ស្វែងរក

លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ

05/30/2026 05:05 PM        84
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាន​និយាយកាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) ថា សម្ព័ន្ធមិត្តអាមេរិកដែលមានទ្រព្យសម្បត្តិច្រើន ត្រូវតែទទួលខុសត្រូវក្នុងវិស័យ​ការពារជាតិឲ្យ​កាន់តែធំ​​ជាង​នេះ​ ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងលែងឧបត្ថម្ភធនការ​ពារ​សន្តិសុខរបស់ពួកគេទៀតហើយ​។អំឡុង​ពេល​ថ្លែងនៅឯកិច្ចប្រជុំ Shangri-La Dialogue ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី លោក Hegseth បានបញ្ជាក់​ថា សហរដ្ឋអាមេរិកកំពុងស្វែង​រក​គំរូសម្ព័ន្ធភាពថ្មីមួយ ដែលផ្តោតលើការចែករំលែកបន្ទុក និងការពឹងផ្អែកលើខ្លួនឯង ក្នុងចំណោមប្រទេសដៃគូ។លោក Hegseth បាននិយាយថា៖ «យុគសម័យដែល​សហរដ្ឋអាមេរិកត្រូវ​ឧបត្ថម្ភធនដល់វិស័យ​ការពារជាតិរបស់ប្រទេសអ្នកមាន បានចប់ហើយ។ យើងត្រូវការដៃគូ មិនមែនធ្វើ​ជា​អាណាព្យាបាលនោះ​ទេ»។លោកបានពិពណ៌នាអំពីវិធីសាស្រ្តនេះថា ជាការផ្លាស់ប្តូរឆ្ពោះទៅរក «ការទទួលខុសត្រូវរួមគ្នា មិនមែនការពឹងផ្អែកឡើយ​» ដោយអះអាងថា សម្ព័ន្ធភាពត្រូវតែផ្លាស់ប្ដូរ​ឆ្ពោះ​ដោះស្រាយ​បញ្ហាប្រឈមសន្តិសុខ នាពេលអនាគត។ លោក Hegseth បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធភាពដំណើរការបាន លុះត្រាតែសមាជិកទាំងអស់ចូលរួមចំណែកយ៉ាងមានអត្ថន័យចំពោះការការពាររួម។លោក Hegseth បានបន្ថែម​ថា រដ្ឋបាលត្រូវបានជំរុញ​ដោយការប្តេជ្ញាចិត្តការពារជាតិដែលបានធ្វើឡើងរួចហើយ ដោយដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិកជាច្រើន រួមមានជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន។លោក Hegseth ក៏បានព្រមានផងដែរថា បណ្ដា​ប្រទេសដែលមិន​មានឆន្ទៈក្នុងការបង្កើនការរួមចំណែករបស់ពួកគេ អាចប្រឈមមុខនឹងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរបស់ពួកគេ ជាមួយទីក្រុងវ៉ាស៊ីនតោន៕

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក

05/30/2026 05:05 PM        68
ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក Mohsen Rezaei បានសរសេរនៅលើបណ្ដាញសង្គម X ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុង​ «ក្បត់ការទូត» ដោយមិន​បាន​លុប​ចោល​ការបិទខ្ទប់​របស់សហរដ្ឋអាមេរិក លើការដឹកជញ្ជូនទំនិញដែលជាប់ទាក់ទងនឹងអ៊ីរ៉ង់ឡើយ​។លោក Rezaei លើកឡើង​ថា៖ «ដូចការរំពឹងទុក ប្រធានាធិបតីអាមេរិកកំពុងក្បត់ការទូតជាលើកទី៣»។សម្រាប់ ២ដងមុន លោក​ហាក់ដូចជាសំដៅទៅលើយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានធ្វើឡើងលើអ៊ីរ៉ង់ ក្នុងខែមិថុនាឆ្នាំមុន និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលដែលបានធ្វើឡើងកាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ ដែលទាំង ២លើក​នេះ កើតឡើងក្នុង​ពេលមានការចរចានុយក្លេអ៊ែរដោយប្រយោល រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់។លោក Rezaei បានបន្ថែម​ថា «ដោយបន្តហ៊ុមព័ទ្ធ​ដោយ​កងទ័ពជើងទឹក និងធ្វើការទាមទារហួសហេតុ ក្នុងដំណើរការចរចា លោក Trump «បានបង្ហាញម្តងទៀតថា លោកមិនមានទំនោរទៅរកការចរចាឡើយ​ ហើយកំពុងបន្តគោលដៅផ្សេងទៀត»។គួរបញ្ជាក់ថា ខណៈពេលដែលប្រធានាធិបតីអាមេរិក កំពុងថ្លឹងថ្លែងពីការអនុម័តកិច្ចព្រមព្រៀងមួយ ដើម្បីបន្ថែម​ពេល​វេលា​នៃ​បទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ ភាពតានតឹងនៅតែខ្ពស់ដដែល នៅទូទាំងតំបន់ ទោះបីជាមានការចរចាជាបន្តបន្ទាប់ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ក៏ដោយ៕

វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

05/30/2026 05:05 PM        80
វេជ្ជបណ្ឌិត បាននិយាយថា លោក Donald Trump មាន «សុខភាពល្អប្រសើរ​ណាស់​» ប៉ុន្តែបានណែនាំលោកឲ្យ​សម្រកទម្ងន់។ នេះបើយោងតាមការ​ឲ្យ​ដឹង​ពី​សេតវិមាន កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីមាន​ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិកជាច្រើន​ប៉ុន្មានសប្តាហ៍ មុនដល់​ខួប​កំណើតគម្រប់វ័យ​ ៨០​ឆ្នាំរបស់លោក។លោក Trump ទៅ​ពីគណបក្សសាធារណរដ្ឋ ជាប្រធានាធិបតីមានវ័យចំណាស់ជាងគេបំផុតដែលបានស្បថចូលកាន់តំណែង បាននិយាយ​ដោយ​មោទនភាព​ម្តងហើយម្តងទៀត អំពីភាពរឹងមាំទាំង​ផ្នែក​ផ្លូវចិត្ត និងរាងកាយរបស់លោក បើប្រៀបធៀបទៅនឹងអ្នកកាន់តំណែងមុន គឺលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ។ប៉ុន្តែការពិនិត្យសុខភាព និងធ្មេញរបស់លោក Trump កាលពីថ្ងៃអង្គារ នៅមន្ទីរពេទ្យយោធា Walter Reed ជិតទីក្រុងវ៉ាស៊ីនតោន បានធ្វើឡើងបន្ទាប់ពីមានសំណួរ អំពីអ្វី​ដែល​មើល​ទៅ​ហាក់​ដូច​ភាព​ភ្លឹកៗ​​របស់លោក នៅក្នុងកិច្ចប្រជុំ និងស្នាមជាំនៅលើដៃរបស់លោក។នៅ​ក្នុង​របាយការណ៍ជាលាយលក្ខណ៍អក្សរផ្លូវការដែល​ត្រូវបាន​ចេញ​ផ្សាយ​ដោយ​សេតវិមាន វេជ្ជបណ្ឌិតរបស់លោក Trump គឺកាពីតែន​កងទ័ពជើងទឹករបស់​សហរដ្ឋអាមេរិក លោក Sean Barbabella បានឲ្យ​ដឹង​ថា៖ «លោកប្រធានាធិបតី Trump នៅតែមានសុខភាពល្អប្រសើរ​ខ្លាំង​ណាសស់​ ដោយបង្ហាញពីភាព​រឹង​មាំ​នៃ​មុខងារបេះដូង សួត សរសៃប្រសាទ និងរាងកាយទាំងមូល»។របាយការណ៍​មាន ៣ទំព័រនេះ ផ្តល់នូវទិដ្ឋភាពទូទៅនៃការពិនិត្យរាងកាយ និងការធ្វើតេស្តរោគវិនិច្ឆ័យរបស់លោក Trump ដែលលោក​ Barbabella សន្និដ្ឋានថា មេដឹកនាំរូបនេះ «មានសុខភាពល្អប្រសើរ​ទាំងស្រុង ដែល​អាច​អនុវត្តភារកិច្ចទាំងអស់របស់អគ្គមេបញ្ជាការ និងប្រមុខរដ្ឋ»។ របាយ​ការណ៍​​បាន​បន្ថែម​​ថា «ការ​ប្រឹក្សា​បង្ការ​ ត្រូវ​បាន​ផ្តល់​ជូន រួម​ទាំង​ការ​ណែនាំ​អំពី​របប​អាហារ ការ​ណែនាំ​ឲ្យ​ប្រើ​​ថ្នាំ​អាស្ពីរីន​កម្រិត​ទាប ការ​បង្កើន​សកម្មភាព​រាងកាយ និង​ការ​បន្ត​សម្រក​ទម្ងន់​»៕

អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត

05/30/2026 05:05 PM        86
កម្មករជនជាតិ​ឡាវ ៥នាក់ ដែលត្រូវបានរកឃើញជាប់នៅក្នុងរូងក្រោមដីអណ្តូងរ៉ែមាស​មួយ​កន្លែង​ ត្រូវបានគេរាយការណ៍ថា បានរស់រានមានជីវិតដោយសារការបរិភោគ​ថាសឈើសម្រាប់រែង​មាស ខណៈពេលកំពុងរង់ចាំអ្នក​សង្គ្រោះទៅជួយពួកគេ។ការរកឃើញនេះបានលេចឡើង​ ក្នុងអំឡុងពេលមាន​ប្រតិបត្តិការជួយសង្គ្រោះ ដែលកំពុងដំណើរការ នៅក្នុង​រូងក្រោមដីអណ្តូងរ៉ែមាសមួយកន្លែង ក្នុងតំបន់ Long Cheng ​ ខេត្ត Xaisomboun របស់​ប្រទេសឡាវ ជាកន្លែងដែលកម្មករ ៧នាក់ បានជាប់នៅ​ក្នុង​នោះ បន្ទាប់ពីផ្នែកនៃរូងក្រោមដីនេះ​ បាន​បាក់​រលំ។ក្រុមជួយសង្គ្រោះឡាវ និង​ប្រទេស​ផ្សេង​ទៀត បានធ្វើការអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីស្វែងរករូងក្រោមដីដែលលិចទឹក និងទៅដល់កន្លែង​អ្នក​ដែលជាប់នៅខាងក្នុងនោះ​។ សញ្ញានៃក្តីសង្ឃឹម បានកើតឡើងនៅពេលដែលក្រុម​អ្នកជួយសង្គ្រោះបានរកឃើញកម្មករ ៥នាក់ដែលបាត់ខ្លួន។ អ្នករស់រានមានជីវិតដំបូងដែលត្រូវបានគេស្គាល់ថា ឈ្មោះ​ Thao Mued អាយុ ២៣ឆ្នាំ ត្រូវបាននាំ​ចេញពី​ទីនោះ​ដោយសុវត្ថិភាព ដែលនាំឲ្យមាន​ការធូរស្រាល​ចិត្ត សម្រាប់​ក្រុមជួយសង្គ្រោះ និងក្រុមគ្រួសាររបស់​កម្មករ។មនុស្ស ៤នាក់ផ្សេងទៀតដែលត្រូវបានរកឃើញ នៅតែស្ថិតនៅក្នុងរូងក្រោមដីនេះ​។ មន្ត្រីកំពុងពិភាក្សា អំពីវិធីសាស្រ្តជួយសង្គ្រោះ មុនពេលព្យាយាមនាំអ្នករស់រានមានជីវិតនៅសល់ចេញមក ដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ កម្មករ ២នាក់ទៀត​ នៅតែមិន​ទាន់​រក​ឃើញដដែល​។អ្នកជួយសង្គ្រោះម្នាក់ដែលចូលរួមក្នុងបេសកកម្មនេះ បានបង្ហោះនៅលើបណ្ដាញ​សង្គម Facebook អំពីរបៀបដែលកម្មករទាំង ៥នាក់ អាចរស់រានមានជីវិតនៅក្នុង​រូង​នោះ​។ លោកបានឲ្យ​ដឹង​ថា ដើម្បីរក្សាជីវិតខ្លួនឯង កម្មករដែលជាប់ក្នុង​នោះ​ បានបរិភោគ​ថាសធ្វើពីឈើចំនួន២ ដែលប្រើសម្រាប់រែងមាស៕

មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន

05/30/2026 05:05 PM        61
សេចក្តីថ្លែងការណ៍របស់ការិយាល័យនគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់ ១៨នាក់ បានបាត់បង់ជីវិត ហើយ​ ៣០នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរថយន្តដឹកជនភៀសខ្លួនអាហ្វហ្គានីស្ថានត្រឡប់ទៅ​ស្រុក​កំណើត​វិញ បានក្រឡាប់នៅខេត្ត Laghman ភាគខាងកើតនៃ​ប្រទេសអាហ្វហ្គានីស្ថាន នា​ព្រឹកថ្ងៃសៅរ៍ (ទី៣០ ខែឧសភា ឆ្នាំ២០២៦) នេះ​។គ្រោះថ្នាក់នាំ​ឲ្យមាន​មនុស្ស​ស្លាប់​ច្រើន​នេះ បានកើតឡើងនៅក្នុងតំបន់ Surkhakan តាមបណ្តោយផ្លូវហាយវេដែលភ្ជាប់រដ្ឋធានីកាប៊ុល ទៅកាន់ខេត្តភាគខាងកើត នៅពេលដែលអ្នកបើកបរបាត់បង់ការគ្រប់គ្រង បណ្តាលឲ្យ​រថយន្តរេចង្កូតចេញពីផ្លូវ ហើយក្រឡាប់។ នេះ​បើ​យោងតាមសេចក្តីថ្លែងការណ៍នោះ​។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មនុស្ស ១៨នាក់ រួមទាំងកុមារ ១០នាក់ និងស្ត្រី ៥នាក់ បានបាត់​បង់ជីវិត​នៅនឹងកន្លែងកើត​ហេតុ​ ខណៈដែល ៣០នាក់ផ្សេងទៀត បានរងរបួស។ អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដោយមនុស្សជាច្រើននាក់ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។សេចក្តីថ្លែងការណ៍បានបន្ថែមថា ការរកឃើញបឋម បង្ហាញថា ការបើកបរដោយមិនប្រុងប្រយ័ត្ន គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់នេះ​ តែ​ការស៊ើបអង្កេតកំពុងបន្តធ្វើ​៕

សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់

05/30/2026 05:05 PM        73
មន្ត្រីសេតវិមានមួយ​រូប​ បាននិយាយកាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងគាំទ្រ​​តែ​កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់​អ៊ីរ៉ង់ តាម​លក្ខខណ្ឌរបស់អាមេរិកប៉ុណ្ណោះ​ បន្ទាប់ពីមាន​នូវ​កិច្ចប្រជុំដ៏​យូរ នៅក្នុងបន្ទប់ស្ថាន​ការណ៍​។មន្ត្រីរូបនេះបានប្រាប់សារព័ត៌មាន​ Anadolu ថា៖ «លោក​ប្រធានាធិបតី Trump នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលមាន​ផល​ល្អសម្រាប់អាមេរិកប៉ុណ្ណោះ​ និងបំពេញតាមបន្ទាត់ក្រហមរបស់លោក​»។មន្ត្រីរូបនេះបានបញ្ជាក់ថា កិច្ចប្រជុំកម្រិតខ្ពស់មានរយៈពេលប្រហែល ២ម៉ោង ហើយបានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់រដ្ឋបាល ស្ដី​ពី​មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ មន្ត្រីរូបនេះបានបន្ថែមថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ​»។ការ​ប្រាប់​ឲ្យ​ដឹង​នេះ បានកើតឡើងចំពេលមានការចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយទីក្រុងវ៉ាស៊ីនតោន អះអាងថា កិច្ចព្រមព្រៀងណាមួយត្រូវតែបំពេញតាមលក្ខខណ្ឌតឹងរ៉ឹងដែលកំណត់ដោយប្រធានាធិបតីអាមេរិក​។លោក Trump បានសរសេរនៅ​មុននេះលើវេទិកាបណ្ដាញ​សង្គម Truth Social របស់លោក​ថា លោកនឹងជួបជាមួយមន្ត្រីនៅសេតវិមាន ដើម្បីធ្វើ «ការសម្រេចចិត្តចុងក្រោយ» ស្ដី​ពី​កិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើង ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។លោកបានគូសបញ្ជាក់ពីលក្ខខណ្ឌ​ជាច្រើនដែលលោកបាននិយាយថា ត្រូវបានរួមបញ្ចូលនៅក្នុងសំណើនេះ ក្នុង​នោះ​រួមមាន​ទាំងការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការមិនផលិត​អាវុធនុយក្លេអ៊ែរ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ចំពោះការដឹកជញ្ជូនពាណិជ្ជកម្មដោយគ្មានការរឹតបន្តឹង​៕

នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»

05/30/2026 05:05 PM        67
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បាន​លើក​ឡើង​ថា ប្រទេសកាណាដា និងចិនកំពុងធ្វើ​ឲ្យ​ទំនាក់ទំនងកាន់តែស៊ី​ជម្រៅ​ បន្ទាប់ពីមាន​នូវ​កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។តាម​រយៈសំណេរលើ​វេទិកាបណ្ដាញ​សង្គម X លោក Carney បានលើក​ឡើង​ថា «ប្រទេសកាណាដា និង​ចិន កំពុង​សាងនូវ​ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»។ ហើយ​លោកបានបញ្ជាក់​ថា កិច្ចពិភាក្សាបានកើត​ឡើងដោយផ្អែកលើវឌ្ឍនភាព ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ។លោកបានបន្ថែមថា៖ «ដោយផ្អែកលើវឌ្ឍនភាពដែលកើតមាន​ អំឡុងដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសចិន កាលពីដើមឆ្នាំនេះ ខ្ញុំ និងលោក​រដ្ឋមន្ត្រី Wang Yi បានផ្តោតលើការបង្កើតឱកាសថ្មីៗ និងវិបុលភាពកាន់តែច្រើន នៅ​​ផ្នែងទាំង​ ២ ​នៃមហាសមុទ្រប៉ាស៊ីហ្វិក»។គួរ​បញ្ជាក់ថា លោក Wang បានទៅ​ដល់កាណាដាកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសនេះ ក្នុងរយៈពេល ១ទសវត្សរ៍។លោក និងរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី​ Anita Anand បានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងបញ្ហាកុងស៊ុល ការជ្រៀតជ្រែកពីបរទេស ពលកម្ម​ដោយបង្ខំ និងសិទ្ធិមនុស្ស ហើយបានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យ​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំមានភាព​ទៀងទាត់ ជាផ្នែកនៃកិច្ចសន្ទនាការទូត និងយុទ្ធសាស្ត្រកម្រិតខ្ពស់ថ្មី​។​ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពី​ស្ថាប័ន​​កិច្ច​ការ​សកល​កាណាដា​​ (Global Affairs Canada)៕

រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប

05/30/2026 05:05 PM        118
ក្រចេះ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនូវខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI និងសំណេះសំណាលជាមួយបងប្អូនកម្មករដែលកំពុងបម្រើការងារឱ្យក្រុមហ៊ុននៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុនជាច្រើនរូប ដើម្បីឈ្វេងយល់ និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ក៏ដូចជាកិច្ចសហការបន្ថែម។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងឆ្នាំនេះ។ ទន្ទឹមនេះ ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ថា ការងារទាំងនេះកើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញ និងបង្កបរិយាកាសអំណោយផលល្អសម្រាប់អ្នកវិនិយោគពីគ្រប់ប្រទេស ដើម្បីឱ្យបងប្អូនទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដ៏មានតម្លៃក្នុងការជួយកសាងសេដ្ឋកិច្ចជាតិ។ជាមួយនឹងប្រតិបត្តិការនៅប្រទេសវៀតណាម និងឡាវ ផងដែរ ក្រុមហ៊ុនពិតជាមានបទពិសោធល្អៗផ្នែកកសិ-ឧស្សាហកម្មប្រកបដោយបច្ចេកទេសទំនើប ហើយកំពុងតែនាំយកមកអនុវត្តនិងចែករំលែក ដែលពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណ។តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដែលផ្តោតលើ «ការអភិវឌ្ឍបុគ្គលិកមូលដ្ឋាន» ដើម្បីផ្ទេរបច្ចេកទេសនិងអភិវឌ្ឍបុគ្គលិកគ្រប់គ្រងបន្តវេន។ នៅពេលចូលធ្វើការ បងប្អូនក៏ទទួលបានការចុះកិច្ចសន្យាការងារយ៉ាងត្រឹមត្រូវ ហើយក្រុមហ៊ុនក៏បង់ជូនពេញលេញនូវភាគទាននៃរបបសន្តិសុខសង្គមលើផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកអាហារ ដោយបានរៀបចំផ្ទះបាយ ដើម្បីផ្តល់ជូនអាហារ ៣ពេល/ថ្ងៃ កន្លែងស្នាក់នៅ អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតដោយឥតគិតថ្លៃ ការពិនិត្យសុខភាពតាមកាលកំណត់ ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលបុគ្គលិកថ្មី បង្កើតហាងទំនិញ ផ្ទះថែទាំកុមារ (មត្តេយ្យកុមារ) និងបន្ទប់សង្គ្រោះបឋម នៅតាមកសិដ្ឋាននីមួយៗផងដែរ។ ក្រៅពីនេះក៏មានការរៀបចំសកម្មភាពផ្សេងៗ ដូចជា ពិធីមង្គលការ ពិធីខួបកំណើត ព្រឹត្តិការណ៍ និងសកម្មភាពវប្បធម៌ ព្រមទាំងការលេងកីឡាជាដើម។ ក្រោយពីធ្វើទស្សកិច្ចខ្សែច្រវាក់ផលិតផលរបស់ក្រុមហ៊ុន ឯកឧត្តមក៏បានឆ្លៀតពេលអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ និងក្មួយៗជាកូនសិស្សប្រកបដោយភាពស្និទ្ធស្នាលផងដែរ ដោយឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា ធ្វើការងារនៅទីនេះ បងប្អូនកម្មករមិនមានកង្វល់ពីការខ្វះកន្លែងស្នាក់នៅ បញ្ហាសេវាសុខភាព និងសេវាអប់រំនោះទេ។ឆ្លើយតបនឹងសំណូមពររបស់ក្រុមហ៊ុនពីកង្វះកម្លាំងពលកម្ម ឯកឧត្តម ហេង សួរ បានណែនាំឱ្យបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្មករតាមរយៈវេទិកាការងារ ជាពិសេសផ្តោតលើខេត្តត្បូងឃ្មុំ ដោយរំលេចពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនដូចគ្នានឹងការងារនៅតាមរោងចក្រ សហគ្រាសផងដែរ។ ចំណែកឯការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញបន្ថែម គឺគួរធ្វើឡើងតាមរយៈកម្មវិធី TVET ១,៥លាននាក់ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន និងមន្ទីរការងារខេត្ត ដោយបញ្ជូនគ្រូមកបណ្តុះបណ្តាលនៅសាលាឯក្រុមហ៊ុនដោយផ្ទាល់ ហើយក្រសួងក៏នឹងពិចារណាចេញវិញ្ញាបនបត្រកម្រិត C1 C2 និង C3។ឯកឧត្តមក៏បានជំរុញឱ្យមានការអនុវត្តគំរូ ការសិក្សាផ្អែកលើការងារ (WBL) នៅក្នុងក្រុមហ៊ុន ហើយបេឡាជាតិសន្តិសុខសង្គម និងអគ្គនាយកដ្ឋានការងារ ក៏គួរតែចុះដោយផ្ទាល់ធ្វើបណ្ណ ប.ស.ស. និងចេញសៀវភៅការងារ ដើម្បីសម្រួលដល់បងប្អូនកម្មករនិយោជិតផងដែរ។ក្រុមហ៊ុន THACO AGRI បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រវិនិយោគដោយផ្អែកលើគោលការណ៍សរីរាង្គ និងមេត្រីភាពបរិស្ថានក្នុងទ្រង់ទ្រាយធំផ្នែកកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ ដំណាំហូបផ្លែ ជាពិសេសផ្លែចេក) សាងសង់រោងចក្រកែច្នៃ និងចិញ្ចឹមសត្វ កាលពីឆ្នាំ ២០១៩ លើផ្ទៃដីអាជីវកម្មជាង ៩ ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលក្នុងនោះ នៅកម្ពុជាមានផ្ទៃដីចំនួន ៤៣ ៧៦៤ហិកតា រួមមាន៖ នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១០ ៧០៨ ហិកតា និងស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរីចំនួន ៣៣ ០៥៦ហិកតា។ ក្រុមហ៊ុននាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិទៅកាន់ប្រទេស ជប៉ុន ចិន និងហុងកុងជាដើម ។ជាមួយនឹងទស្សនវិស័យក្លាយជាក្រុមហ៊ុនកសិកម្មឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៧ ដោយពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េ តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល៕

របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ

05/30/2026 05:05 PM        73
យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាល​ពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រោមសំណើនីតិបញ្ញត្តិដ៏​ទូលំទូលាយ​ថ្មី​មួយ​ សភាសហរដ្ឋអាមេរិក កំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែល ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ជាចំណាត់ការមួយដែលទំនងជាមានការ​លំបាក​ខ្លាំង​។របាយការណ៍របស់ Responsible Statecraft ជាវេទិកាសារព័ត៌មានអនឡាញដែលចេញផ្សាយដោយវិទ្យាស្ថាន Quincy ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ បានឲ្យ​ដឹង​ថា ផែនការបញ្ចូលគ្នានូវឃ្លាំងអាវុធយោធារបស់ប្រទេសទាំង២ នេះ ត្រូវបានរួម​បញ្ចូល​នៅក្នុងសេចក្ដី​ព្រាង​ច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២៧ (NDAA) របស់សភាតំណាងរាស្ត្រ ដែលត្រូវបានបានបញ្ចេញ​កាល​ពី​ថ្ងៃអង្គារដើម​សប្ដាហ៍​នេះ។សារព័ត៌មាន Responsible Statecraft បានរាយការណ៍ថា «មាត្រា២២៤ នៃ NDAA បង្កើត​មូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍទ្វេភាគី ការផលិតអាវុធរួមគ្នា ការបណ្តាក់ទុនរួមគ្នា កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ និងកិច្ចសហប្រតិបត្តិការបណ្ដាញ​យោធា-ឧស្សាហកម្មគ្រប់រូប​ភាព​ រវាងសហរដ្ឋអាមេរិក និង​អ៊ីស្រាអែល»។យ៉ាង​ណាក្ដី របាយការណ៍របស់​ Responsible Statecraft បានព្រមានថា កម្រិតនៃការធ្វើសមាហរណកម្មយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អាចជាបង្ក​ជា​បញ្ហា សម្រាប់សហរដ្ឋអាមេរិក។របាយការណ៍ បាន​សង្កត់ធ្ងន់​ថា៖ «ការផ្លាស់ប្តូរនេះ នឹងលុបបំបាត់យន្តការត្រួតពិនិត្យនយោបាយ និងការទូតដែលធ្វើឲ្យ​ទំនាក់ទំនងនេះត្រូវ​ទទួលខុសត្រូវជាសាធារណៈ ដោយផ្លាស់ប្តូរវាពីការបោះឆ្នោតជំនួយប្រចាំឆ្នាំជាក់ស្ដែង​ ទៅជាយន្តការមិនច្បាស់លាស់នៃលទ្ធកម្ម​ការពារជាតិ ដែលការត្រួតពិនិត្យមានកម្រិត និងការទទួលខុសត្រូវខាងនយោបាយមានតិចតួចបំផុត។ លទ្ធផលនឹងជាទំនាក់ទំនងការពារជាតិដែលមានទាំង​​ភាព​កាន់តែស៊ីជម្រៅ និងតម្លាភាពតិចជាងមុន ​ក្នុងពេលដំណាលគ្នា»៕

ដំណក់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា៖ មូលនិធិសម្តេចតេជោ-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អណ្តូងទឹកស្អាត១៩ កន្លែង ជូនពលរដ្ឋខេត្តបាត់ដំបង

05/30/2026 04:05 PM        291
បាត់ដំបង៖ ភាពញញឹម និងក្ដីត្រេកអរបានរីកសាយភាយពេញស្រុកបាណន់ និងស្រុកមោងឫស្សី ខណៈប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទទួល អំណោយដ៏ថ្លៃថ្លាជាអណ្តូងទឹកស្អាតសរុប ១៩ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាណន់ចំនួន ១០ អណ្តូង និងស្រុកមោងឫស្សីចំនួន ៩ អណ្តូង។ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។​លោកជំទាវបានគូសបញ្ជាក់យ៉ាងច្បាស់ថា អណ្តូងទឹកទាំងនេះ គឺជា «កេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លា» របស់លោកតា និងលោកយាយ ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ មូលនិធិនេះ បានបន្តបេសកកម្មមនុស្សធម៌អស់រយៈពេល ១៥ ឆ្នាំមកហើយ ដើម្បីធានាថាប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល មានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់។ លោកជំទាវមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ទឹកគឺជាជីវិត ហើយសកម្មភាពមនុស្សធម៌នេះ នឹងនៅតែបន្តឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»។ ក្រៅពីផ្តល់ប្រភពទឹកស្អាត លោកជំទាវបានចែករំលែកនូវដំបូន្មានដ៏មានតម្លៃដល់ពលរដ្ឋ ថែរក្សាសុខភាពអោយបានល្អ ត្រូវកាត់បន្ថយការបរិភោគអាហារមានជាតិប្រៃ ផ្អែម ខ្លាញ់ និងគ្រឿងកំប៉ុង ដដើម្បីចៀសវាងជំងឺមិនឆ្លង ត្រូវប្រកាន់ខ្ជាប់អនាម័យរស់នៅ ជាពិសេសទឹកអណ្តូងត្រូវដាំឱ្យពុះមុននឹងបរិភោគ និងសូមឱ្យពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាគ្រឹះដ៏សំខាន់បំផុតនៃការអភិវឌ្ឍ។ ក្នុងឱកាសនោះដែរ លោកជំទាវ បានចែកជូនអំណោយទ្រនាប់ដៃបន្តិចបន្តួចដដល់អ្នកចូលរួម និងផ្តល់កាបូបស្ពាយដល់កុមារតូចៗ ដើម្បីជាការលើកទឹកចិត្តក្នុងការសិក្សារៀនសូត្រ។ ក្រៅពីអំណោយទ្រនាប់ដៃលោកជំទាវប្រធានក៏បានជូនជារទេះរុញម្នាក់១គ្រឿងទៅដល់ជនចាស់ជរាចំនួន៣នាក់ផងដែរ។ ក្នុងឪកាសនោះដែរលោកជំទាវប្រធាន ក៏បានពិនិត្យឃើញមានលោកយាយចាស់ជរាបីនាក់ មានជំងឺប្រចាំកាយលោកជំទាវក៏បានទទួលយកលោកយាយទាំងបីមក ទៅពិនិត្យ និងព្យាបាលជូន ក្រោមការចំណាយទាំងស្រុងរបស់លោកជំទាវនិងគ្រួសារផ្ទាល់៕អត្ថបទ: សំ ងីម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM