ស្វែងរក

កម្ពុជា-កាហ្សាក់ស្ថាន ចុះហត្ថលេខាស្តីពីការលើកលែងទិដ្ឋាការសម្រាប់​អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ

05/30/2026 04:05 PM        272
លោកជំទាវ អ៊ាត សោភា រដ្ឋមន្តី្រស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Kanat Tumysh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ​កាហ្សាក់ស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសន​ដ្ឋាននៅទីក្រុងហាណូយ បានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ពិធីចុះហត្ថលេខាបានធ្វើឡើងកាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

ក្រុមរឹង​ត្អឹង​ខ្លាំង​របស់អ៊ីរ៉ង់ ព្យាយាមបំផ្លាញលទ្ធភាព​ដែល​អាចមាន​កិច្ចព្រមព្រៀងជាមួយអាមេរិក

05/30/2026 04:05 PM        92
ខណៈពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់អរិភាពនៅចុងខែឧសភានវ​ មិនមែនគ្រប់គ្នា នៅក្នុងប្រទេសអ៊ីរ៉ង់ សុទ្ធតែយល់ស្របជាមួយ​នោះទេ​។ក្រុមរឹងត្អឹង​ ជាក្រុមដែលមានសមាជិកនៅក្នុងសភា និងមានអាសនៈ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ បានជំទាស់ជាចំហចំពោះសម្បទានណាមួយ ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្រើប្រាស់ការជួបជុំគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសេចក្តីថ្លែងការណ៍ឯកជន និងសាធារណៈជាឧបករណ៍ ដើម្បីព្យាយាមបំផ្លាញកិច្ចព្រមព្រៀង។គេនៅតែមិនច្បាស់នៅ​ឡើយ​ទេ​ថា ពេលណាកិច្ចព្រមព្រៀងពិតប្រាកដ នឹងត្រូវបានប្រកាស ប្រសិនបើមាន​។ បើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយ​រូប​ បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតីអាមេរិក លោក​ Donald Trump បានជួបប្រជុំរយៈពេល ២ម៉ោង ជាមួយសមាជិកគណៈរដ្ឋមន្ត្រី នៅក្នុងបន្ទប់ប្រជុំ​ពី​ស្ថានភាពជាក់ស្ថែង​ នៅសេតវិមាន កាល​ពី​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)​ ប៉ុន្តែលោកបានពន្យារពេលធ្វើការសម្រេចចិត្តចុងក្រោយ។អ្នកចរចារ​ដ៏​លេច​ធ្លោ​របស់​អ៊ីរ៉ង់ គឺ​​ប្រធានសភា លោក Mohammad Bagher Ghalibaf បានលើក​ឡើង​នៅក្នុងការបង្ហោះលើបណ្តាញសង្គមនៅ​ព្រឹកថ្ងៃ​នោះ​ថា ទីក្រុងតេអេរ៉ង់មិនទុកចិត្តទីក្រុងវ៉ាស៊ីនតោនឡើយ​ ហើយថា គ្មានជំហានណាមួយ នឹង «ត្រូវបានធ្វើឡើងមុនពេលភាគីម្ខាងទៀតមាន​វិធានការ​មុន» នោះទេ។ប៉ុន្តែនៅក្នុងប្រទេសអ៊ីរ៉ង់ ការប៉ះទង្គិច​គ្នាខាងនយោបាយនៅតែបន្ត​មាន​។ ទូរទស្សន៍រដ្ឋ ដែលគ្រប់គ្រងដោយនាយក​មាន​និន្នាការ​ដ៏រឹង​ត្អឹង​មួយរូប​​ បានពង្រីកការបែកបាក់នៅក្នុងប្រទេសនេះ​បន្ថែម​ និងបានពណ៌នាអំពីការចរចាថា ជាការបរាជ័យ។ អ្នកវិភាគដែលជិតស្និទ្ធនឹងរដ្ឋាភិបាលនៅអ៊ីរ៉ង់ លើកឡើង​ថា ក្រុមមាន​និន្នាការ​រឹង​រូស​ខ្លាំង​ តំណាងឲ្យ​ទស្សនៈភាគតិច ទាំងនៅក្នុងសាធារណជនទូទៅ និងក្នុងចំណោមមន្ត្រី​។អ្នកវិភាគនយោបាយនៅទីក្រុងតេអេរ៉ង់ លោក Mehdi Rahmati បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «ក្រុមនេះមិននិយាយជំនួសប្រជាជនអ៊ីរ៉ង់ភាគច្រើនទេ ហើយត្រូវបានដាក់ឲ្យ​នៅដាច់ដោយឡែកពីការធ្វើការសម្រេចចិត្តសំខាន់ៗ។ ការចរចានុយក្លេអ៊ែរកំពុងដំណើរការ ទោះបីជាមានការមិនយល់ព្រមពីពួកគេក្ដី​»។ប៉ុន្តែលោកបានបន្ថែមថា៖ «ស្ថាប័ន​ត្រូវបង្កើតផែនការមួយ ដើម្បីគ្រប់គ្រងពួកគេ និងរក្សាពួកគេឲ្យ​ស្ថិតក្នុងការត្រួតពិនិត្យ បើមិនដូច្នោះទេ ពួកគេអាចក្លាយជាគ្រោះថ្នាក់ខ្លាំង សម្រាប់ស្ថិរភាពរបស់អ៊ីរ៉ង់»៕

ប្រធាន IAEA បញ្ជាក់​ថា កាហ្សាក់ស្ថានស្នើរក្សា​ស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់

05/30/2026 04:05 PM        65
ប្រទេស​កាហ្សាក់ស្ថានបានស្នើយកស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់ទៅ​រក្សា​ទុក​ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀង លើកម្មវិធីនុយក្លេអ៊ែរ​ដ៏ចម្រូង​ចម្រាសរបស់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមលោក Rafael Grossi ប្រមុខ​អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) ដែល​បានប្រាប់សារព័ត៌មាន​ Financial Times កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)។ប្រមុខ​ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅទីក្រុង Astana ក្នុងសប្តាហ៍នេះ។សារព័ត៌មាន​ Financial Times បានចុះផ្សាយ​ថា មេដឹកនាំកាហ្សាក់ស្ថាន បានបង្ហាញពី «ភាពបើកចំហ» របស់ប្រទេសលោក ក្នុងការរក្សាទុកស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់​រួច​ហើយ​ជិត​ដល់កម្រិតផលិត​អាវុធ​របស់អ៊ីរ៉ង់​។សារធាតុអ៊ុយរ៉ានី​ញ៉ូមប្រមាណ ៤៤០គីឡូក្រាម ដែលត្រូវបានដំណើរការ​កែច្នៃ​​ដល់ភាពបរិសុទ្ធ ៦០ភាគរយ គឺជាចំណុចសំខាន់​នៃការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបន្ថែម​ពេល​វេលា​នៃ​បទឈប់បាញ់ ក្នុងសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទូចថា អ៊ីរ៉ង់ត្រូវតែទទួលយកថា ខ្លួននឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយថា សារធាតុ​អ៊ុយរ៉ានីញ៉ូមត្រូវបានបំផ្លាញចោល។ តែអ៊ីរ៉ង់បានបញ្ជាក់​ដដែល​ៗ​ពី​សិទ្ធិរបស់ខ្លួនក្នុងការបន្ត​កម្មវិធីនុយក្លេអ៊ែរ៕

អាជ្ញាធរបីខណ្ឌក្នុងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមៗគ្នា

05/30/2026 04:05 PM        230
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន៣ មានខណ្ឌប្ញស្សីកែវ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យនិងបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមៗគ្នាតែម្ដង។លោកស្រី ដោ សម្ផស្ស បន្ថែមថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានត្រួតពិនិត្យជនបរទេសនៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ បានចុះពិនិត្យផ្ទះចំនួន២ រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៥នាក់ (ស្រី០៣នាក់) ក្នុង១៥នាក់នេះ មានជនបរទេសចំនួន៣នាក់មិនមានឯកសារត្រឹមត្រូវ។ ក្រោយការត្រួតពិនិត្យជនបទបរទេសដែលខុសច្បាប់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីបន្តនីតិវិធី។ ករណីនេះក្រុមការងារមិនបានរកឃើញបទល្មើសទាក់ទងនឹង online Scam ទេ។អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ចន្ទកញ្ញារិទ្ធិ បានចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងមួយកន្លែងស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញមនុស្សចំនួន២នាក់ សង្ស័យជាទីតាំងជួសជុលសម្ភារៈកុំព្យូទ័របំរើការឱ្យបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រោយការត្រួតពិនិត្យជនសង្ស័យនិវត្ថុតាងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីបន្តនីតិវិធី។លោកស្រីអ្នកនាំពាក្យបន្តទៀតថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ដដែល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលឃើញជនបរទេសស្នាក់នៅសង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២ខ្នងផ្ទះ នៅបុរី សុង ឃុន ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ដោយរកឃើញជនជាតិចិនភេទប្រុសសរុប១១នាក់ រួមនិងវត្ថុតាងមួយចំនួន។ ពេលនេះទាំងមនុស្ស និងសម្ភារបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

របាយការណ៍៖ អ៊ីស្រាអែលបដិសេធការទាមទារឲ្យ​ដកទ័ពចេញពីភាគខាងត្បូងលីបង់

05/30/2026 04:05 PM        62
អ៊ីស្រាអែល បានបដិសេធការទាមទាររបស់​​លីបង់ឲ្យ​ដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងនៃ​ប្រទេសលីបង់ ក្នុងអំឡុងពេលចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក រវាងភាគីទាំង២។ នេះបើយោងតាមការចុះផ្សាយពី​ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ KAN របស់អ៊ីស្រាអែល កាល​ពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)។ប្រព័ន្ធផ្សព្វផ្សាយនេះ ដោយសំអាងដល់​សម្តីមន្ត្រីរបស់​អ៊ីស្រាអែល បានឲ្យដឹង​ថា លីបង់បានលើកឡើងពីបញ្ហានេះ ក្នុងអំឡុងពេលមាន​ការ​ពិភាក្សាដែលពាក់ព័ន្ធនឹងតំណាងយោធាមកពីប្រទេសទាំង២ ក្រោមការគាំទ្រ​របស់សហរដ្ឋអាមេរិក។យោងតាមសេចក្ដី​រាយការណ៍​នោះ​ បាន​ឲ្យ​ដឹង​ទៀតថា អ៊ីស្រាអែលបានជូនដំណឹងដល់អ្នកសម្របសម្រួលថា ខ្លួននឹងមិនដកទ័ពចេញទេ។ ហើយ​ប្រព័ន្ធផ្សព្វផ្សាយ KAN បានរាយការណ៍​ទៀត​​​ថា កិច្ចពិភាក្សាក៏បានដោះស្រាយផង​ដែរ​ អំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដ៏ទូលំទូលាយមួយ ដែលនឹងរួមបញ្ចូលការពិភាក្សាលើបញ្ហា​អាវុធរបស់ក្រុម​ហេសបូឡា។លីបង់បានស្នើ​ឲ្យមាន​ការបំភ្លឺ ទាក់ទងនឹងលក្ខខណ្ឌ​ដែលអ៊ីស្រាអែលប្រើ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃប្រតិបត្តិការយោធារបស់ខ្លួន ក្នុង​នោះ​រួមទាំងពាក្យ ដែល​ថា​​ «គ្រោះថ្នាក់ជិតកើតមាន​» និង «ការឆ្លើយតបទៅនឹងការគំរាមកំហែង»។ នេះបើយោងតាមសេចក្ដី​រាយការនោះ​ ដែលបានបន្ថែមថា អ៊ីស្រាអែលកំពុងស្វែងរកយន្តការទំនាក់ទំនងដោយផ្ទាល់ រវាងកងទ័ពអ៊ីស្រាអែល និងលីបង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការរំសាយអាវុធរបស់ក្រុម​ហេសបូឡា។តែ​យ៉ាងណាក្ដី​ លីបង់បដិសេធការសម្របសម្រួលដោយផ្ទាល់ណាមួយ ហើយអះអាងថា អាទិភាព គឺការបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល និងការ​ធានាការអនុលោមតាមការរៀបចំដែលបានធ្វើឡើងតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក៕

អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្ត អ.ន.ក. ខេត្តព្រះវិហារ

05/30/2026 04:05 PM        91
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក សាខា អ.ន.ក.ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ២០០នាក់។ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែរម្លឹកជាប់ជាប្រចាំពីកិច្ចការសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះការអនុវត្ត និងការបម្រើសេវាជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសសមាជិកដែលមានជីវភាពទីទ័ល និងខ្វះខាត ក្នុងការដោះស្រាយជូនពួកគាត់។ឯកឧត្តម គន់ គីម បន្តថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្ត សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគោលបំណងឲ្យមន្រ្តីនៃគណៈកម្មាធិការ អ.ន.ក. ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលតាមមូលដ្ឋាន ស្វែងយល់ពីការរៀបចំនីតិវិធី នៃសមាជិកភាពថ្មីដែលស្នើសុំចូលរួមក្នុងសមាគមទាំងអតីតយុទ្ធជន និងនិវត្តជន ក្រោយពីសមាគមបានអនុម័តឱ្យនិវត្តជនមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម។ឯកឧត្តម គន់ គីម បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសចែករំលែក និងផ្តល់ការពន្យល់បន្ថែមទៀតពីការអនុវត្តលើនីតិវិធី និងលិខិតគតិយុត្តពីការស្នើសុំផ្ទះ និងដីសម្បទានសង្គមកិច្ចរបស់សមាជិកនីមួយៗ ព្រមទាំងការរៀបចំឯកសារស្នើផ្តល់ប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក និងគ្រួសារពលីជាដើម។ ឯកឧត្តម គន់ គីម បានណែនាំដល់គណៈកម្មាធិការ អ.ន.ក. គ្រប់ជាន់ថ្នាក់នៃខេត្តព្រះវិហារ ត្រូវក្តាប់ឲ្យបាននូវនីតិវិធី និងលិខិតគតិយុត្តរបស់សមាគម ក្នុងការធានាលើការអនុវត្តការងាររបស់ខ្លួនឲ្យបានហ្មត់ចត់ មានប្រសិទ្ធភាព និងទាន់ពេលវេលាជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។ក្នុងនាមសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម គន់ គីម បានប្តេជ្ញានឹងពិនិត្យកិច្ចការអាទិភាពចំពោះសមាជិកមានជីវភាពទីទ័ល ដែលស្នើសុំដីសម្បទានសង្គមកិច្ច និងផ្ទះ ដើម្បីពិនិត្យ និងសម្រេចផ្តល់ឲ្យបានគ្រប់ៗគ្នាប្រកបដោយភាពហ្មត់ចត់ និងតម្លាភាព។ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បានណែនាំដល់សាខា អ.ន.ក. ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ដែលនៅជិតសមាជិកតាមខ្នងផ្ទះ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងអាចក្តាប់បានពីតម្រូវការ ឬសំណូមពរ ក្នុងការដោះបញ្ហាប្រឈមណាមួយដែលសមាជិកជួបការលំបាកជូនពួកគាត់៕

ប្រមុខការពារជាតិកម្ពុជា​៖ ចាប់តាំងពីច្បាប់កាតព្វកិច្ចប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ មកទល់ពេលនេះ មានយុវជនប្រមាណ ១ម៉ឺននាក់​ហើយបានចុះឈ្មោះចូលរួមអនុវត្តហើយភាគច្រើនជាកូនថ្នាក់ដឹកនាំ

05/30/2026 03:05 PM        226
កោះកុង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា​ ក្រោយច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវ​បានចេញព្រះរាជក្រម​ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ មកដល់ទល់ពេលនេះ មានយុវជនប្រមាណ ១ម៉ឺននាក់​ហើយ​បានចុះឈ្មោះចូលរួមអនុវត្ត​​ ខណៈក្នុងនោះដោយភាគច្រើនជាកូនថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ការរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវការការស្រាវជ្រាវបន្ថែមជាច្រើន ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខខណ្ឌសម្រាប់ដំណើរការចុះឈ្មោះ អំឡុងពេលហ្វឹកហាត់ និងក្រោយពេលហ្វឹកហាត់ត្រូវបានបញ្ចប់។ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងបន្តថា បន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការច្បាប់នេះឡើងវិញ មានយុវជនប្រមាណ ១ម៉ឺននាក់ហើយ​បានចុះឈ្មោះ។ ឯកឧត្តមបញ្ជាក់ថា៖ «មិនថាកូនអ្នកធំ កូនអ្នកមាន កូនកសិករ គឺមានសិទ្ធិចូលទាំងអស់គ្នា។ ហើយបច្ចុប្បន្ននេះ អ្នកដែលដាក់ពាក្យមកសុទ្ធតែកូនថ្នាក់ដឹកនាំ»។បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តច្បាប់នេះ ដើម្បីបើកឱកាសដល់យុវជនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ករណីប្រទេសមានភាពអាសន្ននៅពេលណាមួយ។ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ច្បាប់នេះមាន ៨ជំពូក និង ២០មាត្រា ដែលកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ យុវជនអាយុចាប់ពី១៨ ដល់ ២៥ឆ្នាំ ត្រូវបានកំណត់ឱ្យជាប់ក្នុងកាតព្វកិច្ចនេះ ហើយនារី នឹងធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ការបំពេញកាតព្វកិច្ចយោធាមានរយៈពេលកំណត់ ២៤ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច ហើយអាចបន្តបានមិនឱ្យលើសពី ៦ខែ ក្នុងករណីចាំបាច់។ ប្រជាពលរដ្ឋដែលគេចវេសពីកាតព្វកិច្ចយោធា អាចត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ ក្នុងប្រទេសមានសន្តិភាព និងពី ២ឆ្នាំ ទៅ ៥ឆ្នាំ ក្នុងប្រទេសមានសង្គ្រាម។ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវស្ថិតក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ៕

ឧត្តមសេនីយ៍អាមេរិកជួបជាមួយមន្ត្រីយោធាគុយបា នៅ​ឆ្នេរ​ឈូងសមុទ្រ Guantanamo

05/30/2026 03:05 PM        61
យោធាអាមេរិក កាល​ពី​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បាន​ប្រាប់​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍ជាន់ខ្ពស់​អាមេរិកដែលត្រួតពិនិត្យកងកម្លាំង នៅតំបន់​អាមេរិកឡាទីន បានមាន​នូវ​ជំនួប​ដ៏កម្រមួយនៅថ្ងៃ​សុក្រនោះ​ ជាមួយមន្ត្រីយោធាជាន់ខ្ពស់គុយបា នៅបរិវេណមូលដ្ឋាន​កងទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រ Guantanamo ប្រទេសគុយបា ដោយនេះ​បាន​ជួយ​បញ្ជាក់អះអាងដល់​កា​រ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Reuters។បញ្ជាការភាគខាងត្បូងរបស់​សហរដ្ឋអាមេរិក បានឲ្យ​ដឹង​នៅលើបណ្ដាញ​សង្គម​ X ថា មេ​បញ្ជាការភាគខាងត្បូងរបស់​សហរដ្ឋអាមេរិក លោក​ឧត្តមសេនីយ៍ លោក Francis Donovan បានពិភាក្សាខ្លីៗ​ អំពីបញ្ហាសន្តិសុខប្រតិបត្តិការជាមួយគណៈប្រតិភូគុយបា ដែលរួមមានទាំង​ឧត្តមសេនីយ៍គុយបា លោក Roberto Legra Sotolongo ជា​អនុរដ្ឋមន្ត្រីទី១ នៃនាយ​សេនាធិការ។កិច្ចប្រជុំរបស់លោក Donovan នៅក្នុងប្រទេសគុយបា គឺជាកិច្ចប្រជុំលើកដំបូង ដោយ​មេ​បញ្ជាការភាគខាងត្បូងបែប​នេះ ហើយកើតឡើងចំពេលមានក្ដី​បារម្ភកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសគុយបា អំពីការវាយប្រហារយោធាអាមេរិកដែលអាចកើតមាន លើកោះស្វ័យគ្រប់គ្រងដោយលទ្ធិ​កុម្មុយនីស្តមួយ​នេះ។ក្រសួងការបរទេសគុយបា មិនបានឆ្លើយតបភ្លាមៗឡើយ​ ចំពោះសំណើសុំការអត្ថាធិប្បាយ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមាន​នូវ​ដំណើរទស្សនកិច្ចដ៏កម្រមួយ កាលពីដើមខែឧសភា ដោយលោក John Ratcliffe នាយក CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល) ទៅកាន់ទីក្រុងឡាហាវ៉ាន​។គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump តែងតែលើកឡើងពីគុយបាថា ស្ថិត​ក្នុងចំណោមគោលដៅគោលនយោបាយការបរទេសនៃអាណត្តិទី២ របស់លោក ហើយបានបង្ហើបថា ប្រទេស​នេះ​នឹងក្លាយជាការផ្តោតរបស់លោក នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់បញ្ចប់។ គុយបាគឺជាគូអរិ​របស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីមាន​បដិវត្តន៍ឆ្នាំ១៩៥៩​ របស់លោក Fidel Castro៕

ប្រមុខការពារជាតិ៖ កម្ពុជាបង្កើនសមត្ថភាពយោធា ដើម្បីការពារបូរណភាទឹកដី គ្មានបំណងឈ្លានពាន ឬប៉ះទង្កិចជាមួយប្រទេសជិតខាងណាទេ

05/30/2026 03:05 PM        454
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះ ដោយកម្ពុជាមិនមានបំណងឈ្លានពាន ឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងឡើយ។ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុង។នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងបញ្ជាក់ថា៖ «ខ្ញុំតែងតែបញ្ជាក់ជារៀងរហូតថា កម្ពុជាមិនមានបំណងឈ្លានពាន ឬប៉ះទង្គិចយោធាជាមួយអ្នកជិតខាងនោះទេ។ ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយគ្នា ក៏ខ្ញុំតែងតែសំណូមពរនូវអ្វីដែលយើងអាចការពារខ្លួនបាន»។បើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា កម្ពុជាតែងតែបញ្ជាក់ជូនដៃគូអន្តរជាតិ និងអង្គទូតនានាថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាព និងមិនមានចេតនាប្រើប្រាស់កម្លាំងយោធា ដើម្បីឈ្លានពានប្រទេសណាមួយឡើយ។ ការពង្រឹងវិស័យការពារជាតិ គឺផ្តោតលើសមត្ថភាពការពារទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន។ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា កម្ពុជាមិនមានតម្រូវការអាវុធដែលអាចវាយប្រហារចម្ងាយរាប់រយគីឡូម៉ែត្រនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការ គឺប្រព័ន្ធការពារដែលមានប្រសិទ្ធភាព និងអាចធានាសុវត្ថិភាពភូមិសាស្ត្ររបស់ប្រទេសបានយ៉ាងរឹងមាំ។នាយឧត្តមសេនីយ៍ ទៀ សីហា បានរំលឹកថា បន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៨ ប្រទេសជាតិទទួលបានឱកាសអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ស្ថិរភាព និងឯកភាពជាតិ។នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា ដោយឡែក ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការលើកកម្ពស់វិស័យអប់រំ ដើម្បីជំរុញការរីកចម្រើនរបស់ប្រទេស។ ទោះជាយ៉ាងណា ស្ថានភាពពាក់ព័ន្ធនឹងការប៉ះទង្គិចនៅតាមព្រំដែនក្នុងឆ្នាំ២០២៥ បានធ្វើឲ្យកម្ពុជាត្រូវពិនិត្យ និងកែសម្រួលផែនការមួយចំនួន ស្របតាមការវិវត្តនៃស្ថានការណ៍ជាក់ស្តែង។នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា ការប៉ះទង្គិចយោធា មិននាំមកនូវផលចំណេញដល់ភាគីណាមួយឡើយ ផ្ទុយទៅវិញ មានតែការខាតបង់ និងការបាត់បង់។ ដូច្នេះ កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ដែលជាសមិទ្ធផលដ៏មានតម្លៃ និងជាកេរដំណែលពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលជំនាន់មុន ដែលបានបន្តមកដល់ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។នាយឧត្តមសេនីយ៍ ទៀ សីហា បានអះអាងថា ការថែរក្សាសន្តិភាព និងស្ថិរភាព គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈដែលកម្ពុជាកំពុងបន្តដំណើររីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕

សម្ដេចតេជោណែ នាំមន្រ្តីមូលដ្ឋានខេត្តពោធិ៍សាត់ត្រូវធ្វើជាខ្នងបង្អែករបស់អតីតយុទ្ធជន និងគ្រួសារយុទ្ធជននៅសមរភូមិ

05/30/2026 03:05 PM        339
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់។ ក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ប្រធានសមាគមបានផ្ដល់អនុសាសន៍ដល់មន្រ្តីនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ជាពិសេសត្រូវគ្រប់គ្រងឱ្យបាននូវចំនួនអតីតយុទ្ធជន អតីតយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងមន្រ្តីរាជការចូលនិវត្តន៍ នៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ធ្វើយ៉ាងណាត្រូវផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ ត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ ខ្វាយខ្វល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ សម្ដេចមានប្រសាសន៍បន្តថា យើងសេចក្ដីសុខដែលយើងកំពុងមានគឺដោយសារពួកគេនៅខាងមុខ ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ និងត្រូវធ្វើជាខ្នងបង្អែកសម្រាប់ពួកគាត់។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ពីមុនយើងគិតគូរតែចំពោះអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ និងធ្វើពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិ ប៉ុន្តែពេលនេះ យើងក៏ត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន អតីតមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធដូចគ្នា ព្រោះពួកគាត់ក៏បានចំណាយពេល ចំណេះដឹង និងពលិកម្មដូចគ្នាដើម្បីជាតិ និងប្រជាជន។ សម្ដេចបន្តថា ដូច្នេះហើយបានជាយើងធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ដោយប្ដូរឈ្មោះពីសមាគមអតីតយុទ្ធជន ទៅជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានយើងបានដាក់បញ្ចូលនិវត្តជនទាំងមកជ្រកក្រោមដំបូលតែមួយ ដែលយើងត្រូវយកចិត្តទុកដាក់។ក្នុងនាមជាប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដល់មន្រ្តីនៅថ្នាក់មូលដ្ឋាននៃរដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាជនឱ្យបានល្អ ត្រូវធ្វើខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនធ្វើជាចៅហ្វាយរបស់ប្រជាជននោះទេ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ក៏បានណែនាំឱ្យពិនិត្យលទ្ធភាពដាក់បញ្ចូលកូនចៅ របស់អតីតយុទ្ធជន និងកូនៗ យុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ដោយត្រូវរៀបចំផ្ដល់ឱកាស និងលទ្ធភាព ដល់ពួកគេដែលចង់ធ្វើទាហាន បានចូលម្រើការងារក្នុងជួរកងទ័ព ដោយត្រូវកសាងសមត្ថភាពយោធារបស់ពួកគេឱ្យក្លាយទៅជាទាហានអាជីព។ គួរជម្រាបជូនថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ អតីតយុទ្ធជននៅខេត្តពោធិ៍សាត់ សរុបមានចំនួន ៥,៤៨៤ នាក់ ក្នុងនោះបានចូលជាសមាជិក អ.ន.ក.សរុបចំនួន ៤,៦៩៧ នាក់ ក្នុងនោះរួមមាន ជនពិការចំនួន ១,៦៤៦ នាក់ ស្រី ១៥២ នាក់, គ្រួសារជនពលីចំនួន ១,៧២២ នាក់។ ចំណែកអតីតមន្រ្តីរាជការស៊ីវិលមានសរុបចំនួន ១,៦៤៩ ស្រី ៤១៥នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM