ស្វែងរក

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"

05/31/2026 01:05 PM        262
ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអំពាវនាវដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​​ អាជីវករ​ ពាណិជ្ជករ​ សប្បុរសជន​ ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់" ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារ​កម្ពុជា​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ​ការអំពានាវនេះធ្វើឡើងនៅឱកាសឯកឧត្តម​ ដឹកនាំកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមពី​ ស្ថាប័នអយ្យការអមសាលាដំបូង​ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់​ គណៈអភិបាលរង​ខេត្ត មន្ទីរ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ អភិបាលក្រុង-ស្រុក​ បានចូលរួម នៅព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៦​។ ​សូមបញ្ជាក់ថា​ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នឹងមានការរៀបចំនូវព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសថវិកា​ គ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ដោយជិះជុំវិញក្រុងសិរីសោភ័ណ​ ដើម្បីកៀគរថវិកាចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ សម្រាប់កុមារកម្ពុជា រយៈពេល ១ខែពេញ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។​ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិ គន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទៅតាមលទ្ធភាព​ ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេសដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា។ ជាមួយគ្នានោះដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញាវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន ចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីធានានិរន្តរភាព និងដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុង បេសកកម្មជួយសង្គ្រោះកុមារកម្ពុជា៕ 

អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប

05/31/2026 01:05 PM        314
អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ដបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ដសៀមរាប បាន​រៀប​ចំ​កម្ម​វិធី​សប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្ដូរវប្បធម៌សិល្បៈ អប់រំ និងទេសចរណ៍។ ពិធី​នេះធ្វើឡើង កាល​ពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៦ នៅសាកលវិទ្យាល័យអង្គរខេត្ដសៀមរាប ដោយ​មាន​ការចូលរួមពីមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ លោក ត្រាន់ ទួន អាញ់ TRAN Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ដបាត់ដំបង បាន​លើក​ឡើង​ថា មិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា ត្រូវបានដាំដុះ ថែរក្សា​តាម​រយៈ​ថ្នាក់​ដឹកនាំ ​និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់។ ក្នុងទំនាក់ទំនងនេះ វប្បធម៌ តែង​តែ​ដើរ​តួនាទី​ពិសេស​ជាស្ពានតភ្ជាប់ប្រជាជន តម្លៃប្រពៃណីជាមួយភាពទំនើប និងប្រទេស​ជិត​ខាង​ពីរ​ដែល​ជិត​ស្និទ្ធគ្នា។ តាមរយៈការផ្លាស់ប្តូរវប្បធម៌ សិល្បៈ អប់រំ និងទេសចរណ៍ ប្រជាជន​នៃប្រទេស​ទាំង​ពីរ​កាន់តែយល់ចិត្តគ្នាទៅវិញទៅមក កាន់តែជិតស្និទ្ធ និងចែករំលែកតម្លៃវិជ្ជមាននៃសន្តិភាព សាម​គ្គីភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ លោកបន្ដថា សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជាឆ្នាំនេះ នៅតែជាសក្ខីភាពដ៏រស់រវើកមួយ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងវិស័យ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។ ការសម្តែងសិល្បៈ ការតាំងពិព័រណ៍វប្បធម៌ និងការផ្លាស់ប្តូរដែលបានធ្វើឡើងនៅថ្ងៃនេះ មិនត្រឹមតែរួមចំណែកដល់ការណែនាំរូបភាពនៃប្រទេសវៀតណាម និងប្រជាជនរបស់ខ្លួនដល់មិត្តភក្តិកម្ពុជាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅផងដែរ។លោកបន្ថែមថា សកម្មភាពផ្លាស់ប្តូរនៅសាកល វិទ្យាល័យអង្គរ បានចូលរួមចំណែកដល់ការជួយនិស្សិត និងសហគមន៍មក នៃប្រទេសទាំងពីរ ឱ្យយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជន របស់គ្នាទៅវិញទៅមក ដែលជំរុញស្មារតីនៃការគោរព ការចែករំលែក និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ លោកបញ្ជាក់ថា ក្នុងបរិបទនៃការប្រែប្រួលក្នុងតំបន់ និងសកលលោកដ៏ស្មុគស្មាញ ការពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន បានរួមចំណែកដល់ការកសាងមិត្តភាព ការ ជឿទុកចិត្ត និងការតភ្ជាប់ រវាងប្រជាជាតិទាំងពីរ។លោកជឿជាក់ថា តាមរយៈការផ្លាស់ប្តូរផ្នែកសិក្សា និងសិល្បៈ យុវជនមកពី ប្រទេសវៀតណាមនិងកម្ពុជា នឹងមានឱកាសកាន់តែច្រើនក្នុងការរៀនសូត្រពីគ្នា ទៅវិញទៅមក ពង្រីកការយល់ដឹងរបស់ពួកគេ និងរួមគ្នាកសាង សហគមន៍ អាស៊ានមួយ ដែលមានសាមគ្គីភាព ប្លែក និងអភិវឌ្ឍប្រកបដោយចីរភាព។ លោក លី សារី អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវ បានចាត់ទុកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តសៀមរាប ខណៈដែលខេត្ដមួយនេះ ពេញទៅដោយសក្តានុពលផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍របស់ប្រទេសកម្ពុជា ដែលជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យ និងជាកេរ្តិ៍មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។លោកបន្ដថា ការសម្តែងសិល្បៈនាឱកាសនេះ គឺជាការអនុវត្តផ្នែកមួយដ៏សំខាន់នៃផែនការសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ រវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរ ក្នុងការចូលរួមពង្រឹងនិងពង្រីកការផ្លាស់ប្ដូរផ្នែកវប្បធម៌ និងសិល្បៈ ដែលស្របទៅតាមមាគ៌ានយោបាយការបរទេសដែលមានលក្ខណៈប្រាកដនិយមរបស់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសវៀតណាម៕

រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»

05/31/2026 01:05 PM        227
រដ្ឋបាលខេត្តកំពត បានត្រៀមទុរេនទុំប្រមាណ ២តោន ដើម្បីទទួលស្វាគមន៍ និងជូន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោម​ប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២រសៀលតទៅ នៅបរិវេណ​សួន​ច្បារ​ទល់​មុខ​ផ្សារ​វិថីម្ហូបអាហារ ខេត្តកំពត។លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ ទទួល​បានការជំរុញលើកទឹកចិត្តពីក្រសួងទេសចរណ៍ ជាពិសេសក្រោមការយកចិត្តទុកដាក់ និង​ការ​ចង្អុល​បង្ហាញ​ពី​សំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងគោលបំណង​លើក​កម្ពស់​វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណ​ផលិតផល​ក្នុង​ស្រុក​របស់​ខេត្ត​កំពត​ឱ្យ​កាន់​តែទូលំទូលាយ។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹង​មាន​ឱកាស​ភ្លក់​រសជាតិទុរេនកំពតដ៏ល្បីល្បាញ ដែលរដ្ឋបាលខេត្តបានត្រៀមទុកចំនួន ២តោន ព្រម​ទាំង​អាច​ទស្សនា និងទិញផលិតផលកសិកម្ម ផ្លែឈើតាមរដូវ នំចំណីប្រពៃណី និង​ផលិត​ផល​សហគមន៍​ជា​ច្រើន​ប្រភេទ ដែលជាមរតកវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយនៃការជំរុញ ទេសចរណ៍រដូវកាលបៃតង ដែលក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្តកំពុងផ្តោតសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងអំឡុងរដូវវស្សា។ រដូវកាលនេះ ខេត្តកំពតមានសម្រស់ធម្មជាតិខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ទេសភាពភ្នំ ទឹក​ជ្រោះ ​សមុទ្រ និងចម្ការផ្លែឈើកាន់តែស្រស់ស្អាត ដែលផ្តល់បទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ និង​ជួយ​ជំរុញ​ចំណូលដល់សហគមន៍មូលដ្ឋាន។ តាមរយៈការរៀបចំព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» នេះ រដ្ឋបាលខេត្តកំពតរំពឹងថា នឹង​រួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនកំពត ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​រដូវកាល​បៃតង ​និង​ជំរុញការចូលរួមគាំទ្រផលិតផលក្នុងស្រុក ស្របតាមគោល​នយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព និងបរិយាបន្ន៕

មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប

05/31/2026 12:05 PM        222
មន្ត្រីជំនាញបានបញ្ជាក់ថា ផ្ទៃដីកសិកម្មខេត្តកែបមានទំហំជាង៩ពាន់ហិកតា ដីស្រែជាង ៣ពាន់​ហិកតា និងដីចម្ការជាង៦ពាន់ហិកតា ដែលអាច​បំពេញ​តម្រូវ​ការ​ពលរដ្ឋ​សរុបជាង ៤ម៉ឺននាក់​ក្នុង​ខេត្ត។ តែយ៉ាងណាក៏ដោយបច្ចុប្បន្នមន្ត្រីជំនាញកំពុងខិតខំជំរុញលើកទឹកចិត្ត ដល់កសិករ សហគមន៍​កសិកម្ម អាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្ត ពោលគឺ​ធ្វើ​កសិកម្ម​ឲ្យ “មានហូប មានបាន មានប្រើ និងមានជារៀងរហូត”។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក ថឹង បូរិន បានបញ្ជាក់ថា វិស័យកសិកម្មក្នុងខេត្តកែប បានដើរតួនាទីសំខាន់ ក្នុងការធានាដល់សុវត្ថិភាពស្បៀង ឆ្លើយតបបាននូវតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរផង ទាំងលើផ្នែកស្រូវអង្ករ ត្រីសាច់ និងបន្លែផ្លែឈើជាដើម។ ទាំងនេះគឺកើតចេញពីការយកចិត្តទុកដាក់ និងការខិតខំរួមគ្នារវាងកសិករ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូ និងវិស័យឯកជនផ្សេងៗ។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ដោយអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ការយកចិត្តទុកដាក់ពីក្រសួងកសិកម្ម ពិសេសការចុះពិនិត្យ ចង្អុលបង្ហាញដោយផ្ទាល់ របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានធ្វើឲ្យវិស័យកសិកម្មខេត្តកែប មិនត្រឹមតែអាចគ្រប់គ្រាប់សម្រាប់ហូបនោះទេ ថែមទាំងអាចសល់នាំចេញទៅក្រៅប្រទេសទៀតផង។ ទទ្ទឹមគ្នានេះ មន្ទីរកំពុងតែខិតខំសិក្សា ស្រាវជ្រាវ និងស្វែងរកបច្ចេកទេសថ្មី ដើម្បីធ្វើយ៉ាងណាឲ្យការដាំដុះ ការចិញ្ចឹមសត្វរបស់ប្រជាកសិករ ទទួលបានទិន្នផលកាន់តែច្រើន គុណភាពកាន់តែល្អ ទីផ្សារកាន់តែទូលំទូលាយ ពោលគឺធ្វើកសិកម្មឲ្យ “មានហូប មានបាន មានប្រើ និងមានជារៀងរហូត” ។ លោកប្រធានមន្ទីរក៏បានណែនាំដល់កសិករទាំងអស់ បើមានចម្ងល់ ឬបញ្ហាលើការងារដាំដុះ ឬចិញ្ចឹមសត្វ បញ្ហាទីផ្សារ សូមទាក់ទងទៅមន្ត្រីកសិកម្មឃុំ ហើយសូមសហគមន៍កសិកម្មក្នុងខេត្តខិតខំប្រែក្លាយ ខ្លួនឲ្យទៅជាសហគមន៍កសិកម្មទំនើប និងព្យាយាមចែករំលែងបទពិសោធន៍ និងរបបគំហើញថ្មីៗ ដល់កសិករ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងជឿជាក់ ថាពួកគាត់អាចផ្ញើជីវិត និងអនាគតក្រុមគ្រួសារ ជាមួយនឹងរបរកសិកម្មបាន៕

គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ

05/31/2026 12:05 PM        328
ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍ នៃ​គណៈកម្មការ​ការពារ​ទប់​ស្កាត់ និង​បង្ការ​បទ​ល្មើស​ធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៦។ក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានក្រុមប្រចាំការនៅទីបញ្ជាការស្រាល ឃុំពាមបាង ឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និង​លទ្ធ​ផលស្តី​ពី​ការ​ការ​ពារ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ នារយៈពេលកន្លងទៅជាលទ្ធ​ផលបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំពាមបាង និងឃុំផាត់សណ្តាយ មានការ​ថយ​ចុះ​ ពី៧០% ទៅ ៨០% ព្រមទាំង​បាន​គូស​បញ្ជាក់​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ។ ជាមួយគ្នានោះ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឡើងអានសេចក្តី ជូន​ដំណឹងស្ដីពីរដូវបិទនេសាទឆ្នាំ ២០២៦ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅ​ខាង​ជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ​។ ជាមួយនេះដែរ លោក ជិន ស៊ីថា ក៏បានបញ្ជាក់បន្ថែមពីឧបករណ៍នេសាទដែល​ប្រជា​នេសាទ​អាចនេសាទបានស្របច្បាប់មានចំនួន ៤៩មុខក្នុងរដូវបិទនេសាទនេះ។ មានប្រសាសន៍ ក្នុងឯកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍ នៃ​គណៈកម្មការការពារទប់ស្កាត់និងបង្ការបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ថ្លែង​អំណរ​គុណ ​ចំពោះកងកម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបាន​រួម​គ្នា​ក្នុង​ការ​ការពារធនធានមច្ឆជាតិ ដោយបានសហការជាមួយកងកម្លាំងសម្រុះក្នុងការផ្ដល់ព័ត៌មាន និង​ចូលរួមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរយៈពេល​កន្លង​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ​ធ្វើឲ្យទិន្នផលត្រីបានសម្បូរឡើងវិញ ដែលមជ្ឈដ្ឋាន​ទូទៅមាន​ការកោត​សរសើរ​ដល់​កង​ទ័ព​ដែល​បាន​រួម​ចំណែក​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសា​ទ​ខុស​ច្បាប់ទ​ទួល​បានជោគជ័យក៏ជាទីមោទនៈ ។ លោកឧត្តមសេនីយ៍ទោ បានប្រគល់ភារកិច្ច​ដល់​អាជ្ញាធរ​ដែន​ដីស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសជំនាញជលផល សូមមេត្តារួមគ្នា​ជាមួយ​កង​កម្លាំង​ចម្រុះ ​បន្តការ​ពារ​ទប់ស្កា​ត់ និង​បង្ក្រាប​បទ​ល្មើស​នេសា​ទ​ខុស​ច្បាប់​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​បន្ថែម​ទៀត ពិសេសប​ន្ត​ការ​ពារ​ឲ្យ​បាន​ឡូត៍​អភិរក្សពូជត្រី​ដើម្បី​រ​ក្សា​ទុក​ឲ្យ​ត្រីព​ង​កូន​នៅ​ក្នុង​រដូវ​វស្សា​ខាងមុខនេះ។ ជាមួយនោះដែរត្រូវរួមគ្នាក្នុងការអនុវត្តឲ្យបានជោគជ័យនៅសេចក្តី ជូនដំណឹង​ស្ដីពី​រដូវបិទការនេសាទឆ្នាំ ២០២៦ ឱ្យមានប្រសិទ្ធភាព៕

អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន

05/31/2026 12:05 PM        306
ម្ចាស់ចំការទុរេនក្នុងស្រុកចម្ការលើ​ ខេត្ត​កំពង់ចាម​ ចង់ឲ្យឈ្មួញយកទៅលក់បន្តត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់​ និងបន្លំអត្តសញ្ញាណ​ ខណៈ​រសជាតិទុរេនស្រុកចម្ការលើមិនចាញ់ស្រុកដ៍ទៃឡើយ។ម្ចាស់ចំការទុរេន​ឃុំចំការអណ្តូង​ លោកស្រី​ ហ៊ុន​ សុខភា​ បានឲ្យដឹង​ថា ចម្ការទុរេនលោកស្រីដាំដុះពូជរី៦​ មូលសាំងឃីង​និងម៉ាន់ថង់ទឹកដោះគោ​ ដែលគេពេលនិយមបរិភោគ​ ហើយសម្រាប់ទិន្នផលឆ្នាំនេះ ចម្ការលោកស្រីទទួលបានផលទាបជាងឆ្នាំមុន​ ដោយសារកត្តាអាកាសធាតុ។ ជាមួយគ្នានេះ​ លោកស្រី​ ហ៊ុន​ សុខភា​ ក៏ដូចម្ចាស់ចម្ការទុរេនស្រុកដ៏ទៃ​ គឺចង់ឲ្យម្ចាស់ចម្ការ​ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជូនអតិថិជន​ និងស្នើសុំឲ្យឈ្នួលកណ្តាលទាំងអស់ដែលទិញពីចម្ការផ្ទាល់យកទៅលក់បន្តធ្វើយ៉ាងណាចេះរក្សានូវគុណភាព​ និងកុំបន្លំអត្តសញ្ញាណទុរេន​ចម្ការអណ្តូងស្រុកចំការលើ​ខេត្ត​កំពង់ចាម​ ពោលគឺដើម្បីកុំឲ្យមហាជនយល់ច្រលំថាទុរេនអ្នកស្រុកតំបន់មិនល្អឆ្ងាញ់ដូចមុន។​សូមជំរាបជូនថា នៅក្នុងខេត្តកំពង់ចាម ទុរេនដែលល្បីល្បាញ់មានរសជាតិឆ្ញាញ់ជាងគេនោះគឺ ទុរេនរបស់អ្នកស្រុកចម្ការលើ​ និងស្រុកស្ទឹងត្រង់ ដែលម្ចាស់ចម្ការនីមួយដាំដុះបែបធម្មជាតិ ដីអំណោយផល​ មិនប៉ះពាល់ដល់សុខភាពរបស់បរិភោគឡើយ ខណៈ​នៅតំបន់នោះគេនិយមដាំទុរេនដែលមានរសជាតិឆ្ងាញ់និងពេញនិយមជាងគេនោះ គឺទុរេនប្រភេទម៉ាន់ថង៕​

មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង

05/31/2026 12:05 PM        295
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង រួមជាមួយប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ​ក្រុង​កំពង់​ឆ្នាំង​ បាននាំយកស័ង្កសីចំនួន ៥០សន្លឹក គ្រឿងឧបភោគបរិភោគ និងថវិកា ទៅ​ឧបត្ថម្ភ​ដល់​កុមារី​ឈ្មោះ ​ជា លីណា អាយុ១៣ឆ្នាំ រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។កុមារី ជា លីណា កំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅ និងមាន​បន្ទុក​មើល​ថែ​ប្អូន​ប្រុស​តូច​អាយុ២​ឆ្នាំ ខណៈដែលឪពុក ម្តាយ និងបងប្រុសរបស់នាង កំពុងជាប់ពន្ធនាគារ។ ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​កុមារីរូបនេះប្រឈមនឹងការខ្វះខាតទាំងផ្នែកជីវភាព ការសិក្សា និងការថែ​ទាំង​ប្អូន​តូច​ប្រចាំ​ថ្ងៃ​។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង​ការ​យក​ចិត្ត​ទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសកុមារ និងគ្រួសារដែល​កំពុងជួ​ប​ការ​លំបា​ក​ក្នុងជី​វភាពរស់នៅ។ អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាការចូលរួម​សម្រាល​ការ​លំបាក​របស់​កុមារី ជា លីណា និងប្អូនប្រុសតូច ឱ្យ​មាន​លទ្ធភាព​ប្រសើរ​ឡើង​ក្នុងការ​រស់​នៅ​ប្រចាំ​ថ្ងៃ ព្រ​មទាំងបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតី​មនុស្ស​ធម៌​របស់​ថ្នាក់​ដឹកនាំ ចំពោះ​ប្រជា​ពលរដ្ឋ​ដែលកំពុងជួបការលំបាកនៅតាមមូលដ្ឋាន។កុមារី ជា លីណា និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើប និងថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​សម្តេចធិ​បតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ពាក់​ព័ន្ធ ​ដែលបានគិតគូរ និងជួយឧបត្ថម្ភក្នុងគ្រាលំបាក៕ដោយ ÷ ហុង វាសនា

ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ

05/31/2026 11:05 AM        235
ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជា​ប្រធាន​ក្រុម​ការងារចុះជួយមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម បានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវ​ចេះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីកុំឲ្យពួកគាត់ មាន​ការ​យល់​ច្រឡំ​ពីច្បាប់កាតព្វកិច្ចយោធា ដែលទើបអនុម័តរួចរាល់ នាពេលថ្មីៗនេះ ខណៈ​ច្បាប់​មួយ​នេះនឹងត្រូវអនុវត្តន៍ស្មើភាពគ្នា។ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស និងប្រកាសសមាសភាពថ្នាក់ដឹកនាំ និង​ក្រុម​ការ​ងារ​ចុះ​មូលដ្ឋានតាមបណ្ដាឃុំ ស្ថិតក្នុងស្រុកជើងព្រៃ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិតសភាចារ្យ ម៉ា ឈឿន មានប្រសាសន៍ថា ច្បាប់កាតព្វកិច្ចយោធា បានអនុម័ត​រួច​រាល់​ហើយ ដែលតម្រូវឲ្យយុវជនខ្មែរគ្រប់រូប ត្រូវអនុវត្តន៍ លើកលែងតែបុគ្គលមួយចំនួន ដែល​ច្បាប់​បាន​កំណត់ ឬអនុគ្រោះ ។ ឯកឧត្តមបានបន្តថា ចំពោះច្បាស់នេះ គឺត្រូវបានក្រុមជនអគតិប្រឆាំង ក៏បាន​និយាយ​បំផ្លើស​បំភ្លៃ​ការ​ពិត​ និងញុះញង់ឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដូចនេះហើយ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខិត​ខំ​បក​ស្រាយ ឬផ្សព្វផ្សាយឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋ ព្រោះច្បាប់នេះ បានអនុម័ត​ឲ្យ​ប្រើ​ប្រាស់ ​ដើម្បីឧត្តមប្រយោជន៍ជាតិ។ លោកជំទាវ អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា និងជា​អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​ស្រុក​ជើង​ព្រៃ​បានគូសបញ្ជាក់ថា ការពន្យល់ដល់ប្រជាពលរដ្ឋនេះ ក៏ទាមទារឲ្យអាជ្ញាធរ ត្រូវសិក្សា​ស្វែង​យល់​ពី​ច្បាប់​នេះ ឲ្យបានយល់ច្បាស់ជាមុនសិន ដើម្បីផ្សព្វផ្សាយទៅ កុំឲ្យខុសពីអត្ថន័យ ឬ​ខ្លឹមសារ​របស់ច្បាប់។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានជំរុញដល់សមាជិកបក្ស ដែល​ជាអាជ្ញាធរ​មូលដ្ឋាន ត្រូវខិតខំដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងផ្ដល់​សេវា​សាធារណៈ​ឲ្យ​បានត្រឹមត្រូវ លឿនឆាប់រហ័ស និងមានគណនេយ្យភាព ។ មួយវិញទៀត ត្រូវ​ប្រឹង​ប្រឹង​ថែ​រក្សាស​ន្តិសុខ នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដោយអនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសយកចិត្តទុកដាក់ទប់ស្កាត់ កុំឲ្យមានបទ​ល្មើស​បច្ចេក​វិទ្យា​ល្បែង​អនឡាញ (Scam Online) ដែលប្រមុខរាជរដ្ឋាភិបាលកំពុងខិតខំបង្ក្រាប ដោយធ្វើ​យ៉ាង​ណា ​កុំឲ្យបទល្មើសនេះ កើតឡើងក្នុងមូលដ្ឋានស្រុកជើងព្រៃ ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញទៅដល់ក្រុមការងារបក្ស ដែល​ចុះ​មូល​ដ្ឋាន​តាម​ឃុំ សូមបន្តចុះផ្សព្វផ្សាយពីគោលនយោបាយគណបក្សជាជនកម្ពុជា ទៅដល់​ប្រជា​ពលរដ្ឋ​ ក៏ដូចជាចុះសួរសុខទុក្ខប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ដើម្បីស្ដាប់ពីសំណូមពរ ក្តីកង្វល់ និង​បញ្ហា​ផ្សេងៗ ហើយធ្វើរបាយការណ៍ និងដោះស្រាយជូនពលរដ្ឋ ។ មួយវិញទៀត សមាជិក​បក្ស​ទាំង​អស់ ក៏ត្រូវខិតខំបង្កើនសមាជិកបក្សថ្មីបន្ថែម នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះបន្ត ទាំងការបោះឆ្នោតឃុំសង្កាត់ នៅ​ឆ្នាំ​២០២៧​ និងការបោះឆ្នោតសកល នៅឆ្នាំ២០២៨ ៕ អត្ថបទ បាន សុខរិទ្ធិ 

UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

05/31/2026 11:05 AM        102
អង្គការសហប្រជាជាតិ(UN)និយាយថា ក្រុមបេសកកម្មថែរក្សាសន្តិភាព(UNIFIL)នៅតំបន់ភាគខាងត្បូងលីបង់ បន្តមើលឃើញសកម្មភាពវាយប្រហារតាមច្រកអាកាស និងតាមជើងគោករបស់យោធាអ៊ីស្រាអែល នៅទូទាំងតំបន់ប្រតិបត្តិការរបស់កងកម្លាំងស្តីទី UN រួមទាំងសកម្មភាពយោធានៅតំបន់ភាគខាងជើងទន្លេ Litani ។លោក Stephane Dujarric គឺជាអ្នកនាំពាក្យរបស់ UN និយាយថា ក្រុម UNIFIL បានរកឃើញឧបទ្ទេហេតុបាញ់ប្រហារ ៣៥០លើករបស់កងកម្លាំងការពារអ៊ីស្រាអែល និងឧបទ្ទេហេតុបាញ់ប្រហារ ២៥លើករបស់ក្រុមហេសបូឡា ។ខណៈពេលនោះដែរ ក្រសួងសុខាភិបាលសាធារណៈលីបង់និយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បានកើនឡើងដល់ ៣.៣២៤ នាក់ ចាប់តាំងពីថ្ងៃទី ២ ខែមីនា ២០២៦ រហូតមក ខណៈការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែខ្លាំងនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដោយមិនខ្វល់ខ្វាយពីបទឈប់បាញ់នោះឡើយ ក្នុងនោះមនុស្ស ១០.០២៧ នាក់ បានរងរបួស ។ ក្រសួងបន្តថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Choueifat ក្នុងតំបន់ជាយក្រុងភាគខាងត្បូងរដ្ឋធានីបេរូត បានសម្លាប់មនុស្ស ៣នាក់ រួមទាំងស្ត្រីម្នាក់ និងកូនស្រីទើបសម្រាលរបស់គាត់ ហើយនិងកុមារស៊ីរីម្នាក់ ។សូមបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់បានចូលជាធរមានកាលពីខែមេសា ២០២៦ ប៉ុន្តែបើទោះបីជាមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារស្ទើរតែរាល់ថ្ងៃនៅក្នុងប្រទេសមួយនេះ ខណៈក្រុមហេសបូឡាបានបើកការវាយប្រហារទៅលើទីតាំងយោធាអ៊ីស្រាអែល ៕

ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់

05/31/2026 11:05 AM        57
រដ្ឋមន្រ្តីក្រសួងសុខាភិបាលកុងហ្គោលោក Samuel Roger Kamba និយាយថា ក្រុមអាជ្ញាធរកុងហ្គោ បានកំណត់ករណីឆ្លងសង្ស័យជំងឺអេបូឡាចំនួន ១.០២៨នាក់ ហើយករណីឆ្លងបញ្ជាក់ចំនួន ២២៥នាក់ ។ក្រុមអាជ្ញាធរសុខភាពនៅប្រទេសកុងហ្គោ និងប្រទេសជិតខាង បានបង្កើនកិច្ចខិតខំទប់ស្កាត់ការរីករាលដាលឆ្លងចុងក្រោយនៃជំងឺអេបូឡា ដែលជាជំងឺពុំទាន់មានវ៉ាក់សាំង និងវិធីព្យាបាល ។ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានព្រមានថា ជម្លោះ ការជម្លៀសខ្លួន និងការមិនទុកចិត្តគ្នា នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺអេបូឡា ។ ថ្លែងពេលទៅដល់ទីក្រុង Kinshasaរបស់កុងហ្គោ លោក Tedros ចាត់ទុកការរីករាលដាលឆ្លងជំងឺអេបូឡាថា ស្មុគស្មាញខ្លាំងណាស់ ហើយលោកជំរុញឲ្យមានបទឈប់បាញ់ ពីព្រោះថា អសន្តិសុខ និងកង្វះខាតស្បៀងអាហារ បានធ្វើឲ្យឆ្លើយតបកាន់តែលំបាកថែមមួយកម្រិតទៀត ។ លោកបានជំរុញផងដែរឲ្យមានការផ្តល់មូលនិធិអន្តរជាតិ ដោយរូបលោកបញ្ជាក់ថា ប្រហែល ១ភាគ ៣ប៉ុណ្ណោះ នៃការគាំទ្រទទួលបាន ។ បើគ្មានបុគ្គលិកសុខភាពទេនោះ វាពិតជាពិបាកជួយអ្នកដទៃខ្លាំងណាស់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM