែត» លើ​បទឈប់បាញ់ដោយសហរដ្ឋអាមេរិក បន្ទាប់ពីមានរបាយការណ៍ អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅ​ភាគខាងត្បូងនៃ​ប្រទេសអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះ​។ អាជ្ញាធរអ៊ីរ៉ង់បានសង្កត់ធ្ងន់​ថា ការវាយប្រហារទាំងនេះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងការទូតដែលកំពុងបន្តមាន ដើម្បី​សម្រាល​វិបត្តិ និងស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ៕

ក្រសួង៖ មនុស្សជាង ៣០នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង និងខាងកើតលីបង់

05/27/2026 04:05 PM        54
ក្រសួងសុខាភិបាលនៃសាធារណរដ្ឋនេះបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារជាបន្តបន្ទាប់ នៅពេលយប់ទៅលើតំបន់ដែលមានប្រជាជនរស់នៅភាគខាងត្បូង និងខាងកើតនៃប្រទេសលីបង់ ដែលជាទីតាំងមូលដ្ឋានទ័ពរបស់ក្រុមហេសបូឡា ដោយបានបណ្តាលឲ្យមនុស្ស ៣១ នាក់ ស្លាប់ និង ៤០នាក់រងរបួស។ ក្រសួងបាននិយាយនៅក្នុងព្រឹត្តិបត្រមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«មនុស្សសរុបចំនួន ១៦នាក់ បានរងគ្រោះ ដោយការវាយឆ្មក់តាមអាកាសរបស់សត្រូវលើជំរំជនភៀសខ្លួន Burj el-Shemali ក្នុងទីក្រុង Tyre។ ក្នុងចំណោមពួកគេ មានកុមារពីរនាក់ និងស្ត្រីបីនាក់។ ពលរដ្ឋលីបង់បីនាក់ ផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងទីក្រុង Maarakah»។ មានរបាយការណ៍ថា មនុស្សចំនួន ៥នាក់ ត្រូវបានស្លាប់ នៅក្នុងភូមិ Kawthariyet el-Rez ក្នុងស្រុក Saida។ មនុស្ស ៤នាក់ ក្នុងនោះមានកុមារពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងទីក្រុង Habboush ក្នុងខេត្ត Nabatieh។ក្រសួងសុខាភិបាលលីបង់បាននិយាយនៅថ្ងៃទី ២៦ ខែឧសភាថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បានឡើងដល់ ៣.២១៣ នាក់។ មនុស្សសរុបចំនួន ៩.៧៣៧ នាក់ បានរងរបួស៕

រុស្ស៊ី៖ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow អំឡុង​ការវាយប្រហារ នៅទីក្រុង​ Sevastopol

05/27/2026 04:05 PM        49
រដ្ឋបាលក្រុង បានរាយការណ៍នៅលើកម្មវិធី​ផ្ញើសារ Telegram ថា អង្គភាពការពារដែនអាកាសរុស្ស៊ី នៅកំពង់ផែ Sevastopol ក្នុងតំបន់គ្រីម៉ា​ បានបាញ់ទម្លាក់យានដ្រូន​អ៊ុយក្រែនជាង ២៩គ្រឿង នា​ព្រឹកថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ​២០២៦) នេះ។អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បានឲ្យ​ដឹង​ថា មិនមានអ្នករងរបួសនោះ​ទេ បើយោង​តាម​ទិន្នន័យ​បឋម​ ដោយបន្ថែមថា អគារមួយចំនួន ត្រូវរង​ខូចខាត នៅក្នុងការវាយប្រហារនេះ។ជាមួយ​គ្នានេះ លោកបានបញ្ជាក់​ទៀត​ថា អ៊ុយក្រែនក៏បានប្រើប្រាស់មីស៊ីល Storm Shadow ផងដែរ។ រុស្ស៊ីដែលបានដណ្តើមកាន់​កាប់​តំបន់គ្រីម៉ា​ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ពីមុនបានកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតអង់គ្លេស និងបារាំង ដើម្បីតវ៉ាប្រឆាំងនឹងការប្រើប្រាស់អាវុធនេះ​ដោយ​អ៊ុយក្រែន ដោយសារមីស៊ីល Storm Shadow ត្រូវបានផលិតដោយសម្ព័ន្ធ​ក្រុម​ហ៊ុនបារាំង-អង់គ្លេស។ដោយឡែកអភិបាលក្រុង Taganrog លោកស្រី​ Svetlana Kambulova បានឲ្យ​ដឹង​តាម​ Telegram ថា មនុស្ស ២នាក់ បានរងរបួសនៅក្នុងទីក្រុងកំពង់ផែ Taganrog នៅ​ភាគខាងត្បូង​រុស្ស៊ី បន្ទាប់ពីរុស្ស៊ី បានបាញ់ទម្លាក់មីស៊ីល ១គ្រាប់ នា​ព្រឹកថ្ងៃពុធនេះ​។ជារួម រុស្ស៊ីបានបាញ់ទម្លាក់យាន​ដ្រូន​ចំនួន ១៤០​គ្រឿង ពេញមួយយប់។ នេះបើយោងតាមសេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Interfax ដោយសំអាង​ដល់​ក្រសួងការពារជាតិ៕

គុយបាអំពាវនាវរកជំនួយពីអន្តរជាតិ ដោយសារសម្ពាធរបស់សហរដ្ឋ​អាមេរិក

05/27/2026 04:05 PM        59
នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាល​ពី​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានស្នើសុំជំនួយជាបន្ទាន់ពីសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនៅក្នុងប្រទេសរបស់លោក ដែលស្ថិតនៅក្រោមការបិទខ្ទប់​ផ្លូវថាមពលដោយ​សហរដ្ឋអាមេរិក។លោក Rodriguez បាននិយាយ​ថា៖ «ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យ​មាន​វិធានាករ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ ដែលអាចត្រូវបានដាក់ចេញតាមរយៈអាវុធ ឬការបិទ​ផ្លូវប្រេងឥន្ធនៈ។ ឥឡូវនេះ គួរតែជាពេលវេលា សម្រាប់ការមាន​សាមគ្គីភាពជាមួយគុយបា»។ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិចារណា​យ៉ាងបើកចំហ អំពីការគ្រប់គ្រង​លើគុយបា ដែល​ជា​​ប្រទេសកុម្មុយនីស្ត ដោយនិយាយថា បន្ទាប់ពីមាន​ការវាយប្រហាររបស់សហរដ្ឋអាមេរិក កាលពីខែមករា ដែលបានទម្លាក់​លោក Nicolas Maduro ពី​តំណែង​ប្រធានាធិបតី​របស់​ប្រទេសវ៉េណេស៊ុយអេឡា ទីក្រុងឡាហាវ៉ាន​ អាចជាគោលដៅបន្ទាប់របស់លោក សម្រាប់វិធានការ​យោធា និងការផ្លាស់ប្តូរដ៏ធំ។ដោយសារតែជា​ផ្នែកនៃការហាមឃាត់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ចេញ បន្ទាប់ពីលោក Fidel Castro ឡើងកាន់អំណាចនៅឆ្នាំ១៩៥៩ ប្រជាជនគុយបាបានរងទុក្ខវេទនាដោយសារស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់អស់រយៈពេលជាច្រើនឆ្នាំ ដោយខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ និងមូលដ្ឋានគ្រឹះផ្សេងទៀត៕

ចិន៖ ផែនការត្រួតពិនិត្យដែនសមុទ្ររបស់​ក្រុម​ Quad បង្ក​ជា​ហានិភ័យ​​ធ្វើឲ្យ​ខូចទំនុកចិត្ត ក្នុងតំបន់

05/27/2026 04:05 PM        41
កាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) ប្រទេសចិនបានរិះគន់កិច្ចសន្ទនាសន្តិសុខ ៤ភាគី​​ ឬក្រុម​ Quad បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីៗ ស្ដីពី​សន្តិសុខដែនសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងថាមពល។អំឡុង​ពេល​និយាយ​នៅឯ​សន្និសីទសារព័ត៌មានប្រចាំថ្ងៃ​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​ Mao Ning បានបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​នេះ គួរតែរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ហើយ «មិនគួរកំណត់គោលដៅភាគីទី៣ ណាមួយឡើយ»។ជាការ​ឆ្លើយតបទៅនឹងសំណួរ អំពីគំនិតផ្តួចផ្តើមត្រួតពិនិត្យដែនសមុទ្រថ្មី ដែលបានចាប់ផ្តើមដោយប្រទេសទាំង៤ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី​ Mao បាននិយាយ​ថា៖ «យើងមិនគាំទ្រការបង្កើតក្រុម​តូចៗផ្ដាច់មុខ​ ឬការប្រឈមមុខដាក់គ្នា រវាងប្លុកទេ។ កិច្ចសហប្រតិបត្តិការណាមួយ មិនគួរធ្វើឲ្យ​ខូចទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសក្នុងតំបន់ឡើយ​»។គួរបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសកាលពីថ្ងៃអង្គារ អំពីគំនិតផ្តួចផ្តើមឃ្លាំមើលដែនសមុទ្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ថ្មីមួយ ដើម្បីរួមបញ្ចូលសមត្ថភាពឃ្លាំមើលរបស់ប្រទេសទាំង ៤ និងពង្រឹងការចែករំលែកព័ត៌មានជាក់ស្តែងនៅទូទាំងតំបន់នេះ​៕

ប្រិតិបត្តិការស្វែងរកអ្នកភូមិ ៧នាក់ជាប់ក្នុងរូងភ្នំ នៅឡាវ បន្តដល់​ថ្ងៃ​ទី៧ ហើយ​

05/27/2026 04:05 PM        36
ប្រតិបត្តិការស្វែងរកអ្នកភូមិ ៧នាក់ដែលជាប់ក្នុងរូងភ្នំលិចទឹក នៅភាគ​កណ្តាលប្រទេសឡាវ បានចូលដល់ថ្ងៃទី៧ ហើយ នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ​២០២៦) ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានប្រឈម​នឹងឧបសគ្គ​ ដោយ​សារ​សណ្ឋាន​ដី​លំបាក និងអាកាសធាតុមិន​អំណោយ​ផល​ ខណៈពេលដែលពួកគេព្យាយាមទៅឲ្យ​ដល់ក្រុមមនុស្ស​ដែលស្ថានភាពរបស់ពួកគេ នៅមិនទាន់ដឹងយ៉ាង​ណា​។យោងតាមក្រុមជួយសង្គ្រោះ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាំង​នោះ បាន​ចូល​ទៅក្នុង​រូង​ភ្នំ នៅ​ក្នុង​ខេត្ត Xaisomboun កាល​ពី​ថ្ងៃ​ទី១៩ ខែឧសភា តែ​ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យ​មានទឹកជំនន់គំហុក​ភ្លាម​ៗ ហើយ​បានធ្វើ​ឲ្យ​ច្រកចេញត្រូវ​បិទជិត​។អង្គការ Rescue Volunteer for People របស់ឡាវ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនថា ផែនការប្រតិបត្តិការកាលពី​ថ្ងៃអង្គារ រួមមានការរុករក​រន្ធខ្យល់ នៅពីលើរូងភ្នំ ដោយសង្ឃឹមថា នឹងកំណត់អត្តសញ្ញាណចំណុចចូលដែលអាចធ្វើទៅបាន និងកំណត់ទីតាំងមនុស្សដែលជាប់នៅក្នុង​នោះ​។បើ​យោងតាមអ្នកជួយសង្គ្រោះ បាន​ឲ្យ​ដឹង​ថា អ្នកមុជទឹកបានរុករកប្រហែល ១០០ម៉ែត្រចូលទៅក្នុងរូងភ្នំដ៏​តូចចង្អៀតដែលលិច​ទឹក​នេះ​។ ពួកគេជឿថា អ្នកភូមិអាចជាប់នៅចម្ងាយប្រហែល ៣០​ម៉ែត្រ លើសពីចំណុចឆ្ងាយបំផុត ដែលអាចចូលទៅដល់បាននាពេលនេះ​។ ពួកគេកំពុងព្យាយាម​បូមទឹកចេញពីរូងភ្នំ ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកនេះ​។ទីតាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនៃ​តំបន់ Longcheng ​របស់​ខេត្ត Xaisomboun ដែលមានចម្ងាយប្រហែល ១២០​គីឡូម៉ែត្រ នៅ​ភាគខាងជើងនៃរដ្ឋធានីវៀងចន្ទន៍។ អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់លម្អិតនៅលើបណ្ដាញសង្គម​ អំពីសណ្ឋាន​ដី​ភ្នំ​ដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលកំពុងរារាំងប្រតិបត្តិការនេះ៕

មេដឹកនាំកំពូលអ៊ីរ៉ង់៖ មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា លែងមាន​សុវត្ថិភាពហើយ ក្រោយ​ការវាយប្រហារថ្មី

05/27/2026 04:05 PM        33
ដំណើរ​ការចរចាកិច្ចព្រមព្រៀងសន្តិភាព រវាងរដ្ឋបាលរបស់​លោកប្រធានាធិប​តី​ Donald Trump និងអ៊ីរ៉ង់ កំពុង​ស្ថិតនៅលើផ្លូវ​ដ៏បរលាក់​មួយ កាល​ថ្ងៃអង្គារ (ទី​២៦ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីមេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម បានព្រមានថា មូលដ្ឋានទ័ពអាមេរិក នៅតំបន់​មជ្ឈិមបូព៌ា លែងមានសុវត្ថិភាពទៀតហើយ។មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានផ្ដល់​ការព្រមាននេះ នៅក្នុងសារមួយ ក្នុង​ឱកាស​នៃ​ការ​ចាប់ផ្តើមពិធីបុណ្យ Hajj ជា​ធម្មយាត្រាប្រចាំឆ្នាំរបស់មូស្លីមទៅកាន់ទីក្រុង Mecca ពោល​គឺ​ ១ថ្ងៃបន្ទាប់ពីយោធាអាមេរិកបានបើក «ការវាយប្រហារការពារ» នៅ​ភាគខាងត្បូងអ៊ីរ៉ង់។លោក Khamenei បានបញ្ជាក់ច្បាស់​ៗ​​នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា៖ «ប្រវត្តិសាស្ត្រ​មិនអាច​ត្រឡប់ក្រោយបាន​ឡើយ​ ហើយប្រជាជាតិ និងទឹកដីនៃតំបន់នេះ​ (ប្រទេស​មជ្ឈិមបូព៌ា) នឹងលែងបម្រើជាខែល សម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ»។គួរ​បញ្ជាក់​ថា ទីក្រុងតេអេរ៉ង់បានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ម្តងហើយម្តងទៀត ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមកាល​ពី​ចុងខែកុម្ភៈ។ សមាជិកយោធាអាមេរិកចំនួន ៦នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមាន​វាយប្រហារដោយយាន​ដ្រូន​ កាលពីខែមីនា លើការិយាល័យបណ្តោះអាសន្នមួយ នៅក្នុងប្រទេសគូវ៉ែត។មេដឹកនាំអ៊ីរ៉ង់បានបន្ថែម​នៅ​ថ្ងៃ​អង្គារ​នោះ​ថា៖ «ក្រៅពីលែងមានកន្លែងសុវត្ថិភាព សម្រាប់ការឈ្លានពាន និងមូលដ្ឋានទ័ពនៅក្នុងតំបន់នេះហើយ​នោះ​ សហរដ្ឋ​អាមេរិកកំពុងតែទៅកាន់​តែ​ឆ្ងាយ​ពីឋានៈពីមុនរបស់ខ្លួនបន្តិច​ម្ដង​ៗ​»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM