ស្វែងរក

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់

05/31/2026 11:05 AM        166
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមាន​ការ​សម្រប​សម្រួល​ពី​លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី២​៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ បានបើកការបង្ក្រាបទីតាំងលក់ សម្ភារៈអាសអាភាស ចំនួន ០៣កន្លែង ជា​បន្តបន្ទាប់ នៅក្នុងខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌទួលគោក ព្រម​ទាំង​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​សរុបចំនួន ០៩នាក់ (ជនជាតិចិន ០១នាក់ ខ្មែរ ៨នាក់) និងដក​ហូត​សម្ភារៈ​អាស​អាភាស ជាច្រើន មានដូចជា អាវៈយុវៈភេទស្ត្រីសិប្បនិម្មិត, លឹង្គសិប្បនិម្មិតអេឡិចត្រូនិច, លិង្គ​សិប្ប​និម្មិតជ័រ, ស្ករគ្រាប់ជំនួយអារម្មណ៍ផ្លូវភេទ និង ថ្នាំ,ប្រេង ចម្រុះ សង្ស័យ​ជា​សារ​ធាតុ​ជំនួយ និង​ធ្វើ​ឲ្យ​រំជួលដល់ចំណង់ផ្លូវភេទផងដែរ។ ជនសង្ស័យទាំង ០៩នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កង​រាជ​អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅ​ទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ៕ តារាវុទ្ធី

សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ

05/31/2026 10:05 AM        263
សាធារណជន បានចូលរួមក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងផុលផុស ដើម្បី​លើក​កម្ពស់​ការ​ថែ​ទាំសុខភាពកុមារ។ ឪពុក ម្ដាយ ដែលមានកូនកំពុងស​ម្រាក​ព្យាបាល​នៅក្នុ​ង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ថ្លែងអំណរគុណសប្បុរសជន ដែលរួមចំណែកជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យ ផ្ដល់​ក្ដី​សង្ឃឹមដល់កូនៗរបស់ពួកគេ។សហគ្រិនស្រ្ដី ក្នុងវិស័យឯកជន បានប្រាប់ BTV នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គឺជាចលនាសប្បុរសធម៌ ដ៏មានសារសំខាន់ ដើម្បី​ជួយ​ទ្រទ្រង់​ដំណើរ​ការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យព្យាបាលកុមារ និងស្រ្ដីមានផ្ទៃ​ពោះ​ដោយ​មិន​គិត​ប្រាក់។ ពួកគេ បានចូលរួមក្នុងយុទ្ធនាការនេះ និងអំពាវនាវដល់ពលរដ្ឋខ្មែរ ចូលរួម​ឲ្យ​បាន​គ្រប់​ៗ​គ្នា ​រួមចំណែកលើកកម្ពស់ការថែទាំសុខភាពកុមារ។ចំណែកប្រជាពលរដ្ឋ ជាអាណាព្យាបាល ដែលមានកូនកំពុងសម្រាកព្យាបាល និង​អ្នក​ខ្លះ​ធ្លាប់​ទទួល​ការ​ព្យាបាលកាលពីក្មេង នៅមន្ទីរពេទ្យគន្ធបុប្ផាដែរនោះ បានប្រាប់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺ​ជា​ក្ដី​សង្ឃឹមរបស់កុមារកម្ពុជា ពីព្រោះមន្ទីរពេទ្យនេះ បានផ្ដល់សេវាពិនិត្យ ព្យាបាល ដោយ​យក​ចិត្ត​ទុក​ដាក់ខ្ពស់។ ពួកគេ អរគុណក្រុមគ្រូពេទ្យ រាជរដ្ឋាភិបាល និងសប្បុរសជន ដែល​បាន​បន្ត​គាំទ្រ​មន្ទីរ​ពេទ្យគន្ធបុប្ផា ឲ្យមានលទ្ធភាពបន្តបេសកម្មទៅមុខទៀត។សូមជម្រាបជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គឺជាយុទ្ធនាការ ដើម្បីចូលរួមអបអរសាទរ ទិវា​កុមារអន្ដរជាតិ ១ មិថុនា និងបំផុសស្មារតីសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ចូល​រួម​បរិច្ចាគ​ជូន​មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុង​ការ​ពិនិត្យ ព្យាបាលកុមារ និងស្រ្ដីមានផ្ទៃពោះ ដោយឥតគិតប្រាក់ ខណៈមន្ទីរពេទ្យនេះ ត្រូវ​ចំណាយ​ថវិកា​ខ្ទង់ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ និង ៤៥លានដុល្លារនៅក្នុងមួយឆ្នាំ៕ អត្ថបទ ៖ លៀ ស៊ីណា 

កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក

05/31/2026 10:05 AM        51
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Ahn Gyu-back និយាយនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីថា កូរ៉េខាងត្បូង នឹងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ និងមីស៊ីល ហើយនិងជំរុញកិច្ចសហប្រតិបត្តិការការពារ ជាមួយសហរដ្ឋអាមេរិក ។ អំឡុងសម័យប្រជុំពេញអង្គ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី លោក Gyu-back និយាយថា ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលកើនឡើងរបស់កូរ៉េខាងជើង បណ្តាលឲ្យអស្ថិរភាពផ្នែកសន្តិសុខនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។លោកថា កូរ៉េខាងត្បូងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខយុទ្ធសាស្រ្ត តាមរយៈការចូលរួមយន្តការកិច្ចសហប្រតិបត្តិការពហុភាគីជាច្រើននៅក្នុងតំបនឥណ្ឌូ-ប៉ាស៊ីហ្វិក ។លោក Gyu-back និយាយទៀតថា ស្របពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េ មានទំនាក់ទំនង កាន់តែខ្លាំងជាមួយបរិយាកាសសន្តិសុខអន្តរជាតិធំទូលាយ ដំណើរវិវត្តន៍នៅឧបទ្វីបមួយនេះ បានក្លាយជាកត្តាដ៏សំខាន់មួយនៅក្នុងសន្តិសុខសកល ។សូមបញ្ជាក់ថា កិច្ចប្រជុំ Shangri-La Dialogue ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០២ បានទាក់ទាញក្រុមមន្រ្តីយោធាជាន់ខ្ពស់ មន្រ្តីការទូត និងក្រុមហ៊ុនផលិតអាវុធជាច្រើន មកពីទូទាំងពិភពលោក ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់ ៕

ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

05/31/2026 10:05 AM        61
ព្យុះខ្សាច់ដ៏ខ្លាំងក្លា បានបោកបក់ឆ្លងកាត់តំបន់ជាច្រើននៅក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ប្រទេសឥណ្ឌា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់រយៈចម្ងាយមើលឃើញនៅទូទាំងទីក្រុង Bikaner, Sri Ganganagar និងទីក្រុង Chura ។ការិយាល័យអាកាសធាតុឥណ្ឌា បានចេញការព្រមានសម្រាប់ព្យុះផ្គររន្ទះ និងព្យុះធូលីនៅរដ្ឋ Rajasthan ក្នុងនោះសីតុណ្ហភាពបានធ្លាក់ចុះខ្លាំង ចាប់តាំងពីថ្ងៃសុក្ររហូតមក ។ក្រសួងឧតុនិយមឥណ្ឌា រាយការណ៍ដែរថា ព្យុះផ្គររន្ទះ ព្យុះធូលី និងភ្លៀងធ្លាក់ខ្លាំង ទំនងជាបន្តកើតមាននៅតាមតំបន់ជាច្រើនក្នុងរដ្ឋ Rajasthan នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ស្រុកជាច្រើនបានមើលឃើញកើតមានភ្លៀងផ្គររន្ទះដ៏ខ្លាំងក្លា ហើយស្រុក Bari ស្ថិតក្នុងទីក្រុង Dolpur រកឃើញមានភ្លៀងធ្លាក់ច្រើនបំផុត កម្ពស់ ៥៨មីលីម៉ែត្រ ។ខណៈពេលនោះដែរ មន្ទីរឧតុនិយមនៅទីក្រុង Jaipur បានព្យាករពីព្យុះផ្គររន្ទះលាយឡំជាមួយខ្យល់កន្រ្តាក់ ក្នុងល្បឿន ៦០-៧០គ.ម ក្នុង ១ម៉ោង ៕

ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី

05/31/2026 10:05 AM        58
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានព្រមានថា របាយការណ៍ចារកម្មបង្ហាញពីលទ្ធភាពនៃការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ហើយលោកបានជំរុញឲ្យពលរដ្ឋអ៊ុយក្រែនទាំងអស់ស្តាប់តាមការជូនដំណឹងពីការវាយឆ្មក់តាមច្រកអាកាស និងការព្រមានពីសុវត្ថិភាពផ្សេងទៀត ។លោក Zelenskiy និយាយនៅក្នុងសុន្ទរកថានាពេលយប់របស់លោកថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារគោលដៅយោធា និងថាមពលរុស្ស៊ី រួមទាំងយន្តហោះយោធា Tu-142 ជើងទម្របាញ់មីស៊ីល Iskander និងទីតាំងប្រេងជាច្រើនកន្លែងទៀត នៅតំបន់ Rostov និងតំបន់ Krasnodar របស់រុស្ស៊ី ហើយការវាយប្រហារបែបនេះ បានកាត់បន្ថយសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការបន្តសង្រ្គាម ។លោកនិយាយផងដែរថា ទីក្រុងគីវ កំពុងធ្វើការ ដើម្បីបង្កើនការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយរំពឹងថា នឹងមានដំណើរទស្សនកិច្ច និងកិច្ចចរចាបន្ថែមទៀត ខណៈការត្រៀមខ្លួន បានធ្វើឡើង សម្រាប់កិច្ចប្រជុំថ្មីនៅអឺរ៉ុប ។គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានរិះគន់ខ្លាំងៗលើរុស្ស៊ី ហើយបានអំពាវនាវឲ្យបញ្ចៀសការវាយប្រហារជាប្រព័ន្ធតាមការសន្យា ប្រឆាំងនឹងទីក្រុងគីវ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលការអំពាវនាវរបស់ពួកគេ ហើយបានបញ្ជាក់សារជាថ្មីនូវការព្រមានដល់អ្នកការទូតបរទេសឲ្យចាកចេញពីរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ ៕

ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង

05/31/2026 09:05 AM        62
ក្រុមការពារស៊ីវិលស៊ីរី បានចុះប្រតិបត្តិការ ដើម្បីជួយគ្រួសាររងគ្រោះដោយសារទឹកជំនន់ នៅតំបន់ភាគខាងកើតប្រទេស ក្រោយទន្លេ Euphrates ផ្ទុះច្រាំង ។យោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការងារសង្រ្គោះបន្ទាន់ស៊ីរី បានឲ្យដឹងថា ផ្ទៃដីរាប់រយហិចតា រងការជន់លិច ក្នុងនោះទីក្រុង Deir al-Zor ស្ថិតក្នុងចំណោមតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ ។លោក Mahmoud al-Jassem គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Deir al-Zor និយាយថា ទឹកជន់នាំឲ្យបាក់ស្ពានឆ្លងទន្លេផងដែរ ។លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្រិតទឹកពិតជាខ្ពស់ខ្លាំងណាស់ ។ ពួកយើងលែងមានស្ពានឆ្លងទៀតហើយ ពួកយើងធ្វើដំណើរទៅមក ដោយប្រើប្រាស់ទូក ។យោងតាមការអះអាងរបស់ប្រធានប្រតិបត្តិការក្រុមការពារស៊ីវិលស៊ីរីប្រចាំនៅទីក្រុង Deir al-Zor បានឲ្យដឹងថា ជនស៊ីវិលជាច្រើន បានងាកទៅរកការប្រើប្រាស់ទូកតូចៗ ដើម្បីធ្វើដំណោះរឆ្លងទន្លេ ដែលជាមធ្យោបាយគ្មានសុវត្ថិភាពនោះទេ ។ទោះបីជាយ៉ាងណាក៏ដោយ ពុំទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់មួយនោះទេ នៅក្នុងទឹកជំនន់នេះ ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏កម្រមួយនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីទួរគី កសាសងទំនប់ទឹកកាលពីរយៈពេលច្រើនទសវត្សរ៍មុន ដើម្បីគ្រប់គ្រងលំហូរទឹកទន្លេ Euphrates ចូលទៅកាន់ប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ៕

ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

05/31/2026 09:05 AM        65
រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth និយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារលើអ៊ីរ៉ង់ បើសិនជាកិច្ចព្រមព្រៀងពុំអាចឈានដល់ទេនោះ ស្របពេលដែលក្រុមចរចាមកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ធ្វើការដើម្បីលុបបំបាត់ចោលការខ្វែងគំនិតគ្នាសំខាន់ៗដែលរារាំងដល់កិច្ចព្រមព្រៀង ។ ថ្លែងនៅកិច្ចប្រជុំ Shangri-La Dialogue ដែលជាវេទិកាដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំការពារជាតិរបស់អាស៊ី លោក Hegseth និយាយថា សហរដ្ឋអាមេរិកពុំបានបោះបង់ចោលតំបន់អាស៊ី-ប៉ាស៊ីហ្វិកនោះឡើយ បើទោះបីជាជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ ។លោកបន្តថា ពួកយើងត្រូវតែខ្លាំង ប៉ុន្តែពួកយើងអាចចរចាគ្នាដោយសន្តិវិធីបាន ខណៈមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយបកបើសិនជាចាំបាច់ ។ប្រធានមន្ទីរបច្ចកោណរូបនេះ និយាយដែរថា លោកប្រធានាធិបតី Donald Trump មានការអត់ធ្មត់ ប៉ុន្តែរូបលោកចង់បានកិច្ចព្រមព្រៀងដ៏អស្ចារ្យដែលធានាថា អ៊ីរ៉ង់នឹងពុំទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ។គួរឲ្យដឹងថា លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងមានជំនួបនៅសេតវិមាន ដើម្បីសម្រេចចិត្តចុងក្រោយលើសំណើដែលបន្តបទឈប់បាញ់កាលពីដើមខែមេសា សម្រាប់រយៈពេល ៦០ថ្ងៃទៀត ៕

កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ

05/31/2026 08:05 AM        344
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះក្រសួងការបរទេសកម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួ​យទៀត ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំង នឹង​ការ​បន្ត​រំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅ​ក្នុង​តំបន់​ដែល​កងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ាថ្មីៗនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅទីតាំង​មួយ​ចំនួន​ក្នុង​ខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុង​ខេត្ត​ព្រះវិហារ។បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បានបន្ត​ពង្រឹង​ការ​គ្រប់​គ្រង ​និងការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា តាមរយៈការសាង​សង់​សំណង់​អចិន្ត្រៃយ៍​នានា ​ដូចជា ផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើង និងពង្រឹងរបាំងបិទផ្លូវដោយប្រើទូកុងតឺន័រ និង​បន្លា​លួស ​ការសាងសង់បង្គោល ទង់ជាតិនៅទីតាំងមួយចំនួន ព្រមទាំង​ការ​រៀបចំ​សកម្មភាព​វប្បធម៌ និងទេសចរណ៍ផ្សេងៗ។សកម្មភាពទាំងនេះមិនអាចចាត់ទុកបានថា ជាវិធានការរក្សាទីតាំងឈរជើងកងទ័ពនោះទេ គឺ​វាផ្ទុយ យ៉ាងច្បាស់ទៅនឹងវិធានការដែលចែងនៅក្នុងចំណុចរ៉ូម៉ាំង I នៃសេចក្តីប្រកាសរួម នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ជាពិសេសក្នុងចំណុចទី២ និងទី៣។រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈការប្រើប្រាស់ កម្លាំង​ជា​ដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេ ហើយសកម្ម​ភាព​ដូច​បាន​រៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ទាក់ទង នឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយ។រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសថៃគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តី ប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បី​ស្តារ​ឡើង​វិញ​នូវ ជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនងភាពជាអ្នកជិត ខាងល្អ តាមបណ្តោយព្រំដែនរួមរវាងប្រទេសទាំងពីរ ស្របតាម​គោល​កា​រណ៍​នៃ​ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា​មិ​ត្ត​ភាព ​និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)៕ 

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ

05/31/2026 08:05 AM        140
នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាទីតាំងផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ អំឡុងពេលចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសំណូមពរប្រជាពលរដ្ឋមេត្តាយោគយល់ ចំពោះក្រុមការងារដែលកំពុងពន្លឿនទាំងតភ្ជាប់អគ្គិសនី និងបណ្តាញទឹកស្អាតចូលតាមខ្នងមួយចំនួនដែលមិនទាន់រួចរាល់។ ក្នុងនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានជម្រាបពីផែនការគិតគូរជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋភៀសសឹក ក្រៅពីផ្ទះបណ្តោះអាសន្ន នឹងមានការផ្តល់ជាគម្រោងលើកកម្ពស់ជីវភាពតាមរយៈការធ្វើកសិកម្មជាដើម។ បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះវិហារអំពីបច្ចុប្បន្នភាពការងារដែលសម្រេចបានរបស់អង្គភាព-ស្ថាប័ន សំដៅជំរុញ និងពន្លឿការងារដែលសេសសល់ឲ្យបានជោគជ័យ និងឆាប់រហ័ស។ ក្រៅពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត និងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ សូមបន្តចាត់តាំងឲ្យមានក្រុមការងារប្រចាំការនៅភូមិតាកឹងបៃតងនេះ ដើម្បីប្រជាពលរដ្ឋអាចផ្តល់ព័ត៌មាន ឬរាយការណ៍ពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗជាដើម៕

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព

05/30/2026 05:05 PM        77
ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់​ឲ្យ​ដឹង​ថា បុរស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ អស់រយៈពេល ១០ថ្ងៃ ត្រូវបាននាំចេញ​មក​ខាង​ក្រៅ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពីបាន​យកម្នាក់ដោយជោគជ័យកាលពី ១ថ្ងៃមុននោះ ប៉ុន្តែមនុស្ស​ ២នាក់ផ្សេង​ទៀត​នៅតែបាត់ខ្លួនដដែល​។អ្នកមុជទឹកជួយសង្គ្រោះជនជាតិម៉ាឡេស៊ី លោក Lee Kian Lie បានប្រាប់សារព័ត៌មាន​ AFP តាមរយៈការ​ផ្ញើសារ ​ Messenger ថា៖ «ជនរងគ្រោះ ៤នាក់ទៀត បានចេញមកក្រៅហើយ»។ លោកបានបន្ថែម​ថា «ទឹកបាន​ស្រកចុះ​ដោយសារការបូម ដូច្នេះពួកគេអាចចេញមកបាន»។ គួរ​បញ្ជាក់​ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍ថា បុរស ៧នាក់ បានជាប់នៅ​ក្នុងរូងភ្នំ នៅ​តំបន់ភ្នំដាច់ស្រយាលមួយនៃខេត្ត Xaysomboun ភាគកណ្តាល ចាប់តាំងពីថ្ងៃទី២០ ខែឧសភា នៅពេលដែលទឹកជំនន់គំហុក​ភ្លាមៗ បានធ្វើឲ្យ​ពួកគេ​ចេញ​មក​វិញ​មិនបាន​ ខណៈ​ពួកគេស្វែងរកមាស។មនុស្ស ៥នាក់ ត្រូវបានរកឃើញកាល​ពី​ថ្ងៃពុធ ដោយកំពុងជាប់នៅក្នុងរូងតូចចង្អៀតមួយចម្ងាយប្រហែល ៣០០ម៉ែត្រ ពីមាត់រូងភ្នំ។ក្រុមអ្នកជួយសង្គ្រោះ បាននាំបុរសម្នាក់ដែលប្រឡាក់ប្រឡូស​ដោយ​ភក់តាម​ផ្លូវ​ដ៏​លំបាកទៅកាន់កន្លែងសុវត្ថិភាព កាលពី​ថ្ងៃសុក្រ។ បុរសទាំង ៧នាក់នោះ ត្រូវបានជាប់នៅទីនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យ​មានទឹកជំនន់គំហុក​ភ្លាមៗ ដែលបានបិទច្រកចេញរបស់​រូងភ្នំនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM