ស្វែងរក

អភិបាលខេត្តបាត់ដំបងណែនាំមន្ត្រីឱ្យពន្លឿនការឆ្លើយតបព័ត៌មានពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

05/27/2026 04:05 PM        82
អភិបាលខេត្តបាត់ដំបង ជំរុញមន្ត្រីមន្ទីរ-អង្គភាពទាំងអស់ ពន្លឿនការឆ្លើយតបព័ត៌មានឱ្យបានលឿនរហ័សដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ ជាពិសេសអ្នកនាំពាក្យនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គភាពកងកម្លាំង ត្រូវតាមដានក្ដាប់ព័ត៌មាន និងពន្លឿនការឆ្លើយតបព័ត៌មានដោយយកព័ត៌មានពិតបន្សាបព័ត៌មានក្លែងក្លាយ។ឯកឧត្តម សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលសង្គមគ្មានប្រភពច្បាស់លាស់ តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបាន និងមានចរិតនយោបាយនិយមជ្រុល ឬព័ត៌មានដែលមានប្រភពពីMMO មួយចំនួនដែលប្រើបណ្តាញសង្គមសម្រាប់បង្កើតព័ត៌មានក្លែងក្លាយបង្កចលាចលទាញយកប្រយោជន៍ផ្ទាល់ខ្លួននោះ គឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមជាតិដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត។ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាឱ្យអាជ្ញាធរស្រុកជាប់ព្រំដែន កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ​ជា​ពិសេស​ត្រូវ​ទប់ស្កាត់​កុំ​ឱ្យ​មានទំនិញពីប្រទេសថៃ​ចូលមក​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បាត់ដំបង​៕ 

បេសកជន​រុស្ស៊ី៖ ប្រទេស​ឈូង​សមុទ្រ​ គឺ​​ជា​ចំណាប់​ខ្មាំង​របស់​គោល​នយោបាយ​អាមេរិក នៅមជ្ឃិម​បូព៌ា

05/27/2026 04:05 PM        43
បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia បានរិះគន់សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីច្រកសមុទ្រ Hormuz ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយបញ្ជាក់​ថា វាគឺ​ជាការ​បង្កើត​ឡើង​ដោយ​ «ភាគី​ម្ខាង​» ហើយមិនឆ្លុះបញ្ចាំងពីបច្ច័យ​​​នាំ​ឲ្យមាន​ភាពតានតឹងក្នុងតំបន់ឡើយ​។កាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) អំឡុង​ពេល​ថ្លែងក្នុង​​សន្និសីទសារប័ត៌មាន​ នៅឯ​ទី​ស្នាក់ការកណ្តាល UN លោក Nebenzia បានអះអាងថា សេចក្ដី​ព្រាង​នេះមិនបានលើក​ឡើង​អំពីថា​ តើ​វិបត្តិនេះ​ បានចាប់ផ្តើម​ឡើង​យ៉ាង​ដូច​ម្ដេច​។នៅពេលត្រូវបាន​សួរ អំពីសេចក្តីព្រាងសេចក្តីសម្រេចដែលបានប្រកាសដោយសហរដ្ឋអាមេរិក រួមជាមួយប្រទេសបារ៉ែន និងបណ្ដា​ប្រទេសឈូងសមុទ្រពែក្ស​ គឺ​អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងកាតា ដែលត្រូវបានលើក​ឡើង​ថា មានគោលបំណងការពារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ​ លោកបានឆ្លើយ​តប​ថា៖ «ឥឡូវនេះ សម្រាប់​បណ្តាប្រទេសឈូងសមុទ្រ ប្រទេសទាំងអស់ គឺជាមិត្តរបស់យើង។ សម្រាប់​ការវាយប្រហារលើប្រទេសទាំងនេះ យើងថ្កោលទោសការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប៉ុន្តែដោយមិនបានលើកឡើង ឬដោះស្រាយពីរបៀបដែលបញ្ហា​ទាំងអស់បានចាប់ផ្តើម សេចក្តីសម្រេចនេះក្លាយជាអ្វី​ដែល​បង្កើត​ឡើង​ជា​ឯកតោភាគី និង​មិន​មាន​ចំណុចសំខាន់ៗ»។លោកបានអះអាងថា អ៊ីរ៉ង់បានព្រមាន «ជាមុន» ហើយ​ថា ក្នុងករណីមានអរិភាពជាមួយទីក្រុងវ៉ាស៊ីនតោន ទីក្រុង​តេអេរ៉ង់​ «នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាដែលសហរដ្ឋអាមេរិក បានសាងសង់នៅក្នុងប្រទេសទាំងនោះ»។ លោក Nebenzia បានសង្កត់ធ្ងន់​ថា៖ «ខ្ញុំកំពុងប្រាប់ពួកគេ (បណ្ដាប្រទេស​ឈូង​សមុទ្រ​) ថា ពួក​គេគឺជាចំណាប់ខ្មាំងនៃគោលនយោបាយអាមេរិក នៅតំបន់​មជ្ឈិមបូព៌ា»។ លោក​បាន​បន្ថែមថា «យើងបាននិយាយជាយូរមកហើយថា ប្រសិនបើមានអ្វីមួយដូចនោះកើតឡើង អ្នកនឹងធ្លាក់ចូលទៅក្នុងវិបត្តិនេះ ជាមិនខាន មិនថាអ្នកចង់បាន ឬអត់​ មិនថា អ្នកមានឆន្ទៈឬអត់នោះទេ»៕

រដ្ឋមន្ត្រីការបរទេស៖ ប្រទេសប៉ូឡូញមិនមានគម្រោងជម្លៀសអ្នកទូតរបស់ខ្លួនចេញពីទីក្រុងគីវទេ

05/27/2026 04:05 PM        29
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រាប់ទូរទស្សន៍ Polsatថា ប្រទេសនេះ មិនមានគម្រោងជម្លៀសអ្នកការទូតរបស់ខ្លួនចេញពីទីក្រុងគីវទេ បន្ទាប់ពីការព្រមានរបស់ក្រសួងការបរទេសរុស្ស៊ីអំពីការវាយប្រហារសងសឹកលើទីតាំងយោធានៅក្នុងរដ្ឋធានីអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្លួន ទៅលើទីក្រុង Starobelsk។ លោកបាននិយាយថា ទោះបីជាការវិវត្តបែបនេះ អាចធ្វើទៅបានក៏ដោយ ក៏គ្មានផែនការជម្លៀសណាមួយកំពុងត្រូវបានពិចារណា នៅពេលនេះទេ។យោធាអ៊ុយក្រែនបានវាយប្រហារដោយយានដ្រូនទៅលើនៅអគារសិក្សា និងអន្តេវាសិកដ្ឋាននៃមហាវិទ្យាល័យវិជ្ជាជីវៈនៃសាកលវិទ្យាល័យគរុកោសល្យរដ្ឋ Lugansk ក្នុងទីក្រុង Starobelsk កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែឧសភា។ និស្សិតរហូតដល់ ៨៦ នាក់ ដែលមានអាយុចាប់ពី ១៤ និង ១៨ ឆ្នាំ នៅខាងក្នុងនោះ នៅពេលមានការវាយប្រហារកើតឡើង។ យោងតាមរបាយការណ៍ផ្លូវការចុងក្រោយបំផុត មនុស្ស ២១ នាក់ ត្រូវបានសម្លាប់ និងជាង ៤០នាក់ ផ្សេងទៀត រងរបួស។ យោងតាមលោក Leonid Pasechnik មេដឹកនាំសាធារណរដ្ឋប្រជាមានិត Luhansk ( LPR) កុមាររហូតដល់ ៦៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះ៕

ជំនាញនិងភាគីពាក់ព័ន្ធស្វះស្វែងរួមគ្នាប្រែក្លាយតំបន់ទេសចរណ៍កោះរ៉ុងទៅជាតំបន់គ្មានសំណល់ប្លាស្ទិក

05/27/2026 04:05 PM        68
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងរដ្ឋបាលខេត្ដព្រះសីហនុ ភាគីពាក់ព័ន្ធនានា ព្រមទាំងវិស័យឯកជន រួមសហការរៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោង «ប្រែក្លាយតំបន់ទេសចរណ៍កោះរ៉ុង ជាតំបន់ទេសចរណ៍គ្មានប្លាស្ទិក» (Plastic-Free Tourism Zone) នៅក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។​ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត បានមានប្រសាសន៍ថា គ.ជ.វ.ទ មានទិសដៅយុទ្ធសាស្ត្រចម្បងពីរសម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺ១. ការបើកយុទ្ធនាការសម្អាតកាកសំណល់ប្លាស្ទិកតាមតំបន់ឆ្នេរ ដោយជ្រើសរើសយកឆ្នេរណាមួយជាគំរូ ក្នុងចំណោមឆ្នេរកម្សាន្តទាំង៣០កន្លែង ដើម្បីធ្វើការសម្អាតជាប្រចាំ រួចពង្រីកទៅកាន់តំបន់ឆ្នេរដទៃទៀត។ ២. ការជំរុញយន្តការប្រែក្លាយក្រុងកោះរ៉ុង ឱ្យទៅជាក្រុងដែលគ្មានកាកសំណល់ប្លាស្ទិក។ ក្រុងកោះរ៉ុង គឺជាតំបន់សក្តានុពលទេសចរណ៍ដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តយ៉ាងច្រើនកុះករ។ ក្នុងដំណើរចុះពិនិត្យការងារជាលើកទី២ នេះ គ.ជ.វ.ទ រួមជាមួយអង្គការ និងដៃគូពាក់ព័ន្ធ នឹងធ្វើការវាយតម្លៃលើផលប៉ះពាល់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដោយក្នុងនោះ ដំណោះស្រាយដ៏ប្រសើរបំផុត គឺការបង្កើតការកែច្នៃសំណល់ប្លាស្ទិកនៅនឹងកោះតែម្តង។ឯកឧត្តម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមសហការគ្នាខ្ពស់ក្នុងការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីធានាបាននូវបរិស្ថានឆ្នេរស្អាត ខ្យល់អាកាសបរិសុទ្ធ និងរក្សាបាននូវភាពទាក់ទាញផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព។លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានបន្ថែមថា វិស័យទេសចរណ៍ ជាវិស័យបៃតងដ៏មានសារសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សសម្បត្តិវប្បធម៌ ព្រមទាំងធនធានធម្មជាតិរបស់ខេត្ត។ ខេត្តព្រះសីហនុ មានសក្តានុពលសម្បូរបែប និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ បញ្ហាប្រឈមនៃសំណល់ប្លាស្ទិក យោងតាមទិន្នន័យខេត្តព្រះសីហនុ មានសំណល់ប្លាស្ទិកប្រមាណ៤០ពាន់តោន ក្នុងមួយឆ្នាំ ក្នុងនោះមួយចំនួនត្រូវបានយកទៅកែច្នៃឡើងវិញ តែបរិមាណនៅសេសសល់បានបង្កផលប៉ះពាល់ដល់បរិស្ថានឆ្នេរ ស្ទះប្រព័ន្ធលូ បង្កើតហានិភ័យទឹកជំនន់ និងប៉ះពាល់ដល់សុខភាពសាធារណៈ ព្រមទាំងជីវៈចម្រុះ។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ ដូចជា ការបំពាក់ធុងសំរាមតាមទីសាធារណៈ ការជំរុញការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក ការញែកសំណល់ និងការបំផុសស្មារតីដៃគូពាក់ព័ន្ធ ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំង «ឆ្នេរស្អាត ទីក្រុងស្អាត បរិស្ថានស្អាត» ៕ 

អ្នក​ការ​ទូត​ជាន់ខ្ពស់ចិន​ លោក​ Wang រិះគន់​លោក Trump ដោយ​ប្រយោល​ ពី UN

05/27/2026 04:05 PM        38
អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន បានវាយ​ប្រហារ​ដោយ​ប្រយោល​ ចំពោះគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពីអង្គការសហប្រជាជាតិ (UN) ដោយប្រើប្រាស់សុន្ទរកថាមួយ ដើម្បីរិះគន់​សង្គ្រាមរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ និងវិធីសាស្រ្តរបស់រដ្ឋបាលនេះ ចំពោះអង្គការពិភពលោក​។កាល​ពី​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នៅឯ​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលលោកបានធ្វើជាប្រធាន​ ដើម្បីពិភាក្សាអំពីធម្មនុញ្ញ UN ក៏ដូចជា​​សន្តិភាព និងសន្តិសុខអន្តរជាតិ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើក​ឡើង​ថា៖ «វិធានការ​យោធាជា​ឯកតោភាគីណាមួយ ដែលគេចវេសពីអាណត្តិរបស់ក្រុមប្រឹក្សា គឺមិនអាចទទួលយកបានឡើយ​»។សុន្ទរកថា​របស់​លោក​រដ្ឋមន្ត្រីរូបនេះ កើត​មាន​ឡើង​មិន​ដល់​ ២សប្តាហ៍ផង បន្ទាប់ពីលោក Trump បានជួបជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ជាទី​ដែលប្រធានាធិបតីអាមេរិក បានទទួលការព្រមានយ៉ាងម៉ឺងម៉ាត់ ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ និងការ​មាន​ជំនួយតិចតួច ក្នុងការស្វែងរកដំណោះស្រាយការទូត ចំពោះសង្គ្រាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅអ៊ីរ៉ង់។ជាមួយ​គ្នា​នេះ លោក Wang ក៏បានលើកឡើងផង​ដែរ​ពីកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដកមូលនិធិពី UN ដកខ្លួនចេញពីភ្នាក់ងាររាប់សិបរបស់ស្ថាប័ននេះ​ និងបង្កើត​ស្ថាប័នថ្មី​ជំនួសមួយ គឺ​​ក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់លោក Trump ដែលទទួលបានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខ UN ជាគំនិតផ្តួចផ្តើមការទូតដែលផ្តោតលើតំបន់ហ្កាហ្សា មុនពេលលោក Trump បានលើក​ឡើង​ថា «វាអាច» ជំនួសអង្គការសកលដែលត្រូវបានបង្កើតឡើងតាំង​ពី​ឆ្នាំ១៩៤៥​។លោក Wang បានសង្កត់ធ្ងន់​ថា៖ «UN គឺជាចំណុចកណ្តាលនៃប្រព័ន្ធអន្តរជាតិ ក្រោយសង្គ្រាម ដែល​តួនាទីរបស់ស្ថាប័ន​នេះ គួរតែត្រូវបានពង្រឹង មិនមែនធ្វើ​ឲ្យ​ចុះខ្សោយទេ ហើយជំហររបស់សា្ថប័ននេះ ត្រូវបានរក្សា មិនមែនបង្កើត​ជំនួស​ឡើយ​។ រដ្ឋជាសមាជិកគួរតែបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ ជាមួយនឹងការ​មាន​សកម្មភាពជាក់ស្តែង»។ការកត់សម្គាល់របស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ មានគោលបំណងសំដៅ​ទៅលើការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យ​ខូច និងផ្លាស់ប្តូរអាទិភាពរបស់ UN ដោយការដកមូលនិធិសំខាន់ៗពី UN ជា​ចំណាត់ការដែលបានបង្កឲ្យ​មានវិបត្តិហិរញ្ញវត្ថុនៅក្នុង​អង្គការដែលមានមូលដ្ឋាននៅទីក្រុង New York មួយ​នេះ​​៕

នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ ភាពអត់ឃ្លានកំពុងក្លាយជា «អាវុធមានតម្លៃថោកជាងមីស៊ីល»

05/27/2026 04:05 PM        48
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ថា ភាពអត់ឃ្លានកំពុងក្លាយជា «អាវុធដែលមានតម្លៃថោកជាងមីស៊ីល» ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ លោកកំពុងចូលរួមកិច្ចប្រជុំនៅអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ ស្តីពីផលប៉ះពាល់នៃជម្លោះនៅអ៊ីរ៉ង់លើសន្តិសុខស្បៀងពិភពលោក។ថ្លែងទៅកាន់កិច្ចប្រជុំនៅទីស្នាក់ការកណ្តាលរបស់អង្គការហ្វៅ(FAO) លោក Sanchez និយាយថា មានការវាយប្រហារជាច្រើនលើកទៅលើទីផ្សារ ដីកសិកម្ម និងប្រព័ន្ធចែកចាយស្បៀង ត្រូវបានកត់ត្រាទុក «ជាពិសេសនៅតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សមួយចំនួនស្វែងរកការឈ្នះសង្គ្រាមដោយការបង្អត់អាហារប្រជាជននៅទីនោះ»។លោក Sanchez ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Luis Planas ដែលជាបេក្ខជន សម្រាប់តំណែងប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិរបស់ប្រទេសអេស្ប៉ាញ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ីតាលី។

ការបិទច្រកសមុទ្រហ័រមូស ធ្វើឲ្យពាណិជ្ជកម្ម និងជំនួយសម្រាប់អាហ្វហ្គានីស្ថានជាប់គាំង

05/27/2026 04:05 PM        33
នៅពេលដែលប្រទេសអាហ្វហ្គានីស្ថានដែលគ្មានសមុទ្រ និងប្រទេសជិតខាងប៉ាគីស្ថាន បានចាប់ផ្តើមប្រយុទ្ធគ្នាកាលពីចុងឆ្នាំមុន ហើយច្រកព្រំដែនរបស់ពួកគេ ត្រូវបានបិទ ជនជាតិអាហ្វហ្គានីស្ថានបានងាកទៅរកប្រទេសជិតខាងភាគខាងលិចរបស់ពួកគេ គឺអ៊ីរ៉ង់ ដើម្បីជំនួសមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់របស់ប្រទេសប៉ាគីស្ថាន គឺទីក្រុងការ៉ាជី (Karachi)។ពួកគេបានប្តូរផ្លូវដឹកជញ្ជូនឆ្លងកាត់កំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់ ប៉ុន្តែមិនយូរប៉ុន្មានទេ។ កំពង់ផែនេះ គឺស្ថិតនៅលើច្រកសមុទ្រហ័រមូស ជាកន្លែងដែលសង្គ្រាមបានធ្វើឲ្យនាវារាប់រយគ្រឿង និងនាវិករាប់ពាន់នាក់ ជាប់គាំង។ ទន្ទឹមនឹងនេះ កុងតឺន័រផ្ទុកទំនិញនិងជំនួយរាប់ពាន់គ្រឿងដែលមានទិសដៅទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវជាប់គាំង នៅក្នុងប្រទេសប៉ាគីស្ថាន។សម្រាប់អាជីវកម្ម និងក្រុមជំនួយរបស់អាហ្វហ្គានីស្ថាន ការបាត់បង់ផ្លូវពាណិជ្ជកម្មទាំងពីរ គឺកំពុងបង្កហន្តរាយដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដែលប្រតិបត្តិការនៅអាហ្វហ្គានីស្ថានរបស់ខ្លួន រួមមានអាហារបំប៉នសង្គ្រោះជីវិតសម្រាប់ម្តាយ និងកុមារដែលខ្វះអាហារូបត្ថម្ភ និងនំប៊ីសស្គីដែលសម្បូរដោយវីតាមីនសម្រាប់ក្មេងសិស្សសាលា បានឃើញថ្លៃដឹកជញ្ជូនកើនឡើងយ៉ាងខ្លាំង និងការផ្គត់ផ្គង់ ត្រូវបានបញ្ឈប់៕

កងទ័ពនីហ្សេរីយ៉ា សម្លាប់ភេរវករ៣០០នាក់ និងជួយសង្គ្រោះជនរងគ្រោះពីការចាប់ជំរិត ២២១នាក់

05/27/2026 04:05 PM        36
យោធាបាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពប្រទេសនីហ្សេរីយ៉ា បានសម្លាប់ភេរវករដែលសង្ស័យ ចំនួន ៣១៧នាក់ និងចាប់ខ្លួន៣១៤នាក់ផ្សេងទៀតនៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មជាបន្តបន្ទាប់នៅទូទាំងប្រទេសក្នុងខែឧសភានេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែ អ្នកនាំពាក្យយោធាលោក Michael Onoja បាននិយាយថា ប្រតិបត្តិការនេះក៏បាននាំឱ្យមានការជួយសង្គ្រោះជនរងគ្រោះពីការចាប់ជំរិត ២២១នាក់ និងភេរវករដែលសង្ស័យ១៨នាក់ បានចុះចាញ់។យោងតាមលោក Onoja បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានអនុវត្តរួមគ្នាដោយកងកម្លាំងទ័ពអាកាស ទ័ពជើងគោក និងជើងទឹក ក្នុងការសម្របសម្រួលជាមួយទីភ្នាក់ងារសន្តិសុខផ្សេងទៀត។ លោក Onoja បាននិយាយបន្ថែមថា កងទ័ពបានរកឃើញអាវុធចំនួន៩៣ដើមមានប្រភេទផ្សេងៗគ្នា និងបានបំផ្លាញទីតាំងចម្រាញ់ប្រេងខុសច្បាប់ចំនួនបីកន្លែង ខណៈរឹបអូសផលិតផលប្រេងឥន្ធនៈដែលត្រូវបានលួចរាប់ម៉ឺនលីត្រ ។មន្ត្រីយោធារូបនេះ និយាយថា ប្រតិបត្តិការ បានបង្ហាញពីសម្ពាធជាប់ជាប្រចាំលើបណ្តាញភេរវករ ក្រុមឧក្រិដ្ឋជន និងក្រុមចោរកម្មប្រេងនៅទូទាំងប្រទេស។

គណបក្សសាធារណរដ្ឋព្រមានលោក TRUMP អំពីការសម្រេចកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់យ៉ាងប្រញាប់ប្រញាល់

05/27/2026 04:05 PM        35
សមាជិកសភាគណបក្សសាធារណរដ្ឋដែលមានឥទ្ធិពលមួយចំនួន បានព្រមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) អំពីការសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់យ៉ាង ប្រញាប់ប្រញាល់ ដោយខ្លាចថា លក្ខខណ្ឌរបស់វាអាចមិនអំណោយផលសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Politico។សារព័ត៌មាននេះ និយាយថា៖«ការជំរុញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់ ប្រឈមមុខនឹងការប្រឆាំងពីក្រុមនេះដ៏គួរឲ្យភ្ញាក់ផ្អើលមួយ៖ ក្រុមអ្នកនយោបាយសាធារណរដ្ឋនិយមដែលខ្លាចថា សេតវិមាននឹងធ្វើកិច្ចព្រមព្រៀងមិនល្អ។ «មន្ត្រីជាន់ខ្ពស់នៃបក្សសាធារណរដ្ឋ បានព្រមានថា កិច្ចព្រមព្រៀងដ៏ឆាប់រហ័សអាចធ្វើឲ្យអ៊ីរ៉ង់មានឧបករណ៍ ដើម្បីគំរាមកំហែងដល់តំបន់ និងបិទចរាចរណ៍ពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រហ័រមូស»។Politico បានសរសេរថា៖«ចំណុចជាប់គាំងសំខាន់ៗ នឹងរួមបញ្ចូលអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលមានធាតុសុទ្ធកម្រិតខ្ពស់ និងការបើកផ្លូវសម្រាប់ការដឹកជញ្ជូនតាមផ្លូវ សមុទ្រនៃច្រកនេះ»។សំណេរនោះបានបញ្ជាក់ថា៖«មន្ត្រីជាន់ខ្ពស់ជាច្រើននៃគណបក្សសាធារណរដ្ឋ កំពុងជំរុញរដ្ឋបាលនេះឲ្យបោះបង់ចោលការចរចា និងរក្សាសម្ពាធលើអ៊ីរ៉ង់»៕

ចម្ការទុរេនអាយុកាលជាង៤០ឆ្នាំមួយកន្លែងនៅខេត្តកែបល្បីថាមានរសជាតិឆ្ងាញ់ខុសពីតំបន់ដទៃ

05/27/2026 03:05 PM        118
កែប ៖ ចម្ការមួយកន្លែងនៅតំបន់ជាប់ភ្នំខ្វាវ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានអាយុកាលជាង៤០ឆ្នាំហើយ ប៉ុន្តែបច្ចុប្បន្ននៅតែអាចប្រមូលផលទាំងដើមចាស់ និងដើមថ្មី ហើយបើតាមម្ចាស់ចម្ការថា ទុរេននេះមានសាច់ក្រាស់ រសជាតិឆ្ងាញ់ខុសពីទុរេនតំបន់ដទៃ ធ្វើឲ្យតម្លៃទីផ្សារល្អនិងមិនពិបាកលក់។កសិករម្ចាស់ចម្ការ លោក ហេង សិទ្ធបានឲ្យដឹងថា លោកបានបន្តការងារថែទាំទុរេនពីឪពុក ទុរេននៅទីនេះភាគច្រើនជាពូជដើម ដែលដាំបន្តពីជំនាន់ដូនតា ហើយដោយសារអំណោយផលពីដី និងអាកាសធាតុជាប់តំបន់ភ្នំ និងខ្យល់ជំនោរសមុទ្រផងនោះ ធ្វើឱ្យផ្លែទុរេនមានរសជាតិផ្អែម ឈ្ងុយ សាច់ក្រាស់។ បច្ចុប្បន្ន ទុរេនកំពុងប្រមូលផល និងលក់បានតម្លៃល្អ ដោយភាគច្រើនមានម៉ូយមកទិញដល់ចម្ការ។ជាមួយគ្នានេះលោក លី ចាន់វាសនា មន្ត្រីកសិកម្មឃុំពងទឹក បានលើកឡើងថា ទុរេននៅតំបន់ភ្នំខ្វាវត្បិតដើមចាស់ តែអាចនៅផ្តល់ផល និងមានគុណភាពល្អ ដោយកសិករភាគច្រើនផ្តោតលើការប្រើប្រាស់ជីធម្មជាតិ និងជីសរីរាង្គ ដែលអាចរក្សាគុណភាពដី និងទុរេនមានអាយុវែង ហើយធានាដល់សុវត្ថិភាពអ្នកទទួលទានថែមទៀតផង។ គួរបញ្ជាក់ថា តំបន់ភ្នំខ្វាវ នៃឃុំពងទឹក ស្រុកដំណាក់ចង្អើរ ត្រូវបានចាត់ទុកជាតំបន់មានសក្តានុពលលើដំណាំហូបផ្លែ និងដំណាំកសិកម្មចម្រុះ ដោយសារអំណោយផលពីធម្មជាតិ និងដីមានជីជាតិល្អ៕ ដោយ ៖ សារីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM